ភាគ៦២

1.3K 53 0
                                    

«ឆ្លើយមក តើបានទេ?»ឃើញអ្នកម្ខាងទៀតស្ងាត់យូរ នាយតូចក៏សួរបញ្ជាក់ម្តងទៀត គេពិតជាចង់បានកូនមួយទៀតណាស់ ហើយនៅតែបន្ទោសខ្លួនឯងដែលធ្វេសប្រហែសរក្សាដុំឈាមនោះមិនបានល្អ បណ្តោយឲ្យបាត់បង់ទៅយ៉ាងទាន់ហន់ពេក។
«នេះគិតចង់យកកូនចិញ្ចឹមតែឯង ហើយចុះ...?»
«គ្មានអ្វីពាក់ព័ន្ធជាមួយលោកទេ លោកគ្រាន់តែឆ្លើយមួយម៉ាត់មកថា បានឬអត់?» ជីមីន កាត់សម្តីភ្លាមៗ មិនទុកឱកាសឲ្យយ៉ុនហ្គីបកស្រាយ ហើយអ្វីដែលគេចង់បកស្រាយនោះ គ្រាន់តែចង់សួរក្មេងច្រម៉ក់នេះវិញថា មិនគិតចង់បានទាំងប្តីទាំងកូនទេ? ហេតុអីចាំបាច់យកតែកូន ចុះគេ គេក៏ជាប៉ារបស់កូនដែរ ម៉េចត្រូវបោះបង់គេចោល គេមិនសុខចិត្ត គេមិនព្រមជាដាច់ខាត ចង់យកផលចំណេញតែម្នាក់ឯង អាត្មានិយមចង់កាត់ផ្តាច់ចំណងប៉ាកូនគេឬ?!
«គ្មានពាក់ព័ន្ធ? កូនក៏ជាចំណែកខ្ញុំដែរ»យ៉ុនហ្គី ធ្វើជាច្រឡោតសួរ តែមិនហ៊ានតម្លើងសំឡេងខ្លាំងទេ ទើបខណៈនោះ ក្មេងកំហូចក៏ងើបមុខចេញពីទ្រូងគេ ហើយខាំមាត់សម្លក់ដោយការងរង៉ក់៖
«លោកទៅរកប្រពន្ធឬស្រីណាផ្សេងក្រៅពីខ្ញុំទៅ»
«...???»សម្តីរបស់ជីមីន ពន្ញាក់អារម្មណ៍ យ៉ុនហ្គីន ឲ្យភ្ញាក់ព្រើត ម្តងហើយម្តងទៀត។ ទៅរកអ្នកផ្សេង? នេះកំពុងដេញគេមែនទេ?ងាយម្ល៉េះ? កាន់តែបណ្តោយ កាន់តែផ្តេសផ្តាសហើយតើ!
«ដាច់ចិត្តឲ្យខ្ញុំទៅរកអ្នកផ្សេងដើម្បីបង្កើតកូនឲ្យដែរ?»ដៃមាំលូកច្របាច់ថ្ពាល់ទន់ៗ ស្របកែវភ្នែកសម្លឹងចំរង្វង់មុខឌឺៗរបស់អ្នកខ្លះ យប់មិញទ្រោមខ្លួនដោយសារតមាត់ច្រើនពេក ហើយព្រឹកឡើងមកបញ្ចេញចរិកខ្មឺតៗ អឿៗ គួរឲ្យចង់ចាប់បឺតមាត់ស្លេកទាំងព្រលឹម។
«ទៅ..ទៅចុះ លោកចង់ទៅណាក៏ខ្ញុំមិនខ្វល់ដែរ»
«ប្រាកដហើយ?»នាយកំលោះលើកចិញ្ចើមសួរបញ្ជាក់ ច្បាស់ហើយឬដែលព្រមឲ្យគេទៅណាស្រេចចិត្ត ចុះអម្បាញ់មិញ? ភ្ញាក់បើកភ្នែកឡើងភ្លាម មកស្រវាឱបគេ ទួញពោលប្រាប់គេកុំឲ្យទៅណាចោល គ្រាន់តែយល់សប្តិ ឱបគេប៉ុណ្ណឹងហើយ ចុះទម្រាំជួបរឿងហ្នឹងផ្ទាល់ តើយ៉ាងម៉េចវិញ? ហើយពេលឮគេសួរដូច្នោះ ជីមីន ខ្ជឹបមាត់ជិតឈឺង មួយម៉ាត់ក៏មិននិយាយ ចឹងបានន័យថាយល់ព្រមតាមអ្វីដែលគេនិយាយហើយ? ខណៈនោះ យ៉ុនហ្គី ក៏ដៃចេញពីថ្ពាល់ រួចក្រោកឈរពេញកំពស់ បន្ទាប់ក៏បង្វែរខ្លួនឈានជើងដើរចេញពីបន្ទប់ គ្រាន់តែចង់សាកចិត្ត តែរំពេចនោះ នាយតូច ស្រាប់តែស្រែកពោលឲ្យគេអត់មិនបាននឹងត្រឡប់មកវិញ៖
