ភាគ៣១

2.6K 132 2
                                    

ជុងហ្គុកជំនួសសព្វនាមម៉ាក់ក្មេកទៅជា លោកស្រី ហើយសួរសំណួរចំៗ មិនមែនចោទ តែសំដៅអោយដល់តែម្តង ធ្វើឲ្យអ្នកម៉ាក់ភ័យញញើត ខណៈដៃក្តាប់ណែន លេបទឹកមាត់ផ្សើមបំពង់.កយ៉ាងតានតឹងចិត្ត ពេលក្រឡេកឃើញទឹកមុខមាំរបស់កូនប្រសារថ្មីថ្មោង របស់គាត់កោងកាចមិនធម្មតា ទោះជាយ៉ាងណាលោកស្រី នៅតែគ្មានជម្រើស ព្រោះគាត់ក៏មិនចង់អង្គុយជិត ថេយ៉ុង ស្រាប់ផង ទើបសុខចិត្តស្ទុះស្ទាក្រោកជាប្រញាប់ ដើម្បីដើរឡើងទៅយកប្រអប់ថ្នាំនៅក្នុងបន្ទប់។
ពេលត្រឡប់មកវិញ គាត់ក្រឡេកឃើញថេយ៉ុង នៅអង្គុយកន្លែងដើម ហើយជុងហ្គុកក៏ដូចគ្នា ដែលក្នុងស្ថានភាពដ៏តឹងតែងមួយនេះ ធ្វើឲ្យគាត់វេទនាចិត្ត ទាំងខឹង ទាំងមួម៉ៅក្តៅក្រហាយ តែមិនបញ្ចេញឲ្យដឹង ហើយកំពុងតែរារែក ពុំដឹងថាគួរលាបរបួសឲ្យកូនក្រៅតំណក់ឈាមម្នាក់នេះឬអត់?
«លាបថ្នមៗ ព្រោះរបួសគេក៏មិនស្រាលប៉ុន្មានដែរ»កំលោះសង្ហាមុខមាំ បន្លឺប្រាប់ ពេលឃើញលោកស្រីចាសស្មីនគិតតែឈរសម្លក់នាយតូច ហើយមិនធ្វើអ្វីសោះ ទើបភ្លាមនោះ លោកស្រី ក៏ដកដង្ហើមធំមួយដង្ហើម មុននឹងដាក់ខ្លួនអង្គុយទល់មុខ ថេយ៉ុង ហើយដាក់ប្រអប់ថ្នាំទៅលើតុ ចាប់ផ្តើមធ្វើអ្វីដែលគួរធ្វើ តាមសម្តីកូនប្រសារប្រុស។
«កន្លងមកម៉ាក់មិនធ្លាប់ធ្វើបែបនេះដាក់ខ្ញុំទេ បើម៉ាក់មិនពេញចិត្តធ្វើទេនោះ សូមកុំបង្ខំខ្លួនឯងអី»ដោយសារទើសទ័លខ្លាំងពេក នូវពេលដែលម៉ាដាមកំពុងតែយកសំឡីបន្តក់ថ្នាំ មកផ្តិតលើរបួសមាត់ ស្រាប់តែដៃតូចក៏គ្រវាសចេញ ជំនួសវិញដោយការសម្លឹងមុខគាត់ក្នុងក្រសែភ្នែកនឹងធឹង នាំឲ្យលោកស្រីចាសស្មីន រង្កៀសចិត្ត លបដៀងកន្ទុយភ្នែកទៅរកជុងហ្គុក តែមិនហ៊ានមើលចំ រំពេចក៏ក្រឡេកមកសម្លឹងថេយ៉ុងវិញ ដោយយកដៃទៅប៉ះរង្វង់មុខតូច និងបង្ខំលាបរបួសឲ្យគេទាំង ទោះគាត់មិនចង់ធ្វើវា ប៉ុន្តែជាការប៉ះប៉ូវចិត្ត ជុងហ្គុក ទើបគាត់អត់ទ្រាំខាំមាត់សង្កត់ចិត្ដដល់ថ្នាក់នេះ។
...
