ភាគ៣៣

2.6K 140 0
                                    

និយាយបណ្តើរ ដៃមាំអង្អែលខ្នងនាយតូចថើៗ ឃើញថាមួយរយៈនេះ ថេយ៉ុង ចេះស្តាប់បង្គាប់គេខ្លះៗហើយ ទោះពេលខ្លះនៅតែឌឺ រឹងចចេស ពិបាកប្រដៅបន្តិចមែន។
«តែខ្ញុំឈឺណា៎»ក្មេងតូចងើបសម្លឹងមុខគេទាំងភ្នែកព្រិចៗ ភ្លឹះៗដូចកូនឆ្កែ ឲ្យគេគ្រឺតពេញដើមទ្រូង
«ព្រោះឯងមិនឈប់ឌឺ ឲ្យឈឺខ្លះទៅ បើមិនចឹងឯងមិនរៀងចាលទេ»ស្របសម្តី ជុងហ្គុក ដៃមាំអង្អែលចង្កេះតូចស្តើងថ្នមៗ ខណៈ រាងតូច សម្ងំកើយលើទ្រូងគេ យូរៗខួរក្បាលក៏ស្រាប់តែនឹករលឹកដល់ ជីមីន កាន់តែមានអារម្មណ៍ថាខ្លួនមិនគប្បីចំពោះ បងប្រុស ហើយថ្ងៃនេះជុងហ្គុកបាននាំគេទៅជួបលោកប៉ា និងបានប្រកាសក្តែងៗ ប្រាប់អ្នកម៉ាក់ថា នាយតូច ជាប្រពន្ធរបស់គេថែមទៀត អ្វីដែលគេកំពុងនិយាយ តើចេញពីចិត្តឬគ្រាន់តែជាសម្តីបញ្ជោះចិត្តគាត់ទេ?ពិតឆ្ងល់ ឆ្ងល់ខ្លាំងណាស់!
...
ចាប់តាំងពីថ្ងៃដែលជុងហ្គុកមកជួបនៅថ្ងៃនោះមក ជីមីន គិតតែសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ នៃភូមិគ្រឹះធំរបស់ត្រកូលអាន់ដឺសាន់ ដោយគ្មានវិធីគេចចេញបាន នាយតូចកំពុងតែមានភាពច្របូកច្របល់ ចិត្តមួយមិនចង់ទៅជួបម៉ាក់ទាំងស្ថានភាពបែបនេះ តែចិត្តមួយចង់រត់ឲ្យផុតពីគ្រប់គ្នា រត់ឲ្យឆ្ងាយមិនឲ្យនរណាម្នាក់រកគេឃើញ ព្រោះពេលនេះគេក្លាយជាមនុស្សអស់តម្លៃ គ្រប់គ្នាបានប្រើប្រាស់គេ រួចក៏ទុកចោលបែបនេះ ទុកដូចគេគ្មានរូបរាង គ្មានអ្នកណាអើពើ កាន់តែគិត កាន់តែចុកចាប់ក្នុងទ្រូង ឈឺស្ទើរស្ទះដង្ហើមស្លាប់ម្តងៗ។
តុក/តុក/
«ជីមីន គឺម៉ាក់ណា៎...»លោកស្រី ស៊ូណានលើកដៃគោះទ្វារមុខបន្ទប់ ហៅនាយតូចដោយសំឡេងស្រាល យ៉ាងហោចណាស់ ក៏នៅមានគាត់ម្នាក់ដែរបារម្ភពីគេដែរតើ!
