ភាគទី71

172 12 0
                                    

បានអេតាសុីវិលហើយ គេក្លាយជារបស់គ្នាពេញសិទ្ធិហើយ ចាំមើលមានរឿងស្អីកើតឡើងខ្លះទៀត?

ក្រសោបស្នេហ៍ចាស់
ភាគទី71

វីឡាខេនឌ្រីក!
ក្រោយចាកចេញពីការិយាល័យក្រុងរួចមក ពួកគេក៏ត្រឡប់មកកាន់វីឡាធំស្កឹមស្កៃឯណោះវិញ អ៊ីលីតាចុះពីលើឡានទាំងដៃកាន់សឺមីអេតាសុីវិលមួយជាប់និងដៃខ្លួន ចំណែកនាយយ៉ុនក៏មានមួយច្បាប់ទុកនៅខ្លួនឯងដែរ។
"អ្នកនាង..អ្នកនាងកាតាប"
"មិនចាំបាច់ទេ ចាំយើងយកទៅឲ្យអ៊ីលីតាចុះ"
"បាទ៎ លោកម្ចាស់" តៃកុងឡានក៏ព្យាយាមស្រែកហៅអ៊ីលីតាត្បិតនាងចុះទៅកាន់តែឯកសារអេតាសុីវិលទៅជាមួយ របស់ក្រៅពីនោះនាងក៏ទុកលើឡានទាំងអស់ យ៉ុនហ្គីក៏អះអាងជួសថានឹងយករបស់ទៅឲ្យនាង គេញញឹមបន្តិចរួចកាន់យកកាតាបរៀនអ៊ីលីតាដាក់លើស្មាទៅជាមួយ។
"ហីយ៉ា! លោកម្ចាស់មកហើយ ព្រះអើយ! ហេតុអីក៏សំពីងសំពោងម៉្លេះ? មោះចាំម៉ាដាមជួយកូន" ម៉ាដាមគ្រាន់តែបានឃើញចៅហ្វាយប្រុសចូលមកកាន់ឯកសារផង ស្ពាយកាតាបផង គាត់មិនអាចនៅឈរអោបដៃមើលបានទេ កែវដែលគាត់កំពុងតែជូតត្រូវទុកនៅលើតុមួយកន្លែង រត់មកទទួលនិងជួយផ្ទេរយកកាតាបពីស្មានាយ។
"អ្នកនាងអ៊ីលីតាភ្លេចកាតាបទៀតហើយណ៎ ម៉ាដាមដាស់តឿនរហូត"
"កុំបន្ទោសនាងអី នាងនៅក្មេង គិតរឿងអីក្រៅពីលេងមិនចេញនោះទេ" ថ្ងៃនេះយ៉ុនហ្គីគេក៏ត្រជាក់និងស្ងប់ពេលនិយាយពីនាងល្អិតអ៊ីលីតានោះ ម៉ាដាមក៏រៀងចម្លែកចិត្តបន្តិច ព្រោះខានឃើញចៅហ្វាយប្រុសបែបនេះពីមុនមក តែភ្នែកគាត់ក៏រវាស ពេលអោនមើលដៃនាយម្ខាងទៀត ក៏ឃើញមានសឺមីដែលចេញពីការិយាល័យក្នុងក្រុងមក ឃើញវាភ្លាម ម៉ាដាមក៏ញញឹមជាប់មាត់ ព្រោះគាត់ដឹងច្បាស់ថាមានរឿងអ្វីកើតឡើងទើប ស្ថានការណ៍រវាងពួកគេទាំងពីរខុសប្លែកបែបនេះ។
"លោកម្ចាស់គិតនាំអ្នកនាងទៅដើរកំសាន្តពេលណាដែរ? ស្រួលម៉ាដាមរៀបចំអាហារនិងតែប៉ូវជូនឲ្យបានច្រើនៗ"
"នេះម៉ាដាមយើងខូចមិនធម្មតាទេនៀក៎ ហ៊ើយ! បើសិនជាម៉ាក់យើងយល់ស្របនិងយល់ឃើញដូចម៉ាដាមបែបនេះ ទោះស្លាប់ក៏យើងបិទភ្នែកជិតដែរ" គ្រាន់បានលើចៅហ្វាយនិយាយពាក្យអពមង្គលភ្លាម ម៉ាដាមក៏ប្រញាប់លូកដៃកាន់ស្មាយ៉ុនហ្គីភ្លាម គាត់គោះអង្អែលស្មានាយ លួងលោមដូចជាអ្វីដែលគាត់តែងតែធ្វើដាក់នាយតាំងតែពីតូចមក គេធំឡើងដោយទទួលបានការចិញ្ចឹមបីបាច់ពីម៉ាដាមម្នាក់នេះ គាត់ដូចជាម្ដាយទីមួយរបស់គាត់អញ្ចឹង ម៉ាក់របស់គេវិញមានវត្តមានតិចតួចបំផុតក្នុងជីវិត តិចតួចសឹងតែគ្មានតែម្ដង។
"ម្ដាយណាក៏ស្រឡាញ់កូនដែរលោកម្ចាស់ គ្រាន់តែម្ដាយខ្លះគាត់ពិបាកនិងបង្ហាញប្រាប់កូនៗឲ្យឃើញ តែជឿម៉ាដាមណា ម្ដាយណាក៏ចង់មើលថែកូន និងឃើញកូនមានក្ដីសុខដែរ" យ៉ុនហ្គីងាកមើលទៅគាត់ រួចញញឹមបន្តិចហាក់បានធូរស្រាលចិត្តព្រោះពាក្យលួងលោមទាំងនោះ។
