ភាគ១១

2.5K 181 1
                                    

ជុងហ្គុក សម្លឹងទៅក្នុងកញ្ចក់ ស្បថឡើងជាមួយទឹកមុខជឿជាក់ ជឿថាថ្ងៃណាមួយ ក្មេងរឹងរូសម្នាក់នេះនឹងក្លាយជាសម្បត្តិរបស់គេយ៉ាងងាយជាទីបំផុត។
«មនុស្សចរិកពាលដូចលោក មិនសមរៀបការជាមួយបងប្រុសខ្ញុំទេ»នាយតូច សម្លក់មុខគេតាមកញ្ចក់ ដោយភាពសម្អប់ពេញទ្រូង ឃើញមុខគេ ក៏នឹកដល់រឿងដែល ជីមីន បានបង្ហើបប្រាប់កាលពីយប់មិញ ហើយ ជុងហ្គុក នៅតែមិនព្រមផ្តាច់ពាក្យជាមួយ ជីមីន ទោះដឹងថា ជីមីន ត្រូវបានលោកពូរបស់គេលូកលាន់ជាន់ឈ្លីក៏ដោយ។
«ចឹងតើអ្នកណាដែលសមនឹងខ្ញុំទៅ?»ប្រុសកំលោះលើកចិញ្ចើមសួរដេញដោល
«វាជារឿងរបស់លោក ជីវិតរបស់លោក ខ្ញុំមិនខ្វល់ ក៏មិនទៅឈឺក្បាលហាលថ្ងៃជាមួយដែរ» គេកាន់តែឌឺ ថេយ៉ុងកាន់តែក្តៅចិត្ត និងបញ្ចេញកំហឹងតាមពាក្យសម្តី នាយតូច ក៏មិនភ្លេចរើបម្រះចេញទោះដឹងថាមិនឈ្នះកម្លាំងគេក៏ដោយ ក៏ប្រសើជាជាងដែលឈរស្ងៀមៗ ឲ្យគេប៉ះពាល់តាមអំពើចិត្តបែបនេះដែរ។
«ក្មេងឌឺ»ជុងហ្គុក ស្រដីឡើង ស្របពេលពន្លែងដៃតូចៗឲ្យមានសេរីភាពវិញ ខណៈនោះ រាងតូចក៏រុញស្មាមាំឲ្យចៀស ហើយនាំខ្លួនគេចពីរង្វង់ដៃគេយ៉ាងលឿន តាមដោយកែវភ្នែកមុតស្រួចមួយគូតាមសម្លឹងឫកពាទាំងក្នាញ់ក្នុងចិត្ត។

ក្រោយពីញ៊ាំអាហារនៅភោជនីយដ្ឋាននោះរួចមក ពួកគេក៏ធ្វើដំណើរទៅកាន់ហាងច្នៃម៉ូតដ៏ទំនើបនិងល្បីឈ្មោះមួយកន្លែង ដែលម៉ាដាមចាសស្មីនបានណែនាំទុកស្រេច។
ពេលចុះចេញពីឡានភ្លាម ថេយ៉ុង ក៏រហ័សដើរទៅបើកទ្វារឲ្យបងប្រុសរបស់ខ្លួន ហើយបន្លឺប្រាប់ដោយក្តីព្រួយបារម្ភ៖
«ប្រយ័ត្នផងបងប្រុស»
