ម្ចាស់គ្រងបេះដូង
ភាគទី៤៧1.1Kសម្រាប់ភាគបន្ត
"អែមមី?" ស៊ុកជីនហាក់មិនចង់ជឿនឹងភ្នែកដែលបានឃើញ ត្រចៀកដែលបានលឺគ្រប់យ៉ាងពីមាត់អែមមីបាននិយាយនោះ ហេតុអី? នាងមិនស្គាល់គេអញ្ចឹងហេស៎? មិនអាចឡើយ..មិនអាចទេ។
"អែមមី..នាងមិនអីទេមែនទេ? មានឈឺកន្លែងណាទេ? ហើយនាងចាំខ្ញុំបានទេ គឺជុននីអូណា៎" ជុននីអូមិនបង្អង់ក៏លូកដៃទាំងសងខាងទៅកាន់ក្រសោបស្មារបស់អែមមីជាប់ សួរនាំទាំងចង់ដឹងចម្លើយតែអ្វីដែលគេទទួលបានពីនាងមកវិញគឺទឹកមុខបែបមិនដឹងខ្យល់របស់នាង ព្រមនឹងការក្រវីក្បាលញាប់ស្អេកបដិសេធវិញ។
"ខ្ញុំមិនចាំអ្វីទាំងអស់ សូម្បីតែខ្ញុំ...ខ្លួនឯង" អែមមីក៏ដកដៃពីការកាន់ក្រសោបរបស់ជុននីអូប្ដូរមកជាទប់ក្បាលខ្លួនឯងហាក់វង្វេងវង្វាន់ជាមួយបរិយាកាសដែលនាងជួបនាពេលនេះ បន្ទាប់ពីគេងសម្រាកអស់ជាយូរមកគ្រប់យ៉ាងក៏ហាក់ដូចជាថ្មីស្រឡាងសម្រាប់នាងតែម្ដង ជុននីអូដែលនៅក្បែរនោះក៏បានត្រឹមព្រលែងខ្យល់ដង្ហើមធំបន្តិច តែភាពតានតឹងរបស់គេក៏មិនអាចគេចពីក្រសែភ្នែករបស់នាងល្អិតអែមមីយើងដែរ។
"តែថា..ខ្ញុំឃើញឯងនៅក្នុងយល់សប្ដិរបស់ខ្ញុំ ឃើញឯងអោបខ្ញុំ លួងលោមខ្ញុំ នាំខ្ញុំដើរលេង.. ឯង..ឯងនឹងខ្ញុំត្រូវជាអីនឹងគ្នាទៅ? ខ្ញុំឆ្ងល់ណាស់" អែមមីក៏ខិតកិលខ្លួនឯងតិចៗទៅជិតជុននីអូ និយាយសួរនាំគេទាំងទឹកមុខញញឹមគួរឲ្យស្រឡាញ់មិនធ្លាប់ប្រើដាក់អ្នកណា ដល់ថ្នាក់ថាអ្នកដែលឈរនៅក្បែរនោះមិនស្រួលក្នុងចិត្តកាន់តែខ្លាំងថែមមួយកម្រិតទៀត។
"ពួកយើងទាក់ទងគ្នាមែនទេ?"
