ភាគទី៣២

364 16 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣២

គ្រប់យ៉ាងហាក់ស្ងប់ទ្រឹងមួយកន្លែង បន្ទប់ដែលស្រស់ស្រាយពេញទៅដោយសំឡេងសើចក្អាកក្អាយអម្បាញ់មិញនោះក៏បែរប្រែជាស្ងាត់ជ្រងំ មានត្រឹមតែវត្តមានគ្រប់គ្នាដែលស្ថិតនៅក្នុងសភាពភន្ត័ភាំងនឹងពាក្យសម្ដីរបស់អែមមីមុននេះ នាងនិយាយថាយ៉ាងមិច? ចង់ផ្ដាច់ពាក្យអញ្ចឹងហេស៎?
"កូនចង់បានន័យថាយ៉ាងមិចអែមមី?" អ្នកជាម្ដាយក៏លាន់មាត់ទាំងភ្ញាក់ផ្អើលក្រោយពីបានលឺការសម្រេចចិត្តរបស់កូនស្រីទាំងអន្ទះសារបែបនោះ ស៊ុកជីនដែលនៅក្បែរនោះក៏ព្យាយាមលូកកាន់ក្រសោបដៃអែមមីទាំងក្រសែភ្នែកពិបាកនឹងទទួលយកព្រោះវាមិនមែនជាអ្វីដែលគេចង់អោយកើតឡើងនោះឡើយ ហេតុអីក៏នាងប្រែជាបែបនេះ?
"អែមមី..បងអាចបកស្រាយបាន! អូនមិនអាចធ្វើបែបនេះបានទេ.." ស៊ុកជីនព្យាយាមនិយាយលួងលោមមនុស្សស្រីជាទីស្រឡាញ់ដែលពេលនេះនាងប្រៀបបីដូចជាមនុស្ស២នាក់ផ្សេងគ្នាអញ្ចឹង កាលពីថ្ងៃនាងក៏នៅស្និតស្នាលជាមួយគេ ញញឹមរកគេដូចធម្មតាចុះហេតុអីក៏ពេលនេះនាងបែរជាប្រកាសប្រាប់ចាស់ទុំថានាងចង់ផ្ដាច់ពាក្យទៅវិញ។
"លែង!"
"អែមមីបងអាចបកស្រាយបាន..."
"អូនទុកពេលគ្រប់គ្រាន់ហើយសម្រាប់ឲ្យបងបកស្រាយ តែពាក្យសម្ដីដែលអូនទទួលបានពីបងមានតែពាក្យកុហក.. កុហកមិនចេះចប់ វាសមល្មមហើយស៊ុកជីន!" ទុកពេលឲ្យបកស្រាយ? ពាក្យសម្ដីមួយឃ្លានេះហើយដែលនាំឲ្យស៊ុកជីននៅស្ងៀមទ្រឹង មិនអាចហើបមាត់និយាយបន្តទៀត ព្រមបណ្ដោយឲ្យអែមមីគ្រវាសដៃគេចេញមួយទំហឹង នាងតូចក៏ងាកប្រឈមមុខគេទាំងក្រសែភ្នែកត្រជាក់ស្រេបដូចជាទឹកកក មិនមានការឈឺចាប់រឺស្ដាយស្រណោះនឹងការចែកផ្លូវគ្នាទាំងបែបនេះសោះ។
"បងគិតថាអូនល្ងង់ណាស់មែនទេ? ល្ងង់ដល់ថ្នាក់មិនដឹងថាបងអ្នកនាងឡរ៉ាជាអតីតគូស្នេហ៍បងនោះ? អូនដឹង..អូនដឹងតាំងពីថ្ងៃដែលអូនបានលឺពីការសន្ទនារវាងពួកបងម៉្លេះហើយនេះ..." អែមមីក៏លូកដៃចូលហោប៉ៅអាវក្រៅរបស់នាង រួចក៏លើកបង្ហាញរូបថតមួយសន្លឹកដែលជារូបរវាងជីននឹងឡរ៉ាក្នុងឈុតកូនកម្លោះកូនក្រមុំយ៉ាងស្រស់សោភា ឡរ៉ានឹងកូនស្រីដែលនៅឈរក្បែរនោះក៏មិនបាននិយាយអ្វី តែក៏រត់ចាំស្ដាប់អែមមីនិយាយបន្ត។
"ឡរ៉ាជាអ្នកផ្ញើឲ្យអូនពិតទេ?"
