ភាគទី៣១

387 16 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣១

២ថ្ងៃកន្លងផុតទៅ..
ពន្លឺចាំងភ្លឺចូលតាមចន្លោះបង្អួចយន្តហោះដែលកំពុងតែហោះសំកាំងខ្លួនបង្អួតរាងនៅលើអាកាសទាំងព្រឹកព្រហាមថ្ងៃថ្មី ផ្ទៃមេឃស្រស់ស្អាតទាក់ទងដល់ក្រសែភ្នែកបុរសសង្ហាដែលកំពុងអង្គុយកៀកក្បែរនឹងបង្អួចនោះមិនអាចងាកចេញបានរួចក៏ប្រញាប់ដកទូរសព្ទ័ចេញមកថតវាភ្លាម ទាំងដែលពីដើមមកគេមិនដែលចាប់អារម្មណ៍នឹងធ្វើរឿងទាំងនេះ រឹតតែមិនដែលសូម្បីតែបើកកាំមេរ៉ាថតអីបែបនេះ តែតាំងពីគេនៅជាមួយអែមមី ប្រើជីវិតឯកជនយ៉ាងមានន័យជាមួយនាង គេក៏ទទួលបានទម្លាប់ថ្មីមួយដែលគេមិនធ្លាប់ធ្វើ ហើយវាក៏នាំឲ្យគេមានអារម្មណ៍ល្អចម្លែកមិនធ្លាប់បានជួប។
"បងដូចជាអារម្មណ៍ល្អណាស់ថ្ងៃនេះ" ម្ចាស់កាយតូចដែលគេលើកៅអីម្ខាងក្បែរនោះក៏និយាយទាំងបើកភ្នែកមីរៗសំឡឹងមើលទៅនាយ ស៊ុកជីនក៏ទុកទូរសព្ទ័លើតុធ្នើរខាងមុខរួចក៏បន្ទាបខ្លួនចូលទៅជិតនាងរួចអោបកាយតូចដែលទើបតែងើបពីគេង មិនភ្លេចអោនថើបសក់នាងស្រាលៗផង អែមមីក៏ញញឹមទៅកាន់រួចក៏លូកដៃទាញទូរសព្ទ័ស៊ុកជីនមករួចអូសមើលរូបថតទេសភាពខាងក្រៅដែលគេថតអម្បាញ់មិញរួចញញឹមខ្ជឹប។
"ឃើញថាការថតបងវិវត្តន៍ច្រើនណាស់ មិនអន់ទេ" អែមមីក៏ញ៉ោះស៊ុកជីន មិនភ្លេចមិចភ្នែកបែបក្រមិចក្រមើមទៅកាន់គេ ស៊ុកជីនក៏ញាក់ចិញ្ចើមទាំងជឿជាក់រួចក៏ផ្ដេកខ្លួនគេងក្បែរនាង នៅលើយន្តហោះនេះមិនមានអ្នកណាឡើយក៏ព្រោះស៊ុកជីនបានជួលយន្តហោះឯកជនដើម្បីហោះហើរទៅកាន់មាតុប្រទេសអែមមីតែម្ដង ម៉្យាងវាក៏ងាយស្រួលឲ្យអែមមីសម្របខ្លួនដែរ ព្រោះនាងក៏មិនជាទម្លាប់នឹងទីកន្លែងមនុស្សច្រើនប៉ុន្មានដែរ។
"ទៅដល់កូរ៉េភ្លាមអូនគិតចង់ទៅណា?" អែមមីក៏ជ្រឹបចិញ្ចើមគិតពីសំនួរដែលស៊ុកជីនសួររួចក៏ក្រោកអង្គុយឆ្កក់សំឡឹងមើលទៅខាងក្រៅ មុននឹងផ្ដេកខ្លួនទប់លំនឹងលើទ្រូងរបស់គេបន្តិច មុននឹងលើកដៃចង្អុលទៅកាន់សួនកំសាន្តដែលពួកគេកំពុងតែហោះសំកាំងខ្លួនពីលើនោះ។
"កន្លែងចាស់របស់ពួកយើង"
"កន្លែងដំបូងដែលពួកយើងមកជាមួយគ្នា អូននឹកដល់វាខ្លាំងណាស់ហើយក៏មិនដែលនឹកស្មានថាពួកយើងនឹងមកជាមួយគ្នាជាថ្មីម្ដងទៀតក្នុងនាមជាគូស្នេហ៍ឡើយ ពេលវេលាផ្លាស់ប្ដូរខ្លាំងពិតមែន" អែមមីក៏និយាយទាំងរាងកាយនាងនៅក្នុងការអោបក្រសោបរបស់ស៊ុកជីននៅឡើយ កែវភ្នែកដែលសំឡឹងមើលទៅនោះក៏ប្រែជារលីងរលោងដោយគ្មានមូលហេតុ ទឹកភ្នែកស្រក់តក់សើមលើផ្ទៃខោខ្មៅក្រឹបរបស់នាយនាំឲ្យគេប្រញាប់ដឹងនាងអោនសំឡឹងមើលក៏ឃើញថាអែមមីនាងកំពុងតែយំ ចិត្តបារម្ភក៏ស្រាប់តែកើនឡើងជាថ្មីទៀត។
"អែមមី.."