"អែមមី.." អ្នកម្ខាងស្ដាប់ទាំងភាំងចំណែកឯអ្នកដែលឈរនៅក្បែរនោះម្នាក់ទៀតក៏បែរជាកាន់តែចុកទ្រូងនិយាយមិនចេញ? ហេតុអី? មនុស្សដែលអូនស្រឡាញ់នៅត្រង់នេះហើយ ហេតុអីអូនមិនចងចាំ? ស៊ុកជីនក៏មិនបណ្ដោយឲ្យបាត់ឱកាសរបស់ខ្លួនដែរ បានឱកាសដែលជុននីអូមិនទាន់និយាយបកស្រាយអ្វី នាយក៏ប្រញាប់ឆក់ឱកាសដោយការទាញដៃអែមមីមកកាន់ក្រសោបដៃនាងជាប់ ទាំងដែលសមីខ្លួនមិនទាន់បានត្រៀមខ្លួនអ្វីបន្តិចសោះ។
"អត់ទោសលោក.. គាត់គឺលោកប៉ារបស់ឯងមែនទេ?" អែមមីមិនត្រឹមតែបដិសេធការកាន់ក្រសោបរបស់ស៊ុកជីនប៉ុណ្ណោះទេ ថែមទាំងឆ្លៀតងាកទៅសួរកម្លោះវ័យក្មេងដែលនៅឈរក្បែរនោះថែមទៀត ស្រីតូចឈ្មុលចូលទៅរកជុននីអូដោយការទាញជាយអាវនាយជាប់ហាក់កាន់តែរអានឹងការព្យាយាមចូលមកជិតរបស់បុរសចំណាស់ម្នាក់នេះអញ្ចឹង ស៊ុកជីនក៏បានតែបង្ខំចិត្តដកខ្លួនចេញពីនាងទាំងទ្រូងចុកអួលណែនសឹងតែធ្លាយទៅហើយ។
"អែមមីកូន.." សំឡេងទ្វារបើកឡើងព្រមជាមួយវត្តមានចូលមកប្រញាប់ប្រញាល់របស់អ្នកជាម្ដាយរបស់អែមមី ស្កាលេតប្រញាប់ប្រញាល់ចូលមករកកូនស្រីជាមួយនឹងភាពត្រេកអរជាពន់ពេក បន្ទាប់ពីត្រឡប់មកវិញឃើញកូនស្រីដឹងខ្លួនអង្គុយនិយាយប្រាស្រ័យទាក់ទងជាមួយនឹងជុននីអូ។
"គឺ.." អែមមីនាងហាក់ភាំងបន្តិចកាលបើសុខៗស្កាលេតចូលមករកនាងរួចអោបក្រសោបនាងទាំងយំបែបនេះ ស្រីតូចក៏ញញឹមបែបមិនសូវសមបន្តិចរួចក៏ឆ្លៀតទាញជាយអាវរបស់ជុននីអូផង នៅពេលនេះនាងមិនស្គាល់អ្នកណាម្នាក់ឡើយ ក្រៅពីជុននីអូដែលនាងបានឃើញមុខនៅសុបិន្តនោះប៉ុណ្ណោះ។
"អូ! លោកវីគ្រីស?" ស្កាលេតក៏ភ្ញាក់មិនស្ទើរកាលបើក្រឡេកទៅម្ខាងឃើញថាស៊ុកជីនកំពុងតែឈរសំឡឹងមើលមកកូនស្រីនាងទាំងទឹកមុខស្រងេះស្រងោច ក្រសែភ្នែករបស់គេបង្ហាញភាពឈឺចុកចាប់យ៉ាងច្បាស់ឲ្យនាងបានឃើញ បានឃើញទឹកមុខគេនាពេលនេះនាងក៏មិនអាចប្រកែកបានថានាងអាណិតដល់គេ។
បន្ទប់ពិគ្រោះ..
"យោងតាមការពិនិត្យបានឲ្យឃើញថាផ្នែកខាងក្រោយរបស់អ្នកនាងអែមមីមានការប៉ះទង្គិចខ្លាំងដែលមានឈាមដក់នៅក្នុរខួរក្បាលកាលពីថ្ងៃគ្រោះថ្នាក់មក ពួកយើងក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតហើយដើម្បីព្យាបាលនាង ហើយដោយសារតែការប៉ះទង្គិចមួយនេះហើយទើបអាចបណ្ដាលឲ្យនាងភ្លេចភ្លាំងនឹងបាត់បង់ការចងចាំទាក់ទងនឹងរឿងរ៉ាវក្នុងជីវិតរបស់នាងកន្លងមក" វត្តមានរបស់ពួកគេទាំង៣នាក់ក៏នៅក្នុងបន្ទប់ពិគ្រោះជម្ងឺមួយនោះដោយម្នាក់ៗមានទឹកមុខតានតឹងជាមួយស្ថានការណ៍ជាខ្លាំង ជាពិសេសនោះគឺស៊ុកជីននឹងតែម្ដង។
