ភាគទី៤៦

493 15 1
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៤៦

"ក្រោកឡើង"
"លោកពូ" ជុននីអូមិនអាចសូម្បីតែឃាត់លោកប៉ារបស់អែមមីបាន គាត់ទាញក្របួចករអាវកម្លោះត្រកូលវីគ្រីសចេញទៅក្រៅទាំងដែលភ្នែកគេមិនអាចដកពីម្ចាស់កាយតូចដែលដេកស្ដឹងនៅលើគ្រែនោះសោះតែម្ដង ហូស៊ុកចាប់អូសស៊ុកជីនចេញមកខាងក្រៅទាំងទទឹងទទែង។
ព្រូស! រាងកាយស៊ុកជីនត្រូវដួលមួយជំហរក្រោមកម្លាំងច្រានយ៉ាងខ្លាំងព្រោះតែកំហឹងរបស់ហូស៊ុក អាល់ម៉ាឌី គេមិនមានក្ដីមេត្តាអ្វីសម្រាប់ប្រគល់ឲ្យមនុស្សប្រុសតែម្នាក់ដែលនាំឲ្យកូនស្រីគេធ្លាក់មកដល់ដំណាក់កាលនេះទៀតឡើយ រឹតតែស្អប់ខ្ពើមមិនចង់ឃើញមុខរបស់គេថែមទៀត មិនមែនតែគេ..គឺគេមិនចង់ឲ្យស៊ុកជីនបានជួបនឹងកូនស្រីគេរហូតតទៅ។
"លោកហូស៊ុក..ស្ដាប់ខ្ញុំបកស្រាយសិន! ខ្ញុំដឹងថាគ្រប់យ៉ាងខ្ញុំខុស ខ្ញុំបានសាងកំហុសមួយឡើងតែខ្ញុំធ្វើរឿងទាំងនោះក៏ព្រោះតែខ្ញុំចង់ឲ្យអែមមីនាងជឿជាក់ ចង់ឲ្យនាងបានឃើញតាមទង្វើមិនមែនជាពាក្យសម្ដីសន្យានោះឡើយ មេត្តា..មេត្តាឲ្យខ្ញុំបានមើលថែនាងផង"
"បិទមាត់ហើយចាកចេញពីទីនេះទៅ..ខ្ញុំគ្មានថ្ងៃឲ្យកូនស្រីរបស់ខ្ញុំទៅត្រាំត្រែងនឹងរឿងរ៉ាវដដែលៗបែបនោះទៀតឡើយ ក្រែងលោកមានអ្នកត្រូវទទួលខុសត្រូវមែនទេ? ទៅ! ឆាប់ទៅៗ អែមមីនាងមិនត្រូវការឡើយ" ហូស៊ុកបោះសម្ដីមួយឃ្លាប្រយោគនេះរួចគេក៏ចូលទៅកាន់បន្ទប់វិញទាំងមិនមើលស៊ុកជីន នាយក៏មិនបានបោះបង់ប្រញាប់នាំខ្លួនឯងដែលត្រដាបត្រដួសពីការវាយយ៉ាងដំណំរបស់ហូស៊ុកមុននេះឡើង បំណងចង់ចូលទៅខាងក្នុងតែអ្នកណាថាគេអាចចូលបាននោះ?