«រួលរាល់ហើយមែនទេ?»ជុងហ្គុក សួរបញ្ជាក់ពេលឃើញលោកស្រីហាក់ស្ងៀមស្ងាត់ចម្លែកបន្ទាប់ពីលាបរបួសឲ្យនាយតូចរួចមក ទើបម្ចាស់រាងកាយសង្ហា ក្រោកឈរពេញកំពស់ ឈានទៅរកថេយ៉ុង ដោយចាប់កាន់ដៃស្រឡូនតូច និងបបួលដោយសំឡេងស្រាល៖
«ទៅជួបលោកប៉ា ជាមួយខ្ញុំ»
«...»សម្តីរបស់គេ ធ្វើឲ្យថេយ៉ុងលួចរំភើបបន្តិចដែរ ព្រោះលើកនេះច្បាស់ជាគ្មានពាក្យហាមឃាត់ពីអ្នកណាទៀតឡើយ ចំណែកលោកស្រីដែលអង្គុយនៅត្រង់នោះនៅឡើយ បានឃើញរាល់សកម្មភាព បានស្តាប់ឮសម្តីគ្រប់ម៉ាត់ តែអណ្តាតគាត់បែរជាមិនអាចគ្រលាស់ពាក្យហាមឃាត់ពួកគេ បានត្រឹមតែឈរសម្លឹងមើលពួកគេបណ្តើរគ្នាចេញទៅ ទាំងដៃគាត់កាន់ប្រអប់ថ្នាំញ័រទទ្រើក។
ពេលចូលបានទៅជួប លោកម្ចាស់ ដែលកំពុងអង្គុយនៅលើរទេះក្នុងបន្ទប់របស់គាត់ ថេយ៉ុង បានរលាស់ដៃ ជុងហ្គុក ចេញ ហើយស្ទុះរត់ទៅស្រវាឱបរាងកាយវ័យចំណាស់ដោយក្តីនឹករលឹកជាពន់ពេក នឹករហូតទប់ទឹកភ្នែកលែងជាប់ ចំណែកលោកម្ចាស់ ក៏លើកដៃអង្អែលខ្នងកូនប្រុសជាទីស្រឡាញ់ ជាមួយនិងស្នាមញញឹមពោរពេញដោយក្តីសុខដែលជ្រួតជ្រាបពេញទ្រូង។ ពេលឃើញលោកប៉ានិងកូនប្រុសបានជួបគ្នា ជុងហ្គុក ក៏សម្លឹងមុខលោកប៉ាមួយដង្ហើម ទើបឱនគំនាបបន្តិចជំនួសឲ្យការអនុញ្ញាត លោកម្ចាស់ក៏ងក់ក្បាលតិចៗ ទើបរាងក្រាស់ឈានជើងចេញពីបន្ទប់នោះយ៉ាងស្ងៀមស្ងាត់ មិនអោយមានការរំខាន។
ពេលចេញមកខាងក្រៅ ក៏ត្រូវបង្អាក់ជំហ៊ាននៅនឹងមួយកន្លែង ពេលក្រឡេកចំវត្តមានលោកស្រីចាសស្មីននៅចំពោះមុខ...
«ម៉ាក់មិនខ្វល់ពីទំនាក់ទំនងរវាងកូនជាមួយនិងថេយ៉ុងបែបណា តែសុំរំលឹកកូនថា ជីមីនកូនរបស់ម៉ាក់ជាប្រពន្ធស្របច្បាប់ ដែលដឹងឮពីគ្រួសារទាំងសងខាង ធ្វើអ្វីក៏ដោយ កុំអោយហួសព្រំដែនអោយសោះ»ជួបភ្លាម ម៉ាដាមអន្លើករឿងមង្គលការមកនិយាយកាត់មុខ ប៉ុន្តែគាត់មិនហ៊ានកាត់ផ្តាច់ ឬហាមប្រាមនូវអ្វីជុងហ្គុកកំពុងតែធ្វើ ហើយនៅតែទន្ទេញថា ជីមីន ជាប្រពន្ធស្របច្បាប់របស់គេ ប៉ុន្តែ សួរថា តើគេខ្វល់ដែរទេ?តើគេឈឺឆ្អាលជាមួយកូនប្រុសគាត់ឬអត់?ចម្លើយគឺអត់ទាំងស្រុង គេមិនដែលគិតចង់រៀបការយកកូនគាត់ធ្វើគូអនាគតម្តងណាឡើយ គ្រប់យ៉ាង គឺលោកស្រីចាសស្មីនជាអ្នកគិតដោយខ្លួនឯង ហើយពេលដែលជុងហ្គុកកាន់តែសម្រប គាត់កាន់តែងប់ងល់ខ្លាំងឡើង។