"ចុះនាងអាចនឹងមានការចងចាំមកវិញទេ?" ស៊ុកជីនក៏ចោទសួរកាត់ភាពស្ងប់ស្ងាត់របស់ពួកគេទាំង២តែម្ដង លោកដុកទ័រក៏ទាញឯកសារពិនិត្យរបស់គាត់បិទបន្តិច មុននឹងងាកសំឡឹងមើលទៅអ្នកចង់ដឹងចង់លឺនោះ។
"ការចងចាំវាអាចនឹងត្រឡប់មកវិញគ្រប់ពេល អាចជាព្រឹកថ្ងៃស្អែកខានស្អែក តែករណីខ្លះបើសិនជាការប៉ះទង្គិចនោះខ្លាំង ព្រមជាមួយនឹងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅខ្លាំង អ្នកជម្ងឺក៏នឹងមិនអាចចងចាំជារៀងរហូតដូចគ្នា" ស្ដាប់ពាក្យដំបូងៗស៊ុកជីនហាក់រៀងមានសង្ឃឹមបន្តិច តែមួយឃ្លាបញ្ចប់សម្ដីរបស់លោកដុកទ័រឯណោះវិញក៏ដូចជាអ្នកណាយកទឹកមកជះចំកណ្ដាលមុខរបស់គេតែម្ដង លោកដុកទ័រក្រោយពីអស់តួនាទីគាត់ក៏ចាកចេញទៅបំពេញការងារបន្តទុកឲ្យពួកគេទាំង៣នាក់នៅអង្គុយជុំគ្នាក្នុងបន្ទប់។
"បើនាងមិនចងចាំឲ្យខ្ញុំធ្វើបែបណាទៅ? ចុះរឿងកូន? រឿងរវាងខ្ញុំនឹងនាង?" ស៊ុកជីនក៏និយាយតិចៗតែម្នាក់ឯង វាក៏លឺដល់ត្រចៀករបស់ស្កាលេតទើបធ្វើឲ្យនាងប្រញាប់នាំខ្លួនក្រោកដោយមានជុននីអូទប់កាន់ជាប់ពីក្រោយ។
"លោកនឹងកូនស្រីខ្ញុំបានបញ្ចប់គ្រប់យ៉ាងអស់ទៅហើយ សូមលោកបណ្ដោយឲ្យវាទៅតាមពេលវេលាទៅចុះ ចាត់ទុកថារឿងកន្លងមកវាគ្រាន់តែជាសុបិន្តមួយដែលលោកនឹងអែមមីសាងជុំគ្នាទៅចុះ នាងក៏មិនគួរចងចាំស្នាមខ្មៅងងឹតមួយនោះក្នុងទ្រូងដែរ ខ្ញុំជាម្ដាយខ្ញុំអាណិតកូន នាងធ្លាប់ឈឺចាប់ព្រោះតែការចាកចេញរបស់អ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួន សូម្បីតែលោក..." ស្កាលេតនិយាយរៀបរាប់គ្រប់យ៉ាងប្រាប់ទៅស៊ុកជីនហាក់ព្យាយាមអង្វរករគេឲ្យដោះលែងកូនស្រីនាង ជាពិសេសដោះលែងគេខ្លួនឯងពីស្នេហាដែលមិនអាចទៅរួចមួយនោះ។
"បើលោកស្រឡាញ់កូនស្រីខ្ញុំ លោកក៏គួរតែកុំធ្វើឲ្យនាងឈឺចាប់ព្រោះតែរឿងច្រំដែលអី.." ស្កាលេតនិយាយរួចក៏ចាកចេញទៅព្រមជាមួយនឹងជុននីអូ ស៊ុកជីនដែលនៅឈរសុខៗនោះក៏ស្រាប់តែទន់ជើងអង្គុយចុះលើកៅអីវិញ កែវភ្នែកក៏ចាប់បង្ហាញភាពទន់ខ្សោយជាថ្មី ដៃលូកកាន់ក្រសោបទ្រូងខ្លួនឯងទាំងចុកអួលណែន ខឹងខ្លួនឯង ស្អប់ខ្លួនឯង...
ដែលបណ្ដោយឲ្យឱកាសមួយនេះកន្លងផុតទៅទៀតក្រោយពីរង់ចាំនាងអស់ជាង១០ឆ្នាំមក៕៚យូមីន
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romanceស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី