ភាគ៣០

2.7K 130 0
                                    

ផ្ទៃមុខស្ងប់ស្មើ ឱនសម្លឹងរង្វង់មុខតូចច្រមិច ដែលជោគជាំដោយសំណើមថ្លាពេញថ្ពាល់ ទើបគេយកម្រាមដៃស្រឡូនស្អាតទៅជូតផ្តិតថ្នមៗ ទាំងក្នុងចិត្តខំទប់ភាពពុះកញ្ជ្រោលដែលអុកឡុកពេញទ្រូង គេខឹងយ៉ាងខ្លាំង ខឹងអ្នកដែលព្រហើន បង្កស្នាមរបួសលើរាងកាយមនុស្សរបស់គេ ទទួលស្គាល់ថាគេមិនថ្នាក់ថ្នម ថេយ៉ុង ក៏ពិតមែន ប៉ុន្តែអ្វីដែលជាកម្មសិទ្ធិរបស់គេ គេហួងហែងបំផុត ហើយអ្នកដទៃគឺគ្មានសិទ្ធមកប៉ះពាល់ជាដាច់ខាត។
«ខ្ញុំនឹកលោកប៉ា ហ្ហឹក៎...ខ្ញុំគ្រាន់តែចង់ជួបគាត់ តែម៉ាក់...ម៉ាក់មិនឲ្យខ្ញុំចូលទៅ»ថេយ៉ុង ទួញសោកទាំងយំសសឹក នាយតូចគ្រាន់តែទៅទីនោះដើម្បីជួបលោកប៉ា ព្រោះឃ្លាតឆ្ងាយពីគាត់ក៏យូរដែរហើយ តែពុំទាន់បានឃើញមុខគាត់បន្តិចផង ទើបតែឈានដល់មុខផ្ទះ ក៏ត្រូវស្ត្រីកំណាចស្ទុះមកវាយដំ ទះតប់យ៉ាងដំណំ រីឯជុងហ្គុក ពេលឮដូចច្នោះភ្លាម ចុងកន្ទុយភ្នែកចាប់ផ្តើមញ័រទទ្រើក ទើបលូកចាប់ប្រអប់ដៃស្រឡូនតូចដែលមានស្នាមខ្វាចខ្ញាំ មកកាន់អង្អែល ហើយក៏ទាញដៃនោះមកថើបតិចៗ ធ្វើឲ្យនាយតូចភ្ញាក់ព្រើត ចិត្តចង់ដកដៃចេញតែមិនហ៊ានប្រឆាំង។
«ចាំខ្ញុំនាំឯងទៅជួបគាត់»
«អត់ទេ ខ្ញុំមិនចង់ទៅទីនោះទៀតទេ»កំលោះតូច បដិសេដញាប់មាត់ ថែមទាំងគ្រវីក្បាលតតាត់ បញ្ជាក់ច្បាស់ៗថាមិនចង់ទៅទៀតទេ ដែលការបដិសេដមួយនេះធ្វើឲ្យប្រុសកំណាចងើបសម្លក់មុខភ្លាម៖
«ឯងខ្លាចមែនទេ?»
«...»ថេយ៉ុង ងក់ក្បាលទាំងទឹកភ្នែកដាបថ្ពាល់
«បើឯងនៅតែខ្លាច គាត់កាន់តែបានចិត្ត គាត់រឹតតែធ្វើបាបឯងលើសដើម ហើយឯងសុខចិត្តវេទនាខ្លួនឱនក្បាលឲ្យគេធ្វើបាបតាមអំពើចិត្តហ្អែស៎?»ជុងហ្គុក ប្រាប់ដោយសំឡេងមាំ គ្មានពន្លឺលេងសើច ដែលពាក្យសម្តីគ្រប់ម៉ាត់ ធ្វើឲ្យថេយ៉ុងទន់ចិត្ត ស្តាប់តាមគេ ខណៈដែលកែវភ្នែកតូចៗសម្លឹងមុខគេមិនចង់ព្រិច។
«សម្រេចថាព្រមទៅម្តងទៀតទេ?»ក្រឡេកឃើញនាយតូច ស្ងៀមស្ងាត់លែងមាត់.ក គេក៏សួរបញ្ជាក់ដោយសំឡេងស្រាលៗ រំពេចនោះអ្នកត្រូវសួរស្រាប់តែងាកមុខគេចពីខ្សែភ្នែកគេ ហើយបន្លឺឡើងយ៉ាងរឹងទទឹង៖
