ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?

1.3K 78 0
                                    

      ថេយ៉ុង ស្ថិតក្នុងបន្ទប់មួយតែពីរនាក់និងវត្តមានបងស្រី ប្រអប់ដៃក្តៅគគុកក៏បានលូកចូលទៅស្ទាបប៉ះអង្អែលដំណក់ទឹកភ្នែកថ្លាយង់ដែលហូរគ្មានដែនកំណត់លើផ្ទៃមុខដ៏សោកសៅមួយនោះ ខំប្រឹងជូតកៀសទាំងដើមទ្រូងចុកឆួលជំនួសសមីខ្លួន។

      ដើមឡើយ បុរសម្នាក់នោះបានដើរចូលមកក្នុងជីវិតរបស់ពួកគេទាំងពីរនាក់បងប្អូន រហូតដល់បានធ្វើឱ្យទំនាស់មួយបានកើតឡើង បញ្ហាល្អក់កករចាក់ស្រែស ទាំងពាក្យសម្តីនិងការមើលមុខគ្នាលែងចំ ភាពចម្រូកចម្រាស់ ការច្រណែន ឈ្នានីស ឫស្យា បូករួមបញ្ចូលទាំងការឈឺចាប់ សរុបសេចក្តីមកអ្នកទាំងពីរទទួលបានការឈឺចាប់ស្មើរៗគ្នា ព្រោះតែភាពលោភលន់ មិនច្បាស់លាស់ ការចូលចិត្តសាងជម្លោះ ព្រមទាំងបង្កើតនូវរឿងរ៉ាវដ៏ស្មុគស្មាញប្រកែកប្រកាន់ទោសចំពោះគ្នាមិនចេះចប់មិនចេះហើយទើបនាំឱ្យជីវិតពោពេញទៅដោយរឿងដ៏រញេរញៃបែបនេះឡើងមកបាន។

      “បងស្រី!!” ថេយ៉ុង បង្ហើបបបូរមាត់ដង្ហោយហៅម្ចាស់រាងកាយញ័រទទ្រើកកំពុងអង្គុយយំញ័រស្មាចំប្រប់ទាំងសំឡេងខ្សឹកខ្សួរញ័រឮសូររដឹករណ្តំត្រចៀក។

      “ហ៊ឹកៗថេយ៍!” ថេអីន ស្ទុះចូលទៅអង្គុយឱបប្អូនប្រុស ដោយដាក់ក្បាលផ្អែកទៅលើដើមទ្រូងតូច ទ្រហោយំដោយសេចក្តីសោកស្តាយចំពោះទោសកំហុសដែលបានសាងឡើងកាលពីកន្លងទៅ។

      “ចង់និយាយអ្វី បងក៏ឆាប់និយាយវាចេញមកកុំលាក់ទុកបន្តទៀតអី បើនិយាយចេញមកហើយ អាចធ្វើឱ្យបងបានធូរចិត្ត កុំបន្តបៀមទុក្ខទាំងនេះទៀតអី!”

      “ហ៊ឹកៗ បងសោកស្តាយ..បងសោកស្តាយខ្លាំងណាស់ ថេយ៍!”

      នាងយំអស់ពីក្នុងខ្លួន ទឹកភ្នែកមនុស្សស្រីទន់ខ្សោយហូរលែងមានទំនប់ វាហូរបីដូចជាបាក់ច្រាំងមកទាំងលំហូរ នាងយំមិនលុះពេលមួយថ្ងៃណាសោះ ជីវិតរបស់នាងដូចបានស្រោចស្រពទឹកសម្បថកម្មពៀរ ទោះព្យាយាមលុបលាងយ៉ាងណា ក៏មិនអាចរីងស្ងួតបានដែរ។

      “បងគិតខុស បងមិនគួរដោះដៃគេចោល បងមិនគួរធ្វើឱ្យជីវិតមនុស្សប្រុសពីរនាក់មកឈឺចាប់ក៏ដោយសារតែបង បងសោកស្តាយ ហ៊ឹកៗបងសោកស្តាយខ្លាំងបំផុត!!”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now