«អ៊ំស្រី...»ជីមីន ដើរទៅបើកទ្វារ ហើយហៅគាត់ថា អ៊ំស្រី គេមិនហ៊ានហៅគាត់ថាម៉ាក់ឡើយ ទោះក្នុងពេលនេះ គេបានក្លាយជាកូនប្រសាររបស់គាត់ក៏ដោយ។
«ចេញទៅខាងក្រៅលំហែខួរក្បាលខ្លះទៅ ខ្ញុំឃើញឯងសម្ងំនៅក្នុងបន្ទប់រហូត»សម្តីរបស់លោកស្រី ធ្វើឲ្យទឹកមុខជីមីនកាន់តែស្រពាប់ស្រពោន ទើបគាត់បបួលដោយការចាប់អូសដៃតូចចេញមកខាងក្រៅបន្ទប់ ហើយបណ្តើរនាំទៅដើរលំហែក្នុងច្បារខាងក្រោយភូមិគ្រឹះ។
លោកស្រីឲ្យជីមីនអង្គុយលើទោងធំមួយក្នុងច្បារនោះ ឯនាយតូចនៅតែស្ងៀមស្ងាត់ ទើបគាត់ចាប់ផ្តើមនិយាយមុន៖
«ខ្ញុំដឹងថាកូនប្រុសខ្ញុំ ធ្វើរឿងមិនគប្បីចំពោះឯង អោយខ្ញុំសុំទោសចំពោះរឿងនេះផង»
«អ៊ំស្រីកុំនិយាយដូច្នេះអី ខ្ញុំមិនបានខឹងគេទេ»គេប្រកែកញាប់មាត់ ដើមឡើយ ជីមីន ពិតជាខឹង និងអន់ចិត្តណាស់ ពេលឮជុងហ្គុកនិយាយថា គេរៀបការគ្រាន់តែជំនួសលោកពូរបស់គេ តែបើគិតឲ្យល្អិតល្អន់ទៅ គេធ្វើដូច្នោះក៏ល្អ ដើម្បីឲ្យម៉ាក់របស់ជីមីនបានស្គាល់ថា ការដែលបង្ខិតបង្ខំកូនឲ្យរៀបការទាំងកូនៗមិនបានស្រឡាញ់គ្នា គាត់នឹងទទួលបានលទ្ធផលបែបណា មកទល់ពេល ជីមីន លែងខ្វល់ហើយ ទោះជុងហ្គុក មិនបានមកមើលថែ ឬមិនបានចាត់ទុក្ខគេជាប្រពន្ធក៏ដោយ អ្វីដែលនាយតូចកំពុងខ្វល់ខ្វាយបំផុតនោះគឺរឿងដែលបម្រុងនឹងកើតឡើងនៅថ្ងៃខាងមុខ ដែលខ្លួនត្រូវប្រឈមមុខជាមួយនិង យ៉ុនហ្គី អាន់ដឺសាន់ ទៅវិញទេ។
«ហ្ហឹម៎ ហេតុអីក៏និយាយដូច្នេះ?»លោកស្រីស៊ូណានដកដង្ហើមធំយ៉ាងវែង ពេលឮជីមីនប្រកែកមិនទទួលការសុំទោស គាត់នឹកឆ្ងល់ភ្លាម ទាំងមិនបានដឹងថានៅពីក្រោយខ្នង មានរឿងរញ៉េរញ៉ៃអ្វីខ្លះបានកើតឡើយ រឿងដែលបង្កដោយលោកពូនិងលោកក្មួយ ជើងល្អទាំងពីរនាក់នោះ បានលាក់គាត់យ៉ាងជិតល្អ។
«ខ្ញុំព្រមការ ដោយសារម៉ាក់បង្ខំ ខ្ញុំព្យាយាមបដិសេដពួកគាត់ខ្លាំងណាស់ តែគាត់មិនយល់ពីខ្ញុំទេ! មានតែថេយ៉ុងម្នាក់ប៉ុណ្ណោះដែលយល់ពីខ្ញុំ គេលះបង់ច្រើនណាស់ដើម្បីជួយខ្ញុំអោយគេចផុតពីរឿងនេះ តែលទ្ធផល...ពួកខ្ញុំទាំងពីរ ត្រូវបានអ្នកម៉ាក់ស្តីបន្ទោស»ជីមីន រៀបរាប់ទាំងក្រៀមក្រំ ធ្វើឲ្យលោកស្រីឮហើយក្តុកក្តួលរំជួលចិត្តជាខ្លាំង ព្រោះជារឿងដែលនឹកស្មានមិនដល់។
«បានន័យថា ឯងមិនបានស្រឡាញ់ជុងហ្គុកទេមែនទេ?»
