ភាគ២០

528 18 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖២០

មួយសប្ដាហ៍កន្លងផុតទៅ...
បន្ទាប់ពីរឿងរ៉ាវអាក្រក់បានកើតឡើងមក រយៈពេលមួយសប្ដាហ៍បានកន្លងផុតទៅទៀត ពេលនេះគឺស៊ុកជីនតែងតែតាមនាងគ្រប់ជំហានតែម្ដង មិនថានាងទៅណាមកណាគឺទាល់តែមានវត្តមានរបស់គេទើបនាងអាចទៅបាន មិនថានៅកន្លែងណា សូម្បីតែនៅផ្ទះ។
"បងនឹងតាមអូនរហូតបែបនេះមែនទេ?" បន្ទាប់ពីបុរសជាទីស្រឡាញ់ដើរតាមពីក្រោយនាងតត្រុកមិនលើកលែងសូម្បីតែនៅក្នុងផ្ទះមក អែមមីក៏អត់នឹងមិនសួរមិនបាន នាងងាកបែរខ្លួនស្របនឹងដៃទាំងគូរបស់ស៊ុកជីនច្រត់សងខាងចង្កេះនាង សំឡឹងមើលមុខនាងទាំងទឹកមុខញញឹមស្រស់ស្រាយនាពេលព្រឹក គេក៏អោនខិតមកជិតមុខរបស់នាងរួចក៏ជល់ច្រមុះចុងស្រួចរបស់គេជាមួយនឹងច្រមុះនាងតូច។
"ទាល់តែអូនបានក្លាយជាប្រពន្ធបងនៅជាមួយនឹងបង២៤ម៉ោងសិនទើបបងអាចទុក្ខចិត្តបាននាងល្អិត" ស៊ុកជីនបន្តចំអន់ដល់អែមមី ព្រោះឲ្យតែនិយាយរឿងថារៀបការជាមួយនាងពេលណាគឺអែមមីតែងតែអៀនឡើងក្រហមថ្ពាល់ដូចជាប៉េងបោះតែម្ដង ពេលនេះក៏ចឹង។
"រៀបការវាដូចជាលឿនពេកហើយ ពួកយើងនៅទាក់ទងគ្នាមិនទាន់បានមួយខែស្រួលបួលទេ, បងអាចចាំអូនសិនបានទេ? អូននឹងមិនឲ្យបងខកបំណងឡើយ" សំនួរឆ្លើយតបរបស់នាងស្ដាប់មើលទៅវាសមស្របក៏ប៉ុន្តែវាក៏ធ្វើឲ្យស៊ុកជីនរៀងធ្លាក់ទឹកមុខបន្តិចដែរ ត្បិតថាពួកគេទាក់ទងគ្នាជាផ្លូវការក្នុងរយៈពេលខ្លីពិតមែន តែគេនឹងនាងក៏ស្គាល់គ្នាមករាប់ឆ្នាំទៅហើយ រង់ចាំគ្នាយូរឆ្នាំមកហើយ។
"អូនក៏ដឹងថាបងស្របតាមអូនគ្រប់រឿងពិតទេ? បងអាចចាំអូនមកយូរឆ្នាំណាស់ទៅហើយ ហេតុអីក៏បងមិនអាចរង់ចាំបន្តទៀតនោះ? ពេលណាដែលអូនគិតថាសមស្របពួកយើងនឹងគិតគូពីវាជាថ្មីល្អទេ? ហ៊ឹម" ស៊ុកជីនក៏ថើបបបូរមាត់នាងតូចតិចៗទាំងស្និតស្នាល មុននឹងងាកក្រសែភ្នែកសំឡឹងឃើញសៀវភៅអីម៉្យាងដែលនៅក្បែរនឹងចង្ក្រានបាយនោះ គេក៏ដកខ្លួនពីការអោបក្រសោបនាងលូកដៃទៅកាន់សៀវភៅនោះមកមើល។
"ឧក្រិដ្ឋកម្មពេលរាត្រី? អូនអានរឿងទាំងនេះហើយមិនភ័យខ្លាចទេរឺ?" ស៊ុកជីនចោទសួរទាំងបារម្ភពីនាង នេះរឿងកើតឡើងលើនាងទើបតែបានមួយសប្ដាហ៍ប៉ុណ្ណោះ ហើយនាងក៏នៅតែជម្នះអានរឿងទាំងនេះទៀត? នាងមិនអីទេពិតមែនទេ?
