ភាគទី43

179 12 0
                                    

បងតួធ្វើបាបអូនតួប៉ុណ្ណឹងហើយ មិនឲ្យគ្នាស្អប់យ៉ាងមិច?!

ក្រសោបស្នេហ៍ចាស់
ភាគទី43

ថ្ងៃថ្មី..
"ហ៊ឹម!" សំឡេងស្រាលបន្លឺពីមាត់ម្ចាស់កាយតូចស្រឡូនដែលដេកលង់លក់ឯណោះ នាងពើតពើងខ្លួនតិចៗ មុននឹងចាប់អារម្មណ៍គិត ព្រោះនាងពើតខ្លួនខ្លាំងល្មម តែបែរជាមិនប៉ះនិងពូកសាឡុងសោះ អ៊ីលីតាហើបត្របកភ្នែកស្រាលៗមុននឹងចាប់អារម្មណ៍ដឹងថាខ្លួនកំពុងតែដេកនៅលើពូកធំទូលាយតែម្នាក់ឯងទៅវិញ។
"អេ៎! យើងមកដល់ពូកបានយ៉ាងមិច?" នាងស្រាប់តែកើតមានចម្ងល់ក្នុងចិត្តភ្លាម ក៏ព្រោះតែតាមការចងចាំដ៏ល្អរបស់នាង កាលពីយប់មិញនាងដេកនៅលើសាឡុងទេ ដេកជាមួយប្រុសអាក្រក់ស្វាមីនាងនោះឯង តែពេលនេះនាងបែរជាក្រោកមកលើពូកតែឯងទៅវិញ។
តុក!តុក
(អ្នកនាង?)
កំពុងតែគិតម្នាក់ឯងសឹងតែបែកលលាដ៍ក្បាលទៅហើយនោះ ទ្វារបន្ទប់នាងក៏ស្រាប់តែបើកឡើងមក ព្រមជាមួយនិងស្នាមញញឹមស្រស់បំព្រងរបស់ម៉ាដាម។
"ខ្ញុំទៅងូតទឹកឥលូវហើយចាស៎"
"ចាស៎! ម៉ាដាមគ្រាន់តែមកមើលឲ្យច្បាសសិនទេតើអ្នកនាងតូច សំណព្វបេះដូង" ម៉ាដាមស្រឡាញ់និងមើលថែអ៊ីលីតាប្រៀបដូចជាកូនជាចៅម្នាក់ ត្បិតគាត់ជាស្ត្រីគ្មានគ្រួសារ គ្មានស្វាមីហើយក៏រស់នៅមើលថែលោកម្ចាស់តាំងតែពីគេធំដឹងក្ដីមក តែយ៉ុនហ្គីគេមានចារិកជាចាស់ទុំ មិនចេះខ្និខ្នក់ខុសពីអ៊ីលីតា នាងពូកែវោហា ពូកែធ្វើខ្លួនគួរឲ្យស្រឡាញ់ដាក់គាត់ ធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ដូចជាក្លាយជាម្ដាយម្នាក់និងគេ ហើយវាក៏មិនចម្លែកដែរដែលអ៊ីលីតានាងមានអារម្មណ៍បែបនេះដូចគ្នា ពួកគេមានខ្សែជីវិតមិនខុសគ្នាប៉ុន្មាននោះទេ។
"និយាយអញ្ចឹងគេទៅណា?" ម៉ាដាមរៀបនិងចេញទៅហើយតែអ៊ីលីតានាងក៏បែរជាចោទសួរនាំឲ្យគាត់ឈប់រួចងាកបែរមកមើលនាងវិញ។