«ពិតមែន ខ្ញុំមិនបានស្រឡាញ់គេទេ ហើយគេក៏មិនបានស្រឡាញ់ខ្ញុំដែរ»ជីមីន ងើបមុខឆ្លើយតបយ៉ាងទន់ភ្លន់ កែវភ្នែកនឹងធឹងបង្ហាញពីភាពទៀងត្រង់មិនលាក់លៀម ធ្វើឲ្យលោកស្រីភ្ញាក់ព្រើត រលឹកដល់ពាក្យសម្តីដែលជុងហ្គុកធ្លាប់និយាយប្រាប់។
«កុំគិតពីរឿងហ្នឹងទៀតអី ស្នាក់នៅទីនេះមួយរយៈសិនទៅ ចាំអ្វីៗប្រសើរឡើង ខ្ញុំនឹងឲ្យកូនប្រុសខ្ញុំនាំឯងទៅជួបម៉ាក់របស់ឯងវិញ ទោះយ៉ាងណា ជុងហ្គុក ត្រូវតែមកទទួលខុសត្រូវដោះស្រាយនូវរឿងនេះ» ត្បិតដឹងថាពួកគេមិនបានស្រឡាញ់គ្នា ប៉ុន្តែគាត់នៅតែទទួលខុសត្រូវ មើលថែជីមីនដដែល ព្រោះគាត់បានធ្វេសប្រហែសបណ្តាលឲ្យជ្រុលជ្រួសមកដល់ចំណុចនេះទៅហើយ។
ជីមីន សម្លឹងមុខវ័យចំណាស់ដោយអារម្មណ៍ក្រែងចិត្ត ភ្លាមៗក៏ស្ទុះក្រោក ហើយស្រវាឱបគាត់ទាំងទ្រូងអួលណែន លោកស្រីក៏អង្អែលខ្នងក្មេងប្រុសថ្នមៗដោយក្តីអាណិតអាសូរ ឃើញចរិកជីមីនស្លូតបូត មិនសូវមាត់កបែបនេះ ថែមទាំងត្រូវទទួលរងទុក្ខម្នាក់ឯង គាត់ពិតជាខ្លោចផ្សាក្នុងចិត្តជំនួសណាស់។
...
ថ្ងៃថ្មី
សូរិយាជ្រៀលជ្រេ ទេរទាបបន្ទាបខ្លួនចុះទៅតាមកាលវេលា ពន្លឺពណ៌ទឹកក្រូចឆ្អិនដ៏ស្រស់ត្រកាល ក៏ចាប់ផ្តើមរលាយបាត់បន្តិចម្តង បន្តិចមង រហូតផ្ទៃមេឃប្រែជាងងឹតសូន្យសុងក្នុងស្បៃរាត្រី។
វេលានេះគឺម៉ោង៨យប់ ម្ចាស់រាងកាយតូចស្តើងក្នុងឈុតអាវឃ្លុំ កំពុងអង្គុយលើសាឡុង ដៃឱបខ្នើយទាំងមុខជូរ ខណៈកែវភ្នែកតូចៗ សម្លក់ទៅរកទ្វារបន្ទប់ទឹក ដែលមានមនុស្សម្នាក់កំពុងតែចូលទៅ។
«ផ្ទះប៉ុនវាំងស្តេច រកបន្ទប់គេងមួយម្នាក់ឯងគ្មាន»ថេយ៉ុង រអ៊ូរទាំទាំងមិនសុខចិត្ត ដែលអ្នកខ្លះមកដណ្តើមបន្ទប់គេង ធ្វើដូចមួយផ្ទះនេះមានបន្ទប់តែមួយយ៉ាងអ៊ីចឹង គួរឲ្យខឹងខ្លាំងណាស់។
រាងតូច អង្គុយមិនសុខ ទើបស្ទុះក្រោកដើរឆ្លេឆ្លាពេញបន្ទប់ រកនឹកវិធីដើម្បីដេញគេចេញ ព្រោះមិនចង់ឲ្យគេមករញ៉េរញ៉ៃ នាយតូចចូលចិត្តភាពស្ងប់ស្ងាត់ ចង់នៅដាច់ដោយឡែកតែម្នាក់ឯង មានទម្លាប់ដូចពេលដែលនៅផ្ទះរបស់ខ្លួនដែរ។

ម្ចាស់ជីវិតWhere stories live. Discover now