"ដំបូងអូនក៏ខ្លាច តែថាបើអូននៅតែខ្លាចមិនព្រមប្រឈមមុខជាមួយនឹងវា ស្រមោលងងឹតនោះនឹងមកគ្របដណ្ដប់ខួរក្បាលអូន ឲ្យអូនខ្លាចរអាជាមួយនឹងវារហូតជាមិនខាន ចឹងហើយទើបអូនចង់ជម្នះវា"
"កូនក្មេងរបស់បងពូកែបំផុត" ស៊ុកជីនក៏ញញឹមអង្អែលក្បាលនាងតិចៗ អែមមីក៏ឈោងយកសៀវភៅនោះពីដៃគេរួចបើកវាមើលបន្តទាំងញញឹម ស៊ុកជីនក៏ជ្រឹមចិញ្ចើមសំឡឹងមើលទៅនាងតូច មិនភ្លេចលើកដៃវែកសក់នាងតិចៗផង។
"និយាយចឹងអូនបានសៀវភៅនេះមកពីណា?"
"ម៉ាកូជាអ្នកឲ្យអូនខ្ចី.." គ្រាន់តែលឺឈ្មោះម៉ាកូភ្លាម ស៊ុកជីនក៏នៅស្ងៀមធ្មឹងមួយកន្លែង ក្នុងចិត្តគេហាក់កំពុងតែគិតអ្វីម៉្យាងក៏ដោយសារតែឈ្មោះនេះជាឈ្មោះរបស់មនុស្សប្រុសចឹងបានន័យថាមានមនុស្សប្រុសចូលមកយកចិត្តអែមមីថែមម្នាក់ទៀតហើយមែនទេ?
"បងសម្លាញ់..." ឃើញស៊ុកជីនស្ងាត់អែមមីក៏សម្រេចហៅឈ្មោះគេ តែនាយក៏បែរជាងាកមុខចេញរួចបែរទៅម្ខាងដូចជាមិនចង់ឆ្លើយជាមួយនឹងនាង នេះងរចង់ឲ្យកូនក្មេងលួងម្ដងពិតទេ?
"YAHHHHH! ស៊ុកជីន វីគ្រីស.. បងលឺអូននិយាយជាមួយទេ? ខឹងអូនរឿងអី?"
"ពីមុនជុននីអូ អីលូវក៏ម៉ាកូ... អូនធ្វើឲ្យបងឈឺក្បាល" ស៊ុកជីននិយាយទាំងមិនងាយមកមើលនាង តែស្ដាប់ត្រឹមសំឡេងគេក៏អាចដឹងហើយថាគេនិយាយទាំងអន់ចិត្តអន់ថ្លើម អែមមីខាំបបូរមាត់ខាងក្រោមរបស់ខ្លួនបន្តិចទាំងអស់សំណើច មុននឹងហក់តោងករគេពីក្រោយដូចជាកូនស្វាចឹងឯង ស៊ុកជីនកាលបើនាងហក់តោងករគេភ្លាម គេក៏រហ័សលើកអៀវនាងឡើងតែម្ដងរួចក៏ចេះតែដើរទៅមុខជារឿយៗ អែមមីក៏អោនមុខមកដាក់នៅចន្លោះស្មារបស់នាយ។
"ប្រចណ្ឌ័?" សំនួរចោទសួរទៅកាន់គេស្ដាប់មើលទៅសប្បាយៗក៏ព្រោះនាងល្អិតយើងនៀក៎រីកមុខរីកមាត់ដែលដឹងថាស៊ុកជីនបារម្ភនឹងហួងហែងពីនាង។
"មែនហើយ! បងប្រចណ្ឌ័ឡើងចង់ចាប់អូនហើយ..."ស៊ុកញ៉ោះនាងបន្ថែមទៀត មិនភ្លេចងាកមកក្ដិចចុងច្រមុះនាងស្រាលៗទាំងខ្នក់ខ្នាញ់ គេក៏នាំនាងតូចយើងមកដល់បន្ទប់ទទួលភ្ញៀវដែលមានសភាពធំល្មម មុននឹងដាក់ឲ្យនាងអង្គុយចុះលើសាឡុងជាមុន រួចទើបគេមកអង្គុយចុះតាមក្រោយ អែមមីក៏ខិតចូលទៅជិតគេរួចអោបដៃគេជាប់ណែនហាក់មិនចង់ឃ្លាត។
"បើសិនកន្លងផុតទៅ១ឆ្នាំទៀត អារម្មណ៍បងចំពោះអូននឹងប្រែប្រួលទេ?"