«អួយ៎ ហ្ហឹក៎ៗ ចុកពោះណាស់»
«ចុកខ្លាំងអត់? ទៅពេទ្យឥឡូវនេះទេ?» យ៉ុនហ្គី ស្ទុះវឹងមកកន្លែងដើមវិញទាំងភ័យស្លន់ស្លោ ព្រមទាំងយកដៃទៅស្ទាបពោះ នាយតូច គ្រវីក្បាលហើយធ្វើមុខជូរហាក់ដូចជាឈឺមែន តែការពិតគ្រាន់តែជាការបន្លំភ្នែក។
«ឬមកពីមិនទាន់ញ៊ាំអាហារពេលព្រឹក? ចង់ញ៊ាំអី ប្រាប់មក»មើលទៅពោះ ជីមីន រាបស្មើ សង្វិត ដូចមនុស្សដាច់បាយច្រើនថ្ងៃ គេក៏ប្រញាប់ប្រញាល់ស្ទុះទៅផ្ទះបាយចម្អិនអាហារភ្លាម ឯជីមីនលួចញញឹមញញែម ភ្នែកតាមសម្លឹងមើលឬកពារអ្នកដែលដើរចេញទៅ ទាំងភ្លាំងភ្លឹកមិនដឹងខ្លួន ញញឹមសុខៗស្រាប់តែប្រែទឹកមុខវិញ ហើយយកដៃមកទះមុខខ្លួនឯងតិចៗ៖
«ឆ្កួត! ឯងញញឹមធ្វើស្អី?យប់មិញគេលូកលាន់ឯងស្ទើរស្លាប់ស្ទើររស់ណា៎ កុំញញឹម ឯងមិនត្រូវរំភើបព្រោះតែទង្វើរតិចតួចប៉ិនហ្នឹងទេ គេបានទៅក្រៅប្រទេសចោលឯង ឯងមិនចាំទេ?»ជីមីន ដាស់តឿនសតិខ្លួនឯង ឲ្យស្រម៉ៃដល់រឿងដែលកើតឡើងកាលពីយប់ នឹកឡើងខឹងចិត្ត ខឹងខ្លួនឯងដែលធ្វើអ្វីគេមិនកើត ចង់យំក៏យំមិនចេញ មិនយល់ពីខ្លួនឯង មួយរយៈមិនដឹងកើតអី មាត់និយាយថាស្អប់គេ តែពេលឃ្លាតឆ្ងាយ អារម្មណ៍ហាក់មិនស្ងប់ សូម្បីតែគេងយល់សប្តិបាត់គេមិនបាន តើវាជាអារម្មណ៍អ្វី? គិតហើយក៏រហ័ប្រះប្រែខ្លួនក្រោកទៅដើរទៅទាញកន្សែងចូលងូតទឹក រួចចុះអង្គុយនៅបន្ទប់ញ៊ាំអាហារ។
ជីមីន ឈរសម្លឹងមើលមុខម្ហូបដែលបានរៀបចំនៅលើតុ យ៉ាងរៀបរយនិងទាក់ទាញគួរឲ្យចង់ញ៊ាំ ដៃតូចៗអង្អែលពោះថ្នមៗ ពោះដែលកំពុងកូរគ្រូកៗព្រោះឃ្លាន ខណៈនោះក៏តាំងចិត្តដើរចូលទៅ ស្រាប់តែ៖
«អ្ហា៎ មើលទៅអាហារទាំងអស់នេះទំនងណាស់»ថេយ៉ុង ចូលទៅភ្លាមក៏ចាប់ឱបដៃបងប្រុសពីក្រោយភ្លែត នាំឲ្យជីមីនភ្ញាក់ព្រើត មិនទាន់បាននិយាយអ្វីមួយម៉ាត់ផង ក៏ត្រូវប្អូនអូសដៃទៅអង្គុយ ក្រោយមកនាយតូចក៏ចាប់អាហារដាក់ចូលចាន ជីមីន បានត្រឹមអង្គុយស្ងៀមៗ ធ្វើមុខភ្លឹះៗដាក់
