ភាគ១២

2.5K 172 0
                                    

ជុងហ្គុក សួរត្បកទាំងទឹកមុខស្មើធេង ស្របពេលដៃរឹងមាំបន្ថែមកម្លាំងច្របាច់កតូចៗដែលកំពុងរើបម្រះជំនះគេយ៉ាងខ្លាំង។
«ចេញទៅ កុំប៉ះខ្លួនខ្ញុំ ខ្ញុំរអើមលោកខ្លាំងណាស់»ថេយ៉ុង ជេរប្រមាថឲ្យគេកប់ៗមាត់មិនញញើតញញើម តើឲ្យឈរទ្រាំបែបណា?បើគេបោះសម្តីឡើង ហាក់ដូចចង់ឱបក្រសោបយកទាំងបងទាំងប្អូន គេព្យាយាមបង្ហាញឲ្យគ្រប់គ្នាមើលមកថាគេពិតជាស្រឡាញ់យល់ចិត្តគូដណ្តឹង តែទង្វើរនោះបង្ហាញតែចំពោះមុខចាស់ទុំតែប៉ុណ្ណោះ ក្រឡេកមើលទង្វើរគេពេលនេះចុះ វាផ្ទុយស្រឡះ គូដណ្តឹងកំពុងនៅខាងក្រៅ ឯគេបែរជាអូសដៃ នាយតូច ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់តែ២នាក់ទៅវិញ មួយពិភពលោកនេះមានតែគេម្នាក់ទេមើលទៅ ដែលអាចធ្វើរឿងថោកទាបបែបនេះបាន។
ជុងហ្គុក មិនតបត ហើយក៏ព្រមពន្លែងដៃ ថេយ៉ុង ឲ្យមានសេរីភាពវិញ ខណៈនោះនាយតូចក៏ស្ទុះទៅចាប់មួលគន្លឹះទ្វារដើម្បីបើកនិងរត់ចេញ បើជីមីនមកទាន់ គេមិនដឹងរកលេសអ្វីទៅនិយាយទេ ហើយជុងហ្គុកក៏ប្រញាប់ដើរតាមពីក្រោយទៅ។
...
ជីមីន ខំលួចធូរចិត្ត ពេលបានលេសទៅនិយាយទូរស័ព្ទ ខំអូសបន្លាយពេលឈរនៅខាងមុខហាងយ៉ាងយូរ ស្រាប់តែសុខៗ ថេយ៉ុង ក៏ចេញទៅរក...
«អ្នកណាតេមក?»
«អ៎ គឺម៉ាក់ ម៉ាក់សួរថាពួកយើងដល់ហាងហើយឬនៅ»
«តែប៉ុនហ្នឹងទេ?ម៉េចក៏បងនិយាយយូរម្ល៉េះ?»