"ប្រាកដហើយ" ស៊ុកជីននិយាយឆ្លើយតបទៅកាន់អែមមីទាំងដែលវាមិនមែនជាចម្លើយដែលនាងចង់បាន ស្រីតូចដកដៃចេញបន្តិចរួចក៏ផ្ដេកខ្លួនដេកបែរមិនមើលមកគេ។
"អូនដឹងហើយថាបងនឹងឆ្លើយបែបនេះ!" ស៊ុកជីនឃើញនាងបញ្ចេញអាការៈចម្លែកក៏ដឹងថានាងច្បាស់ជាយល់ខុសនឹងចម្លើយរបស់គេហើយ ទើបនាងប្រញាប់ផ្ដេកខ្លួនគេងក្បែរនាងរួចក៏បែរមកសង្គ្រប់ថើបនាងតូចថ្នមៗតិចៗ អែមមីឯណោះហេតុតែងក់ងរក៏ព្យាយាមរុញគេចេញ ដៃតូចលូកគួកទ្រូងគេឌឹបៗ ស៊ុកជីនក៏បានឱកាសរួចចាប់ទប់ដៃនាងទាំងសងខាងកប់ទៅក្នុងពូក អែមមីខាំមាត់កាលបើពេលនេះនាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ។
"អូ..អូយ៎ ស៊ុកជីនដៃអូនឈឺ.. អ្ហឹក" គ្រាន់តែបានលឺនាងតូចរអ៊ូភ្លាមស៊ុកជីនក៏បន្ធូរដៃមកស្រាលៗវិញទាំងទឹកមុខបារម្ភ អ្នកណាទៅដឹងថាវាគ្រាន់តែមាយាស្ត្រីដែលអែមមីប្រើប្រាស់ដើម្បីឆក់ឱកាសរុញគេឲ្យក្រោកចេញពីនាងរួចក៏រត់ចេញពីសាឡុងនោះ អែមមីក៏រត់ចេញពីសាឡុងនោះមិនភ្លេចលានអណ្ដាតឌឺគេផង ស៊ុកជីនក៏ជ្រឹមចិញ្ចើមរួចរត់តាមនាងពីក្រោយ ជុំវិញបរិវេណបន្ទប់ទទួលភ្ញៀវនោះ។
"កុំឲ្យបងចាប់អូនបានឲ្យសោះ ច្បាស់ជាទ្រោមជាមិនខានឡើយ ក្មេងកំហូច" ស៊ុកជីនគម្រាមប៉ុណ្ណឹងហើយអែមមីក៏នៅតែមិនខ្លាច នាងតូចក៏បើកទ្វារផ្ទះខាងមុខបំណងចង់រត់ចេញតែក៏បែរជាបុកនឹងអ្វីម៉្យាងដែលនាំឲ្យនាងដួល។
"អែមមី អូនយ៉ាងមិចទៅហើយ?" ស៊ុកជីនរត់មកជួយលើកនាង តែក៏ចាប់ភ្លឹកដឹងដល់វត្តមានរបស់មនុស្សម្នាក់ដែលឈរនៅមាត់ទ្វារនោះ ខេករសជាតិឈីសក៏កំពប់ធ្លាក់ពីដៃគេចុះមកដល់ដី បន្ទាប់ពីបានលឺនឹងឃើញហេតុការណ៍នោះ អែមមីក៏ងើបមុខឡើងសំឡឹងមើលទើបនាងដឹងថាជាអ្នកណាដែលមកឈរពាំងផ្លូវនោះ?
"ជុននីអូ?"

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now