«ឆាប់ញ៊ាំទៅ ទុកឲ្យត្រជាក់មិនឆ្ងាញ់ទេ វានាំឲ្យបាត់បង់រសជាតិដើមណាបងប្រុស»ថេយ៉ុង មាត់រប៉ូច បញ្ចុះបញ្ចូលបងឲ្យឆាប់ញ៊ាំ ខណៈអ្នកត្រូវបង្គាប់ឲ្យញ៊ាំ ចង់ញញឹមបន្តិច អត់បន្តិច ព្រោះមានអារម្មណ៍ថា ព្រឹកនេះ អ្នកគ្រប់គ្នាហាក់មានឫកពារប្លែកៗ មិនដូចពីម្សិលមិញដែលឈរឈ្លោះប្រកែកគ្នាលាន់ពេញផ្ទះទេ។
«បងដួសខ្លួនឯងបានហើយ ឯងអង្គុយជិតបងមក ពួកយើងញ៊ាំជាមួយគ្នាណា៎»ជីមីន ឃាត់ដៃប្អូនមិនឲ្យដួសអាហារឲ្យ ទាំងកែវភ្នែកញ័រញាក់ អាយុបងគេទេ ប៉ុន្តែបើក្រឡេកមើលចរិកឫកពា ហាក់ដូចកូនពៅអីចឹង។
«...» ថេយ៉ុង លើកចិញ្ចឹមញញឹមតិចៗមុននឹងដាក់ខ្លួនអង្គុយក្បែរ ហើយនាយតូចទាំងពីក៏អង្គុយញ៊ាំអាហារនោះយ៉ាងសប្បាយរីករាយ មិនខ្វល់ពីនរណាទាំងអស់ ថែមទាំងភ្លេចទៀតថា ខ្លួនកំពុងតែស្ថិតនៅផ្ទះរបស់ជុងហ្គុក អាន់ដឺសាន់។
«ញ៊ាំឲ្យច្រើនៗណា មើលទៅបងមួយរយៈនេះស្គមខ្លាំងណាស់»ថេយ៉ុង ចាប់ម្ហូបដាក់ចានរបស់ ជីមីន បណ្តើរ ភ្នែកសម្លឹងមើលរាងកាយគេបណ្តើរ ជីមីនស្គមជាងមុនពិតមែន ឯទឹកមុខក៏មិនសូវជាស្រស់បស់ បណ្តាលឲ្យនាយតូចជាប្អូន លួចសង្វេគក្នុងចិត្ត។
«ឯងក៏អីចឹងដែរ» ជីមីន ត្បកវិញភ្លាមៗ
«បែបនេះណា គេមិនហៅថាស្គមទេ»គ្រាន់តែឮបងបង្អាប់ភ្លាម នាយច្រម៉ក់ស្ទុះក្រោកឈរ ហើយបង្វិលខ្លួនឲ្យមើល ថែមទាំងអួតយ៉ាងក្រម៉ិចក្រម៉ើម៖
«បែបនេះគេហៅតូចច្រឡឹង គួរឲ្យស្រឡាញ់»និយាយចប់ នាយតូចក៏អង្គុយវិញភ្លាម ហើយក៏បន្តញ៊ាំអាហាររបស់គេធ្វើដូចគ្មានរឿងអ្វី ខណៈជីមីនដែលខំស្តាប់ ខំតាមមើលប្អូនអម្បាញ់មិញ លួចញញឹមតិចនិងគ្រវីក្បាលហួសចិត្ត...ទីបំផុត ជីមីន ញញឹមឡើងវិញហើយ ថែមទំងស្រស់ស្អាតទៀតផង ថេយ៉ុង ក៏បានតាមសង្កេតដែរ គ្រាន់តែមិនឲ្យបងប្រុសដឹងមុន ព្រោះកាយវិកាឡប់ៗមុននេះ គ្រាន់តែមានបំណងចង់ឃើញបងប្រុសញញឹមតែប៉ុណ្ណោះ។
ពេលកំពុងតែញ៊ាំសុខៗ...
«នៅម្ហូបមួយមុខទៀត សង្ឃឹមថាអ្នកទាំងពីរចូលចិត្ត» ចុងភៅកំលោះចំនាយពេលក្នុងផ្ទះបាយអស់មួយព្រឹកធំ ដើម្បីអាហារមួយតុនេះ ហើយខណៈនេះក៏បានលើកស៊ុបមួយឆ្នាំងទៀត មកដាក់នៅចំពោះមុខបងប្អូនទាំងពីរ។
«ហ្ហឹម៎ ទំនងណាស់»ថេយ៉ុង ពោលក្នុងចិត្តបណ្តើរ លេបទឹកមាត់ក្អឿកៗបណ្តើរ ប៉ុន្តែយ៉ុនហ្គិដែលជាអ្នកលើស៊ុបនោះមក មិនបានចាប់អារម្មណ៍ទេ ព្រោះក្រសែភ្នែកគេ សម្លឹងរក ជីមីន តែម្នាក់គត់។
«ញ៊ាំទេ បងដួសឲ្យ»
ច្រាវ៎!!!
