ភាគទី១១៣

397 12 0
                                    

រឿង "ម្ចាស់គ្រងបេះដូង"
ភាគទី១១៣

រសៀលថ្ងៃថ្មីបានឈានចូលមកដល់អែមមីក៏ចេញពីក្នុងផ្ទះស្របដំណើរគ្នាជាមួយនឹងស៊ុកជីន ពួកគេមិនបានប្រាប់អ្នកផ្ទះថាទៅជាមួយនឹងគ្នាឡើយ ពោលគឺស៊ុកជីនថាទៅធ្វើការចំណែកឯអែមមីក៏រកលេសថានាងទៅផ្សារ អែមមីក៏ដើរហួសចេញទៅបាត់មុនស៊ុកជីន ចំណែកឯនាយឯណោះក៏ប្រញាប់ចូលឡានរបស់ខ្លួនបើកចេញទៅផ្លូវផ្សេងគ្នាក៏ព្រោះតែមិនចង់ឲ្យចាស់ទុំសង្ស័យ។
កាលបើមកដល់រៀងឆ្ងាយផ្ទះបន្តិចស៊ុកជីនក៏បត់ឡានតាមផ្លូវតូចមករកកន្លែងដែលគេនឹងអែមមីនិយាយគ្នាថានឹងជួបនោះ មកដល់គេក៏បានឃើញរាងកាយតូចច្រឡឹងបោះជំហានដើរមួយៗក្រោមម្លប់ឈើត្រឈឹងត្រឈៃបែកមែកសាខាគួរឲ្យចង់អង្គុយ ស៊ុកជីនក៏បើកឡានយឺតមកកៀកជិតនឹងចិញ្ចើមថ្នល់រួចក៏សន្សឹមបើកកញ្ចក់សំឡឹងមើលទៅស្រីតូចសំណព្វចិត្តគេដែលដើរម្នាក់ឯងគួរឲ្យអាណិត។
"អូនមិនគិតឡើងឡានទេរឺ? ពួកយើងទៅរកទិញខេករួចសឹមទៅក្រុមហ៊ុនបងតែម្ដងយ៉ាងមិចដែរ?" គ្រាន់តែលឺថាទិញនំខេកភ្លាមអែមមីក៏ញញឹមបិទមាត់មិនជិត ស៊ុកជីនក៏បង្អង់ឡានឈប់ដើម្បីឲ្យអែមមីឡើងឡានរួចក៏បើកសន្សឹមៗចេញឆ្ងាយពីទីនោះទៅ។
នៅតាមផ្លូវស៊ុកជីនក៏មិនបានទុកឲ្យនាងមានអារម្មណ៍ថាឯកោដូចជាការធ្វេសប្រហែសរបស់គេពីមុនឡើយ ដៃម្ខាងបើកឡានចំណែកដៃម្ខាងទៀតក៏កាន់ក្រសោបម្រាមដៃតូចច្រឡឹងរបស់ម្ចាស់កាយតូច អែមមីឯណោះក៏លើកកាំម៉េរ៉ាថតទេសភាពនៅខាងក្រៅទាំងញញឹម បានឃើញនាងត្រឡប់មកប្រើជីវិតនឹងទម្លាប់ដូចដើមបែបនេះគេក៏លើសពីសប្បាយចិត្តទៅទៀត។
"និយាយអ៊ីចឹងអាខោនអាយជីរបស់អូន"
"អូនចុចfollow backបងរួចហើយ.." មិនចាំដល់នាយបញ្ចប់ប្រយោគរបស់ខ្លួនសិនឡើយអែមមីក៏តបផាំងៗតែម្ដងដល់ថ្នាក់អ្នកម្ខាងទៀតភាំងមួយសន្ទុះរួចក៏ប្ដូរមកជាញញឹមពេញចិត្តវិញ គេស្មានតែនាងលែងទទួលគេហើយទេតើ ស៊ុកជីនគេនៅតែអាចចាំបានកាលពីគ្រាដែលនាងBlockគេមិនឲ្យសូម្បីតែឃើញអាខោននាងវាកាន់តែធ្វើឲ្យគេនៅលែងសុខប្រៀបដូចជាស្លាប់ទាំងរស់តែម្ដង។
