ភាគទី២៨

422 16 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី២៨

ប្រទេសចិន..
"បងស្រី" សំឡេងស្រួយស្រៈបន្លឺឡើងពីមាត់របងអាផាតមិនធំល្មមមួយដែលមានទីធ្លាទូលាយ មានព្រៃព្រឹក្សាខៀវស្រងាត់គួរឲ្យចង់រស់នៅតែម្ដង បូកផ្សំនឹងអាកាសធាតុត្រជាក់ស្រេងថែមទៀត នាងតូចដែលផ្លាស់ប្ដូរការធ្វើដំណើរពីជិះយន្តហោះមកជិះឡាន រួចពេលនេះមកឈរហាលត្រជាក់អញ្ចឹងទៀតក៏នាំឲ្យនាងរងាដល់ថ្នាក់ទាញយកអាវក្រៅដែលគ្របលើវ៉ាលីមកពាក់សិន រង់ចាំម្ចាស់ផ្ទះចេញមកស្វាគមន៍។
"អូ! មាតា...មីងអែមមីមកលេង" ស្រាប់តែមានសំឡេងក្មេងតូចម្នាក់និយាយឡើង ស្របនឹងវត្តមានក្មេងតូចម្នាក់ទៀតរត់ចេញមកបំណងចង់មកមើលដែរថាជាមីងតូចរបស់ពួកគេរឺអត់ តែក៏លោតកញ្ជ្រោលកាលបើការគិតរបស់គេជាការពិត។
"អា៎ ដេវីននៀក្មួយប្រុសមីង ហិហិ" ដេវីននៀមិនបានគិតច្រើនក៏ប្រញាប់ច្រកស្បែកជើងរួចរត់មករកអែមមីនៅមាត់របងមុនអ្នកណាៗទាំងអស់នៅក្នុងផ្ទះ ទ្រង់ខានជួបនឹងអែមមីយូរណាស់មកហើយ ពេលនេះអ្នកមីងជាទីស្រឡាញ់ក៏មកលេងដល់ផ្ទះបែបនេះ បើមិនសប្បាយចិត្តទើបចម្លែក។
"ម៉ាក់មីងតូចមកយូរទេ? រងាណាស់ចាំដេវីននៀបើកទ្វារឲ្យម៉ាក់មីងតូច...អីស៎" ដេវីននៀនិយាយទាំងគួរឲ្យស្រឡាញ់ ដៃតូចៗក៏លូកទាញបើកទ្វារឡើងក្រហមមុខព្រោះតែមិនចង់ឲ្យអែមមីនៅឈរខាងក្រៅយូរ អែមមីក៏ញញឹមរួចបន្ទន់ជង្គង់ចុះសំឡឹងមើលក្មួយប្រុសចំៗ។
"ដេវីននៀពេលនេះធំច្រើនដល់ហើយ"
"បាទ៎ ហើយសង្ហាទៀត ហិហិ" សម្ដីគេនាំឲ្យអ្នកជាមីងឯណោះគាំងនិយាយអីលែងចេញបានត្រឹមតែអស់សំណើចមិនឈប់តែម្ដង។
"ហីយ៉ានេះទៅទទួលភ្ញៀវមុនគេតែម្ដង"
"មាតា/បងស្រី" ដេវីននៀនឹងអែមមីក៏និយាយព្រមគ្នា បន្ទាប់ពីបានលឺសំឡេងកាត់ការសន្ទនាពួកគេអម្បាញ់មិញ ហ្វីលីណាចេញពីខាងក្នុងមកព្រមជាមួយស្នាមញញឹមស្រស់ស្អាតមកជាមួយ អែមមីរំភើបចិត្តជាខ្លាំងកាលបើបានឃើញបងស្រីរស់នៅយ៉ាងស្រស់បំព្រងបែបនេះ ហ្វីលីណាបើកទ្វាររបងរួចក៏លាដៃទទួលការអោបយ៉ាងកក់ក្ដៅពីប្អូនស្រីក្រៅសាច់ឈាមដែលតែងតែមើលថែនាង នៅក្បែរនាងនាគ្រាដែលនាងជួបទុក្ខ។