ឮពាក្យ'បង' ចេញពីមាត់គេមួយម៉ាត់ ធ្វើឲ្យស្លាបព្រានៅក្នុងដៃជីមីន ធ្លាក់ប្រាវទៅលើតុដោយចេតនា ថែមទាំងបោះសម្តីឡើងយ៉ាងកំបុតកំបុយ៖
«មិនឃ្លាន»នាយល្អិតថាតែប៉ុណ្ណឹង ក៏ស្ទុះក្រោក តែរំពេចនោះ ថេយ៉ុង ក៏ចាប់ទាញដៃ អោយអង្គុយវិញ និងនិយាយហាក់ដូចមិនយល់ពីអារម្មណ៍បងប្រុសសោះ៖
«បងឆ្លើយមិនឃ្លានម៉េចនឹងបានទៅ នេះជាស៊ុបដែលបងប្រុសចូលចិត្តញ៊ាំជាងគេណា៎»
«ស៊ុបបងចូលចិត្ត តែបងស្អប់អ្នកធ្វើ»ថារួច ជីមីន ក៏ចាប់របេះដៃនាយតូចចេញទាំងមិនខ្វល់ ហើយក៏ដើរទៅបាត់ ទុកឲ្យនាយតូចនៅអង្គុយចងចិញ្ចើមធ្វើមុខក្រញ៉ូវ បន្ទាប់ក៏ដួសស៊ុបដាក់ចាន៖
«ខ្ញុំក៏ស្អប់អ្នកធ្វើដែរ តែមាត់វាមិនសហការទេ»ថេយ៉ុង ឧទានក្នុងចិត្ត ដំបូងមុខក្រញ៉ូវខ្លាំងណាស់ព្រោះត្រូវជីមីនចាប់បេះដៃ តែពេលសម្លឹងស៊ុបក្នុងឆ្នាំង ស្នាមញញឹមក៏ផុសឡើង ខ្ជិលគិតច្រើន ក៏អង្គុយញ៊ាំតែម្នាក់ឯង ទាំងធ្វើភ្លេចថាមានកំលោះមុខងាប់ដែលជាអ្នកចម្អិនស៊ុបផ្ទាល់ដៃ កំពុងឈរឱបដៃនៅពីក្រោយខ្នង។
«ថេយ៍ អូនកំពុងធ្វើអីហ្នឹង?» សំឡេងសួរពីចម្ងាយ មុននឹងម្ចាស់សំឡេងបោះជំហ៊ានចូលមក ពេលក្រឡេកឃើញវត្តមានគេភ្លាម ថេយ៉ុង ក៏បក់ដៃហៅ
«ជុងហ្គុក បងចង់ញ៊ាំទេ»
«ញ៊ាំ» ជុងហ្គុក ងក់ក្បាលតបទាំងញញឹម ហើយអង្គុយជិតនាយតូច ឯដៃលូកឱបចង្កេះភ្លាមមិនទុកយូរ ទាំងពីរនាក់ត្រូវដងត្រូវផ្លែគ្នាណាស់ មិនគិតមើលមុខលោកពូដែលឈរធ្វើមុខងាប់គ្មានអ្នកស្តីរកឯណេះទេ។
«អូនបញ្ចុក»ថេយ៉ុង លើកចានស៊ុបថ្នមៗ បង្វែររកមុខអ្នកត្រូវញ៊ាំ នាយកំលោះក៏ហារមាត់ទទួល មើលទៅពួកគេផ្អែមល្ហែមមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ផ្ទុយពី យ៉ុនហ្គី កំពុងតែក្តៅដូចភ្លើង តាមចិត្តជ្រេញ ចង់តែដាក់ក្បាលម្នាក់មួយវែក កុំឲ្យពូកែល្អូកល្អើនមិនគិតក្បាលអ្នកណាពេក។
«ឆ្ងាញ់ទេ?»ពេលបញ្ចុកគេរួច នាយតូចក៏ឱនមុខសួរ ខណៈនោះ ជុងហ្គុក ក៏ងាកមើលក្រោយខ្នងបន្តិច មុននឹងបែរមកតបសំណព្វចិត្តរបស់គេ ដោយយកដៃទៅអង្អែលបបូរមាត់នាយតូចតិចៗ៖
«ឆ្ងាញ់ តែបងថាបបូរមាត់អូនឆ្ងាញ់ជាង»
គ្រាន់តែឮភ្លាម យ៉ុនហ្គី ក៏បោះសម្តីឡើងភ្លែត៖
«ឯងទាំងពីរនាក់ ជឿថាវែកចេះហោះដែរទេ?»

To be continued💜💚

ម្ចាស់ជីវិតWhere stories live. Discover now