"នេះបងមិនបានចងចាំទេរឺថាថតតុរបស់បងមានរូបថតនេះនោះ? អូនរកឃើញវាតាំងពីថ្ងៃដំបូងដែលអូនទៅក្រុមហ៊ុនរបស់បង តែអូនក៏មិននិយាយអ្វីព្រោះបងជាអ្នកអះអាងថាបងមិនមានជាប់ពាក់ពន្ធ័នឹងអ្នកណាទៀតអូនក៏ជឿ ជឿស្លុងរហូតដល់អូនត្រូវបងកុហកម្ដងជាពីរដងទាំងដែលអូនបានឃើញផ្ទាល់ភ្នែកថាពួកបងបញ្ឆេះទំនាក់ទំនងស្នេហាគ្នាជាថ្មីទៀត..." អែមមីខាំធ្មេញខ្លួនឯង មុននឹងអោនមុខចុះក្ដាប់រូបថតនោះណែននៅក្នុងដៃ នាងអួលនិយាយអ្វីមិនចេញទាល់តែសោះ ចង់យំក៏យំមិនចេញព្រោះតែទឹកភ្នែកប្រៀបដូចជាស្ទះអស់ទៅហើយ ស៊ុកជីនក៏ក្រវីក្បាលរួចទម្លាក់ជង្គង់ចុះនៅចំពោះមុខនាង កាន់ក្រសោបដៃរបស់អែមមីទាំងសងខាងជាប់ សុំក្ដីមេត្តានឹងទទួលស្ដាប់ហេតុផលរបស់គេ។
"បងដឹង..បងខុសដែលបងលាក់បាំងជាមួយនឹងអូន បងកុហកអូនមកពីបងមិនចង់ឲ្យអូនគិតច្រើន ចង់អូនគិតបែបណាក៏បានតែបងនឹងឡរ៉ាពិតជាមិនមានបញ្ឆេះស្នេហាជាមួយគ្នាជាថ្មីឡើយ"
"ចុះនេះជាស្អី?" អែមមីមិនមែនមានរូបថតតែមួយប្លង់នោះឡើយក៏មានរូបថតដល់ទៅមួយដុំទម្លាក់រាយពីមុខគេ រូបភាពដែលជីននៅជាមួយនឹងឡរ៉ា ព្រមជាមួយនឹងរូបភាពបង្ហាញពីការថើបគ្នាយ៉ាងរោលរាលរបស់នាយនឹងឡរ៉ានៅការិយាល័យកាលពីថ្ងៃមុននោះ។
បានឃើញរូបនោះហាក់កាន់តែបញ្ឆេះកំហឹងដល់បុរសជាឪពុកដែលដំបូងឡើយគិតថាមិនទាន់ចង់លូកដៃព្រោះតែចង់ទុកឲ្យកូនៗដោះស្រាយគ្នា តែមើលចុះ កាន់តែស្ដាប់កាន់តែឃើញថានាយត្រកូលវីគ្រីសនេះធ្វើបាបចិត្តកូនស្រីខ្លួនមិនតិចដងឡើយ។
"ក្រោកឡើង!" ហូស៊ុកចូលមកលូកក្របួចករអាវស៊ុកជីនមុននឹងដាល់គេមួយដៃនាំឲ្យរាងកាយធំជ្រងោខ្ពស់របស់នាយកម្លោះយើងដួលខ្ពោកទៅដល់កន្លែងឡរ៉ា នាងក៏មិនបង្អង់ប្រញាប់ជួយលើកស៊ុកជីនយ៉ាងលឿន ស្កាលេតឯណោះក៏ចូលមកកាន់ស្មាស្វាមីជាប់ឃាត់គេមិនឲ្យធ្វើអ្វីផ្ដេសផ្ដាសបន្តទៀត ប៉ុណ្ណឹងក៏ប៉ះពាល់អារម្មណ៍អែមមីខ្លាំងណាស់ទៅហើយ ស្កាលេតងាកមើលទៅកូនស្រី នាងមិនបានយំ មិនបានឈឺចាប់អ្វីទាំងអស់ ដូចជាពាក្យគេនិយាយថាស្នាមរបួសក្នុងទ្រូងវាឈឺឡើងលែងឈឺទៅហើយ។
"ចាត់ទុកពួកយើងកើតមកមិនមែនជាគូនឹងគ្នាទៅចុះ ស៊ុកជីន វីគ្រីស!"