"ឆាប់-ចេញ-ទៅ" ជុននីអូក្របួចករអាវស៊ុកជីនជាប់ព្រមនឹងសំឡឹងមើលទៅគេជាមួយក្រសែភ្នែកត្រជាក់ស្រេបដូចជាទឹកកកអញ្ចឹង ដៃម្ខាងរុញទ្រូងស៊ុកជីនឲ្យខិតចេញឆ្ងាយពីទ្វារបន្ទប់សម្រាករបស់អែមមី ក្រសែភ្នែកងាកសំឡឹងទៅម្ខាងក៏បានឃើញថាមានវត្តមាននាងល្អិតវ៉ាយ៍លេតដែលទើបតែមកដល់ ទើបតែបានដឹងដំណឹងនោះក្រោយគេ។
"បងស្រី..បងអូ! បងស្រីយ៉ាងមិចទៅហើយ?" វ៉ាយ៍លេតកាន់ស្មាជុននីអូទាំងហត់គឃូស តែក៏មានមនុស្សម្នាក់ចូលមកកាន់ស្មារបស់នាងជាប់ សំឡេងញីញ័ររបស់គេក៏អាចឲ្យនាងដៅបានភ្លាមថាជាអ្នកណា។
"វ៉ាយ៍លេត..វ៉ាយ៍លេតស្ដាប់ខ្ញុំ!" ស៊ុកជីនកាន់ស្មានាងតូចនិយាយទៅកាន់នាងក៏ព្រោះតែគិតថានាងប្រហែលជាអាចយល់ពីខ្លួនជាងអ្នកឯទៀតតែមិនទាន់ទាំងបានបកស្រាយអ្វីមួយម៉ាត់ផង វ៉ាយ៍លេតបែរបដិសេធដោយគ្រវាសដៃគេចេញពីស្មានាង កែវភ្នែកងាកសំឡឹងមើលទាំងភាពខឹងសម្បារមិនខុសពីប៉ាម៉ាក់របស់នាងសំឡឹងទៅកាន់នាយស៊ុកជីនឡើយ។
"ស្ដាយ..ស្ដាយណាស់ដែលខ្ញុំប្រគល់ឱកាសឲ្យមនុុស្សដូចជាលោកមើលថែបងអែមមី! ឆាប់ចេញទៅ បើលោកហ៊ានតែមកបង្ហាញមុខទៀត ខ្ញុំច្បាស់ជាសម្លាប់លោកប្រាកដណាស់ ស៊ុកជីន វីគ្រីស" វ៉ាយ៍លេតបញ្ចប់ភាពស្និតស្នាល ញញឹមរាក់ទាក់ទៅកាន់គេមកជាភាពសោះកក្រោះហាក់ដូចជាអ្នកដទៃសុទ្ធសាធ សួរថាអ្នកណាអាចទ្រាំឈរមើលមនុស្សប្រុសដែលធ្វើឲ្យសមាជិកខ្លួនធ្លាក់ដុនដាបកើតនោះ? សម្រាប់នាងគឺធ្វើមិនបានឡើយ។
វ៉ាយ៍លេតចូលទៅខាងក្នុងបន្ទប់ដែលស្ងប់ស្ងាត់ ភាពស្ងប់ស្ងាត់ដែលនាំឲ្យនាងកាន់តែល្ហល្ហេវក្នុងចិត្តលើសដើមថែមទៀត នាងបោះជំហានញាប់ឆ្មេរួចទើបឈប់នៅពេលមកដល់ឃើញលោកប៉ាអ្នកម៉ាក់នាងកំពុងតែនាំគ្នាកាន់ក្រសោបដៃបងស្រីនាង សភាពរាងកាយដែលធ្លាប់តែរហ័សរហួនស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃក៏បែរជាមកដេកស្ដឹងមួយកន្លែងមិនកម្រើក រស់នៅពឹងផ្អែកទៅលើអុកសុីសែននឹងថ្នាំទាំងនោះ។
"បងស្រី..អ្ហឹក!" វ៉ាយ៍លេតបន្ទន់ជង្គង់ចុះផ្ទាល់នឹងឥដ្ឋសណ្ដករាងកាយឡើងខ្ពស់ស្មើនឹងម្ដាយដែលអង្គុយលើកៅអីក្បែរនោះ ដៃតូចស្រឡូនក៏លូកក្រសោបម្រាមដៃស្លេកស្លាំងរបស់អែមមីមកអឹបជាប់នឹងថ្ពាល់ សម្រក់ទឹកភ្នែកចុះមកមិនឈប់ឈរ ទ្រូងខាងឆ្វេងឈឺចុកដែលមកឃើញបែបនេះ បើអាចថយពេលវេលានាងនឹងមិនបណ្ដោយឲ្យរឿងគ្រប់យ៉ាងកើតឡើងឡើយ រឹតតែគួរឲ្យស្ដាយនោះគឺ..
ស្ដាយដែលនាងជួយឲ្យពួកគេបានជួបគ្នា!
....
អាគារជាយក្រុងដែលមានសភាពចាស់ទ្រុឌទ្រោមមានព្រៃស៊ុបទ្រុបមិនសាកសមនឹងមានមនុស្សណាម្នាក់រស់នៅសោះឡើយ មិនមានទាំងភ្លើងអគ្គិសនីដែលតភ្ជាប់មកដល់ទីនោះ ទើបមិនមានអ្នកណាចាប់អារម្មណ៍នឹងទីកន្លែងនោះ រឹតតែមិនមានអ្នកណាគិតថាទីនោះពិតជាមានមនុស្សរស់នៅតែម្ដង។
ងឹក..