"បើម៉ាដាមមានកូន កូនម៉ាដាមច្បាស់ជាកូនដែលសំណាងបំផុតហើយ នេះម៉ាដាមមិនគិតចង់រៀបការសាងគ្រួសារមានកូនចៅថែរក្សាទេមែនទេ?"
"ហ៊ឹម រកកូនឯណាទៀត បើម៉ាដាមមានលោកម្ចាស់និងអ្នកនាងត្រូវមើលថែ រវល់សឹងអីទៅហើយ ម៉្យាងម៉ាដាមក៏ចាស់ហើយ ឈប់គិតឈប់យល់រឿងអស់ហ្នឹងហើយណាកូន" សព្វនាមចុងប្រយោគដែលម៉ាដាមប្រើមកលើយ៉ុនហ្គីនាំឲ្យនាយកាន់តែរីកស្នាមញញឹមទៀត គេងាកមើលទៅផ្ទះបាយបន្តិច មុននឹងមានរឿងម៉្យាងលោតមកក្នុងខួរក្បាលរបស់គេ។
"នេះអេនមិនទាន់មកផ្ទះទេមែនទេ?" សុខៗគេក៏នឹកឃើញដល់ភរិយាម្នាក់ទៀត ភរិយាដែលមានវត្តមាននៅព្រះវិហារជាមួយគេ តែបែរជាមិនបានចុះអេតាសុីវិលដូចជាគេនិងអ៊ីលីតានោះ នាយក៏បើករ៉ូតកាតាបអ៊ីលីតារួចដាក់សឺមីអេតាសុីវិលចូល ដូចជាខ្លាចថាអ្នកដែលគេទើបរំលឹកនោះនិងមកដល់។
"អ្នកនាងកំពុងតែធ្វើនំនៅខាងក្នុងឯណោះលោកម្ចាស់ លោកម្ចាស់ទៅសម្រាកចុះ ចាំម៉ាដាមយកទឹកតែទៅជូន"
"ម៉ាដាមយកទៅបន្ទប់ទទួលភ្ញៀវទៅ ខ្ញុំត្រូវនៅធ្វើការងារបន្តិច"
"ចាស៎" ម៉ាដាមអោនគំនាបដាក់យ៉ុនហ្គីបន្តិច រួចរង់ចាំដល់នាយដើរទៅផ្ទះម្ខាងទៀតបាត់ទើបគាត់ត្រឡប់ទៅកាន់ផ្ទះបាយដើម្បីរៀបចំតែ។
"បងយ៉ុនមកហើយមែនទេ?"
"ចា..ចាស៎អ្នកនាងអេនហ្សុី" ការដែលអេនហ្សុីបង្ហាញខ្លួនភ្លាមៗបែបនេះ ម៉ាដាមក៏ភ្ញាក់និងប្រញាប់ឆ្លើយទាំងមានពិរុទ្ធជាប់ក្នុងកែវភ្នែក អេនហ្សុីក៏ចម្លែកក្នុងចិត្ត តែនាងមិនបានសួរនាំទុកឲ្យម៉ាដាមដើរទៅបាត់។
"នេះគាត់មានលាក់ស្អីមែនទេ? រឺក៏.." អេនហ្សុីកាន់នំដែលនាងទើបតែដុតហើយបំណងចង់យកឲ្យយ៉ុនហ្គីនោះ នាងបែរប្ដូរចិត្តកាន់យកវាទៅជាន់ខាងលើជំនួស។
តុក!តុក..
(ចូលមក)
សំឡេងអ្នកនៅក្នុងបន្ទប់ឆ្លើយមក គ្រាន់តែនាងគោះភ្លាម អេនហ្សុីក៏មិនបង្អង់យូរដែរ នាងបើកទ្វាររួចបោះជំហានចូលទៅខាងក្នុង មកដល់នាងក៏បានឃើញអ៊ីលីតាកំពុងតែកាន់ក្រដាសមួយមើល មើលផងញញឹមផង នាំឲ្យនាងកាន់តែឆ្ងល់ក្នុងចិត្ត។
"នាងមើលស្អីហ្នឹង?" អ៊ីលីតាលឺតែសំឡេងទឹកមុខនាងក៏ប្រែប្រួល ស្រីតូចមិនបានឆ្លើយនិងសំនួរ តែនាងក៏ក្រោកឈរឡើងបំណងចង់ទៅក្រៅ តែដៃនាងក៏របូតជ្រុះក្រដាសមួយនោះពីដៃមកលើឥដ្ឋ។ អេនហ្សុីហេតុតែចង់ដឹងនាងក៏លើកវាមកមើល តែមើលបានតែបន្តិចអ៊ីលីតាក៏កញ្ឆក់យកទៅវិញ។
"មើលស្អី? មិនដែលឃើញអេតាសុីវិលប្ដីប្រពន្ធស្របច្បាប់ទេហ្អេស៎?"
"អេ..អេតាសុីវិល?"
"អូ! ខ្ញុំភ្លេចគិតទៅថានាងអត់មាន"

850like មុនម៉ោង10 អេតមីនផុស2ភាគបន្ត៕

ក្រសោបស្នេហ៍ចាស់Where stories live. Discover now