ភាគទី២៦

463 20 1
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖២៦

ក្នុងបន្ទប់អាហារក៏បែរជាមានសភាពស្ងាត់ខុសពីធម្មតា បើទោះបីជានៅតុអាហារមានវត្តមានមនុស្សដល់ទៅ៤នាក់កំពុងតែរួមតុគ្នានៅទីនោះក៏ដោយ។ ក្រសែភ្នែកបុរសជាឪពុករបស់នាងល្អិតអែមមីឯណោះក៏ចេះតែងាកសំឡឹងមើលទៅកូនស្រី មុននឹងងាកឆ្លាស់ទៅមើលស៊ុកជីនដែលនៅអង្គុយកៅអីទល់មុខគេ ក្បែរគ្នានឹងកូនស្រីគេទៀតផង។
"អែមមី? កូននិយាយថាកូនមានរឿងចង់និយាយជាមួយនឹងប៉ាម៉ាក់មែនទេ? ជារឿងអី?" ហូស៊ុកក៏ងាកបែរទៅនិយាយជាមួយកូនស្រីវិញ អែមមីដំបូងឡើយនាងក៏អង្គុយដួសអាហារញ៊ាំយ៉ាងស្ងៀមស្ងាត់តែបន្ទាប់ពីចាស់ទុំហៅនាង ស្រីតូចក៏រហ័សដាក់ស្លាបព្រាចុះពីដៃ រួចក៏ងាកសំឡឹងមើលទៅប៉ាម៉ាក់របស់នាង ដៃតូចស្រឡូនលូកកាន់ក្រសោបដៃបុរសជាទីស្រឡាញ់ជាប់ព្រមជាមួយនឹងស្នាមញញឹមមានក្ដីសុខនឹងរំភើប ស៊ុកជីនក៏ញញឹមទៅកាន់នាងដូចគ្នាតែក៏ជាស្នាមញញឹមមួយដែលបង្កប់នូវភាពមិនច្បាស់លាស់ ខុសដាច់ពីខាងអែមមីដែលនាងមានទឹកមុខប្រាកដប្រជាតែម្ដង។
"គឺកូននឹងលោកស៊ុកជីនកំពុងតែទាក់ទងគ្នាហើយ.."
"ហើយកូនក៏ចង់ជម្រាបសុំការអនុញ្ញាតពីលោកប៉ាថាពួកយើងនឹងរៀប...ច្រូច" ហូស៊ុកដែលអង្គុយធ្មឹងចាំស្ដាប់នោះក៏បែរជាចាក់ទឹកត្រជាក់ៗឡើងហៀរពេញកែវតែម្ដង ស្កាលេតឃើញកាយវិការគេមិនទំនងស្កាលេតក៏ប្រញាប់លូកកាន់ដៃស្វាមី ប្រាប់ឲ្យគេបានស្ងប់ចិត្តព្រោះនាងដឹងថាហូស៊ុកមិនងាយនឹងបើកចិត្តទទួលរឿងនេះដូចជានាងឡើយ។
"លោកប៉ា.."
"ប៉ាប្រាប់កូនថាយ៉ាងមិចខ្លះមុនទៅអុីតាលី?" ហូស៊ុកក៏ស្រាប់តែនិយាយបន្ទាប់ពីកាយវិការចម្លែកបង្ហាញរួចមក អែមមីកាលបើលឺលោកប៉ានាងមានទឹកមុខម៉ូវ នាងតូចក៏ឈប់និយាយរួចអោនមុខចុះ ដៃតូចដែលក្លាហានកាន់ក្រសោបដៃស៊ុកជីនអម្បាញ់មិញក៏បែរជាទម្លាក់ចុះវិញទាំងភាពភ័យខ្លាច បបូរមាត់នាងក៏ចាប់ផ្ដើមញ័រទទ្រើត អែមមីនាងខ្លាចលោកប៉ារបស់នាងខ្លាំងណាស់ ឲ្យនាងមកអង្គុយមើលលោកប៉ានាងធ្វើទឹកមុខបែបនេះ នាងនៅមិនសុខនោះឡើយ។
"លោកប៉ា.."
"ឡើងទៅខាងលើទៅ!"