"បងនឹកអូនដល់ហើយអែមមី រួចនេះអូនមកតែម្នាក់ឯងទេរឺ? ចុះជុននីអូ?" ហ្វីលីណាក៏ស្រាប់តែរំលឹកដល់ជុននីអូ អែមមីក៏បានត្រឹមតែញញឹមទៅកាន់នាងហាក់មិនដឹងនិយាយប្រាប់បែបណាក៏ព្រោះថានាងនឹងជុននីអូហាក់ឃ្លាតឆ្ងាយពីគ្នាចាប់តាំងពីពេលដែលនាងនឹងស៊ុកជីនទាក់ទងគ្នាមក អែមមីមិនបានដេញដោលគេច្រើនឡើងក៏ព្រោះតែនាងបានដឹងពីចម្លើយរួចស្រេចទៅហើយថាមកពីហេតុអី ទើបនាងព្រមបណ្ដោយឲ្យគេធ្វើតាមចិត្តទៅ។
"ជុននីអូប្រហែលជាមានការងារធ្វើច្រើនហើយឲ្យគេប្រើប្រាស់ជីវិតខ្លួនឯងខ្លះក៏ល្អ" សំឡេងគ្រលរធំបន្លឺពីដើមករបុរសសង្ហារាងខ្ពស់ស្រឡះដែលចងអៀមធ្វើម្ហូបនៅនឹងចង្កេះនាំឲ្យវត្តមានអ្នកជាភ្ញៀវឯណោះភ្ញាក់មិនស្ទើរ អ្នកអង្គម្ចាស់ជុងយាងចូលមកជិតហ្វីលីណាក៏រួចក៏មិនភ្លេចលើកដៃឈោងទៅឈ្លីអង្អែលក្បាលនាងល្អិតអែមមីផង ទ្រង់ក៏មិនខុសពីហ្វីលីណាឡើយ ត្បិតទ្រង់មិនបានមើលថែនៅក្បែរនាងតែទ្រង់ក៏ស្គាល់នាង ធ្លាប់បានឃើញនាងជារឿយៗតាំងពីនៅតូចក្រូចឆ្មាម៉្លេះ ម៉្យាងនាងក៏ជាប្អូនស្រីដែលមហេសីទ្រង់ស្រឡាញ់បំផុតផង។
"នេះអ្នកអង្គម្ចាស់.."
"គឺបងបង្រៀនទ្រង់ធ្វើនំម៉ូឈីនឹងណា៎ ក្មេងៗចូលចិត្តញ៊ាំចឹងហើយទើបទ្រង់ចង់ឲ្យបងបង្រៀនធ្វើវា ងាយស្រួលថាទ្រង់អាចធ្វើឲ្យបុត្រញ៊ាំ" ហ្វីលីណាក៏ជាអ្នករៀបរាប់បរិយាយប្រាប់ដល់ប្អូនស្រី អែមមីក៏ងក់ក្បាលឆ្លើយតបមុននឹងនាំគ្នាចូលទៅខាងក្នុងផ្ទះតែម្ដង ព្រោះនាងខាងក្រៅវាត្រជាក់អាចនាំឲ្យពួកគេ ជាពិសេសគឺក្មេងៗផ្ដាសាយបាន។
"មោះអ្នកណាចង់លេងទឹកអាងខ្លះ? បិតារៀបចំបញ្ចូលខ្យល់ក្នុងពោងរួចរាល់អស់ហើយ"
"បុត្រៗ" ទាំងដេវីននៀនឹងនែលឡាក៏លើកដៃឡើងព្រមគ្នាតែម្ដង អ្នកអង្គម្ចាស់ក៏ញញឹមរួចងាកមកឲ្យជាសញ្ញាដល់ហ្វីលីណាថាទ្រង់នាំក្មេងៗទៅក្រៅហើយ មិននៅរំខានស្រីៗនិយាយគ្នាទេ។
"ហីយ៉ា! បងស្រីចំជាសំណាងដល់ហើយ"អែមមីក៏លួចច្រណែនតិចតួចនឹងស្នេហាព្រមទាំងការយល់ពីគ្នារវាងបងស្រីនាងនឹងអ្នកអង្គម្ចាស់នៅពេលមកដល់ខាងក្នុងឃើញអ្នកអង្គម្ចាស់យកចិត្តទុកដាក់នឹងបងស្រីនាង ព្រមទាំងកូនៗបែបនេះ។
"និយាយអញ្ចឹងបងលឺថាអូនភ្ជាប់ពាក្យហើយពិតទេ?" ហ្វីលីណាក៏កាត់មកដល់រឿងរបស់អែមមីវិញ នាងល្អិតក៏ញញឹមរួចលើកដៃបង្ហាញចិញ្ជៀនភ្ជាប់ពាក្យរបស់នាងឲ្យហ្វីលីណាបានឃើញ ជាបងស្រីឃើញប្អូនស្រីមានក្ដីសុខជាអ្វីដែលនាងចង់ឃើញបំផុតហើយ។
"បងសប្បាយចិត្តណាស់ដែលទីបំផុតបងឃើញប្អូនស្រីបងញញឹមមានក្ដីសុខបែបនេះ និយាយអញ្ចឹងលោកស៊ុកជីនមិនបានមកជាមួយនឹងអូនទេរឺ?"