"អូនមិនបានកើតអីទេ គ្រាន់តែរំភើបដែលពួកយើងបានមកទីកន្លែងចាស់ជាមួយគ្នាម្ដងទៀត ទៅតាមសន្យាដែលបងធ្លាប់បាននិយាយកាលពីជាង១០ឆ្នាំមុន" អែមមីនិយាយរួចត្រសុលអោបគេជាថ្មី ស៊ុកជីនក៏មិនបង្អង់អោបថើបនាងទាំងពេញចិត្តពេញថ្លើម។
"បងស្រឡាញ់អូន"
១ម៉ោងក្រោយការហោះហើរ ពួកគេក៏បន្តដំណើរបន្តមកកាន់សួនកំសាន្តដែលនៅតែរក្សាភាពដើមដដែល ទាស់ត្រង់ថាថ្មើរនេះជាពេលថ្ងៃមិនសូវជាមានមនុស្សមកលេងច្រើនមកលេងឡើយ ម៉្យាងវាក៏ជាថ្ងៃធ្វើការទៀត អាចថាវាជាគ្រាល្អដែលអាចឲ្យគូស្នេហ៍មួយគូនេះប្រើប្រាស់ពេលវេលាផ្អែមល្ហែមជាមួយគ្នាដោយមិនចាំបាច់បារម្ភពីអ្វីទាំងអស់។
"មកហើយៗ" ម្ចាស់កាយសង្ហាចូលមករកអែមមីព្រមជាមួយនឹងមាត់បំពងនឹងប័រហ្គឺដែលនាងចូលចិត្តមកជាមួយផង នាងល្អិតអែមមីក៏ញញឹមយ៉ាងស្រស់ទទួលយកវាមក ស៊ុកជីនក៏ទាញកៅអីចូលមកជិតនាងរួចសំឡឹងមើលទៅអែមមីដែលបេះសាច់នោះញ៊ាំតិចៗ។
"យ៉ាងមិចដែរ? បងមិនបានកម៉្មង់ហិរឡើយព្រោះខ្លាចថាអូនអាចនឹងមិនស្រួលពោះណា៎" ស្របពេលដែលស៊ុកជីននិយាយនាងតូចក៏លូកដៃចុះអង្អែលប៉ះពោះខ្លួនស្រាលៗព្រមទាំងញញឹមទៅកាន់គេ ដៃក៏បេះសាច់ផ្នែកខាងស្បែកដែលស៊ុកជីនចូលចិត្តនឹងបញ្ចុកគេ។
"បងក៏គួរតែញ៊ាំព្រោះបងក៏មិនត្រូវឈឺដូចគ្នា"
"បាទ៎ អូនសម្លាញ់" អែមមីនឹងស៊ុកជីនក៏បន្តញ៊ាំវាបន្តទៀត នាងតូចក៏ងាកមើលទៅម្ខាងរួចក៏ញញឹម ស៊ុកជីនងាកតាមទិសដៅនាងនាំឲ្យគេបុកពោះតែម្ដង ព្រោះថានាងសំឡឹងមើលទៅ Roller coasterទៀតហើយ ក្រសែភ្នែកមានពន្លឺមិនខុសពីកាលពីក្មេងឡើយ គេមកអង្គុយនៅទីនេះប្រៀបបីដូចជាមកអង្គុយសំឡឹងមើលទៅរូបកាយនាងកាលពីអតីតកាលមកអញ្ចឹង។
"ញ៊ាំរួចពួកយើងជិះ Roller coasterទេ"
"អូនក៏ដឹងថាបងខ្លាចខ្ពស់?" អែមមីក៏ប៉ូញមាត់បន្តិចព្រោះបានមកដល់ទៅហើយបែរជាមិនបានជិះបានត្រឹមតែអង្គុយសំឡឹងមើលដដែល តែថាគ្រប់យ៉ាងនាងក៏គិតខុសហើយ។
"តែបងក៏មិនអាចប្រឆាំងចិត្តព្រះនាងតូចរបស់បងបានដែរ បងស្របតាមអូនគ្រប់យ៉ាង" ស៊ុកជីនលូកដៃទៅកាន់ស្រាក់ជាមួយនឹងដៃអែមមីរួចក៏ញញឹមបិទមាត់មិនជិត ស្រីតូចក៏ងាកមើលទៅគេនឹងញញឹមទៅកាន់គ្នាក្រោមពន្លឺចាំងពីអំពូលភ្លើងរបស់ហាងនោះ។

ពេលល្ងាច...
