ភាគទី៥៤

358 14 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៥៤

វីឡាអាល់ម៉ាឌី
ឡានខ្មៅរលើបជាកម្មសិទ្ធិរបស់កម្លោះសង្ហាត្រកូលហ្វាល់លីដាក៏បើកចូលនាំយកកូនស្រីម្ចាស់វីឡានេះត្រឡប់មកផ្ទះវិញ បន្ទាប់ពីនាងបាត់ខ្លួនទៅមួយយប់ដោយគ្មានអ្នកណាម្នាក់ដឹងសោះឡើយ។ ជុននីអូឈប់ឡានរួចងាកបែរសំឡឹងមើលទៅអែមមីដែលផ្អែកខ្នងនឹងពូកឡានបែរទៅម្ខាងយ៉ាងស្ងៀមស្ងាត់អាចឲ្យគេដឹងថាអែមមីនាងគេងលង់លក់បាត់ទៅហើយ នាយមិនបានដាស់នាងតែក៏នៅអង្គុយក្នុងឡាននោះបានជាគ្នាជាមួយនឹងនាង តែថាគេក៏បែរជាបានឃើញអ្វីម៉្យាងនៅក្បែរខ្លួនរបស់នាង ពោលគឺនាយកាន់ជាប់តែម្ដងរួចទើបនាយប្រញាប់ឈោងទាញវាពីដៃនាងមករួចបោះទៅខាងក្រោយ កាយវិការរបស់គេក៏ដាស់ឲ្យអ្នកម្ខាងទៀតភ្ញាក់ពីដំណេកមកទាំងមីងមាំង។
"អ្ហឹម?ដល់ហើយមែនទេ?" ជុននីអូក៏ងក់ក្បាលញាប់ឆ្លើយតបទៅកាន់នាងតូចរួចក៏ប្រញាប់ចុះពីឡានឆ្ពោះទភកាន់ទ្វារខាងអែមមីអង្គុយដើម្បីបើកវាឲ្យនាង អែមមីលើកដៃញីភ្នែកទាំងងងុយនៅឡើយតែក៏មិនទម្រន់នឹងក្រោកឡើងតាមការបបួលហៅរបស់ជុននីអូ ស្របពេលនោះអ្នកផ្ទះរបស់នាងក៏ចេញមករកនាងព្រោះបាត់ដំណឹងតាំងពីយប់មក មិនទាំងប្រាប់អ្នកបើកឡានរបស់លោកប៉ានាងទៀតថានាងត្រូវទៅណាបន្តទុកឲ្យគេនៅរង់ចាំរហូតដល់យប់ជ្រៅតែម្ដង។
"អ្នកម៉ាក់?" មិនចាំកូនស្រីនិយាយបកស្រាយអ្វីឡើយតែក៏ចូលមកអោបក្រសោបកូនស្រីណែនក្នុងដៃ វ៉ាយ៍លេតឯណោះក៏ចូលមកអោបពីក្រោយម្នាក់ទៀត ម្នាក់ៗសុទ្ធតែព្រួយបារម្ភពីនាង ធ្វើឲ្យអែមមីកាន់តែមានអារម្មណ៍ខុសថែមមួយកម្រិតទៀតដែលព្រមទៅជាមួយនឹងស៊ុកជីនទុកឲ្យគ្រប់គ្នាបារម្ភបែបនេះ។
"សុំទោសម៉ាក់! កូនមិនធ្វើឲ្យមានកំហុសជាថ្មីទេ" កាលបើលឺកូនស្រីពោលពាក្យសុំទោសមកកាន់ខ្លួន ស្កាលេតក៏មិនសប្បាយចិត្តនឹងប្រញាប់ដកខ្លួនពីការអោបក្រសោបប្ដូរមកជាកាន់ក្រសោបថ្ពាល់ទន់ៗរបស់កូនស្រីវិញ អែមមីអោនមុខចុះទាំងដឹងកំហុសខុសពីម្ដាយដែលក្រវីក្បាលក៏ព្រោះតែនាងមិនបានខឹងកូនឡើយ បានឃើញកូនមកដល់ផ្ទះទាំងមានសុវត្ថិភាពជាអ្វីដែលនាងចង់បានហើយ។