«អ្ហឹក៎...តែឥឡូវនេះបងនិយាយរួចហើយ»
«ចឹងចូលទៅខាងក្នុងវិញទៅ គេកំពុងចាំបង»ស្របសម្តី ថេយ៉ុងចាប់កាន់ដៃបងប្រុសបម្រុងអូសចូលមក តែត្រូវជីមីនក្រាញននៀលនៅហ្នឹងមួយកន្លែង៖
«តែបង...»និយាយបានតែពីរម៉ាត់ ក៏ចាប់ផ្តើមអួលដើមកម្តងទៀត ថែមទាំងគ្រវីក្បាលចង់បញ្ជាក់ថា គេមិនចង់ទៅទេ គេមិនចង់ជួបជុងហ្គុក រឹតតែមិនចង់រៀបការ ជីមីន នៅតែស្បថដាក់ខ្លួនឯងដដែលៗ ទោះប្តូរឲ្យគេស្លាប់ ក៏ព្រមដែរ កុំឲ្យតែទៅពាក់ព័ន្ធជាមួយគ្រួសារអាន់ដឺសាន់ជាដាច់ខាត។
ថេយ៉ុង ដកសង្ហើមធំ ពេលក្រឡេកឃើញជីមីនទម្លាក់ទឹកមុខ ស្រពោនក្រៀមក្រំសាជាថ្មី ទើបនាយតូចឈោងទៅចាប់ដៃម្ខាងទៀតរបស់បងប្រុសមកផ្គួបគ្នាហើយប្រាប់ដោយសំឡេងស្មើ៖
«ខ្ញុំយល់អារម្មណ៍បងណា៎ ជីមីន! តែបើបងប្រកែក ចុះអ្នកម៉ាក់?តើគាត់ព្រមនៅស្ងៀមៗដែរទេ? ឬបងចង់ឲ្យគាត់ចាប់បងឃុំក្នុងបន្ទប់ដូចលើកមុនទៀត?បងប្រុស ពួកយើងគ្មានជម្រើសនោះទេ...»ថេយ៉ុង រៀបរាប់នូវការពិតដែលមិនគេចផុត ទោះបីពួកគេខំជំទាស់គំនិតរបស់ម៉ាក់យ៉ាងណាក៏ដោយ ជីមីន ត្រូវតែរៀបការយ៉ាងដាច់ខាត។
«ហ្ហឹក៎...»ក្រោយពីស្តាប់សម្តី ថេយ៉ុង រួច ភាពឈឺចាប់ ចាប់ធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀត រហូតឆួលទឹកភ្នែក ឈ្ងោកមុខយំឡើងញ័រខ្លួន ធ្វើឲ្យបេះដូងរបស់អ្នកជាប្អូនប្រុស ឈឺដូចគេចាក់ទម្លុះឲ្យធ្លុះធ្លាយ ហើយប្រញាប់រំកិលខ្លួនចូលទៅទាញរាងកាយជីមីនមកឱប ជីមីន មិនដឹងឡើយថាមុននេះជុងហ្គុកបានប្រើភាសាបែបណា ហើយបញ្ចេញឫកពាបែបណាខ្លះមកលើ នាយតូច។
បន្ទាប់ពីនោះ ជីមីន ក៏លែងប្រកែក និងបណ្តោយខ្លួនធ្វើតាមសម្តីប្អូន គេព្រមទៅលោឈុតជាមួយជុងហ្គុក ទាំងគ្មានអារម្មណ៍ក្នុងខ្លួនសូម្បីបន្តិច ហើយថេយ៉ុង ក៏អង្គុយសម្លឹងមុខពួកគេទាំងពីរជាមួយកែវភ្នែកដែលលាក់អារម្មណ៍ជាច្រើននៅក្នុងចិត្ត។
ពេលបុគ្គលិកកែតម្រូវចំណុចខ្វះខាតរួចរាល់គ្រប់ជ្រុងជ្រោយហើយ ជុងហ្គុក ក៏ជូនបងប្អូនទាំងពីរនាក់ត្រឡប់ទៅភូមិគ្រឹះវិញ។
ឡានទំនើបចូលចតនៅខាងមុខភ្លាម ក៏មានវត្តមានអ៊ំបម្រើរត់មកទទួលពួកគេដោយក្តីរីករាយ...