«ខ្ញុំមិនទៅជាមួយលោកទេ ព្រោះលោកបានរៀបការជាមួយបងប្រុសខ្ញុំហើយ អ្នកដែលលោកត្រូវនាំទៅគឺ គាត់ មិនមែនខ្ញុំ»ស្របសម្តី ថេយ៉ុង សសៀខ្លួនប្រុងចុះចេញពីភ្លៅគេ ស្រាប់តែដៃកំហូចចាប់ឱបចង្កេះជាប់ស្អិត និងស្បថឡើងយ៉ាងដាច់ខាត៖
«ឯងត្រូវតែទៅជាមួយខ្ញុំ ចង់ដឹងថាពេលដែលមានខ្ញុំទៅជាមួយ តើគាត់មានទឹកមុខបែបម៉េច?»និយាយចប់ ជុងហ្គុក ក៏លើកបីម្ចាស់រាងកាយតូចច្រឡឹងដាក់ក្នុងរង្វង់ដៃ នាំទៅបន្ទប់របស់ខ្លួនដើម្បីយកថ្នាំលាបរបួសឲ្យ ហើយពេលទៅដល់បន្ទប់គេ ថេយ៉ុង តាមសម្លឹងរាល់គ្រប់សកម្មភាពដែលជុងហ្គុកបានធ្វើ និងចាប់អារម្មណ៍ថា គេជាមនុស្សកោងកាច មុខងាប់ សម្តីឈ្លើយ គួរឲ្យស្អប់ក៏ពិតមែន ប៉ុន្តែពេលខ្លះគេជាបុរសកក់ក្តៅ ដែលមើលពីសំបកក្រៅមិនដឹងឡើយ ទាល់តែបានជួបផ្ទាល់បែបនេះ គេជាបុរសសាមញ្ញបំផុត ដែលគ្រាន់តែបន្ទាបខ្លួនអង្គុយពែនលើឥដ្ឋ យកថ្នាំលាបរបួសយ៉ាងយកចិត្តទុកដាក់ រហូតនាយតូចលួចមានចិត្តរំភើប សឹងតែស្រក់ទឹកភ្នែក ព្រោះពុំធ្លាប់មាននរណាមកថ្នាក់ថ្នមគេែបបនេះ សូម្បីតែកាលនៅពីតូច ធ្លាប់រត់ដួលរបកជើង រលាត់ស្បែកហូរឈាមរហាម ក៏គ្មាននរណាមកខ្វល់ អើពើជាមួយនិងគេផង។
«កុំយំ ត្រូវចេះអត់ទ្រាំ»ជុងហ្គុក សម្លុតតិចៗ ពេលក្រឡេកឃើញកែវភ្នែក ថេយ៉ុង រលីងរលោងដូចចង់យំ ហើយពេលឮគេសម្លុតភ្លាម នាយតូច ក៏ខាំមាត់លេបទឹកភ្នែក មិនយំ មិនតមាត់ ត្រឹមតែសម្ងំស្ងៀម ឲ្យគេលាបរបួសឲ្យ។
...
ស្អែកឡើង
ដូចអ្វីដែលជុងហ្គុកបានសន្យា គេនឹងនាំថេយ៉ុងមកម្តងទៀត ហើយម្តងនេះគឺមិនមែនគ្រាន់តែនាំនាយតូចមកជួបលោកប៉ា ប៉ុន្តែនៅមានរឿងសប្បាយៗច្រើនទៀត ដែលថេយ៉ុងនឹកស្មានមិនដល់។
ង៉ឺត!!! សំឡេងជាន់ហ្វ្រាំងឡាន បញ្ឈប់ចំទល់មុខភូមិគ្រឹះដេហ្វឺរៀរ៍ ជុងហ្គុក ចុះពីឡានមុន ហើយរហ័សដើរវាងទៅបើកទ្វារឲ្យ នាយតូច។
«ចុះមកអូនសម្លាញ់»ជុងហ្គុក កួចមាត់ញញឹមតិចៗ ពេលឃើញអ្នកខាងក្នុងឡាន អង្គុយសម្លក់មករកគេថ្មែ ដូចជាកំពុងខឹងរឿងអ្វីក៏គេមិនដឹង ដឹងត្រឹមថាពាក្យ"អូនសម្លាញ់" គេពុំធ្លាប់បានហៅអ្នកផ្សេងពីមុនមក ហើយថេយ៉ុងជាមនុស្សដំបូងបង្អស់ដែលបានឮឃ្លានេះចេញបបូរមាត់គេ។
«ពួកយើងគួរតែត្រឡប់ទៅវិញទៅ»ថេយ៉ុង នៅតែមានភាពរារែក មិនព្រមចុះមក ហើយតឿនឲ្យនាំគេទៅវិញ តែត្រូវជុងហ្គុកគំហកដាក់៖