«បងមិនអីទេ»ជីមីន គ្រវីក្បាលទាំងញញឹមស្ងួតដាក់ប្អូន តែនាយតូចយល់ឃើញថា គេទើបតែចេញពីពេទ្យថ្មីៗ សុខភាពក៏មិនសូវល្អ ម្យ៉ាងទៀត មួយរយៈនេះ ជីមីន មិនសូវញ៊ាំអាហារ ញ៊ាំក៏មិនទៀង ធ្វើឲ្យរាងកាយចុះខ្សោយ ទើបបានជាប្អូនបារម្ភថ្នាក់នេះ ហើយរាល់សកម្មភាពទាំងអស់ ត្រូវបានតាមសង្កេតដោយក្រសែភ្នែកមួយគូ នៃអ្នកឈរចាំនៅក្បែរនោះ អ្នកកំលោះក្រឡេកឃើញ ថេយ៉ុង ដូចជាហួងហែងបងប្រុសគេខ្លាំង ខណៈនោះដៃមាំក៏ឈោងចាប់កដៃ ជីមីន ថ្នមៗដោយចេតនា និងធ្វើឲ្យដូចថា គេជាគូដណ្តឹងនិងគ្នាពិតៗ៖
«ឆាប់ចូលទៅខាងក្នុងទៅ»បុរសសម្តីផ្អែមបែបពិសពុល ឈោងដៃទៅចាប់ប្រអប់ដៃតូចរបស់ ជីមីន ហើយអ្នកដែលសុខៗត្រូវគេចាប់ដៃ ក៏ភ្ញាក់ព្រើត និងរហ័សគ្រវាសចេញទាំងផិតភ័យ ចំណែកថេយ៉ុង កាលបើឃើញដូច្នោះ ក៏ប្រញាប់ចាប់ទាញដៃបងប្រុសមកកាន់ជំនួស ហើយនាំគេចូលទៅខាងក្នុងទាំងមិននិយាយអ្វីមួយម៉ាត់។
ចូលទៅដល់ បុគ្គលិកនៅក្នុងហាង នាំគ្នាឱនគំនាបគោរពដោយការគួរសម គ្រប់គ្នាមានស្នាមញញឹមរីកស្រស់ ផ្ទូយពីភ្ញៀវទាំងបីនាក់មានទឹកមុខខុសប្លែកគ្នា ម្នាក់មុខមាំពើងទ្រូងមានអំណាច ដើរទៅអង្គុយលើសាឡុងមុន ចំណែកបងប្អូនពីរនាក់ ឈរឱបដៃគ្នាដូចក្មេងវង្វេងរកផ្លូវទៅផ្ទះមិនឃើញ។
បុគ្គលិកហាងបានទៅដើរទៅដោះឈុតពីម៉ាល្កាំង ព្នាក់និងដៃដើរសំដៅមក ហើយក៏សួរទៅកាន់ជុងហ្គុកដែលអង្គុយចាំនៅលើសាឡុងខ្មៅ៖
«អ្នកប្រុស ពួកគាត់ទាំងពីរ តើមួយណាជាអនាគតភរិយារបស់លោកទៅ?»ស្រីស្អាត បន្ទច់ជង្គង់បន្តិច ហើយលួចសួរខ្សិបៗទាំងខ្មាសអៀន ព្រោះឃើញ ថេយ៉ុង និង ជីមីន គិតតែឈរធ្វើភ្នែកក្រឡេកក្រឡាប់ មើលមកពួកគេយ៉ាងចម្លែក នាងមិនដឹងពិតមែនថាមួយណាឲ្យប្រាកដ ឯជុងហ្គុក គ្រាន់តែឮសំណួរនេះភ្លាម ក៏ញោចចុងមាត់តិចៗ ទើបងាកសម្លឹងទៅអ្នកទាំងពីរដែលឈរជិតនោះ មុននឹងងាកមកឆ្លើយជាមួយបុគ្គលិក៖
«ម្នាក់ដែលមានចរិកកាចឆ្នាស់ជាងគេ មានភ្នែកមូលៗហើយធំ...»ជុងហ្គុក រៀបរាប់ខ្សិបៗឲ្យឮតែពីរនាក់ស្រីស្អាត មិនឲ្យជីមីននិងថេយ៉ុងដឹងឡើយ ម្យ៉ាងពួកគេក៏កំពុងតែខ្សិបខ្សួលគ្នាដែរ...
