ភាគទី២២

500 22 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖២២

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ក៏ជាថ្ងៃដែលអែមមីរង់ចាំ នាងតូចល្អិតក្រោកពីព្រលឹមរៀបចំខ្លួនខុសប្លែកពីសព្វដង នាងក្រោកមុនស៊ុកជីនទៅទៀត ម្ចាស់កាយមាំសង្ហាដែលកំពុងតែគេងនៅលើគ្រែក៏ដាច់ចិត្តក្រោកទាំងមមីរមមើររួចអង្គុយសំឡឹងមើលទៅនាងល្អិតជាទីស្រឡាញ់កំពុងតែរៀបចំខ្លួននៅមុខកញ្ចក់។
"នេះអូនយ៉ាងមិចនឹង? ក្រោកពីព្រលឹមបែបនេះមានការអីសំខាន់មែនទេ?" ស៊ុកជីនក្រោកនាំខ្លួនពីគ្រែទាំងងងុយរួចដើរសម្ដៅចូលទៅអោបក្រសោបចង្កេះនាងកំពុងតែឈរសារ៉េអាវខ្លួននៅពីមុខកញ្ចក់ អែមមីក៏ញញឹមកាលបើឃើញទឹកមុខងងុយរបស់នាយនៅក្នុងកញ្ចក់ ដៃតូចខាងស្ដាំទម្លាក់ចុះប៉ះលើដៃក្រាស់ដែលអោបចង្កេះនាងថើរៗ។
"អូនរំខានបងគេងមែនទេ? បងទៅសម្រាកចុះព្រោះប៉ុន្មានថ្ងៃមកនេះបងនឿយរឿងការងារមកច្រើនហើយ" អែមមីក៏មិនភ្លេចពោលពាក្យលួងលោមដូចជាថ្នាំសណ្ដំចិត្តកាយសង្ហាឲ្យញញឹមទាំងកំពុងតែបិទភ្នែក បបូរមាត់ក៏ឈ្មុលទៅថើបថ្ពាល់ក្រហមព្រឿងៗរបស់នាងតិចៗតែក៏មិនទាន់ព្រលែងនាងពីការអោប។
"ចង់ឲ្យបងជូនអូនទៅទេ? ចាំបន្តិចណា៎ ចាំបងទៅងូតទឹកសម្អាតខ្លួនហើយពួកយើងនឹងទៅជាមួយគ្នាតែម្ដង" នាយមិននិយាយតែមាត់ ក៏ប៉ុន្តែនាយក៏ទម្លាក់ដកដៃចេញពីការអោបក្រសោបនាងបម្រុងនឹងទៅងូតទឹកសម្អាតខ្លួនតែក៏ត្រូវនាងតូចចាប់ដៃនាយជាប់ ឃាត់មិនឲ្យទៅ។
"ស្ដាប់តាមអូន បងទៅសម្រាកឲ្យស្រួលខ្លួនសិនចុះ អូនអាចបើកឡានទៅដោយខ្លួនឯងបាន អូនដឹងថាបងនឿយ អូនមិនចង់ឲ្យបងបាក់កម្លាំងឡើយ បងគួរតែដឹងហើយថាបងអាយុក្រែលហើយពេលនេះ" អែមមីនិយាយក្រើនរំលឹកដល់ស៊ុកជីនឲ្យថែរក្សាសុខភាពរបស់គេ នាងមិនចង់ឃើញគេឈឺឡើយ រឹតតែមិនចង់ឲ្យនាងក្លាយជាមូលហេតុដែលនាំឲ្យគេត្រូវលំបាកឡើយ ស៊ុកជីនស្ដាប់សំឡេងឃាត់របស់នាងរួចក៏បញ្ឈប់គំនិតខ្លួនភ្លាម គេក៏ងាកសំឡឹងមើលមុខតូចច្រមិចដែលបង្ហាញការព្រួយបារម្ភមកគេយ៉ាងពិតប្រាកដ បេះដូងគេក៏រីកមាឌត្រឹមតែពាក្យសម្ដីនិយាយលួងលោមរបស់នាង ដៃមាំលូកក្រសោបប៉ះនឹងថ្ពាល់ទន់ៗរបស់នាងរួចក៏ញញឹម។
"បងមានសំណាងណាស់ដែលមានអូននៅក្បែរ បងនឹងធ្វើតាមអូនគ្រប់យ៉ាង បងស្រឡាញ់អូន" អែមមីញញឹមរួចក៏ចូលទៅអោបក្រសោបរាងកាយស៊ុកជីនជាថ្មីទាំងញញឹម នាយក៏ដូចគ្នាគឺព្យាយាមអោបក្រសោបនាងជាប់មិនចង់លែង ចាត់ទុកថាវាជាកាដូពេលព្រឹកដែលនាងឲ្យមកទៅចុះ។
...