"បងសុំទោសអែមមី..កុំបែបនេះអី បងសុំអង្វរ" ស៊ុកជីនក៏ក្រោកឡើងមករួចស្ទុះអោបអែមមីទាំងភ្នែកក្រហមងាំងដូចជាម្ទេសទុំ ដៃញីញ័រអោបរាងកាយដែលពីដើមឡើយជាកម្មសិទ្ធិរបស់គេ រាល់ពេលដែលនឹកនាងគេក៏អាចអោបបានគ្រប់ពេល តែពេលនេះគឺខុសគ្នា។
"កាលពីក្មេង..អូនធ្លាប់គិតថារឿងរ៉ាវរវាងលោកប៉ាអ្នកម៉ាក់ចប់ទៅយ៉ាងល្អ អូននឹងលែងស្គាល់ពាក្យថាបែកបាក់ទៀតហើយ...អូនទទួលយកបងក៏ព្រោះតែអូនគិតថាបងប្រាកដជាយល់ពីរឿងកន្លងដែលអូនបានឆ្លងកាត់ បងនឹងមិនធ្វើរឿងដែលអូនខកចិត្ត..លើកទី១អូនក៏មិនរករឿង រឿងទី២ ទី៣ក៏អូនមិននិយាយ ព្រោះអូនចង់ឲ្យបងស្មោះត្រង់នឹងអូន ស្រឡាញ់អូនដូចជាមាត់បងធ្លាប់បាននិយាយ តែអូនគិតខុសទាំងស្រុង"
"បងឈប់ធ្វើបែបនេះទៀតហើយ! បងនឹងដោះស្រាយរឿងគ្រប់យ៉ាង..ពួកយើងកុំបែកគ្នាអីអែមមី..បងសុំអង្វរ" ស៊ុកជីនព្យាយាមនិយាយអង្វរនាងទាំងទឹកភ្នែកស្រក់ គេអស់ជម្រើសហើយ ទ្រូងគេកំពុងតែជ្រាបឈាមចេញមកហើយ អែមមីនៅស្ងៀមទ្រឹងឲ្យស៊ុកជីនអោបតែភ្នែកក៏ងាករេសំឡឹងមើលទៅឡរ៉ានឹងកូនឯណោះ។
វ៉ូយ៉នដែលនៅឈរក្បែរម្ដាយក៏ខាំមាត់យំគឃូស ក្រសែភ្នែកក្មេងយំមើលទៅគួរឲ្យអាណិត ឃើញសភាពនាងដូចជារំលឹកដល់រូបភាពខ្លួនអែមមីផ្ទាល់កាលពីអតីតកាល ពេលដែលនាងយំសុំឲ្យម៉ាក់នាងមកវិញ អារម្មណ៍រងាឯកោពីក្នុងទ្រូងទាមទារចង់បានការជួបជុំ បើឲ្យនាងដណ្ដើមយកភាពកក់ក្ដៅនោះពីវ៉ូយ៉ន នាងធ្វើមិនបាននោះឡើយ។
"អរគុណសម្រាប់ការយកចិត្តទុកដាក់កន្លងមក តែបើឲ្យខ្ញុំអោបក្រសោបឪពុករបស់អ្នកផ្សេងជាប់ទ្រូង ខ្ញុំធ្វើមិនបានឡើយស៊ុកជីន...លើកមុនលោកជាអ្នកចាកចេញ ពេលនេះខ្ញុំជាអ្នកដោះលែងលោកឲ្យទៅម្ដង លោកនឹងនៅតែជាមនុស្សល្អក្នុងក្រសែភ្នែកកូនស្រីលោក សំណាងល្អ ជូនពរឲ្យមានសុភមង្គល" អែមមីក៏បោះសម្ដីប៉ុន្មានឃ្លារួចក៏លូកដៃរុញស៊ុកជីនមួយទំហឹងដល់គេចេញឆ្ងាយពីនាង ទើបបរញាប់នាំខ្លួនដើរទៅកាន់ជាន់ជណ្ដើររួចឡើងទៅខាងលើយ៉ាងលឿន។
"អែមមី..អែមមីស្ដាប់បង! អែមមី..." អែមមីលើកដៃទាំងសងខាងខ្ទប់ត្រចៀកខ្លួនឯងរួចចូលទៅក្នុងបន្ទប់បិទទ្វារចាក់សោរគ្រឹបៗតែម្ដង រាងកាយរឹងមាំឈរជ្រងោពីមុខស៊ុកជីនអម្បាញ់មិញនោះក៏នៅស្ងៀមទ្រឹងមួយកន្លែងក្បែរទ្វារ រាងកាយសម្រូតចុះស្រាលៗអង្គុយនៅទីនោះទាំងងឹតស្លុប ខួរក្បាលចាប់នឹកពីរឿងអតីតកាលដែលកើតឡើងរវាងនាងនឹងឡរ៉ា...
អតីតកាល..