"លើកនេះជាលើកចុងក្រោយហើយណា៎ ព្រោះបើសិនជាមានលើកទី២ទៀតអូននឹងមិនធ្វើបែបនេះទៀតឡើយ បងក៏រឹតតែមិនអាចរកអូនឃើញងាយៗដូចគ្នា.." គ្រាន់តែលឺអែមមីនិយាយស៊ុកជីនក៏ប្រញាប់លូកទាញម្រាមដៃនាងមកអឹបជាប់នឹងបបូរមាត់ថើបផ្ដិតទុកក្ដីស្រឡាញ់នឹងពាក្យសន្យានៅទីនោះជាស្រេចថាគេនឹងមិនធ្វើឲ្យមានកំហុសឆ្គងម្ដងទៀតឡើយ មិនអាចជាដាច់ខាត។
"បងសន្យា" អែមមីងាកសំឡឹងមើលទៅស៊ុកជីនរួចក៏ងើបផ្ដិតស្នាមថើបនៅលើថ្ពាល់របស់នាយបន្តិចដែលស្នាមថើបមួយនោះឯងដែលនាំឲ្យស៊ុកជីនស្លឺភ្នែកសំឡឹងមើលផ្លូវសឹងតែមិនត្រង់ទៅហើយ អែមមីក៏ដាក់ខ្លួនអង្គុយចុះស្របនឹងស៊ុកជីនជាន់ហ្វ្រាំងឡានងឹកនៅម្ដុំសួនមួយក្បែរនឹងពហុកីឡាដ្ឋានចាស់។
"នេះបងមានរឿង..អឹម" អែមមីក៏ទទួលបានការថើបជំនួសឲ្យការឆ្លើយតប ស៊ុកជីនថើបបបូរមាត់នាងក្រលាស់ដួសដងភាពផ្អែមល្ហែមដែលមាននៅក្នុងក្រអូបមាត់នាងមួយសន្ទុះទើបគេដកបបូរមាត់រួចទល់ថ្ងាសជាមួយនឹងនាង ពួកគេទាំង២ក៏ញញឹមរកគ្នាពោរពាសទៅដោយក្ដីស្រឡាញ់ពេញប្រៀបនាពេលនោះ។
បន្ទប់ការិយាល័យ..
បន្ទប់ធំទូលាយពោរពេញទៅដោយផាសុកភាពនឹងការតុបតែងយ៉ាងល្អប្រណិតគាប់ភ្នែកជាកន្លែងសាកសមបំផុតសម្រាប់ការអង្គុយបំពេញការងារពេញមួយថ្ងៃដោយមិនមានការធុញទ្រាន់ ក៏ប៉ុន្តែរឿងទាំងនេះហាក់លែងចូលភ្នែករបស់ម្ចាស់ការិយាល័យមួយនេះទៅហើយ ត្បិតថាគេមានអ្នកដែលល្អឥតខ្ចោះនឹងទាក់ទាញភ្នែកនៅអង្គុយចំពីមុខឲ្យគេសំឡឹងទៅហើយនោះ គេនៅគិតច្រើនធ្វើអីទៀត?
"សុំទោស..លោកប៉ាអូនប្រហែលជាចិត្តក្ដៅខ្លាំងហើយទើបជាគាត់ធ្វើបែបនេះ" នាងតូចអែមមីខិតខ្លួនអង្គុយក្បែរនឹងស៊ុកជីនដោយយកថ្នាំរបួសមកជូតលាងឲ្យគេទាំងមិនស្រួលចិត្តត្បិតថាស៊ុកជីនត្រូវបែកមុខមាត់ជាំខៀវដោយសារតែប៉ារបស់នាងវាយ តែមើលទៅគេដូចជាមិនបានខ្វល់សោះថែមទាំងមកធ្វើការទាំងបែបនេះទៀត។
"បងមិនអីទេ! មុននឹងបានកូនស្រីគេមកធ្វើជាគូគ្រងវាត្រូវឈឺសាច់បន្តិចបែបនេះហើយ" ស៊ុកជីនញញឹមរួចចូលទៅអោបក្រសោបចង្កេះមនុស្សស្រីជាទីស្រឡាញ់ជាប់ណែននៅកណ្ដាលការិយាល័យតែម្ដង អែមមីឯណោះបើទោះបីជានៅក្នុងការអោបក្រសោបរបស់ស៊ុកជីនក៏ដោយក៏នាងមិនភ្លេចតួនាទីជូតរបួសឲ្យនាយដែរ។