ឡានស្ព័រទំនើបមួយបើកចូលមកកាន់តំបន់អាគារចំណាស់នោះមុននឹងឈប់ចតនៅខាងមុខមួយសន្ទុះធំដូចជាកំពុងតែរង់ចាំវត្តមានរបស់នរណាម្នាក់ ហើយវាក៏ពិតមែន! មនុស្សស្រីតូចច្រឡឹងចេញមកព្រមជាមួយនឹងស្នាមញញឹមជាប់លើផែនថ្ពាល់របស់នាង គ្រាន់តែបានឃើញឡាននោះភ្លាម ជីវិតនាងដូចជាមានក្ដីសង្ឃឹមជាថ្មីអញ្ចឹងដែរ។
"ហីយ៉ា!លោក...នេះមិនគិតថាច្រើនពេកទេហេស៎?" នាងលាន់មាត់កាលបើអង្គរក្សម្នាក់យកកាបូបដែលពេញទៅដោយលុយហុចឲ្យនាង កញ្ចក់ឡានក៏រវៃចុះបន្តិចម្ដងៗបង្ហាញឲ្យឃើញមនុស្សប្រុសម្នាក់អង្គុយនៅក្នុងឡាននោះព្រមជាមួយនឹងស្នាមញញឹមមិនខុសពីនាងឡើយ។
"នាងធ្វើការបានល្អ..នាងក៏នឹងបានរង្វាន់..ឡរ៉ា" ឡរ៉ាឯណោះក៏មិនបានគិតច្រើនបើកកាបូបនោះរួចរាប់លុយយ៉ាងសប្បាយចិត្ត នេះគ្រាន់តែម្ដងនាងបានលុយច្រើនជាងបោកប្រាស់អង្គការដល់ទៅ១០-២០ដងឯណោះ រាប់សុខៗនាងក៏ហាក់មានអ្វីម៉្យាងលោតចូលក្នុងខួរក្បាលទើបប្រញាប់សួរនាំភ្លាម។
"តែថាហេតុអីក៏លោកធ្វើបែបនេះ? លោកនឹងគ្រួសារនាងនោះមានគំនុំអ្វីមែនទេ?" សំនួររបស់នាងក៏កាន់តែនាំឲ្យអ្នកស្ដាប់សើចខ្លាំងជាងមុនទៅទៀត គេទាញបារីមួយដើមយកមកបឺតរួចបង្ហុយវាបែបមិនខ្វល់ៗទាំងដែលឡរ៉ាឯណេះចង់ដឹងសឹងតែដាច់ខ្យល់ទៅហើយនោះ គេជក់ប៉ុន្មានខ្យល់រួចគេក៏ទម្លាក់ដៃមកខាងក្រៅដែលអាចឲ្យនាងបានឃើញស្នាមរបួសនៅលើដៃម្ខាងរបស់គេច្បាស់។
"អ្នកណាក៏ដោយដែលធ្លាប់នៅខាងអាអ្នកអង្គម្ចាស់នោះ អ្នកណាក៏ដោយឲ្យតែធ្លាប់តិះដៀលប្អូនស្រីយើង ពួកវាក៏នឹងត្រូវវិនាសម្ដងម្នាក់ៗ យើងចង់ឃើញទឹកភ្នែកពួកវា ចង់ឲ្យពួកវាដឹងថា..ភាពអាម៉ាស់នឹងការបាត់បង់វាមានរសជាតិបែបណានោះ ហ៊ឹស!!! ត្រកូលអាល់ម៉ាឌី.. ត្រកូលហ្វាល់លីដា.. ត្រកូលសាន់ត្រូហ្វាន" ស្ដាប់ត្រឹមសម្ដីរបស់គេក៏នាំឲ្យឡរ៉ាលេបទឹកមាត់ក្អឹក ប្រញាប់លាន់ជំហានថយក្រោយអោនគំនាបទៅកាន់គេទាំងខ្លាចរអា ព្រោះថានាងមិនមែនជាដៃគូប្រជែងនឹងគេឡើយ បើនាងប្រហើននាងក៏អាចនឹងជាមុខសញ្ញាមួយរបស់គេដូចគ្នា។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now