"បងជីនគាត់និយាយថាថ្ងៃនេះគាត់មានការប្រជុំសំខាន់មកមិនបាន ប្រហែលជាថ្ងៃស្អែកគាត់អាចនឹងមកហើយ..ទេដឹង?" អែមមីនិយាយទាំងញឹមៗហាក់បីដូចជាមានអ្វីលាក់បង្កប់នៅក្នុងចិត្ត ហ្វីលីណាក៏រហ័សដឹងនឹងប្រញាប់ចូលទៅជិតប្អូនស្រីដើម្បីនិយាយសួរនាំ។
"បងស្រី..ខ្ញុំចង់បានស្នេហាគង់វង្សដូចជាបងដែរ.. ខ្ញុំចង់ក្លាហានដូចជាបងស្រី ជម្នះនៅជាមួយនឹងអ្នកអង្គម្ចាស់រហូតដល់ទីបញ្ចប់ណាស់ តែ..."
"ខ្ញុំខ្លាច..." ហ្វីលីណាស្ដាប់តែប៉ុណ្ណេះនាងក៏ដឹងពីភាពភ័យខ្លាចរបស់ប្អូនស្រីទៅហើយ រវាងអែមមីនឹងស៊ុកជីនគឺមានគម្លាតអាយុខុសគ្នាឆ្ងាយអាចនិយាយបានថាឆ្ងាយដាច់តែម្ដង ហើយពួកគេក៏រស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយការមាក់ងាយនឹងរើសអើងចំពោះរឿងបែបនេះ សម្រាប់អ្នកខ្លះអាចគិតថាអែមមីជាក្មេងដែលស្រឡាញ់បុរសចំណាស់ដូចស៊ុកជីនព្រោះដើម្បីបានទ្រព្យធនទាំងដែលនាង គ្រួសារនាងមានលុយគរដូចជាភ្នំក៏ដោយ ចំណែកឯអ្នកខ្លះក៏ប្រហែលជាគិតថាស៊ុកជីនស្រឡាញ់ក្មេងអាយុសឹងនឹងស្មើកូនព្រោះតែចំណង់តណ្ហាមួយគ្រា ទាំងដែលគេជម្នះតាមមើលថែនាងតាំងពីក្មេងមករហូតដល់ពួកគេសម្រេចចាប់ដៃគ្នាបន្តក្នុងនាមជាគូ។
"អូនដឹងទេ?" ហ្វីលីណាក៏ចូលមកជិតប្អូនស្រីទាញនាងមកជិតនឹងអោបក្រសោបនាងយ៉ាងកក់ក្ដៅ គោះអង្អែលខ្នងស្រាលៗលួងលោមនាងឲ្យបានស្ងប់ចិត្ត។
"អ្វីដែលគួរឲ្យខ្លាចជាងគេបំផុតនោះគឺមិនមែនសង្គមឡើយ តែជាការបែកបាក់គ្នា..ហេតុអីអូនយកក្ដីសុខខ្លួនឯងទៅផ្ញើនឹងមាត់អ្នកដទៃ?"
"តែវាក៏មិនងាយស្រួលដែរបងស្រី មានរឿងជាច្រើនដែលយើងមិនអាចមើលឃើញ ថ្ងៃនេះគ្រប់យ៉ាងវាអាចនឹងរលូនល្អ តែថ្ងៃខាងមុខវាក៏អាចនឹងផ្លាស់ប្ដូរទៅរកស្ថានភាពមួយផ្សេងទៀត"
"អញ្ចឹងក៏ធ្វើពេលបច្ចុប្បន្ននេះឲ្យល្អបំផុតទៅ ដូចបងធ្លាប់បាននិយាយអញ្ចឹង មនុស្សយើងបើបានជួបគ្នាមិនថាយូររឺឆាប់សុទ្ធតែជាវាសនាអ្នកកំណត់ បើសិនជាអាចរស់នៅជាមួយគ្នារហូតវាជារឿងល្អ តែបើសិនជាត្រឹមតែមួយរយៈក៏ពួកយើងនៅសល់អនុស្សាវរីយ៍ល្អទុកគ្រាន់រំលឹកដល់គ្នាទៅថ្ងៃខាងមុខ អញ្ចឹងហេតុអីក៏យើងទុកពេលគិតពីវាធ្វើអីទៀតទៅ?" អែមមីក៏ទទួលស្ដាប់ពាក្យបងស្រីនិយាយទាំងញញឹម ហ្វីលីណានិយាយក៏សមហេតុផល ពេលវេលាខាងមុខគ្មានអ្នកណាអាចស្មានមុនដឹងឡើយ មានតែព្យាយាមរៀបចំបច្ចុប្បន្នឲ្យបានល្អបំផុត ដើម្បីកុំឲ្យមានការស្ដាយក្រោយនៅពេលក្រោយទៀត។
...