«ខ្ញុំមិនធ្វើអ្វីដែលហួសព្រំដែនលោកស្រីទេ ព្រោះកន្លែងដែលខ្ញុំកំពុងឈរ វានៅខ្ពស់ជាងលោកស្រីរាប់រយដង»នាយកំលោះ ស្រដីឡើងក្រោមទឹកមុខរាបស្មើគ្មានស្នាមញញឹម គេមិនចូលចិត្តឈរវែកញែក ឬបកស្រាយហេតុផលឲ្យអ្នកណាស្តាប់ ទើបពេលនិយាយចប់ ក៏បោះជំហ៊ានដើរគេចចេញយ៉ាងព្រងើយកន្តើយ ហាក់ដូចមនុស្សមិនដែលធ្លាប់ស្គាល់ ឬមានទំនាក់ទំនងជាមួយគ្នាពីមុនមក។
ពេលដែលជុងហ្គុកដើរចេញផុត អ្នកដែលលោកស្រីផ្តោតក្នុងចិត្តខ្លាំងបំផុត គឺថេយ៉ុង មនុស្សម្នាក់ដែលគាត់តែងតែគិតថា គេជាដង្កូវក្នុងសាច់ គេជាឈ្លើងក្នុងគ្រួសារ វត្តមានរបស់គេ ធ្វើអោយគ្រប់យ៉ាងដែលគាត់ប៉ងប្រាថ្នា ត្រូវរលាយហិនហោច ខ្ទេចខ្ទី ដូច្នេះហើយ គាត់នៅតែប្រកាន់ខ្ជាប់គំនិតស្អប់ខ្ពើមនាយតូច ប្រៀបដូចជា សត្រូវ។
...
មួយសន្ទុះក្រោយមក
បន្ទាប់ពីជួបនិយាយសួរសុខទុក្ខលោកប៉ារួច ថេយ៉ុងក៏លាគាត់ត្រឡប់ទៅវិញ ប៉ុន្តែមុននឹងចាកចេញ លោកម្ចាស់ក៏មានពាក្យផ្តាំផ្ញើ៖
«ថ្ងៃក្រោយបើចង់មកលេងប៉ា កូនគ្រាន់តែប្រាប់គេតាមសម្រួល គេមិនចិត្តអាក្រក់ដល់ថ្នាក់កាច់ផ្តាច់ចំណងប៉ានិងកូនទេ កុំលួចមកដូចម្សិលមិញទៀត ស្តាប់បានទេ?»ក្រោយពីឮកូនប្រុសបានទួញសោកប្រាប់គាត់ពីរឿងដែលកើតឡើងពីម្សិលមិញរួចមក គាត់ក៏និយាយដាស់តឿនប្រាប់ ដោយយកដៃអង្អែលសក់កូនប្រុសថ្នមៗ ថេយ៉ុង ស្តាប់ឮហើយក៏ងក់ក្បាលតិចៗទាំងញញឹមលាយទឹកភ្នែករលីងរលោងជាប់ រួចក៏ចូលខ្លួនឱបគាត់ម្តងទៀត ជាការលាលើកចុងក្រោយមុននឹងដើរចេញពីបន្ទប់នោះ។
...
ដើរផុតបន្ទប់លោកម្ចាស់បន្តិច ទើបចាប់អារម្មណ៍ថាបាត់ ជុងហ្គុក ខណៈនោះ នាយតូចបានងាយក្រឡេកមើលឆ្វេងស្តាំ តែមិនឃើញវត្តមានគេ ធ្វើឲ្យចិញ្ចើមស្អាតចងចូលគ្នា ទាំងក្តីបារម្ភក្នុងចិត្ត បារម្ភខ្លាចជុងហ្គុក នឹងទុកគេចោលនៅទីនេះ នាយតូច មិនចង់នៅទៀតទេ មិននៅឲ្យលោកស្រីចាសស្មីនជាន់ក្បាលដូចពីមុនទៀតឡើយ ទើបភ្លាមនោះ កាយតូចក៏កញ្ឆក់ខ្លួនស្ទុះទៅរកមើលគេនៅឯបន្ទប់ទទួលភ្ញៀវ ក្រែងលោ ជុងហ្គុក អង្គុយរងចាំនៅទីនោះ។
«ជុងហ្គុក»ពេលទៅដល់ ថេយ៉ុង បានស្រែកហៅឈ្មោះគេ តែភ្លាមៗ ក៏ទម្លាក់ទឹកមុខបែបខកចិត្ត ព្រោះមិនបានជួបជុងហ្គុក តែបែរជាជួបមនុស្សដែលមិនគួរជួបទៅវិញ។