«អ្នកម៉ាក់មិនទាន់ត្រឡប់មកវិញទេឬអ៊ំ?»ជីមីន ចុះចេញពីឡានភ្លាមៗ ដើម្បីសួរទៅវ័យចំណាស់យ៉ាងលឿន ហើយគាត់ក៏តប៖
«មិនទាន់មកនៅឡើយទេ លោកស្រីចាសស្មីនទើបចេញឡានទៅមុននេះឯងអ្នកប្រុស»
«បាទ»ពេលឮថាម៉ាក់មិននៅ គេលួចដកដង្ហើមធូរចិត្ត ខំលើកស្នាមញញឹមទាំងក្រៀមក្រោះ ក្រោយមកកាយតូចក៏បោះជំហ៊ានចូលក្នុងផ្ទះភ្លាមៗតែម្តង ចំណែកថេយ៉ុង ទើបតែឈានចុះដល់ដី តាមសម្លឹងមើលជីមីនដែលកំពុងចូលមិនដាក់ភ្នែក។
«អ្នកប្រុសតូច អ្នកប្រុសជុង អញ្ជើញចូលក្នុងផ្ទះញ៊ាំទឹកត្រជាក់ៗសិនទៅសឹមទៅវិញ»អ៊ំឈី ញញឹមដាក់នាយតូចបន្តិច មុននឹងបង្ហួសទៅបបួលអញ្ជើញម្នាក់ទៀតដែលកំពុងឈរស្ងៀមស្ងាត់ម្នាក់ឯង ជុងហ្គុក មិនទាន់តបអ៊ំស្រីទេ តែគេឆ្លៀតដៀងភ្នែកសម្លឹងឫកពា ថេយ៉ុង ពីក្រោយ ចង់ដឹងថាក្មេងឆ្នាស់នៅមានទឹកចិត្តឲ្យគេចូលក្នុងផ្ទះឬអត់?
«បាទ»ជុងហ្គុក រុញអណ្តាតទល់ថ្ពាល់ ដាច់ចិត្តតបថាព្រម ព្រោះចង់ឈ្នះចិត្តអ្នកខ្លះ ចំណែកអ៊ំស្រីក៏កួចមាត់ញញឹម និងប្រញាប់ចូលក្នុងផ្ទះដើម្បីរៀបចំបម្រើតាមតួនាទី នៅឡើយតែ ថេយ៉ុង បង្វែរខ្លួនងាកមកសម្លឹងមុខអ្នកដែលឈរក្រោយខ្នង ដោយភាពសម្អប់ពេញដើមទ្រូង នាយតូច មិននិយាយអ្វីទាំងអស់ ព្រោះមិនចង់ជ្រលក់មាត់នាំខាតពេល ក្រោយសម្លក់រួចក៏កញ្ឆក់ខ្លួនប្រុងដើរចូលក្នុងផ្ទះ រំពេចនោះស្រាប់តែភ្ញាក់ក្រញាង ពេលសុខៗ ចង្កេះតូចមួយក្តាប់ ត្រូវប្រអប់ដៃរឹងមាំ លូកក្រសោបជាប់ រួចបង្វិលឲ្យបែរចំ ទើបទាញទៅផ្អឹបនិងកាយសង្ហាភ្លាមៗ។
«កុំស្រែក ប្រយ័ត្នគូដណ្តឹងខ្ញុំមកឃើញ»ជុងហ្គុក ឱនខ្សឹបក្បែរត្រចៀកដោយសំឡេងត្រជាក់ស្រេប ស្របពេលនាយតូច ធុញថប់ក្នុងអារម្មណ៍ ស្ទើរដាច់ខ្យល់ស្លាប់ ទាំងប្រឹងរើបម្រះចង់ចេញពីរង្វង់ដៃគេ តែរើយ៉ាងណាក៏មិនឈ្នះ។
«ប្រុសថោកទាប ឆាប់លែងខ្ញុំ»ថេយ៉ុង ក្តាប់ដៃតប់ទ្រូងគេមួយទំហឹងអស់ពីចិត្តពីកាយ ស្អប់គេខ្លាំងណាស់ តែធ្វើអ្វីគេមិនបាន ព្រោះចាញ់ត្រង់ខ្លួនតូចល្អិត កម្លាំងក៏ខ្សោយជាង ទើបរាងតូចធ្វើត្រឹមបានតែរើកញ្ជ្រោលក្នុងរង្វង់ដៃគេ ទាំងកែវភ្នែកម៉ក់ៗ ព្រិចៗដូចភ្នែកកូនឆ្កែ គួរឲ្យអាណិត។
«មិនលែងទេ...ចង់ឱប...»បបូរមាត់គេផ្អែមណាស់ តែផ្អែមខុសពីចិត្ត ផ្ទុយពីទង្វើរដាច់ឆ្ងាយ គិតថាថេយ៉ុងនឹងរំភើពជាមួយពាក្យសម្តីឈ្លើយពាលរបស់គេមែនទេ? គេប្រហែលជាលោលេងខុសមនុស្សហើយ...