"អ្នកម៉ាក់" ទម្រាំតែចាកចេញពីសួនកំសាន្តមកពួកគេក៏នាំគ្នាមកកាន់ភូមិគ្រឹះត្រកូលអាល់ម៉ាឌីដែលជាផ្ទះកំណើតរបស់អែមមី នឹងជាកន្លែងដែលមានអនុស្សាវរីយ៍ជាច្រើននៅទីនោះ រាល់ពេលដែលនាងលំបាករឺក៏សប្បាយមានតែទីនេះប៉ុណ្ណោះដែលអាចព្យាបាលនាងបាន។
"កូនស្រីម៉ាក់ ហ៊ឹម" ស្កាលេតដែលឈរចាំជាស្រេចមុខវីឡាឯណោះក៏ប្រញាប់ចុះមកអោបកូនស្រីភ្លាមៗគ្រាន់តែបានឃើញវត្តមាននាងមកដល់ភ្លាម ហូស៊ុកឯណោះក៏ចុះមកតាមក្រោយនៅឈរក្បែរភរិយាអោបដៃសំឡឹងមើលទៅកូនស្រីទាំងស្នាមញញឹម។
"លោកវីគ្រីស ខ្ញុំមិនស្មានថាលោកនឹងកូនស្រីខ្ញុំមកជាមួយគ្នាតែម្ដងបែបនេះសោះ" ហូស៊ុកក៏និយាយទៅកាន់ស៊ុកជីន មុននឹងងាកមកអង្អែលក្បាលកូនស្រីវិញ ស៊ុកជីនក៏ញញឹមរួចចូលទៅជិតអែមមីកាន់ស្មានាងជាប់។
"ពួកយើងឡើងទៅខាងលើសិនទៅម៉ាក់ កូនមានរឿងចង់និយាយជាមួយប៉ាម៉ាក់ហើយម៉្យាង..." អែមមីលើកដៃអង្អែលពោះហាក់ប្រាប់ថានាងឃ្លានហើយ គ្រប់គ្នាក៏អស់សំណើចរួចស្រុះស្រួលនាំគ្នាចូលទៅខាងក្នុងតែម្ដង។
ស្កាលេតកាន់ស្មាកូនស្រីនាំនាងចូលមកខាងក្នុង ចំណែកឯហូស៊ុកក៏បណ្ដើរគ្នាចូលមកជាមួយអនាគតកូនប្រសារប្រុសដែលមកវីឡាគេដោយផ្ទាល់ក្នុងនាមជាគ្រួសារមិនមែនជាអ្នកដទៃដូចកាលពីមុន ពួកគេស្រុះស្រួលគ្នាចូលទៅកាន់តុអាហារតាមកន្លែង។
"អូនចង់ញ៊ាំទឹកសិនទេ?"
"មិនអីទេបងអង្គុយចុះមក ពួកយើងនិយាយពីរឿងដែលបងកំពុងតែគិតនោះប្រាប់លោកប៉ាអ្នកម៉ាក់ទៅ" គ្រាន់តែលឺអែមមីនិយាយភ្លាមស៊ុកជីនក៏ញញឹមកាលបើក្នុងចិត្តដែលគេគិតពេលនេះគឺប្រាកដណាស់ជារឿងដែលនឹងកើតឡើងបន្ទាប់ពីការភ្ជាប់ពាក្យនោះគឺជាការរៀបការ។
"គឺថាខ្ញុំចង់និយាយពីរឿងរៀបការរបស់..."
(បងជីន)
សុខៗក៏មានសំឡេងរបស់មនុស្សស្រីដែលប្រហែលៗអាចឲ្យកាយសង្ហាដែលមានស្នាមញញឹមពព្រាយអម្បាញ់មិញផ្លាស់ប្រែភ្លាម មុននឹងប្រញាប់ងាកទៅមើលភ្លាម។
"ឡរ៉ា?" រូបភាពម្ដាយកូន២នាក់ចូលមកជាមួយគ្នាជារូបភាពដែលនាំភ័យស្លន់ស្លោរដល់នាយជាខ្លាំងក៏មិនស្មានថានឹងបានឃើញនាងមកទីនេះ។
"ឡរ៉ា..មកទីនេះបានដោយរបៀបណា?"
"អូនជាអ្នកហៅនាងមក" អែមមីជាអ្នកនិយាយជំនួស មុននឹងក្រោកនាំខ្លួនឡើងផុតពីកៅអី ដៃតូស្រឡូនលូកដោះចិញ្ជៀនភ្ជាប់ពាក្យថ្មីថ្មោងរបស់ពួកគេដែលមានរយៈពេលមិនទាន់ប៉ុន្មានផងនោះដាក់លើបាតដៃជីន នាយក៏ប្រញាប់លូកកាន់ក្រសោបអែមមីទាំងសងខាងរួចក្រវីក្បាលទាំងភ្នែករលីងរលោងខុសប្លែកពីអែមមីដែលមានទឹកមុខស្មើងាកបែរមើលទៅប៉ាម៉ាក់នាងដែលកំពុងតែឆ្ងល់ជាខ្លាំងនោះ។
"ប៉ាម៉ាក់..."
"កូនសុំទោស..តែកូនចង់ផ្ដាច់ពាក្យ"

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now