«ថេយ៉ុង»
«ហ្ហឹម៎?មានអ្វីឬបងប្រុស?»នាយតូច ឱនមុខតាមមើលទឹកមុខបងប្រុសដែលប្រឹងឈ្ងោកលាក់ភាពក្រៀមក្រំ ហើយភ្លាមនោះ ជីមីនក៏បង្ហើបមាត់តិចៗទាំងនឿយហត់ចិត្ត៖
«ឯងលោឈុតជំនួសបងបានទេ?»
«ម៉េចនឹងអាចទៅ បងជាគូដណ្តឹងគេ បងជាអ្នកដែលត្រូវលោឈុត»ថេយ៉ុង ប្រកែកដាច់ខាត ថែមទាំងលបលួចដៀងកន្ទុយភ្នែកមើលទៅជុងហ្គុក មិនមែនខ្លាចគេទេ តែកំពុងគិតរកវិធីរត់ចោលគេ។
«ឯងឆាប់ភ្លេចម្ល៉េះ?»
«ភ្លេចអ្វីទៅបងប្រុស?»ថេយ៉ុង សួរទាំងមុខស្លឺ ព្រោះអារម្មណ៍ភាំងៗ ខួរក្បាលនឹកឃើញតែសម្តីនិងទង្វើរពាលៗរបស់ ជុងហ្គុក។
«បងមិនចង់ការទេ ម៉េចក៏ឯងបង្ខំឲ្យបងលោឈុត?»ជីមីន ពោលទាំងមុខជូរ ងរងក់ដាក់ប្អូន គិតៗទៅ ពីរនាក់បងប្អូនគេ គួរឲ្យចង់សើចណាស់ ដំបូងឡើយម្នាក់ៗរឹងរូសមិនធ្វើតាមសម្តីម៉ាក់ទេ តែចុងក្រោយក៏ទ័លច្រក ហើយតាំងមកឈររុញគ្នាម្នាក់ម្តង បើក្រឡេកទៅជីមីនវិញ ឈរភ័យឡើងញ័រខ្លួនអស់ បែកញើសជោគពេញថ្ងាស់ លួចគិតដល់ថ្ងៃដែលគេក្លាយជាប្រពន្ធរបស់ ជុងហ្គុក អាន់ដឺសាន់ ដែលត្រូវជាក្មួយប្រុសរបស់បុរសថោកទាប ដែលចាប់បង្ខំធ្វើបាបគេយ៉ាងព្រៃផ្សៃ រហូតដល់គេមានកូន ចុះបើរឿងនោះកើតឡើងមែន តើគេត្រូវប្រឈមមុខបែបណាទៅ?ត្រូវធ្វើខ្លួនយ៉ាងណាទើបសមនិងស្ថានភាពនោះទៅ?
«បងប្រុស តើពួកយើងតែរត់ចេញពីនេះទេ?»សុខៗ ថេយ៉ុង ស្រាប់តែមានគំនិតចង់គេចវេស ហើយរត់ចេញពីហាង ចោលប្រុសចម្កួតដែលឈ្លក់វង្វេងនិងខ្លួនឯងនោះ នាយតូចក៏ឈោងចាប់ដៃជីមីនមកកាន់ ឯជីមីន សម្លឹងមុខប្អូនទាំងភ្នែកភ្លឹះៗ ហើយរំពេចនោះ ទូរស័ព្ទរបស់ជីមីនស្រាប់តែខ្ទ័រ ធ្វើឲ្យគេបានលេសភ្លាម៖
«អ្ហឹក៎កក...គឺម៉ាក់ខលមក បងទៅទទួលទូរស័ព្ទសិន»ជីមីន ប្រាប់ទាំងចាប់របេះដៃប្អូនចេញ ហើយរត់វឹងទៅខាងមុខហាងដើម្បីលើកទូរស័ព្ទ នៅសល់តែ ថេយ៉ុង ឈរក្តាប់ដៃបន្លប់ការស្ត្រេស ស្របពេលបុគ្គលិកស្រីស្អាត ដើរមកដល់ល្មម៖
