ភាគ២៥

2.5K 135 0
                                    

«បាទ» អេរិក ទទួលដឹងឮ ហើយក៏ទាក់ទងទៅឡានដែលបើកនៅខាងមុខ ឲ្យនាំជីមីនទៅទុកនៅឯផ្ទះធំតែម្តង ក្រោយមកឡានរបស់គេក៏លឿនស្លូ សំដៅទៅភូមិគ្រឹះផ្ទាល់ខ្លួនរបស់ ជុងហ្គុក តាមអ្វីដែលគេបានប្រាប់។
ពេលឡានចតមុខភូមិគ្រឹះ ជុងហ្គុក ក៏រុញទ្វារចុះចេញមកដោយខ្លួនឯង សូម្បីតែអេរិកដែលខំប្រញាប់ប្រញាល់ចង់មកបើកទ្វារឡានឲ្យក៏មិនទាន់...
«យើងប្រគល់ឡានឲ្យឯង ចង់បើកទៅណាក៏ទៅចុះ»
«បាទ?»អេរិក ឈរធ្វើមុខឆ្ងល់! ហើយអ្វីដែលគេទទួលបានគឺការសម្លក់ពីកែវភ្នែកមុតមាំមួយគូនោះ គ្រាន់តែក្រឡេកភ្លាម អ្នកក្រោមបង្គាប់ក៏រហ័សឈោងទទួលសោឡាន និងរួសរាន់បើកឡានចាកទៅ ឯភូមិគ្រឹះគ្មានសល់កូនចៅសូម្បីម្នាក់ ព្រោះជុងហ្គុកបានចូលទៅបណ្តេញឲ្យពួកគេចេញក្រៅ ពដោយសារភាពធុញទ្រាន់ គេចង់នៅតែពីរនាក់ មិនចង់ឲ្យអ្នកណាមករំខាន សូម្បីតែឈរមុខច្រកទ្វារក៏ដោយ។

ម្ចាស់រាងកាយខ្ពស់ស្រឡះ មាឌមាំ សង្ហារភើហ្វិក ក្នុងឈុតកូនកំលោះនៅឡើយ កំពុងតែបោះជំហ៊ាន សំដៅទៅរកបន្ទប់មួយ ដែលទាយទុកក្នុងចិត្តមុនថាក្នុងបន្ទប់នោះមានមនុស្សម្នាក់កំពុងតែអន្ទះសារ ព្រោះតែថ្ងៃនេះគេបានចចេស ដើរចូលរោងការ ថែមទាំងបានឆ្លើយថាព្រមទទួល ជីមីន ជាប្រពន្ធ។
យប់នេះគួរតែជាយប់ដែលគូប្តីប្រពន្ធសោយសុខក្នុងរាត្រីទឹកឃ្មុំ ហើយកូនកំលោះដ៏សែនល្អម្នាក់នេះ បែរជាមិនខ្វល់ ជិះឡានមកផ្ទះធ្វើព្រងើយ ទុកដូចមង្គលការនោះជាកន្លែងភ្នាល់ល្បែង ដែលគេភ្នាល់ឈ្នះ រួចហើយក៏ប្រមូលផលចំណេញមកផ្ទះយ៉ាងអ៊ីចឹង។

ក្រឹក...!!!
ប្រអប់ដៃរឹងមាំ លូកមួលគន្លឹះទ្វារ និងប្រើកម្លាំងរុញចូលទៅខាងក្នុងថ្នមៗ ខណៈដែលសភាពនៅក្នុងបន្ទប់ ងងឹតស្ងប់ មើលអ្វីពុំឃើញ ទើបជុងហ្គុក រាវដៃទៅចុចកុងតាក់ក្បែរនោះ ភ្លើងក៏បើកបំភ្លឺឲ្យឃើញ មនុស្សម្នាក់អង្គុយត្របោមជើងនៅលើគ្រែ ដៃទាំងពីរឱបក្បាលជង្គង់ ឯភ្នែកសម្លក់ថ្មែមករកគេយ៉ាងកាច តែឫកពាបែបនេះ ជុងហ្គុក មិនបានញញើតខ្លបខ្លាច ផ្ទុយទៅវិញ គេថែមទាំងកួចមាត់ញញឹម ហើយនាំខ្លួនចូលទៅ ស្រាប់តែត្រូវទប់ដំណើរឈប់ងក់ ពេលឮ នាយតូច ស្រែកសម្លុត៖
«កុំមកជិតខ្ញុំឲ្យសោះ»ថេយ៉ុង សម្លឹងភ្នែករឹងដាក់គេទាំងទ្រូងក្តៅស្ទើរឆេះ ព្រោះទើបតែឮអេរិកបង្ហើបថា ថ្ងៃនេះគេរៀបការ នាយតូច ខំតាំងចិត្តថានឹងមិនខឹង មិនប្រកាន់ទោសកំហុស ឬពាក្យសម្តីដែលគេធ្លាប់និយាយពីមុនឡើយ តែស្របពេលដែលដាក់ចិត្តព្រមសម្របតាមហើយ ជុងហ្គុក បែរជាបញ្ចេញឫកពាគួរឲ្យស្អប់ជាងមុនរាប់រយរាប់ពាន់ដងទៅទៀត។
«លោកមកទីនេះធ្វើអី? ក្រែងលោករៀបការជាមួយបងប្រុសខ្ញុំរួចហើយមិនចឹង?ពេលនេះលោកគួរតែនៅជាមួយគាត់»ឃើញអ្នកម្ខាងទៀតហាក់ស្ងប់ស្ងាត់ ហើយនៅតែរក្សាស្នាមញញឹមគួរឲ្យចង់ទះនោះដដែល ធ្វើឲ្យ ថេយ៉ុង កាន់តែញ័រទ្រូងមិនបាត់ តាមចិត្តស្អប់ ចង់តែទាញកាំបិតមុខស្រួចមកចាក់ទម្លុះដើមទ្រូងគេឥឡូវនេះ ចាក់ទាល់តែសាបកំហឹងទាំងអម្បាលមាណអស់។
«ផ្ទះខ្ញុំនៅហ្នឹង ប្រពន្ធក៏នៅហ្នឹង យ៉ាងម៉េច?គ្រាន់តែមករកប្រពន្ធ ក៏ខុសដែរហ៎?នេះគិតដេញប្តីឲ្យដេកក្រៅផ្ទះ ចឹងឬ?»ជុងហ្គុក ឌឺដោយប្រយោគបេះបួយ ឲ្យនាយតូច ឮហើយសែនជ្រេញ ចង់តែក្អួតភាពជម្រេញទាំងអស់នោះនៅចំពោះមុខគេ ប្រពន្ធ? ប្តី? ភាសាអស់ហ្នឹងគេចេះខ្ជាក់ចេញមករួច មិនខ្មាសមាត់ មិនរអៀសខ្លួនអីបន្តិចសោះ។
«មិននឹកស្មានថាបងប្រុសខ្ញុំធ្លាក់ខ្លួនមករៀបការជាមួយប្រុសថោកទាប ឈាមខ្មៅកខ្វក់ដូចលោកសោះហើយ ថ្វើយ* ទុកពាក្យប្តីប្រពន្ធ របស់លោក និយាយជាមួយសត្វវិញទៅ ព្រោះសន្តានលោកមិនស័ក្តិសមជាមនុស្សទេ»ថេយ៉ុង ទ្រាំមើលមិនបាន រហូតហ៊ានស្តោះទឹកមាត់ ជេរប្រមាថគេផាំងៗមិនទុកមុខ ឯគេហាក់មិនព្រឺ មិនខ្វល់ មិនឈឺចាប់ គិតតែរំកិលជើងឈានចូលសន្សឹមៗ ហើយស្រដីឡើងយ៉ាងគ្មានបេះដូង៖
«ថោកទាប? តែឯងក៏បានលើកជើងឲ្យប្រុសថោកទាបហ្នឹងដែរតើ»ចប់សម្តី ជំហ៊ានធ្ងន់បានបញ្ឈប់ ស្របពេលនាយកំលោះលូកចាប់កញ្ឆក់កដៃ នាយតូច មកកាន់ ច្របាច់ស្អិតជាប់ម្រាមដៃមិនលែង។