"បើដឹងថាលោកប៉ាអូនវាយហើយបានអូនមកមើលថែបែបនេះ ទោះដេកស្ដូកលើគ្រែក៏បងមិនខ្លាចដែរ" ស៊ុកជីនមិនត្រឹមតែអោបឡើយ គេនៅបានដៃនិយាយអួតអែមមីថែមទៀត ស្រីតូចយើងជូតរបួសឲ្យគេបណ្ដើរខ្នាញ់បណ្ដើរតែនាងក៏មិនបានធ្វើអ្វីក្រៅពីអង្គុយសើចហួសចិត្តប៉ុណ្ណឹង។
"ក្លាហានពេកហើយ! ដឹងអ៊ីចឹងអូនមិនគួរមកក្រុមហ៊ុនបានជាគ្នាដើម្បីមើលថែបងសោះ ព្រោះបងមើលទៅដូចជារឹងមាំមិនត្រូវការអ្នកណាជួយផងមិនអ៊ីចឹងហ្អេ៎?" អែមមីរៀបចំសំឡីនឹងថ្នាំលាងរបួសដាក់ចូលប្រអប់រួចស៊កដាក់ក្រោមតុសាឡុងពូកនោះ ស៊ុកជីនក៏ទម្លាក់ខ្លួនគេងសន្ធឹងនៅលើសាឡុង ក្បាលក៏កើយលើភ្លៅត្រជាក់ស្រេបរបស់អែមមី នាងតូចមិនបានបដិសេធតែក៏លូកដៃអង្អែលថ្ពាល់នាយទាញទៅមកទាំងខ្នក់ខ្នាញ់ ចាស់តែអាយុទេក៏ប៉ុន្តែថ្ពាល់នៅតឹងជាងនាងជាក្មេងទៅទៀត។
"ពួកយើងមកដល់កន្លែងនេះជាមួយគ្នាទៀតហើយអែមមី តែលើកនេះខុសពីលើកមុនព្រោះមិនថាមានរឿងអ្វីកើតឡើងបងក៏មិនលែងដៃអូនទៀតដែរ ទោះស្លាប់ក៏បងមិនព្រមលែងដែរអែមមី" អែមមីទម្លាក់ដៃខ្ទប់មាត់ស៊ុកជីនក៏ព្រោះតែនាងមិនចង់លឺពាក្យស្លាប់ដែលជាពាក្យអពមង្គលចេញពីមាត់របស់គេឡើយ នាងក៏អោនសំឡឹងមើលទៅស៊ុកជីនព្រមជាមួយនឹងទឹកមុខស្រស់បស់បន្តិច។
"ពួកយើងនឹងនៅជាមួយគ្នាបង្កើតគ្រួសារមួយដូចដែលពួកយើងធ្លាប់បាននិយាយ មានបង អូន នឹងកូនៗរបស់ពួកយើង.." ពាក្យថាកូនៗផ្ទួនដល់ទៅ២ដងរបស់អែមមីក៏នាំឲ្យស៊ុកជីននៅស្ងៀមមុននឹងប្រញាប់ក្រោកនាំខ្លួនឡើងសំឡឹងមើលទៅនាង អែមមីក៏ខិតកិលខ្លួនថយក្រោយបន្តិចកាលបើឃើញស៊ុកជីនសំឡឹងមើលនាងដោយក្រសែភ្នែកដ៏ចម្លែកមួយហាក់ស្មានមិនត្រូវតែម្ដង។
"កូនៗ? អូនចង់និយាយថាពួកយើងមានកូនក្រៅពីវ៉ូយ៉នទៀតមែនទេ?" សំនួររបស់នាយក៏នាំឲ្យអ្នកដែលមានអាថ៌កំបាំងឯណោះប្រញាប់ក្រវីក្បាលបដិសេធបន្តិច មុននឹងព្យាយាមនឹកគិតលេសអ្វីដែលអាចជួយខ្លួនបាន។
