ភាគទី៦៣

355 13 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៦៣

អែមមីរហ័សងាកបែរមករកស៊ុកជីនវិញទាំងញ័របបូរមាត់ហាក់បីដូចជាភ័យខ្លាចនឹងទិដ្ឋភាពគ្រានោះ ក៏ប៉ុន្តែស៊ុកជីនជាអ្នកលួងលោមនាង ដៃម្ខាងកាន់ចង្កូតជាប់រួចជាន់ហ៊្គែបន្ថែមដើម្បីគេចពីពួកទាំងនោះ ចំណែកឯដៃម្ខាងទៀតក៏ទម្លាក់ចុះកាន់ក្រសោបម្រាមដៃញ័រទទ្រើតរបស់នាង។
"ដរាបណាបងនៅទីនេះ គ្មានអ្នកណាអាចធ្វើអ្វីអូននឹងវ៉ូយ៉នបានឡើយ ជឿជាក់បង" ស៊ុកជីននិយាយទាំងភាពជឿជាក់ ត្រឹមពាក្យសន្យារបស់គេប៉ុណ្ណឹងសោះក៏អាចធ្វើឲ្យអារម្មណ៍ភ័យខ្លាចក្នុងទ្រូងអែមមីកាត់បន្ថយយឺត នាំចូលមកវិញនូវភាពកក់ក្ដៅដែលនាងមិនអាចបរិយាយបាន។
ស៊ុកជីនញញឹមរួចក៏បើកបន្តរហូតដល់ផ្លូវខាងមុខគេក៏មានគំនិតមួយដោយគេបត់ឡានក្នុងល្បឿនដដែលចូលទៅតាមផ្លូវក្បែរនោះ មួយសន្ទុះម៉ូតូដែលដេញតាមមុននោះមកដល់ក៏បត់ចូលតាមស្ពានក្រោមដីទិសតែមួយដែលឡានរបស់ស៊ុកជីនបើកទៅអម្បាញ់មិញនោះ ពួកគេក៏បន្ថែមល្បឿនកាន់តែលឿនព្រោះដើម្បីតាមឲ្យទាន់ឡាននោះ តែថាពួកគេជិះមកឆ្ងាយទៅហើយក៏នៅមិនបានឃើញឡាននោះទៀត មានតែផ្លូវជាតិស្ងាត់ជ្រងំមិនសូវជាមានមនុស្សឆ្លងកាត់ ម៉ូតូមួយក៏បង្អង់ឈប់នៅក្បែរចិញ្ចើមផ្លូវរួចក៏ប្រញាប់លើកទូរសព្ទ័ចុចខលទៅនរណាម្នាក់...
"អាឡូចៅហ្វាយ! បាត់តម្រុយពួកគេហើយ" ក្រោយពីទាក់ទងជាមួយអ្នកម្ខាងទៀតរួចរាល់ពួកគេក៏ជជែកនឹងនាំគ្នាបើកម៉ូតូត្រឡប់ទៅក្រោយវិញក៏ព្រោះថាបើសិនជាគេមិនបានមកម្ដុំនេះច្បាស់ជាមានផ្លូវអ្វីផ្សេងជាមិនខាន។
ង៉ោង!
ម៉ូតូទាំងនោះបើកចាកចេញទាំងមិនបានចាប់អារម្មណ៍ថាមានឡានមួយនៅចតបិទបាំងទៅដោយគុម្ពឈើធំក្បែរនោះ វាជាឡានរបស់ស៊ុកជីននោះឯង បានឱកាសថាពួកគេចាកចេញទៅបាត់ទើបស៊ុកជីនបើកឡានចេញមករួចបន្តដំណើរទៅកាន់គោលដៅដែលគេបានរៀបចំជាស្រេចនោះគឺនាំមនុស្សជាទីស្រឡាញ់របស់គេទាំង២ទៅកាន់ទីកន្លែងសុវត្ថិភាព។
"ពួកគេត្រូវការខ្ញុំ..លោកគួរតែនាំវ៉ូយ៉នគេចចេញទៅ បើសិនជាពួកគេចាប់បានខ្ញុំ ពួកគេប្រាកដជាឈប់តាមយាយីលោកនឹងវ៉ូយ៉នទៀត" អែមមីក៏បែរជានិយាយវាឡើងទាំងដែលនាងក៏ភ័យខ្លាចនឹងពួកគេដូចគ្នា តែនាងក៏គិតថានាងជាបញ្ហានៅទីនេះ បើសិនជាមិនមាននាងបញ្ហាក៏នឹងអាចដោះស្រាយបានជាមិនខាន ស៊ុកជីនមិនបានយល់ស្របឡើយ គេលូកកាន់ដៃនាងជាថ្មីរួចក៏លើកវាមកថើបស្រាលៗទាំងទ្រូងពោរពាសទៅដោយក្ដីស្រឡាញ់។
"បងធ្លាប់និយាយរួចហើយថាបើបងនៅទីនេះគ្មានអ្នកណាអាចធ្វើបាបពួកអូនបានឡើយ បងដឹងថាអូនភ័យខ្លាច អូនបារម្ភតែអូនក៏មិនអាចឲ្យខ្លួនឯងជួបគ្រោះថ្នាក់ឡើយ គ្រប់គ្នាបារម្ភពីអូន" រំលឹកដល់អ្នកគ្រប់គ្នាអែមមីក៏ប្រែទឹកមុខបន្តិចរួចនាងក៏លើកទូរសព្ទ័ឡើងបំណងនឹងចុចតែស៊ុកជីនក៏ឃាត់ដោយទាញទូរសព្ទ័ពីដៃនាងមកភ្លាមៗ។
"អូនមិនអាចប្រើប្រាស់ប្រពន្ធទាក់ទងមួយនេះបានឡើយ ពួកវាអាចនឹងតាមចាប់សញ្ញារបស់អូនតាមរយៈការទាក់ទងគ្នាមួយនេះ..." ស៊ុកជីនមិនបានហាមឃាត់នាងពីការទាក់ទងទៅកាន់គ្រួសារឡើយ គេដឹងថានាងចង់ប្រាប់ដំណឹងទៅគ្រួសារដើម្បីកុំឲ្យគ្រប់គ្នាមានការព្រួយបារម្ភ ព្រោះគេក៏បានរៀបចំលេខសម្រាប់ទាក់ទងផ្សេងឲ្យទៅនាងរួចរាល់អស់ទៅហើយ ស៊ុកជីនហុចទូរសព្ទ័ផ្សេងឲ្យទៅនាង។
"អូនអាចប្រើប្រាស់វាជំនួសវិញ បងដឹងថាអូនមិនចង់ឲ្យអ្នកផ្ទះបារម្ភ" អែមមីទទួលយកទូរសព្ទ័ពីស៊ុកជីនទាំងភ្នែករលីងរលោងរួចក៏រហ័សចុចទាក់ទងទៅប្អូនស្រីនាងមុនអ្នកណាៗទាំងអស់ តែថាវ៉ាយ៍លេតនាងមិនបានទទួលរឺឆ្លើយតបទាល់តែសោះ។
"ប្រហែលជារវល់រៀនហើយ" ក្រោយពីព្យាយាមទាក់ទងមិនមានអ្នកទទួល អែមមីក៏សម្រេចចិត្តចុចបិទប្ដូរជំនួសមកជាចុចផ្ញើសារប្រាប់ទៅវ៉ាយ៍លេតជំនួសវិញ ដោយប្រាប់ថានាងមិនបានកើតអ្វីឡើយ កុំឲ្យប្អូននឹងអ្នកផ្ទះបារម្ភពីនាងអី។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now