"បង" ស្កាលេតក៏លូកមាត់លូកករក្រោយពីស្វាមីតំឡើងសរសៃករដាក់កូន អែមមីនាងក៏មិនបានបដិសេធតែក៏ក្រោកចេញពីកៅអីរួចអោនគំនាបលោកប៉ានាង មុននឹងនាំខ្លួនឡើងទៅកាន់បន្ទប់គេងរបស់នាងយ៉ាងស្ងៀមស្ងាត់តែម្ដង។
"អែមមី"
"លោកស៊ុកជីន! ខ្ញុំសុំឲ្យលោកនៅទីនេះ និយាយគ្នាជាមួយខ្ញុំរឿងកូនអែមមីឲ្យបានច្បាស់សិន" ហូស៊ុកក៏និយាយទៅកាន់ស៊ុកជីនដោយរក្សាទឹកមុខស្មើដដែល ស៊ុកជីនដែលបំណងនឹងទៅតាមអែមមីក៏ត្រូវបង្ខំចិត្តអង្គុយចុះនិយាយជាមួយនឹងដៃគូជំនួញ ក៏អាចនិយាយបានថាជាអនាគតប៉ាក្មេករបស់នាយក៏ថាបាន បើសិនជាគេរៀបការសាងគ្រួសារជាមួយនឹងអែមមី។
"រឿងលោកនឹងកូនស្រីខ្ញុំវាដល់ដំណាក់កាលណាទៅហើយ? លោកនឹងអែមមីទាក់ទងគ្នាយូរប៉ុណ្ណាហើយ?" មិនត្រឹមតែកូនស្រីរបស់គេឡើយ សូម្បីតែស៊ុកជីនក៏នាយតំឡើងសំឡេងដាក់ដែរនៅពេលនេះ អារម្មណ៍ខឹងសម្បារកើតចេញពីក្ដីស្រឡាញ់ដែលឪពុកមានទៅលើកូន ទឹកចិត្តឪពុកដែលចង់ឲ្យកូនបានល្អនឹងរស់នៅមានសុភមង្គល មានឪពុកឯណាដែលមិនចង់ឃើញកូនស្រីញញឹម មានឪពុកឯណាដែលចង់បដិសេធនឹងបុរសដែលកូនស្រីស្រឡាញ់នោះ តែស្របនឹងក្ដីស្រឡាញ់ ជាឪពុកក៏ភ័យខ្លាចដូចគ្នាថាបើសិនជាគេតាមចិត្តកូន កូនអាចនឹងជួបរឿងមិនល្អដែលនាំឲ្យពួកគេឈឺចាប់ព្រោះតែការសម្រេចចិត្តមួយនេះ។
"ខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាងលើអែមមី"
"ចុះប្រពន្ធដែលលោករៀបការនោះ?" ហូស៊ុកក៏មិនបង្អង់សួរសំនួរដែលលាក់កប់ក្នុងខួរក្បាលតាំងពីបានជួបគេដំបូងមក រឿងនេះឯងដែលបញ្ឆេះកំហឹងរបស់គេឡើង ស៊ុកជីនក៏សំឡឹងមើលទៅហូស៊ុកបន្តិចរួចក៏ទម្លាក់ជង្គង់ចុះផ្ទាល់នឹងឥដ្ឋ នៅចំពោះមុខរបស់ហូស៊ុកតែម្ដង ស្កាលេតដែលនៅអង្គុយក្បែរស្វាមីឯណោះក៏ភ្ញាក់រួចកាន់ស្មារបស់ហូស៊ុក តែថាគេដូចជាមិនមានប្រតិកម្មអ្វីតបសោះ។
"ខ្ញុំស្រឡាញ់អែមមីជាជាងអ្វីទាំងអស់ លោកហូស៊ុកអាចនឹងគិតថាខ្ញុំជាមនុស្សចាស់ព្រើលដែលហ៊ានប្រាថ្នានាងតែដូចលោកធ្លាប់បានដឹងថាអែមមីនាងតែងតែជាមនុស្សពិេសសសម្រាប់ខ្ញុំរហូតមក បើទោះបីជាបែកគ្នារាប់ខែរាប់ឆ្នាំក៏ដោយ..." ហូស៊ុកក៏ក្រោកពីកៅអីព្រមជាមួយនឹងភរិយា កែវភ្នែកជ្រឹមចូលគ្នាហាក់បីដូចជាមានមន្ទិលព្រមជាមួយនឹងពាក្យសម្ដីរបស់ស៊ុកជីនបាននិយាយនោះ វាហាក់មិនសមស្របនឹងសំនួររបស់គេសោះ ស៊ុកជីនឯណោះក៏មិនងើបដែរនៅបន្តលុតជង្គង់បែបនេះដដែល កែវភ្នែកងាកសំឡឹងមើលទៅហូស៊ុកនឹងស្កាលេតព្រមជាមួយពាក្យជាច្រើនដែលចង់និយាយរៀបរាប់។
"ខ្ញុំនឹងចាត់ចែងរឿងគ្រប់យ៉ាងដើម្បីបញ្ជាក់ឲ្យលោកនឹងអែមមីបានឃើញថាខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់ លោកអាចផ្ដល់ឱកាសឲ្យខ្ញុំបានទេ?" ស៊ុកជីននិយាយរៀបរាប់នាំឲ្យហូស៊ុកដែលចិត្តរឹងដូចជាថ្មអម្បាញ់មិញនៅស្ងៀមមិននិយាយអីទាំងអស់ គេក៏ងាកបែរសំឡឹងមើលទៅស្កាលេតដែលកំពុងតែឈរកាន់ស្មាគេឯណោះ នាងក៏ងក់ក្បាលតិចៗហាក់ទុកឲ្យគេជាអ្នកសម្រេចចិត្តចុះ នាងតែងតែគោរពតាមការសម្រេចចិត្តគេគ្រប់យ៉ាង។
...
ប៉ុន្មានថ្ងៃក្រោយមក..
បន្ទាប់ពីដោះស្រាយរឿងគ្រប់យ៉ាងអស់ក៏ដល់ថ្ងៃដែលហូស៊ុកនឹងស្កាលេតត្រូវត្រឡប់ទៅកាន់មាតុប្រទេសវិញ ត្បិតថាអែមមីនាងមិនព្រមទៅជាមួយនឹងពួកគេ នាងថានាងចង់ចំណាយពេលមួយវិស្សមកាលនេះនៅប្រទេសអុីតាលីនឹងធ្វើអ្វីដែលនាងចង់ធ្វើ ហើយប៉ាម៉ាក់របស់នាងក៏មិនបានជំទាស់ឡើយ គឺស្របតាមនាងតែម្ដង។
នៅព្រលានយន្តហោះព្រឹកនេះអាកាសធាតុហាក់ដូចជាត្រជាក់ព្រមទាំងមានខ្យល់បក់ល្វើយៗនាំឲ្យម្ចាស់កាយតូចដែលឈរកាន់វ៉ាលីឯណោះរងាញាក់តែម្ដង អ្នកជាម្ដាយដែលទៅCheck លិខិតឆ្លងដែនក៏ប្រញាប់រត់មករកកូនស្រីដែលនៅឈរចាំខាងក្រៅឯណេះរួចក៏ប្រញាប់ដោះកន្សែងបង់ករពីកហុចទៅឲ្យកូន តែអែមមីនាងបដិសេធ។
"កូនមិនរងាទេម៉ាក់ ម៉ាក់ពាក់វាចុះព្រោះម៉ាក់ត្រូវធ្វើដំណើរផ្លូវឆ្ងាយជាមួយនឹងលោកប៉ា ទៅដល់កូរ៉េវិញកុំភ្លេចអុីម៉ែលមកប្រាប់កូនផងណាម៉ាក់ណា៎ អូ!មែនហើយ កុំភ្លេចឲ្យក្មេងៗ២នោះទាក់ទងមកកូនផង កូននឹកពួកគេណាស់"
"ហ៊ឹម..ម៉ាក់មិនចង់ទៅចោលកូនសោះ ទើបតែមកបានប៉ុន្មានថ្ងៃសោះ ហ៊ឹម" ស្កាលេតចូលទៅជិតអោបកូនស្រីជាប់ណែនទាំងមិនអស់អាល័យ នាងនឹងស្វាមីទើបតែមកដល់ប៉ុន្មានថ្ងៃមុនសោះក៏ត្រូវត្រឡប់ទៅវិញព្រោះតែហូស៊ុកមានបញ្ហានៅក្រុមហ៊ុនដែលត្រូវដោះស្រាយ។
"មើលៗម៉ាក់កូនមួយគូនេះអោបគ្នាអញ្ចឹងទៅឡើងដូចឆ្លុះកញ្ចក់អញ្ចឹង" កំពុងតែអោបលាគ្នា ហូស៊ុកដែលទើបតែមកពីខាងក្រៅឯណោះក៏ឆ្លៀតស៊កសៀតពាក្យសម្ដីទៅកាន់ម្ដាយកូនទាំង២នាក់ភ្លាម អែមមីនឹងស្កាលេតគឺមុខមាត់ដូចគ្នាខ្លាំងណាស់ សឹងតែថាក្រឡេកមួយភ្លែតអាចនឹងច្រឡំថាជាបងប្អូនភ្លោះទៅហើយ បើកុំតែការស្លៀកពាក់ខុសគ្នាតែបន្តិចប៉ុណ្ណោះ ហូស៊ុកក៏ចូលមករកកូនប្រពន្ធរួចអោបពួកគេថែមម្នាក់ទៀត អែមមីក៏ងាកសំឡឹងឆ្លាស់គ្នារវាងលោកប៉ានឹងអ្នកម៉ាក់រួចក៏ញញឹមបិទមាត់មិនជិត ស្កាលេតអោនថើបសក់កូនស្រីបន្តិចរួចក៏ព្រលែងគ្នាពីការអោបមកជាកាន់ស្មាវិញ។
"ប៉ាម៉ាក់ទៅលើកនេះកូនត្រូវថែរក្សាខ្លួនដឹងទេ? កុំនៅយប់ជ្រៅខ្លាំងពេក ហើយញ៊ាំតែអាហារសុខភាពបានហើយ ព្រោះនៅទីនេះអាកាសធាតុប្រែប្រួលណាស់ ម៉ាក់ប៉ាបារម្ភ"
"កុំលាក់បាំងរឿងអីជាមួយប៉ាម៉ាក់ឲ្យសោះ បើកូនមានរឿងអីទាក់ទងទៅប៉ានឹងប្អូនៗភ្លាម លឺទេ?" ហូស៊ុកក៏នៅមានពាក្យផ្ដាំផ្ញើទៅកូនស្រីដែរ អែមមីក៏ញញឹមរួចអោបឪពុកបន្តិច។
"ប៉ាម៉ាក់កុំបារម្ភអី កូនធំហើយកូនដឹងថារឿងណាគួររឿងណាមិនគួរហើយ ម៉្យាងកូនក៏មិនមែនមានតែម្នាក់ឯងដែរនៅទីនេះ" ស្កាលេតគ្រាន់តែលឺពាក្យកូននិយាយភ្លាមនាងក៏ញញឹមបិទមាត់មិនជិតតែម្ដង ហូស៊ុកក៏ដូចគ្នាគេញញឹមរួចលើកដៃញីក្បាលកូនស្រីតិចៗ។
"ប៉ាចិញ្ចឹមព្រះនាងម្នាក់នេះមិនខុសទេពិតទេ?"
"ព្រះនាងរបស់ប៉ាម្នាក់នេះមិនអន់ទេ" ទាំង៣នាក់ក៏និយាយគ្នារួចសើចក្អាកក្អាយរង់ចាំរហូតដល់ជើងហោះហើរប្រកាសទើបពួកគេបែកផ្លូវគ្នា។
...
ហាងកាហ្វេម្ដុំពហុកីឡាដ្ឋាន..
ថ្ងៃនេះអាកាសធាតុល្អទើបជុននីអូសម្រេចចិត្តណាត់ជួបនឹងមនុស្សស្រីដែលនាងព្យាយាមគេចមុខរហូតឲ្យមកជួបគ្នានៅកន្លែងចាស់ គេមកអង្គុយចាំនាងតាំងពីព្រឹកតែម្ដងក៏ព្រោះមិនចង់ឲ្យនាងរង់ចាំយូរ ម៉្យាងគេក៏មានរឿងចង់និយាយប្រាប់នាងផងដែរ ជារឿងសំខាន់។
ម្ចាស់កាយសង្ហាកំពុងតែអង្គុយចុចទូរសព្ទ័យ៉ាងស្ងៀមស្ងាត់ក្នុងចំណោមក្រុមមនុស្សដែលអង្គុយជជែកគ្នាទាំងសប្បាយរីករាយ ខុសប្លែកអីតែគេដែលមានទឹកមុខស្មើប្រមូលផ្ដុំទៅដោយភាពសង្ស័យពេញខួរក្បាល។
"កូនហេស៎? លោកស៊ុកជីនទាក់ទងជាមួយនឹងអែមមីទាំងដែលខ្លួនឯងកំពុងតែមានកូនមែនទេ?"