«អ្នកប្រុសតូច នេះឈុតដែលត្រូវលោ ចាស៎»នាងប្រាប់ដោយបញ្ជូនស្នាមញញឹមមកជាមួយ ឯដៃក៏ហុចឈុតនោះមក តែត្រូវនាយតូចឆ្លើយបដិសេដភ្លាមៗ៖
«នាងច្រលំមនុស្សហើយ អ្នកដែលត្រូវលោ កំពុងជាប់និយាយទូរស័ព្ទ អ្នកនាងរងចាំបន្តិចសិនណា៎»ស្របសម្តី ដៃតូចៗក៏រុញឈុតប្រគល់ឲ្យនាងវិញ វិនាទីនោះ ស្រាប់តែមានដៃមាំ មកចាប់កញ្ឆក់កដៃនាយតូចទៅកាន់ស្អិតមិនលែង។
«សុំទោសផងអ្នកនាង គេរឹងរូសបន្តិចហើយ ទុកឲ្យខ្ញុំចាត់ការវិញ»ជុងហ្គុក មកដល់ភ្លាម ក៏ដណ្តើមឈុតពីដៃនាងបុគ្គលិក ថែមទាំងចេញមុខសុំទោស គេញញឹមតិចៗ ពេលបែរមកសម្លឹងនាយតូចដែលកំពុងខ្មួលខ្មាញ់ក្នុងរង្វង់ដៃគេពេញទំហឹង មិនបង្អង់យូរ រាងសង្ហា ក៏ប្រញាប់នាំនាយតូចចូលទៅក្នុងបន្ទប់ផ្លាស់ឈុត ខណៈបុគ្គលិកស្រីស្អាតនោះ តាមអើតមើលឡើងចង់គ្រេចក ថែមទាំងលួចញញឹមញញែមហាក់ច្រណែនត្រេកអរ ព្រោះចរិកថេយ៉ុង ដូចនិងអ្វីដែលជុងហ្គុកបានប្រាប់មុននេះបន្តិច។
ចូលដល់ក្នុងបន្ទប់ មានតែមនុស្សពីរនាក់ ដែលកំពុងតែឌឺដង តតាំងសម្តីដាក់គ្នាមិនឈប់ឈរ...
«លោកពិតជាគួរឲ្យស្អប់ខ្លាំងបំផុត ស្អប់ទាល់តែខ្ញុំឃើញមុខ ចង់តែសម្លាប់លោកចោល»ថេយ៉ុង សម្លុតភ្នែកកាច ស្របពេលដៃទាំងសងខាង ត្រូវគេចាប់លើកហួសក្បាល ទៅដាក់ទ្រានផ្អឹបនិងជញ្ជាំង ដោយរាងក្រាស់ ឈរពាំងយ៉ាងទំនើង។
«អូនគួរឲ្យស្អប់ដល់ថ្នាក់ហ្នឹងឬ?»ជាលើកទីពីរ ដែលគេប្រើភាសាកូនក្មេងមកផ្គើន តែទឹកមុខរបស់គេវិញ នៅតែត្រជាក់ នៅតែអាថ៌កំបាំង និងពិសពុលមិនរលុបទៅណា។
«...»ថេយ៉ុង សម្លឹងក្នុងកែវភ្នែកដែលមុតជ្រៅ ស្មានមិនដល់នូវជម្រៅចិត្ត ពេលនេះគេពិតជានឿយហត់ ហត់នឹងទង្វើរដដែលៗ ដែលរុញច្រានឲ្យនាយតូច អត់ដង្ហើមសួរគេទាំងកំហឹងឆេះឆួល៖
«ឆ្លើយមកជុងហ្គុក ថាតើអា៎ទង្វើរឆ្កួតឡប់ទាំងអស់នេះ លោកធ្វើដើម្បីអី? លោកចង់បានអីឲ្យប្រាកដ? ឆ្លើយភ្លាមមក»
«ចង់បានឯងទេដឹង?»

ម្ចាស់ជីវិតWhere stories live. Discover now