«អា៎...លែងខ្ញុំ លែងដៃខ្ញុំភ្លាមទៅ»កំលោះតូចស្រែកចាច ពេលសុខៗ លោកស្រីចាសស្មីន ស្លេស្លន់ដើរមកកញ្ឆក់.កដៃ អូសចូលទៅខាងក្នុងយ៉ាងទាន់ហន់។
«គិតថាពេលបានទៅរស់នៅជាមួយគេហើយ ឯងបានរួចខ្លួនមែនទេ?»គាត់ច្របាច់កដៃនាយតូចខ្លាំងៗតាមចិត្តខឹង
«កុំខ្វល់ពីខ្ញុំ ហើយម៉ាក់ឈប់រករឿងខ្ញុំទៀតទៅ បងប្រុសក៏បានរៀបការសមបំណងម៉ាក់ហើយដែរ» ថេយ៉ុង គំហកទាំងកំហឹង ហត់ចិត្ត ហត់កាយ និងកន្ត្រាក់ដៃចេញពីការចាប់បង្ខំ ប្រុងរត់ចេញពីបន្ទប់នោះ តែត្រូវម៉ាដាមស្ទុះទៅចាប់អូសដៃសារជាថ្មី។
«នៅទេ នៅមិនទាន់សមចិត្តយើងទេ លុះត្រាតែឯងចេញឲ្យផុតពីជីវិតពួកគេ»សម្តីដែលខ្ជាក់ចេញពីមាត់លោកស្រី ធ្វើឲ្យថេយ៉ុងឈរគាំង សម្លឹងមុខគាត់ទាំងហួសចិត្តជាខ្លាំង ព្រោះគាត់នៅតែដដែលមិនផ្លាស់ប្តូរ ចិត្តគំនិតគាត់នៅតែ ឫស្យា ពិសពល់។
«ជុងហ្គុកមិនបានស្រឡាញ់ឯង ឈប់ឈ្លក់វង្វេងនិងខ្លួនឯងទៅ ក្មេងល្ងង់»ម៉ាដាម ចាសស្មីនគំហកឡើងដោយភាពនិន្ទាម្តងហើយម្តងទៀត ធ្វើឲ្យនាយតូចទ្រាំមិនតបតបមិនបាន៖
«ខ្ញុំក៏មិនបានទៅអង្វរអ្នកណាឲ្យមកស្រឡាញ់ខ្ញុំដែរ ព្រោះខ្ញុំដឹងច្បាស់ ជុំវិញខ្លួនខ្ញុំសុទ្ធតែជាមនុស្សមុខពីរ»ថេយ៉ុង ឆ្លើយបកវិញទាំងខឹងញ័រសាច់ គាត់មិនដែលគិតវិជ្ជមានមកលើគេម្តងណា គឺមានតែពាក្យដៀលត្មេះ បន្ទាបបន្ថោក ស្មើធូលីក្រោមបាតជើងគាត់ទៅហើយ ហើយខណៈដែលអ្នកទាំងពីរកំពុងតែតឹងសសៃកដាក់គ្នា ក៏មានសំឡេងធ្ងន់ចូលមកកាត់ចង្វាក់ភ្លាមៗ៖
«នរណាថាខ្ញុំមិនស្រឡាញ់ប្រពន្ធរបស់ខ្ញុំ?ជួយបញ្ជាក់ឲ្យច្បាស់ៗបន្តិចបានទេ?»ម្ចាស់សំឡេងមានអំណាច បោះជំហ៊ានចូលទៅលឿនស្លេវ ដើម្បីចាប់របេះដៃនាយតូច រំសាយចេញពីការចាប់របស់លោកស្រី ហើយនាំកាយតូចឲ្យមកឈរក្រោយខ្នង ដោយមានគេប្រឈមមុខជំនួស។
«ប្រពន្ធ?នេះម៉ាក់មានស្តាប់ច្រឡំដែរទេ?»ម៉ាដាម ខំសើចបន្លប់ ហើយសួរបញ្ជាក់ទាំងហួសចិត្ត ក្រោមទឹកមុខហាក់មិនចង់ជឿ ទើបជុងហ្គុកឆ្លើយបក ឲ្យអ្នកម៉ាក់ក្មេកសឹងតែដាច់ផ្ងារ៖
«លោកស្រីមិនបានស្តាប់ច្រឡំ គេជាប្រពន្ធខ្ញុំ លោកស្រីគ្មានសិទ្ធិត្រួតត្រាលើជីវិតគេ តែបើចង់បានដូច្នោះ មកអង្វរខ្ញុំសិនទៅ»

ម្ចាស់ជីវិតWhere stories live. Discover now