"ជុននីអូ?" ស្របនឹងការអង្គុយគិតតែម្នាក់ឯងនោះ សំឡេងតូចស្រួយស្រៈរបស់អែមមីក៏បន្លឺឡើង នាងតូចរត់ចូលមករកជុននីអូព្រមនឹងទឹកមុខញញឹម សប្បាយចិត្តដែលគេបានខលហៅនាងមកជួប នាងស្មានតែគេលែងមានថ្ងៃនិយាយចូលនាងទៀតហើយទេតើ?
"ហេឡូ..ហិហិ" អែមមីដាក់ខ្លួនអង្គុយចុះនឹងកៅអីរួចក៏ញញឹមបិតមាត់មិនជិត ជុននីអូដំបូងឡើយមានអារម្មណ៍មិនល្អតែកាលបើបានឃើញស្នាមញញឹមនាង គេក៏បែរជាអស់សំណើចភ្លាមៗរួចលើកដៃឈ្លីក្បាលនាងទាំងមិនយល់។
"មានរឿងអីទើបញញឹម" អែមមីមិនទាន់និយាយតែក៏លើកដៃបង្ហាញជុននីអូឲ្យគេបានឃើញចិញ្ចៀនដែលនៅលើដៃនាង មាត់នាងក៏ញញឹមបិទមិនជិត សំឡឹងមើលទៅចិញ្ចៀននោះមិនឈប់ ជុននីអូឯណោះកាលបើបានឃើញបេះដូងគេក៏ជ្រុះដល់ដី។
"លោកប៉ាអនុញ្ញាតឲ្យខ្ញុំភ្ជាប់ពាក្យហើយ លោកប៉ាជាអ្នកប្រគល់ចិញ្ជៀនគូឲ្យមកពួកយើង ពួកយើងក៏មិនបានធ្វើពិធីអីដែរ គ្រាន់តែបំពាក់ចិញ្ជៀន"
"មូលហេតុនេះរឺទើបអែមមីសប្បាយចិត្តម៉្លេះ?" អែមមីក៏ងក់ក្បាលឆ្លើយតបទៅជុននីអូ បន្ទាប់ពីបាននិយាយពីបាននិយាយរឿងល្អរបស់នាងប្រាប់ទៅគេមុន នាងមិនបានដឹងឡើយថារឿងល្អរបស់នាងវាផ្ទុយគ្នាពីដំណឹងដែលជុននីអូចង់ប្រាប់ ដៃមាំក៏លូកទម្លាក់ទូរសព្ទ័ចូលក្នុងហោប៉ៅវិញទាំងអស់ចិត្ត។
"និយាយអញ្ចឹងជុននីអូថាមានរឿងអីចង់និយាយជាមួយអែមមីមែនទេ? អា៎..នំខេកឈីស" ឃើញតែនំសំណព្វអែមមីក៏ប្រញាប់ឈោងយកស្លាបព្រារួចដួសញុំាយ៉ាងឆ្ងាញ់មាត់ ចំណែកជុននីអូវិញក៏បានតែញញឹមនឹងក្រវីក្បាល។
"មិនមានរឿងអីទេ គ្រាន់តែណាត់ក្មេងមកមើលមុខនឹងទិញនំឈីសឲ្យញ៊ាំសងកាលពីថ្ងៃមុនដែលធ្វើធ្លាក់នឹងណា៎ ញ៊ាំឲ្យច្រើនៗទៅ" ជុននីអូនិយាយរួចក៏លើកដៃវែកសក់នាងល្អិតអែមមីបន្តិច ទឹកមុខគេក៏បង្កប់នូវភាពព្រួយបារម្ភលាយឡំនឹងការអាណិតទៅកាន់នាង។
(អែមមីមិនដឹងទេថាគេកំពុងតែមានរឿងលាក់បាំងជាមួយអែមមី ខ្ញុំគួរនិយាយបែបណាទៅ?)

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now