«ប្រាប់ថាកុំប៉ះខ្ញុំ លែង...លែងឥឡូវនេះ ហ្ហឹក៎ៗ..» ថេយ៉ុង ស្លេស្លន់ ចង់ស្ទុះហក់ចេញពីគ្រែ អារម្មណ៍ពេលនេះ ទាំងខឹង ទាំងស្អប់ ចង់ឈ្នះគេ តែបែរជាធ្វើអ្វីគេមិនកើត ដៃញ័រតតាត់ ប្រឹងក្តាប់ណែនចេញសសៃក្រហមតូចៗពេញប្រអប់ដៃ ពេលគេយកប្រអប់ដៃនោះ ទៅដាក់ផ្ទប់លើផ្ទៃមុខកំណាចមាំរបស់គេ ព្រមទាំងបន្លឺឡើងស្រាលៗហាក់ដូចបន្ទន់ចិត្ត៖
«ធ្វើឲ្យទន់ភ្លន់បន្តិចបានទេ ពេលឯងរឹងរូសម្តងៗ ខ្ញុំខំទប់ណាស់ តែទប់មិនឈ្នះ ចង់តែដាក់ទោស...»ជុងហ្គុក ប្រើសម្តីបញ្ឆេះបញ្ឆួលទ្រូង នាយតូច ឲ្យកាន់តែឆេះសន្ធៅឡើង ទ្រាំទៅ ទ្រាំរហូតតែក្អួតឈាមក៏គេមិនព្រមឈប់ដែរ ព្រោះគេចង់ឈ្នះ ឈ្នះគ្រប់យ៉ាង សូម្បីតែចរិករបស់ នាយតូច។
«...»ថេយ៉ុង មិនមាត់.ក មិនតបត សុខចិត្តខាំមាត់ បញ្ជូនកែវភ្នែកសម្លាប់ចិត្តគេ ក្រសែភ្នេកពេញដោយកំហឹង និង ភាពស្អប់ ស្អប់ពេញដើមទ្រូង ដែលពុំធ្លាប់ស្អប់អ្នកណាខ្លាំងដល់ថ្នាក់នេះឡើយ។
«ធ្វើប្រពន្ធខ្ញុំ មិនល្អត្រង់ណាទៅ ហឹម? ឆ្លើយមក»ជុងហ្គុក នៅតែសួរឌឺដង ខណៈផ្ទៃមុខសង្ហារ ឱនខិតទៅជិតរង្វង់មុខតូចច្រមិច យកចង្អុលដៃតើកចុងចង្កា នាយតូច ឲ្យផ្ងើយឡើង ដើម្បីសម្លឹងឲ្យចំកែវភ្នែកគេ អ្នកទាំងពីរតតាំងគ្នាដោយប្រើខ្សែភ្នែកពិឃាតរៀងខ្លួន តែតាមសង្កេតឃើញ មនុស្សម្នាក់កំពុងចាញ់ច្រាបគេយ៉ាងច្បាស់...
«កុំមកប្រើភាសា ប្តីប្រពន្ធ ជាមួយខ្ញុំ...កុំព្រោះតែចង់ឈ្នះគេគ្រប់គ្នា សុខចិត្តបន្ទាបខ្លួនមកប្រព្រឹត្តរឿងថោកទាបអស់នេះអី លោកគួរណាស់តែរីករាយ សោយសុខជាមួយនឹងគ្រប់យ៉ាងដែលលោកកំពុងតែមាន លោកមានអ្វីៗ ដែលអ្នកផ្សេងសឹងមិនអាចឈោងចាប់ដល់...លោក ជុងហ្គុក អាន់ដឺសាន់ ខ្ញុំសូមតឿនម្តងទៀត ពេលនេះលោករៀបការរួចហើយ លោកបានសមដូចបំណងហើយ សូមឈប់មកតោងទាមជីវិតខ្ញុំទៀត»
ថេយ៉ុង រៀបរាប់ទាំងទឹកមុខស្ងប់ស្មើ គ្មានអារម្មណ៍ អន្លើកប្រាប់គេ ព្យាយាមដាស់សតិគេឲ្យភ្លឺស្វាងខ្លះ តែក្មេងតូច គួរតែដឹងហើយថា ជុងហ្គុក អាន់ដឺសាន់ ជាមនុស្សបែបណា? ចង់អ្នកណាមកប្រដៅគេប៉ុន្មានមាត្រា ក៏មិនជ្រាបខួរក្បាល រឹតតេមិនអាចទាញទឹកចិត្តគេឲ្យធ្វើតាមសម្តីងាយៗឡើយ ហើយពេលឮប្រយោគទាំងនោះចេញពីមាត់ នាយតូច គេស្រាប់តែទម្លាក់ទឹកមុខ ហាក់ដូចកំពុងតែខកចិត្ត ខណៈដែលអណ្តាតគ្រលាស់ប្រយោគឌឺៗឡើងមក៖
«សោយសុខជាមួយគ្រប់យ៉ាងដែលកំពុងមាន? មែនហើយ ឥឡូវនេះខ្ញុំក៏កំពុងតែមានឯង ចឹងជួយប្រាប់បន្តិចបានទេ?ថាតើគួរសោយសុខជាមួយឯងដោយរបៀបណា?»

ម្ចាស់ជីវិតWhere stories live. Discover now