"គេណា? អូ.." ដំបូងម៉ាដាមក៏មិនយល់ តែមើលតាមទឹកមុខបែបអេះអុញបូកផ្សំនិងការរៀបចំស្អាតនៅលើសាឡុងនាំឲ្យគាត់យល់ថាយប់មិញនេះអ្នកនាងតូចគាត់ចំណាយពេលជាមួយនរណាពេញមួយយប់នោះ។
"លោកម្ចាស់ចុះទៅខាងក្រោយពិសារអាហារហើយអ្នកនាង"
"ចុះទៅទាំងមិនហៅអញ្ចឹងហ្អេស៎? អត់ចិត្តពិតៗមិនសម្ដែង" អ៊ីលីតារអ៊ូរង៉ូវៗម្នាក់ឯង នាងធ្វើឲ្យម៉ាដាមអស់សំណើច នេះមាត់និយាយថាស្អប់គ្នាណាស់ តែបាត់គ្នាមិនបាន សួររកគ្នាគ្រប់ជំហាន ពាក្យថាស្នេហាវាគ្មានអ្វីពិបាកនោះទេ អ្នកដែលធ្វើឲ្យវាពិបាកគឺមនុស្សដែលមានស្នេហាខ្លួនឯង។
"អញ្ចឹងម៉ាដាមចុះទៅក្រោមមុនចុះ បន្តិចទៀតចាំខ្ញុំចុះទៅតាមណា៎"
"កុំយូរពេកណាអ្នកនាងតូច" ម៉ាដាមមិចភ្នែកដាក់នាង រួចគាត់ក៏ទាញទ្វារបន្ទប់បិទ អ៊ីលីតាក៏ញញឹមបន្តិច មុននឹងក្រោកឡើងទៅរកបន្ទប់ទឹក។
[កុំភ្លេចពាក់ឈុតនេះផង]
ក្រដាសណូតមួយសរសេរបិទនិងជញ្ជាំង នៅក្រោមក្រដាសណូតនោះក៏មានឈុតឈូកមួយដែលគ្រាន់តែមើលពីចម្ងាយក៏ដឹងថាស្រស់ស្អាត អ៊ីលីតានៅស្ងៀមរួចលើកយកអាវនោះមកមើល ទោះបីជាចិត្តខឹងស្អប់យ៉ាងណា តែចិត្តរំភើបក៏នៅមានសេសសល់ ជាពិសេសកាលដែលគេចាប់អារម្មណ៍និងយកចិត្តទុកដាក់លើនាងលើចំណុចតូចតាចបែបនេះ។
(អូនពេញចិត្តនិងហ្គេមមួយនេះទេ?)
(ពីថ្ងៃនេះអូនគួរតែប្រុងប្រយត្ន័ជាមួយនិងផ្លូវចិត្តបងបន្តិចទៅ ព្រោះបើសិនជាអូនធ្វើឲ្យបងពេញចិត្ត បងអាចនឹងពិចារណាថាដកវាចេញរឺមួយក៏អត់ណា៎)
ការពេញចិត្តលោតឡើងមកព្រមនិងអារម្មណ៍ខកចិត្ត ការចងចាំដ៏ឈឺចាប់ដែលគេធ្លាប់បានផ្ដល់ឲ្យនាង វាឈឺខ្លាំងពេក រកតែនាងរីករាយនិងក្ដីសុខតិចតួចអស់នេះមិនបាន អ៊ីលីតាងើយក្បាលឡើងទប់ទឹកភ្នែកខ្លួនឯង ដៃខាងក្រោមក៏វាសទម្លាក់ឈុតអាវនោះទម្លាក់ចូលធុងសម្រាម រួចចូលទៅសម្អាតខ្លួន។

