ភាគទី៣៥

387 12 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣៥

"វ៉ូយ៉នកូនម៉ាក់" បន្ទាប់ពីរៀបចំរឹកពារខ្លួនរួចរាល់ពីខាងក្រៅមក ឡរ៉ាក៏ធ្វើជាប្រញាប់រត់ចូលមកធ្វើជាបារម្ភពីកូនស្រីដែលកំពុងគេងនៅលើគ្រែធំទូលាយដែលមានស៊ុកជីននៅក្បែរដៃនាងផង ឡរ៉ាលួចញញឹមរួចក៏ប្រញាប់ក្ដាប់ថ្នាំចូលមកបំណងចង់ឲ្យវ៉ូយ៉នលេបតែក៏ត្រូវបានស៊ុកជីនឃាត់។
"នាងទើបតែបានគេងទេ ទុកឲ្យនាងគេងចុះ" ស៊ុកជីនក៏ទាញយកថ្នាំនោះដាក់ទៅម្ខាងរកតែឡរ៉ានាងឃាត់មិនទាន់ នាងក៏មិនបានតវ៉ាច្រើនរួចទម្លាក់ខ្លួនអង្គុយចុះលើពូកក្បែរនឹងខ្លួនកូនស្រីតែភ្នែកហាក់មិនបានសំឡឹងមើលទៅកូនអីបន្តិចសោះ រវល់តែងាកសំឡឹងមើលមកស៊ុកជីនឯណេះ។
"បងព្រមទទួលយកវ៉ូយ៉នហើយពិតទេ?" ឡរ៉ានិយាយទាំងដែលនាងបានឃើញច្បាស់ៗនឹងភ្នែកទៅហើយថាស៊ុកជីនគេនៅអង្គុយអង្អែលក្បាលរបស់វ៉ូយ៉នមិនឈប់នោះ ក្នុងចិត្តឡរ៉ាក៏លួចសប្បាយចិត្តមិនស្ទើរកាលបើផែនការយកកូនមកធ្វើជាឈ្នាន់របស់នាងបានសម្រេចបែបនេះ នាងលូកដៃទៅប៉ះនឹងម្រាមដៃស៊ុកជីនដែលកំពុងអង្អែលក្បាលវ៉ូយ៉ននោះតែក៏ត្រូវបាននាយដកដៃចេញយ៉ាងលឿន។
"នាងអាចនឹងក្រោកឡើងហើយឃ្លាន ចុះទៅធ្វើស្អីទុកឲ្យកូនបន្តិចទៅ" ស៊ុកជីននិយាយហាក់បីដូចជាបើកភ្លើងខៀវឲ្យឡរ៉ានៅទីនោះអញ្ចឹងនាងក៏សប្បាយចិត្តរួចងក់ក្បាលញាប់ស្អេកប្រញាប់ចាកចេញទៅយ៉ាងលឿនតែម្ដង ស៊ុកជីនក៏ងាកតាមមើលការចាកចេញរបស់ឡរ៉ារហូតដល់ប្រាកដថានាងទៅដល់ជាន់ខាងក្រោម តាមរយៈកាំមេរ៉ាតភ្ជាប់នៅក្នុងទូរសព្ទ័ដៃគេ។
"ម៉ាក់ឯងទៅបាត់ហើយ" ស៊ុកជីនបន្លឺសំឡេងតិចៗហាក់ដាស់ដល់នាងល្អិតវ៉ូយ៉នដែលព្យាយាមបិទភ្នែកដេកទាំងភ័យខ្លាចនឹងវត្តមានរបស់ម្ដាយចិត្តមារម្នាក់នោះ នាងល្អិតបើកភ្នែកខ្លួនឯងស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់នាង វ៉ូយ៉នព្យាយាមនាំខ្លួនច្រត់ពូកឡើងអង្គុយទាំងលំបាកលំបិនក្នុងខ្លួន តែក៏បានស៊ុកជីនសណ្ដោសនឹងជួយទាញលើកនាងឡើងឲ្យអង្គុយត្រង់ខ្លួន ដៃម្ខាងលូកវាសសក់នាងតូចទាំងអាណិតជាពន់ពេក។