"កូននិយាយអី? កូនមកផ្ទះវិញដោយសុវត្ថិភាពម៉ាក់សប្បាយចិត្តហើយ មោះចូលទៅខាងក្នុងពួកយើងញ៊ាំអាហារពេលព្រឹកជាមួយគ្នាណា៎ លោកប៉ាក៏កំពុងតែរង់ចាំកូននៅខាងក្នុងដែរ ជុននីអូ! តោះចូលមកខាងក្នុងមកក្មួយ ញ៊ាំអាហារពេលព្រឹកជុំគ្នា" ជុននីអូក៏ក្រវីក្បាលបន្តិចនាំឲ្យអែមមីនាងឆ្ងល់ក៏ព្រោះគេតែងតែពេញចិត្តនឹងនៅទីនេះ ចុះហេតុអីពេលនេះគេក៏បែរជាបដិសេធបែបនេះ?
"ខ្ញុំគ្រាន់តែជូនអែមមីមកវិញប៉ុណ្ណោះអ្នកមីង ខ្ញុំត្រូវទៅផ្ទះវិញក្រែងបងហ្វីលីណាមានអ្វីឲ្យខ្ញុំជួយ ខ្ញុំគិតលាអ្នកមីងសិនហើយជួយជម្រាបសុំទោសលោកពូជំនួសក្មួយផងដែលមិនបានចូលទៅរាក់ទាក់ជាមួយគាត់" ស្កាលេតក៏ងក់ក្បាលតិចៗរួចក៏តាមមើលការចាកចេញទៅរបស់ជុននីអូ ទាំង៣នាក់ម្ដាយកូនក៏រង់ចាំរហូតដល់គេចេញទៅបាត់ទើបពួកគេនាំគ្នាចូលទៅខាងក្នុងវីឡាជាមួយគ្នា។
...
ថ្ងៃរសៀលបានឈានចូលមកដល់ក្រោយពីទទួលអាហារដល់ទៅ២ពេលជាមួយអ្នកផ្ទះរួចរាល់មកអែមមីក៏សម្រាកនៅក្នុងបន្ទប់គេង ព្រមនឹងរៀបចំរបស់របរខ្លះដាក់វ៉ាលីក៏ព្រោះតែមិនប៉ុន្មានថ្ងៃទៀតនាងក៏ដល់ពេលត្រូវត្រឡប់ទៅអុីតាលីវិញហើយ ម៉្យាងនាងក៏មិនចង់រំខានដល់អ្នកផ្ទះនាងទើបនាងប្រឹងក្រោកមកងើបរបស់របរដោយខ្លួនឯងបែបនេះ។
"ហ៊ឹមមានអ្វីដែលភ្លេចទៀតទេណ៎?" អែមមីឈរច្រត់ចង្កេះសំឡឹងមើលទៅរបស់របរដែលនាងកំពុងតែរៀបនោះក៏ព្រោះខ្លាចថានាងភ្លេចយករបស់ផ្ទាល់ខ្លួនទៅ តែថាគ្រប់យ៉ាងមានអស់ទៅហើយមិនមានខ្វះចន្លោះអ្វីឡើយ ទើបនាងអោនរ៉ូតបិទវ៉ាលីទាំងស្រាលខ្លួន។ នាងក៏ផ្ដួលខ្លួនដេកទៅលើពូកទន់ៗក្នុងបន្ទប់រួចក៏ទាញតុក្កតាខ្លាឃ្មុំធំដែលផ្ដេកទុកនៅក្បែរនោះ នាងអោបវាទាំងមិនបានចងចាំថាវាជាកាដូដែលស៊ុកជីនធ្លាប់បានឲ្យនាងកាលនៅពីតូចឡើយ។