«អត់ទេ ឆាប់ចុះមក»គេហុចបាតដៃទៅឲ្យនាយតូច ដើម្បីឲ្យចាប់កាន់ហើយចុះចេញមកតាម ធ្វើឲ្យកាយតូចភ្ញាក់កន្ត្រាក់ ទាំងកែវភ្នែកព្រិចៗរកកលចង់យំបន្តិចអត់បន្តិច តែចុងក្រោយក៏ព្រមតាមដដែល។
កំលោះសង្ហាមាឌមាំ ខ្ពស់ស្រឡះ អមដោយភាពអង់អាច មានអំណាច ដៃស៊កឱបចង្កេះតូចយ៉ាងស្និទ្ធ បណ្តើរចូលទៅខាងក្នុងផ្ទះអ្នកម៉ាក់ក្មេក ជាមួយនិងស្នាមញញឹមលាក់គំនួច។
@បន្ទប់ទទួលភ្ញៀវ
«អរុណសួរស្តី អ្នកម៉ាក់...ក្មេក»ទម្រាំគេគ្រលាស់ឃ្លាចុងក្រោយ លោកស្រីចាសស្មីនដែលអង្គុយបែរខ្នង រហ័សស្ទុះស្ទាក្រោកចេញពីសាឡុង បែរមករកប្រភពសំឡេងទាំងញញឹមត្រេកអរ អរណាស់ពេលដឹងថាកូនប្រសារសំណព្វមករក តែភ្លាមៗ ស្នាមញញឹមនោះក៏រលាយបាត់ ភាពត្រេកអរប្រែជាស្រងាក ពេលក្រឡេកឃើញវត្តមាន ថេយ៉ុង មកជាមួយដែរ លោកស្រីក្តាប់ដៃទាំងញ័រទ្រូង ហើយអុកខ្លួនអង្គុយចុះវិញទាំងមិនមាត់មួយម៉ាត់ ទង្វើរបែបនេះ ធ្វើឲ្យជុងហ្គុកលួចចំអកក្នុងចិត្ត រួចក៏នាំថេយ៉ុងទៅអង្គុយជិតបង្កើយជាមួយគាត់ មានចេតនាចង់បញ្ឆេះម៉ាដាមចាសស្មីនឲ្យស្លរឈាមយ៉ាងប្រាកដ។
«...»ថេយ៉ុង សម្លឹងមុខជុងហ្គុកទាំងមិនស្រណុកក្នុងចិត្ត ព្រោះកំពុងតែស្អប់ម៉ាក់ តែគេបែរជារុញមកឲ្យអង្គុយជិតគាត់ទៅវិញ ចំណែកលោកស្រីចាសស្មីន ខំអង្គុយត្រង់ខ្លួនភ្លឹង តាំងចិត្តថាមិនខឹង ហើយព្យាយាមលើកស្នាមញញឹមដាក់ជុងហ្គុកជានិច្ច ឃើញជុងហ្គុកហាក់ស្ងាត់ស្ងៀម គាត់ក៏បន្លប់ដោយការសួរនាំពីកូនប្រុសគាត់៖
«បានឮដំណឹងពីកូនមីនទេ តើបានស៊ើបហើយឬនៅ អ្នកណាជាអ្នកចាប់គេទៅ? ហ្ហឹក៎... ម៉ាក់បារម្ភពីគេខ្លាំងណាស់»ចាប់និយាយភ្លាម ម៉ាដាមអួលដើមក ទាញកូនកន្សែងមកខ្ទប់ច្រមុះយំសោក ស្របពេលជុងហ្គុកសម្លឹងមើលតែមុខ ថេយ៉ុង គេមិនខ្វល់ថាមុននេះគាត់សួរនាំពីអ្នកណាឡើយ នៅព្រហើននិយាយកាត់មុខគាត់យ៉ាងទំនើង៖
«មើលមុខគេចុះ ជាំខ្ទេចអស់ហើយ»
«???»ម៉ាដាមភ្ញាក់ព្រើតដូចគេជះទឹកកណ្តាលមុខ ហើយជុងហ្គុកនៅតែបន្តនិយាយទាំងមិនខ្វល់៖
«របួសនេះ លោកស្រីជាអ្នកបង្កមែនទេ?អញ្ចឹងទៅយកថ្នាំមកលាបរបួសឲ្យគេផង ខ្ញុំនៅចាំមើល»

ម្ចាស់ជីវិតWhere stories live. Discover now