ភាគទី១៧

538 18 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖១៧

ក្រាក...
បន្ទាប់ពីចាកចេញពីក្រុមហ៊ុនវីខេមក អែមមីនាងក៏មិនទាន់បានទៅផ្ទះ តែនាងក៏ឆ្លៀតមករកហាងនំដែលជុននីអូតែងតែទិញយកទៅផ្ញើនាងសឹងតែរាល់ថ្ងៃ តែថាថ្ងៃនេះនាងក៏ជាអ្នកមករកទិញវាដោយខ្លួនឯង ព្រោះគេមិនបាននៅអុីតាលីឡើយ គេទៅឆ្ងាយបាត់ទៅហើយ។
"សូមស្វាគមន៍.." គ្រាន់តែអែមមីបើកទ្វារចូលមកដល់ក្នុងហាងក៏មានស្ត្រីវ័យជ្រេបន្តិចម្នាក់ប្រញាប់ចេញពីកន្លែងគិតលុយមកទទួលស្វាគមន៍នាង ឃើញថាតាមពាក្យសម្ដីដែលគាត់និយាយអម្បាញ់មិញនោះអែមមីក៏ដឹងថាអុំស្រីម្នាក់នេះជាជនជាតិកូរ៉េមិនខុសពីនាងឡើយ ទឹកមុខនឹងស្នាមញញឹមស្រទន់របស់ពួកគេទាំងពីរក៏ប្រឈមដាក់គ្នាទៅវិញទៅមក មុននឹងគាត់ដើរចូលមកនាំអែមមីទៅអង្គុយក្នុងហាងនំរបស់គាត់។
"នាងតូចចង់បាននំប្រភេទណាដែរ ចាំអុំរៀបចំជូនជាពិសេសតែម្ដងណា៎" អុំស្រីនិយាយរាក់ទាក់ទៅកាន់នាងតូចយើងដូចជាអតិថិជនប្រចាំរបស់គាត់អញ្ចឹងដែរ បើទោះបីជានាងមិនដែលបានមកទីនេះក៏ដោយ អែមមីនាងក៏មានអារម្មណ៍ថាកក់ក្ដៅនឹងការនិយាយជាមួយគាត់ដែរ។
"ខ្ញុំសុំជានំខេកឈីសបានទេ? សុំមិនដាក់គ្រីមច្រើនពេកទេ វាអាចឲ្យខ្ញុំចុកពោះបាន" អែមមីនិយាយរៀបរាប់ប្រាប់ទៅអុំស្រីម្ចាស់ហាងរួចគាត់ក៏ងក់ក្បាល រួចប្រែទឹកមុខបន្តិច គាត់ក៏បញ្ជាបុគ្គលិកឲ្យរៀបចំនំខេកឈីសឲ្យនាង រួចក៏ដាក់ខ្លួនអង្គុយនឹងកៅអីទល់មុខជាមួយនឹងនាង ទឹកមុខរបស់គាត់ក៏ហាក់ដូចជានាំឲ្យអែមមីមានភាពងឿងឆ្ងល់។
"អុំក៏មានក្មួយស្រីម្នាក់ដែលមានអាការៈដូចជាក្មួយដែរ នាងមិនចូលចិត្តនំដែលមានគ្រីមច្រើនឡើយ ព្រោះនាងតែងតែមិនស្រួលពោះហើយនាងក៏តែងតែដាក់ថ្នាំតាមខ្លួនរហូត បញ្ចៀសនូវពេលណាដែលនាងញ៊ាំគ្រឿងគ្រីមនឹងផ្អែមច្រើនភ្លេចខ្លួន" អែមមីក៏ទទួលស្ដាប់អុំស្រីម្នាក់នោះព្រមជាមួយនឹងទឹកមុខរសាយដោយសារតែគាត់បានបកស្រាយគ្រប់រឿងដែលនាងងឿងឆ្ងល់អម្បាញ់មិញនោះ មួយសន្ទុះក្រោយបុគ្គលិករបស់គាត់ក៏យកខេកចេញមក អែមមីក៏ទទួលយកនំនោះរួចក៏ហុចកាតទៅបុគ្គលិកនោះតែក៏ត្រូវបានអុំស្រីម្ចាស់ហាងឃាត់ មិនទទួល។
"ទុកថាអុំជូនក្មួយទៅចុះ បានឃើញក្មួយអុំដូចជាបានឃើញក្មួយស្រីរបស់អុំត្រឡប់មកវិញជាថ្មីចឹង" អែមមីសំឡឹងមើលទៅគាត់ទាំងមុខក្រៀមក្រោះហាក់ជ្រួតជ្រាបនូវសម្ដីគ្រប់ម៉ាត់ដែលអុំស្រីបាននិយាយ នាងតូចក៏លូកដៃហូតក្រដាស២សន្លឹកមករួចក៏ហុចជូនទៅកាន់អុំស្រីដែលរលីងរលោងបំណងចង់យំនោះ។
"អុំរឹងមាំបំផុតហើយ បន្តរឹងមាំបែបនេះទៀតអ្វីគ្រប់យ៉ាងនឹងល្អប្រសើរសម្រាប់អុំជាមិនខាន" អែមមីលួងលោមអុំស្រីទៅតាមអារម្មណ៍ដែលនាងមាន មុននឹងងាកភ្នែកសំឡឹងឃើញវត្តមានរបស់នរណាម្នាក់ចូលមក។
"ម៉ាកូ?"
"អែមមី?" វត្តមានរបស់មនុស្សម្នាក់ចូលមកនោះនាំឲ្យនាងតូចយើងភ្ញាក់មិនស្ទើរ បុរសដែលស្លៀកពាក់បែបសុភាពៗ ពាក់វែនតាក្រាស់មកព្រមជាមួយនឹងសៀវភៅទាំងគរនៅក្នុងដៃច្បាស់ណាស់ថាគេនោះជាអ្នករៀនចំតួតែម្ដង។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now