ទីក្រុងរ៉ូម, អុីតាលី
ឡានទំនើបបើកចូលមកកាន់ផ្លូវតូចចង្អៀតមួយទាំងងឹតស្លុប ក្នុងឡានក៏មានវត្តមានរបស់មនុស្សប្រុសស្រី២នាក់ដែលមានទឹកមុខស្មើដូចគ្នា ស៊ុកជីនក៏គិតតែពីសំឡឹងមើលផ្លូវមិនបាននិយាយអ្វីទាំងអស់រហូតជូនឡរ៉ាមកដល់ខាងមុខផ្ទះរបស់នាងឯណោះ។
"អរគុណបងដែលជូនមកហើយសម្រាប់រឿងពីថ្ងៃ..."
"ចាត់ទុកថាវាមិនបានកើតឡើងទៅចុះ ពួកយើងសុទ្ធតែមិនបានតាំងចិត្តឡើយ បំភ្លេចវាចោលចុះ" ស៊ុកជីនក៏ជាអ្នកនិយាយកាត់ទៅឡរ៉ា នាងក៏ទល់អណ្ដាតរួចញញឹមងក់ក្បាលបន្តិច ដៃតូចស្រឡូនក៏លូកយកអ្វីម៉្យាងពីក្នុងហោប៉ៅចេញមកមុននឹងហុចឲ្យទៅនាយ ស៊ុកជីនក៏ទទួលយកវាមកមើលទើបឃើញថាវាជារូបថតរបស់ក្មេងតូចហើយម្នាក់នោះជាវ៉ូយ៉ននឹងឯង។
"ជារូបភាពដែលបងមិនដែលបានឃើញ វ៉ូយ៉ននាងធំធាត់មិនសូវជាបានល្អឡើយ ព្រោះតែនាងមានជម្ងឺតាំងពីតូចក្រូចឆ្មាមក" ស៊ុកជីនក៏មើលរូបវ៉ូយ៉នមុននឹងសម្គាល់ឃើញមានក្រដាសមុខដែលបិទជាប់ពីក្រោយ វាជាក្រដាសរុំជិតទើបគេហែកបើកវាមើល មុននឹងបានឃើញក្រដាសមួយដែលគេរំពឹងចង់ឃើញ ហើយលទ្ធផលក៏វាដូចជាការគិតរបស់គេថែមទៀត។
"បងនិយាយត្រូវ វ៉ូយ៉នជាកូនរបស់បង កូនដែលកើតចេញពីការជ្រុលជ្រួសរបស់ពួកយើងនាគ្រានោះ"
"ហេតុអី? ហេតុអីក៏អូនទើបតែប្រាប់មកពេលនេះ?" ឡរ៉ាក៏ខាំមាត់រួចងាកមកមើលគេទាំងរលីងរលោង ដៃលូកក្រសោបកាន់ដៃនាយរួចក៏យកមកអឹបជាប់នឹងថ្ពាល់ខ្លួនតិចៗ មុននឹងឈោងអោបគេជាប់ណែន។
"វាយឺតពេលទេ បើខ្ញុំចង់ឲ្យបងត្រឡប់មកវិញ មករស់នៅក្នុងនាមជាប៉ារបស់វ៉ូយ៉ន មើលថែនាងជាមួយគ្នា ហ៊ឹកៗ" បានលឺនាងយំស៊ុកជីនក៏បានតែគោះអង្អែលខ្នងនាងតិចៗទាំងខួរក្បាលគិតកង្វល់នឹងអែមមី។
ង៉ោង!
បន្ទាប់ពីនាងចុះស៊ុកជីនក៏បើកឡានចេញទៅបាត់ទាំងកង្វល់តែថាអ្នកម្ខាងទៀតឯណេះទោះបីជាយំ តែនាងក៏នៅអាចបញ្ចេញស្នាមញញឹមបាន ដៃម្ខាងវាសទឹកភ្នែកខ្លួនឯងដែលសម្រក់គ្រាន់ជាឆាកល្ខោនបំភន្ត័គេ។
"ម៉ាក់មកហើយ" សំឡេងក្មេងស្រីតូចដែលសប្បាយនឹងការមកដល់របស់ម្ដាយបន្លឺឡើង នាងរត់មកអោបម្ដាយទាំងញញឹម ខុសពីម្ដាយដែលបង្ហាញទឹកមុខយ៉ាងធុញទ្រាន់រួចក៏រុញនាងមួយជំហរ។
ព្រូស!
"កុំមកអោបយើងនាងក្មេងហេងស៊យ! បានយើងធ្វើល្អប៉ុន្មានថ្ងៃកុំបានចិត្ត"
"អ្ហឹកៗ ម៉ាក់"

ហេតុអី? ក្មេងខុសអី?

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now