ថ្ងៃដំបូងដែលអែមមីបានជួបឡរ៉ាគឺជាថ្ងៃដែលនាងមកសុំការងារពីស៊ុកជីនធ្វើនោះឯង អែមមីបន្ទាប់ពីសុំខ្លួនចាកចេញពីការិយាល័យរបស់ស៊ុកជីនរួចមកនាងក៏ចុះទៅជាន់ខាងក្រោមតាមជណ្ដើរយន្តប្រអប់ ដៃតូចស្រឡូនញ័របំណងចង់ចុចបិទតែក៏បែរជាមានអ្នកចុចឃាត់នឹងរត់ចូលហើយម្នាក់នោះក៏គ្មានអ្នកណាឡើយក្រៅពីឡរ៉ា។
"សុំទោសៗ"
"ចាស៎មិនអីទេ!" អែមមីនិយាយឆ្លើយតបទាំងគួរសមបើទោះបីជានាងដឹងថាឡរ៉ាជាអតីតគូស្នេហ៍របស់មនុស្សប្រុសជាទីស្រឡាញ់របស់នាងក៏ដោយ ឡរ៉ាចូលមករួចទ្វារជណ្ដើរយន្តក៏ចុចបិទគ្រឹបភ្លាមៗ។
"អ្នកនាងជាមិត្តស្រីរបស់បងជីនមែនទេ?" ក្នុងជណ្ដើរយន្តស្ងាត់ជ្រងំទើបឡរ៉ានាងហាមាត់និយាយទៅកាន់អែមមី ស្រីតូចយើងក៏មិនទាន់បានតបអ្វីតែក៏បានត្រឹមតែញញឹមតបវិញ ឡរ៉ាក៏ងក់ក្បាកទាំងយល់សេចក្ដី នាងក៏ព្រលែងខ្យល់ដង្ហើមធំ។
"ចឹងបងជីនក៏ប្រហែលជានិយាយពីរឿងកាលពីមុនប្រាប់ទៅអ្នកនាងដែរពិតទេ?"
"ហេតុអី? អ្នកនាងមានអីចង់និយាយក៏និយាយត្រង់ៗមកចុះ ព្រោះថាខ្ញុំក៏មិនចូលចិត្តការនិយាយបញ្ឆិតបញ្ឆៀងដែរ" អែមមីក៏សួរតែម្ដងតែនាងក៏ស្មានមិនដល់ថារូបភាពបន្ទាប់ដែលនាងបានឃើញនោះគឺឡរ៉ាលុតជង្គង់ចំពោះមុខនាងរួចកាន់ដៃនាងជាប់ទាំងសងខាង។
"ខ្ញុំនឹងនិយាយការពិតជាអ្នកនាង ខ្ញុំនឹងស៊ុកជីនបានជ្រុលជ្រួសជាមួយគ្នាហើយមានកូនស្រីម្នាក់ ពេលនេះខ្ញុំចង់..ខ្ញុំចង់ត្រឡប់មករកគេ"
"ហេតុអី?"
"អ្នកនាងក៏មានម្ដាយ អ្នកនាងក៏ធ្លាប់ធំធាត់ឡើងពីក្មេងដែលខ្វះភាពកក់ក្ដៅដូចគ្នា អ្នកនាងសប្បាយចិត្តនឹងឆក់យកឪពុករបស់អ្នកដទៃឲ្យឃ្លាតឆ្ងាយពីកូនពីបែបនេះមែនទេ? កូនខ្ញុំក៏ត្រូវការឪពុក..." ពាក្យសម្ដីរបស់ឡរ៉ានិយាយហាក់ចាក់ចំអារម្មណ៍អែមមីធ្វើឲ្យនាងគ្រលាស់អណ្ដាតមិនរួច រូបភាពរបស់ម្ដាយនាងកាលពីអតីតកាលក៏លោតឡើងមកជាថ្មីទៀត នាងនៅពេលនេះមិនខុសពីមនុស្សទី៣ដែរពិតទេ?
"ខ្ញុំអាចជឿអ្នកនាងយ៉ាងមិចបាន? ចុះបើកូននោះមិនមែនជាកូនរបស់បងជីន? ខ្ញុំនឹងចាំបងជីនបកស្រាយផ្ទាល់ ទាល់តែគាត់និយាយបកស្រាយទើបខ្ញុំអាចជឿបាន" អែមមីនិយាយរួចទ្វារជណ្ដើរក៏បើកល្មម នាងក៏ចេញទៅតែម្ដង។

ត្រឡប់មកកាន់ពេលបច្ចុប្បន្ន..
ដៃតូចស្រឡូនចាប់ញ័រទទ្រើតចាប់កាន់អ្វីលែងជាប់ កែវភ្នែកដែលចុកអួលចង់តែយំបែរជាមិនចេញទឹកភ្នែក រាងកាយដែលកំពុងតែមានកម្លាំងស្រាប់តែដួលគ្រេងអង្គុយលើដីទាំងអស់កម្លាំងកាយចិត្តព្រមគ្នាជាថ្មី នាងតូចក៏ងាកបែរទៅម្ខាងរួចលូកដៃចាប់ច្របាច់សក់ខ្លួនឯង ដៃម្ខាងក៏គួកទ្រូងខ្លួនឯងលាន់ឌឹបៗសឹងតែធ្លាយ។
"នាងល្ងង់.."

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