ម៉ោង៧នឹង៣០នាទីព្រឹក
សាលារៀនដែលបិទទ្វារមួយរយៈបន្ទាប់ពីវិស្សមកាល នាថ្ងៃនេះក៏ត្រូវបើកទ្វារជាថ្មីចាំទទួលសិស្សទាំងអស់ក្នុងការមកធ្វើបទបង្ហាញបញ្ចប់ឆ្នាំសិក្សារបស់ពួកគេរៀងៗខ្លួន ត្រឹមតែម៉ោង៧នឹង៣០នាទីព្រឹកសោះក៏មាននិស្សិតច្រើនកុះករបណ្ដើរនាំគ្នីគ្នាចូលមកទាំងទឹកមុខរីករាយ ត្បិតថាថ្ងៃនេះជាថ្ងៃចុងក្រោយដែលពួកគេបានជួបគ្នា បន្ទាប់ពីថ្ងៃនេះទៅពួកគេក៏នឹងត្រូវវិស្សមកាលធំរហូតដល់ដើមឆ្នាំក្រោយទើបពួកគេបានជួបគ្នាក្នុងឆ្នាំសិក្សាថ្មី។
ក្នុងចំណោមនិស្សិតៗដែលដើរចូលមកនោះក៏មានរាងកាយតូចដែលដើរចូលមកតែម្នាក់ឯងគត់ក៏ព្រោះនាងមិនអាចទាក់ទងទៅកាន់មិត្តតែម្នាក់ដែលនាងមាន ជុននីអូមិនបានលើកទូរសព្ទ័រឺក៏ឆ្លើយតបសាររបស់នាងឡើយ គេក៏ស្ងាត់ជ្រាបតាំងពីថ្ងៃដែលគេទៅផ្ទះនាងនឹងបានឃើញវត្តមានរបស់ជីននៅទីនោះ។
(ខ្ញុំគ្រាន់តែចងនិយាយទៅកាន់ឯងថាសំណាងល្អ)
អែមមីក៏បានត្រឹមតែផ្ញើសារជាអក្សរចុងក្រោយមួយទៅកាន់គេ សារជាអក្សរដែលផ្ញើនោះលោតផ្ញើទៅស្របនឹងសំឡេងទូរសព្ទ័នរណាម្នាក់លាន់សូរទឹង។ វាគាប់ជួនគ្នាខ្លាំងដល់ថ្នាក់អែមមីត្រូវបញ្ឈប់ដំណើររបស់ខ្លួនបន្តិចរួចងាកសំឡឹងមើលទៅផ្លូវម្ខាងដែលនៅក្បែរនោះ មុននឹងនាងបានឃើញមនុស្សតែម្នាក់ដែលនាងព្យាយាមទាក់ទងកំពុងតែដើរនៅលើផ្លូវម្ខាងនោះ តែថានាយមិនបានដើរតែម្នាក់ឯងឡើយ គឺមានមនុស្សស្រីម្នាក់អមផ្លូវមកជាមួយនឹងគេ ដើរជិតគេប្រៀបដូចជាស្និតស្នាលនឹងគេដូចជានាងអញ្ចឹងដែរ។
"ល្អហើយដែលឯងអាចធ្វើបែបនេះបាន ប៉ុណ្ណេះខ្ញុំក៏អស់បារម្ភពីឯងទៀតហើយ ជុននីអូ" អែមមីសំឡឹងមើលទៅដំណើររបស់មិត្តល្អតែម្នាក់របស់នាងដែលពេលនេះគេលែងខ្វល់ខ្វាយលែងនៅជិតនាងដូចជាកាលពីមុនទៀតហើយ តែបើសិនជាធ្វើបែបនេះគេអាចកាត់ចិត្ត នឹងសប្បាយចិត្តនាងក៏គោរពតាមការសម្រេចចិត្តរបស់គេ។
អែមមីក៏មិនបានបង្អង់ទើបប្រញាប់ស្ពាយកាតាបរបស់នាងដើរយ៉ាងលឿនសម្ដៅទៅអាគាររៀនរបស់នាងដែលនៅឆ្ងាយគួរសមពីទីនោះ ដំណើរបោះជំហានរបស់នាងក៏មិនអាចគេចឆ្ងាយពីក្រសែភ្នែកអ្នកម្ខាងទៀតដែលព្យាយាមព្រងើយកន្ដើយដាក់នាងនោះឡើយ ជុននីអូងាកសំឡឹងមើលទៅដំណើរដើរតែម្នាក់ឯងរបស់អែមមីទាំងទឹកមុខស្មើធេងដូចជាមិនមានអារម្មណ៍អ្វីទាំងដែលការពិតទ្រូងខាងឆ្វេងគេចុកអួលស្ទើរតែស្លាប់ គេចង់តែរត់ទៅរកនាង និយាយពាក្យថាអរុណសួស្ដីទៅកាន់នាង ដូចកាលពីមុនតែវាមិនអាច គេមិនចង់ឲ្យខ្លួនឯងឈឺចាប់ខ្លាំងជាងនេះឡើយ បើសិនជានៅឆ្ងាយពីនាងហើយនាងនឹងគេអាចងាយស្រួលចិត្តចឹងគេក៏ព្រម។
"នេះជាគម្រោងរបស់ឯង ខ្ញុំគិតថាខ្ញុំអស់តួនាទីហើយត្រូវដែរទេ?" អែលលីដែលនៅឈរក្បែរនោះក៏ហុចក្រដាសគម្រោងរបស់ជុននីអូឲ្យទៅគេវិញ មុននេះនាយបានសុំឲ្យនាងដើរមកបានជាគ្នា ទាំងដែលការពិតនាយប្រើប្រាស់នាងដើម្បីបង្ហាញប្រាប់ទៅមនុស្សស្រីម្នាក់ទៀតឲ្យឈប់ខ្វល់ខ្វាយពីគេសោះ។
បន្ទាប់ពីជុននីអូទទួលយកគម្រោងនោះរួចអែលលីក៏មិនបង្អង់នាំខ្លួនចាកចេញទៅតែម្ដងទាំងមិនងាកក្រោយ ជុននីអូក៏បានត្រឹមសំឡឹងមើលផែនខ្នងរបស់នាងចាកចេញទៅនោះរួចក៏នាំខ្លួនដើរទៅកាន់អាគាររៀនរបស់គេ។
...
ក្រុមហ៊ុនវីខេ!
តុកៗ
"ចូលមក" ស៊ុកជីនដែលកំពុងតែអង្គុយពិនិត្យមើលឯកសារឯណោះក៏ឆ្លើយតបទាំងមិនបានងាកមើលទៅថាអ្នកណាជាអ្នកចូលមកនោះ។
"កាហ្វេរបស់លោកនាយក" សំឡេងមនុស្សម្នាក់ដែលនាំឲ្យស៊ុកជីនងើបមុខសំឡឹងមើលទៅភ្លាម ឡរ៉ានាងឡើងកាហ្វេចូលមកឲ្យនាយក៏ព្រោះថាពេលនេះនាងក៏ជាអ្នកដែលចាំមើលការខុសត្រូវផ្សេងៗជំនួសឲ្យលេខាជំនិតរបស់គេ មួយរយៈពេលចុងក្រោយនេះនាយក៏អាចមើលដឹងថានាងខំប្រឹងប្រែងជាមួយការងារណាស់ បែបនេះក៏វាល្អសម្រាប់នាងដែរ។
"ដាក់វានៅលើតុចុះ ហើយនេះ..."
ងឺត...
"អត់ទោសលោក" ឡរ៉ាក៏មានអ្នកខលចូលមកទើបនាងប្រញាប់លើកទទួលភ្លាម ទឹកមុខញញឹមស្រស់ស្រាយរបស់នាងអម្បាញ់មិញនោះក៏បែរមកជាស្លេកស្លាំងភ្លាមៗប្រៀបដូចជាភ័យព្រួយជាមួយនឹងអ្វីម៉្យាងអញ្ចឹង កែវកាហ្វេដែលនាងកាន់យកមកនោះក៏ស្រាប់តែរបូតធ្លាក់ពីដៃនាងលាន់ច្រាវ មុននឹងរាងកាយនាងដួលព្រូសអុកគូថនឹងឥដ្ឋការ៉ូ។
"ឡរ៉ា? នេះមានរឿងអី? អ្នកណាកើតអី?" ស៊ុកជីនចូលមកជិតនាងកាន់ស្មានាង ព្យាយាមសួរនាំនាងតែឡរ៉ាក៏បែរជាញ័របបូរមាត់រួចក៏ឈោងអោបក្រសោបស៊ុកជីនរួចគិតតែពីយំមិនឈប់តែម្ដង។
...
"វ៉ូយ៉ន! វ៉ូយន" ឡរ៉ាកាលបើឡើងមកដល់ជាន់មន្ទីរពេទ្យខាងលើភ្លាម នាងក៏ប្រញាប់រត់សម្ដៅទៅរកក្មេងស្រីម្នាក់ដែលនៅអង្គុយលើគ្រែក្បែរផ្លូវចូលមកនោះ នាងចូលទៅអោបក្រសោបក្មេងនោះរួចក៏យំអណ្ដឺតអណ្ដក។
ស៊ុកជីនដែលអ្នកមកជាមួយឯណោះក៏បានត្រឹមតែចូលទៅតាមក្រោយនាងនឹងសំឡឹងមើលទៅក្មេងស្រីតូចដែលនៅក្នុងការអោបក្រសោបនោះ នាងមើលទៅមានវ័យប្រមាណជាង១០ឆ្នាំប៉ុណ្ណោះ តែថានាងនឹងឡរ៉ាជាអ្វីនឹងគ្នាទៅ?
"អ្នកម៉ាក់? វ៉ូយ៉នអត់អីទេ អ្នកម៉ាក់កុំយំអី"
"អ្នកម៉ាក់?" ស៊ុកជីនក៏ឧទានពាក្យទាំងនេះចេញមកទាំងមានភាពភ្ញាក់ផ្អើលមិនស្ទើរ គេមិនដែលបានដឹងទាល់តែសោះថាឡរ៉ានាងមានកូន តែថាកូនម្នាក់នេះជាកូនរបស់អ្នកណាទៅ??

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now