«សុខចិត្តឲ្យឆ្កែឱបវាប្រសើរជាង»ថេយ៉ុង សង្គ្រឺតធ្មេញគ្រឺតខឹង ម៉ួម៉ៅរហូតញ័របបូរមាត់តតាត់ រកពាក្យមកជេរស្តីគេលែងឃើញ ក្នាញ់ណាស់ ក្នាញ់ពេញទ្រូង មិនដែលជួបប្រទះទេ មនុស្សស្អីក៏មុខក្រាស់ ចរិកអន់យ៉ាងនេះ?
«ផ្ទះខ្ញុំចិញ្ចឹមឆ្កែមួយក្បាលដែលតើ ចាំនាំទៅឲ្យឱប»ប្រយោគឌឺដងបានបញ្ចប់ ស្របពេលគេចាប់អូស កាយតូចទៅរកឡាន ហើយញាត់នាយតូចចូលទៅយ៉ាងកម្រោល តែក្មេងឆ្នាស់ដូចជា ថេយ៉ុង ដេហ្វឺរៀរ៍ មិនទ្រាំឲ្យគេធ្វើតាមអំពើចិត្តឡើយ ទើបស្ទុះស្ទារកចង់ចុះ រំពេចនោះ ជុងហ្គុក រហ័សរុញទ្វារបិទក្រឹប ហើយរាងសង្ហាក៏ដើរវាងទៅម្ខាង រួចចូលអង្គុយកន្លែងបញ្ជាឡាន រៀបឫកសាមញ្ញៗ ដូចកំពុងតែនាំគូស្នេហ៍ទៅដើរលេងយ៉ាងចឹង ទាំងការពិតនៅជិតខ្លួនគេ គឺជាខ្លាមួយកំពុងតែបញ្ចេញចង្កូមយ៉ាងកាចដាក់។
«ចង់យកខ្ញុំទៅណា?»នាយតូច ខឹងផង ភ័យផង នៅមិនសុខ គិតតែងាកឆ្លេឆ្លាៗពេញសាឡុងឡាន ដើម្បីរកវិធីចុះចេញ ស្របពេល ជុងហ្គុក ចាប់ផ្តើមបត់ឡានចាកចេញពីភូមិគ្រឹះ ហើយតបវិញ៖
«នាំទៅឲ្យឆ្កែឱប ក្រែងឯងបានធូរចិត្តខ្លះ»
«ខ្ញុំស្អប់លោក ឆ្កែដែលលោកចិញ្ចឹមក៏ខ្ញុំរាប់ថាស្អប់ដែរ»នាយតូច នៅតមាត់ប៉ប៉ាច់ប៉ប៉ោចឥតឈប់ ជុងហ្គុកឮហើយសួចអស់សំណើចក្នុងចិត្ត តែខ្ជិលសើច ព្រោះដឹងថាក្មេងនេះរឹងរូស ក្បាលឌឺ និយាយមិនឈ្នះទេ ហើយពេលនេះគេកំពុងតែនាំ ថេយ៉ុង យកទៅឲ្យឆ្កែឱបមែន ចាំមើលនាយតូចមានប្រតិកម្មបែបណា?
«សម្រេចចិត្តឲ្យហើយទៅថាឲ្យឆ្កែឱប ឬក៏អូនឱប?»

ម្ចាស់ជីវិតWhere stories live. Discover now