ម៉ោង9និង50នាទីព្រឹក
គ្រប់គ្នានៅវីឡា មិនថាអ្នកបានប៉ះពាល់ផ្ទាល់រឺប្រយោល យ៉ុនហ្គីក៏យកពួកគេមកពិនិត្យរកមើលទាំងអស់ មិនខ្វល់ថាចំណាយលុយអស់ប៉ុន្មាននោះទេ ឲ្យតែពួកគេនៅក្រោមការមើលថែរបស់គេ ជាមនុស្សរបស់គេ នាយក៏និងយកចិត្តទុកជាមួយពួកគេបំផុត ជាពិសេសទាក់ទងនិងបញ្ហាសុខភាព។
"យ៉ាងមិចទៅហើយ?"
"ពួកខ្ញុំអវិជ្ជមានលោកម្ចាស់/ខ្ញុំដែរ"
"ល្អណាស់" យ៉ុនហ្គីក៏សួរនាំទៅកាន់អ្នកគ្រប់គ្នាដែរនៅទីនោះ គេក៏ញញឹមកាលបើដឹងថាពួកអ្នកបម្រើទាំងអស់មិនបានឆ្លង ទោះបីជាគេញញឹមក៏ពិតមែន តែភ្នែកគេក៏ងាករ៉េរកមើលមនុស្សស្រីម្នាក់ដែលគេមិនបានជួបតាំងពីនៅផ្ទះ មិនដឹងជាខឹងគេរឿងអីទេទើបមិនចុះមកញ៊ាំអាហាររួមតុជាមួយគេ ហើយថែមទាំងលួចចេញឡានតាមទ្វារក្រោយមុននរណាៗទាំងអស់ទៀត។
"អ្នកនាងតូចមកពិនិត្យមុននេះឯងលោកម្ចាស់ ពិនិត្យដំណាលគ្នានិងអ្នកនាងអេន"
"អឹម" យ៉ុនហ្គីងក់ក្បាលតបនិងអ្វីដែលម៉ាដាមបាននិយាយប្រាប់ គេអន្ទះសារជាងគេគឺលទ្ធផលរបស់អ៊ីលីតា ព្រោះនាងក៏នៅក្នុងហេតុការណ៍ គេមានតែសង្ឃឹមថានាងនឹងមិនឆ្លងវាទៅចុះ។
"នោះអ្នកនាងអេនចេញមកមុនហើយតើ.." គ្រាន់តែឃើញអេនហ្សុីចេញមកយ៉ុនហ្គីក៏ប្រញាប់ទៅរកនាង ដៃមាំក៏កាន់ស្មាអេនហ្សុីរួចញញឹមបន្តិច។
"លទ្ធផលអ៊ីលីតាបែបណា?" ផូង៎! ដូចជាគេវាយនាងកណ្ដាលក្បាល អេនហ្សុីនៅស្ងៀមមិននិយាយអីដៃទម្លាក់ក្រដាសលទ្ធផលចូលហោប៉ៅ មុននឹងស្រវ៉ាអោបយ៉ុនហ្គីជាប់ណែន។
"នាងមិនអីទេ តែអូន..ហ៊ឹក" ទឹកមុខយ៉ុនហ្គីក៏ប្រែប្រួល មុននោះគេសប្បាយដែលដឹងថាអ៊ីលីតាមិនអី តែពេលនេះហេតុអីក៏អេនហ្សុីយំ?
"អូន..អូនវិជ្ជមាន!"
ក្រាក!
ទ្វារបន្ទប់ពិនិត្យក៏បើកឡើងបង្ហាញវត្តមានរបស់មនុស្សម្នាក់ដែលយ៉ុនហ្គីកំពុងតែរង់ចាំ អ៊ីលីតាចេញមកព្រមនិងទឹកមុខស្មើធេង ភ្នែកក៏បែរសំឡឹងមើលមកយ៉ុនហ្គី មើលទាំងមិននិយាយអីទាំងអស់ ទាល់តែមួយសន្ទុះទើបនាងដើរចេញ។
"អ៊ីលីតា..អ៊ីលីតាឈប់សិន"
"ហ៊ឹកៗបងយ៉ុន..បងយ៉ុនកុំទៅចោលអូន ហ៊ឹកអូនខ្លាច"

ក្រសោបស្នេហ៍ចាស់Where stories live. Discover now