Episode 5

3.7K 146 6
                                    

ពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួច បង្ហាញឲ្យឃើញរាងកាយតូចដែលគេងលង់លក់ទាំងឱបជង្គង់នៅក្បែរជញ្ចាំងមើលទៅគួរឲ្យអាណិតណាស់។ នាងតូចងើបមុខឡើងទាំងស្នាមទឹកភ្នែកនៅលើផ្ទៃមុខរបស់នាងនៅឡើយក្បាលរបស់នាងចាប់ផ្តើមឈឺព្រោះតែយប់មិញនេះនាងយំខ្លាំងរហូតទាល់តែគេងលក់មិនដឹងខ្លួួន។ ស្រីស្រស់រហ័សងើបឈរឡើងហើយដើរតម្រង់ទៅបន្ទប់ទឹកដើម្បីលុបមុខចេញព្រមទាំងសម្អាតខ្លួនឲ្យរួចរាល់ ព្រោះនាងត្រូវរៀបចំខ្លួនឲ្យកូនប្រុសរបស់នាង។ រាងកាយតូចដើរចេញពីបន្ទប់ទឹកតម្រង់ទៅរកគ្រែគេងរបស់កូនប្រុស
« Eunwoo...ក្រោកឡើងកូន » នាងអង្រួនរាងកាយកូនប្រុសតិចៗទើបអ្នកដែលគេងលង់លក់ត្រូវបើកភ្នែកឡើង។
« ម៉ោះ! ម៉ាក់នាំកូនទៅងូតទឹក » Mora លើកកូនរបស់នាងមកពរហើយនាំគេទៅបន្ទប់ទឹកដើម្បីងូតទឹកស្លៀកពាក់ឲ្យគេ ធ្វើឲ្យក្មេងតូចងឿងឆ្ងល់ជាខ្លាំងតែក៏មិនទាន់សួរព្រោះគិតថាព្រឹកឡើងពេលភ្ញាក់ត្រូវតែងូតទឹកបែបនេះហើយ។
បន្ទាប់ពីងីតទឹករួចរាល់ហើយនាងបានយកសម្លៀកបំពាក់មកស្លៀកពាក់ឲ្យ Eunwoo រួចរៀបចំខោអាវខ្លះៗដាក់ក្នុងវ៉ាលីឲ្យកូនទៀតផង។ Mora ដឹងថាទៅទីនោះមិនមែនទៅតែមួយថ្ងៃនោះទេ អាចទៅមួយរយៈដែរ។
« ម៉ាក់! យើងទៅណា ហេតុអីចាំបាច់ត្រូវរៀបចំខោអាវ? » ទីបំផុតក្មេងតូចសម្រេចចិត្តសួរព្រោះ បើទុកនៅក្នុងចិត្តចម្ងល់នៅតែមានសម្រាប់គេ
« កូនត្រូវទៅលេង Daegu មួយរយៈជាមួយនឹងអ៊ំប្រុសអ៊ំស្រីណា »
« អ៊ំប្រុសសង្ហានឹងអ៊ំស្រីស្អាតនឹងមែនទេម៉ាក់? » Eunwoo ចង់សម្តៅទៅលើ Taehyung នឹង Aerin ព្រោះតាំងពីជួបមកគេមិនទាន់បានស្គាល់ឈ្មោះអ្នកទាំងពីរនោះទេទើបសម្រេចចិត្តហៅបែបនឹង។
« ចា៎កូន »
« បាទ! ខ្ញុំទៅក៏បានដែរ » Eunwoo ញញឹមឡើងធ្វើឲ្យអ្នកជាម្តាយមានអារម្មណ៍ធូរទ្រូងបន្តិច ពេលដែលកូនមិនតាមនាងជាប់បែបនេះ...

រាងសង្ហារឈានជើងចុះពីឡានម៉ាកសេរីទំនើបចុងក្រោយគេបង្អស់ ជាមួយនឹងរឹកពាឆ្មើងឆ្មៃលក្ខណៈជាកូនប្រុសពៅរបស់ត្រកូល Kim ដែលជាគ្រួសារមានមុខមានមាត់ខ្លាំងខាងផ្នែកវិស័យជំនួញ។ អ្នកកំលោះឈានជើងចូលក្នុងក្រុមហ៊ុនទាំងចិត្តក្តៅក្រហាយមិនទាន់បាត់នៅឡើយចំពោះរឿងកាលពីយប់មិញ ចិត្តរបស់នាយនៅមួរម៉ៅចំពោះចំណងអាពាពិពារហ៍ 3 ខែក្រោយនេះនៅឡើយទេ។ គិតទៅគិតមកគេមិនគួរណាតាមរកស្រីឆ្កួតម្នាក់នោះមកសងសឹកសោះ បើសិនជានាងមិនមក ប្រហែលជាជីវិតរបស់គេត្រូវមានសេរីភាពរហូតហើយ។ តែមើលពេលនេះចុះ ប៉ារបស់គេបានចាប់បង្ខំឲ្យគេរៀបការទាំងចិត្តគេមិនចង់ មកទល់ពេលនេះនៅទុកពេលឲ្យគេត្រឹមតែ 3 ខែទៀតសម្រាប់ជីវិតមានសេរីភាពរបស់រាងក្រាស់។
« ពុទ្ធោអើយ! » គ្រាន់តែគិតដល់រឿងនឹងពេលណា អារម្មណ៍ឆេះឆួលវាតែងតែច្រាលឡើងមករហូត រាងក្រាស់យកដៃជ្រោងសក់ខ្លួនឯងឡើងទៅលើអស់ ជាមួយនឹងអារម្មណ៍ស្មុគស្មាញ បើយកមកសងសឹកបាន ចឹងបណ្តេញនាងចេញវិញក៏មិនពិបាកដែរ។ ស្នាមញញឹមញោចឡើងនៅលើផ្ទៃមុខសង្ហា បើសិនជាគេរកវិធីបណ្តេញនាងចេញពីផ្ទះនេះឲ្យផុតទៅមិនល្អទេហេ៎? ប៉ុន្តែរឿងដេញនាងចេញងាយៗប្រហែលជាមិនងាយស្រួលដូចជាការគិតរបស់គេនោះទេ អ្នកណាទៅភ្លើទៅ ខំតាមរកឡើង 5 ឆ្នាំ រកឃើញហើយបែរជាបណ្តេញទៅងាយៗពេកក៏មិនកើតដែរ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now