"ឯងឆាប់និយាយមកមានរឿងអីដែលចង់ប្រាប់ខ្ញុំ ហើយថ្នាំទាំងអស់នេះ..."
"ខ្ញុំមិនបានឈឺអីទេ!" វ៉ូយ៉ននិយាយទាំងញ័រមាត់ កាលបើក្រឡេកឃើញថ្នាំទាំងនោះប្រៀបបីដូចជាបានឃើញមនុស្សមកគម្រាមចាក់សម្លាប់នាងទាំងរស់អញ្ចឹង វ៉ូយ៉នខិតអង្កុញជើងឡើងហាក់ភ័យខ្លាច អាការៈនាងនាពេលនេះក៏ធ្វើឲ្យស៊ុកជីនប្រញាប់ទាញបើកថង់ថ្នាំនោះមើលរួចក៏ឃើញថាវាសុទ្ធតែជាថ្នាំសរសៃប្រសាទទាំងអស់ ទាំងថ្នាំលេបនឹងថ្នាំចាក់។
"អ្នកម៉ាក់ឲ្យខ្ញុំលេបថ្នាំនោះ បំពេញលិខិតផ្ញើទៅមណ្ឌលកុមារដើម្បីយកលុយថ្លៃព្យាយាមនឹងចិញ្ចឹមរាល់ខែ ទោះជាខ្ញុំមិនបានឈឺអ្វីសោះក៏គាត់បង្ខំឲ្យខ្ញុំលេបវាដែរ ព្រោះបើមិនចឹងខាងអង្គការនឹងឆ្ងល់ហើយឈប់បង់លុយមក" វ៉ូយ៉នអង្គុយយំរៀបរាប់ទាំងទឹកភ្នែកហូរសស្រាក់ កែវភ្នែកងាកសំឡឹងមើលទៅថ្នាំទាំងនោះហាក់បីដូចជាខ្លាចរអាជាខ្លាំងនឹងការប្រើប្រាស់ថ្នាំទាំងនោះ។
"ចុះម៉ាក់ឯងឲ្យឯងប្រើប្រាស់វាយូរប៉ុណ្ណាហើយ?" ស៊ុកជីនក៏លើកកំប៉ុងថ្នាំនោះមើលរួចក៏ចាក់វាចូលទៅក្នុងធុងសម្រាមក្បែរនោះភ្លាមៗ វ៉ូយ៉នក៏ពេបមាត់ដៃតូចលូកបំណងនឹងឃាត់គេ តែថាស៊ុកជីនក៏កាន់ដៃនាងជាប់។
"នៅទីនេះជាមួយខ្ញុំឯងមិនបាច់បារម្ភរឿងលេបថ្នាំទាំងអស់នេះទៀតឡើយ ខ្ញុំនឹងឲ្យឯងទៅរៀន.." ស៊ុកជីនពោលពាក្យលួងលោមយ៉ាងកក់ក្ដៅទៅកាន់ក្មេងតូចគួរឲ្យអាណិតម្នាក់នោះ វ៉ូយ៉នក៏ខាំមាត់យំរួចលើកដៃប្រណមសំពះអរគុណដល់មនុស្សតែម្នាក់ដែលអាចជួយនាងបាននាពេលនេះ ស៊ុកជីនគេក៏ញញឹមទាំងបង្ខំចិត្តត្បិតថាពេលនេះក្នុងចិត្តមានអារម្មណ៍២កើតឡើងជាមួយគ្នា អារម្មណ៍មួយគឺសប្បាយចិត្តដែលគេអាចជួយដល់នាងបាន តែចិត្តមួយទៀតក៏ពិបាកនឹងបរិយាយព្រោះចិត្តគេបារម្ភពីអែមមីដែលនៅទាក់ទងមិនទាន់បាននៅឡើយ មិនថាពេលនេះនាងនៅទីណា?

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now