"អូនចង់និយាយថាបើសិនជាពួកយើងបាននៅជាមួយគ្នាពួកយើងអាចនឹងមានកូនម្នាក់ទៀតដើម្បីបានជាគ្នានឹងវ៉ូយ៉ននឹងណា៎ បងមិនគិតចឹងទេរឺ ស៊ុកជីន?!" អែមមីលូកដៃទប់ទ្រូងស៊ុកជីនកាលបើខ្នងនាងប៉ះនឹងបង្កាន់ដៃសាឡុងចំណែកឯគេក៏ទ្រោបពីលើនាង មុខសឹងតែដល់គ្នាបាត់ទៅហើយពេលនោះ តែមិនដឹងជាចង្រៃអីក៏ស្រាប់តែមានអ្នកបើកទ្វារចូលមក ហើយវត្តមានរបស់អ្នកទើបមកដល់នោះក៏នាំឲ្យស៊ុកជីនភ្ញាក់ប្រញាប់ក្រោកចេញពីអែមមីរួចឈរយ៉ាងមានរបៀប អែមមីក៏ងាកបែរខ្នងមើលទើបភ្ញាក់ព្រឺតមិនខុសពីស៊ុកជីនដែរ។
"លោក..លោកប៉ា! អ្នកម៉ាក់" ហូស៊ុកនឹងស្កាលេតក៏ចូលមកព្រមគ្នាតែគ្រាន់ម្នាក់មានទឹកមុខញញឹមនឹងម្នាក់ទៀតមានទឹកមុខស្មើព្រមទាំងសំឡឹងមើលស៊ុកជីនមិនដាក់ភ្នែក ហូស៊ុកដើរបោះជំហានមួយៗចូលមក ស៊ុកជីនក៏អោនមុខចុះបន្តិចក៏ព្រោះគិតថាគេច្បាស់ជាត្រូវទៀតជាមិនខានឡើយតែគេគិតខុស ហូស៊ុកចូលមកចាប់កាន់ដៃទាញអែមមីទៅជាមួយនឹងគេសោះ។
"លោកប៉ា.."
"លោកហូស៊ុកឈប់សិន..." ស៊ុកជីនក៏និយាយឃាត់ដំណើរចាកចេញរបស់៣នាក់ឪពុកម្ដាយនឹងកូននោះ ទឹកមុខក៏ស្រងូតស្រងាត់ខុសពីធម្មតាត្បិតគេដឹងថាហូស៊ុកច្បាស់ជាខឹងដែលបានមកឃើញគេលូកលាន់អែមមីបែបនេះ។
"បញ្ចប់ការងារលោកសិនទៅ ហើយនាំចាស់ទៅទុំទៅជួបខ្ញុំនៅកូរ៉េ.." ពាក្យដំបូងមិនជាបញ្ហាទេតែមួយប្រយោគក្រោយនោះក៏នាំឲ្យស៊ុកជីននឹងអែមមីភាំងមិនស្ទើរនោះឡើយ ស៊ុកជីនក៏ញ័រខាំបបូរមាត់បន្តិចរួចក៏រីកស្នាមញញឹមជាថ្មី ដោយមិនលឺគេតបតរទើបហូស៊ុកងាកបែរមកមើលគេ។
"បើលោកចង់បានអែមមីត្រូវរួសរ៉ាន់ ព្រោះមានកម្លោះៗនៅកូរ៉េច្រើនណាស់ដែលចង់ចូលស្ដីដណ្ដឹងនាង..អូន..អែមមី ពួកយើងទៅវិញ" អែមមីឯណោះដៃត្រូវលោកប៉ាកាន់នាំទៅជាមួយទេតែនាងក៏នៅងាកមកបង្ហាញស្នាមញញឹមទៅកាន់ស៊ុកជីនក៏ព្រោះតែលោកប៉ារបស់នាងបានបើកភ្លើងខៀវឲ្យពួកគេហើយ ការប្រឹងប្រែងរបស់ស៊ុកជីនមិនមែនឥតប្រយោជន៍ឡើយ។
"យ៉េស!!!!!" ស៊ុកជីនស្រែកលោតកញ្ជ្រោលពេញក្នុងការិយាល័យរបស់គេ សប្បាយចិត្តនឹងការយល់ព្រមរបស់ហូស៊ុកឯណោះ នាយក៏ប្រញាប់រត់ទៅបើកថតតុធ្វើការរបស់គេរួចក៏ទាញយកប្រអប់មួយចេញមកដែលជាប្រអប់ភ្លោះដាក់ចិញ្ជៀនដែលគេបានត្រៀមទុកជាយូរមកមើល។
"ពួកយើងធ្វើបានហើយ អែមមី"

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Onde histórias criam vida. Descubra agora