តុកៗ
ទ្វារបន្ទប់អែមមីបើកឡើងស្រាលៗបន្ទាប់ពីមានការគោះឲ្យដំណឹងចំនួន២លើករួចមក ស្កាលេតក៏ញញឹមពព្រាយទៅកាន់កូនស្រីរួចក៏ចូលទៅអង្គុយនៅលើគ្រែក្បែរកូន អែមមីនាងក៏មិនបានក្រោកអង្គុយឲ្យស្រួលបួលដែរពោលគឺនាងងាកបែរមកអោបចង្កេះម្ដាយរួចត្រសុលក្រោកឡើងកើយលើភ្លៅម្ដាយដូចជាកូនក្មេង ស្កាលេតក៏លូកដៃអង្អែលក្បាលវែកសក់កូនស្រីតូចៗទាំងញញឹមបិទមាត់មិនជិតរួចទើបនាងចាប់ភ្លឹកឃើញតុក្កតាខ្លាឃ្មុំធំដែលនៅក្បែរអែមមីនោះវិញ។
"កូនស្រឡាញ់តុក្កតាមួយនេះខ្លាំងណាស់ តាំងពីក្មេងមកទោះជាមានអ្នកណាទិញតុក្កតាផ្សេងមកផ្ញើក៏កូនមិនព្រមប្ដូរជាមួយនឹងគេដែរ" អែមមីក៏ជ្រឹមចិញ្ចើមរួចងើបមុខសំឡឹងមើលទៅម្ដាយទាំងងឿងឆ្ងល់ ហើយស្កាលេតនាងក៏យល់ព្រោះដឹងថាកូនស្រីមិនមានការចងចាំឡើយទើបនាងក្រវីក្បាលរួចអោនទៅថើបកូនមួយខ្សឺត។
"មោះកូនមានអីឲ្យម៉ាក់ជួយទេ? ចាំម៉ាក់មើលឲ្យកូនម្ដងទៀតថាកូនមានភ្លេចអ្វីរឺក៏អត់នោះ" ស្កាលេតក៏រំកិលខ្លួនអង្គុយចុះផ្ទាល់នឹងឥដ្ឋក្បែរគ្រែ អែមមីឯណោះក៏ទ្រាលលើពូករួចអោបករម្ដាយពីក្រោយទាំងទឹកមុខញញឹម ស្កាលេតក៏រៀបចំមើលរបស់គ្រប់យ៉ាងទាំងញញឹម កម្រនឹងមានពេលវេលាបាននៅជាមួយនឹងកូនតែ២នាក់បែបនេះខ្លាំងណាស់ ព្រោះតាំងពីកូនធំដឹងក្ដីមកនាងក៏មិនរក្សាចារិកដដែលឡើយ នាងក៏ចង់បានភាពឯកជនដែលជារបស់នាង។
"ម៉ាក់ក៏នៅតែជាអ្នកជួយមើលនឹងរើរបស់កូនដដែល កូនដូចជាមិនចង់នៅឆ្ងាយពីម៉ាក់ទៀតសោះ"
"អញ្ចឹងកូនឆាប់រៀនឲ្យចប់ហើយរៀបការត្រឡប់មកនៅផ្ទះជាមួយនឹងម៉ាក់វិញមក យ៉ាងមិចដែរ?" អែមមីក៏បូញមាត់គិតបន្តិចនាំឲ្យម្ដាយនាងអស់សំណើចរួចលើកដៃអង្អែលក្បាលកូនស្រី ២នាក់ម្ដាយកូនក៏បានតែញ៉ោះគ្នាសើចក្អាកក្អាយនៅទីនោះ ជាក្ដីសុខមួយពេលដែលអែមមីមិនអាចបំភ្លេចបាន មុនពេលដែលនាងចាកចេញទៅជាថ្មី។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now