ម្ចាស់គ្រងបេះដូង
ភាគ៖២៣តាមផ្លូវមានសភាពស្ងប់ស្ងាត់ខុសពីប្រក្រតី អ្នកដែលអង្គុយនៅបាំងក្បែរតៃកុងក៏មានភាពស្ងៀមស្ងាត់ ដៃទាំងសងខាងក្រសោបអោបកូនស្រីជាប់តាំងពីចេញពីមន្ទីរពេទ្យមក ឯចំណែកអ្នកដែលបើកឡានឯណោះក៏គិតតែពីសំឡឹងមើលទៅផ្លូវខាងមុខជារឿយៗមិនហ៊ានងាក ទាំងដែលក្នុងចិត្តមានសំនួររាប់លានចង់សួរទៅកាន់នាង។
"អូ! ម៉ាក់នោះផ្លូវផ្ទះយើង" ក្នុងសភាពស្ងប់ស្ងាត់នោះនាងល្អិតវ៉ូយ៉នក៏និយាយឡើងទាំងខ្លួននាងនៅក្នុងការអោបរបស់ម្ដាយនៅឡើយ ស៊ុកជីនក៏ងាកសំឡឹងមើលតាមការចង្អុលបង្ហាញរបស់នាងល្អិតនោះរួចក៏ជ្រឹមចិញ្ចើមបន្តិច។
"បងអាចដាក់ខ្ញុំនៅផ្លូវខាងមុខបាន ចាំខ្ញុំនឹងកូនចុះដើរទៅជាមួយគ្នាក៏បាន ព្រោះផ្លូវនោះឡានពិបាកនឹងបើកចូលខ្លាំងណាស់ ខ្ញុំមិនចង់រំខាន" សម្ដីរបស់ឡរ៉ាហាក់បីដូចជាខ្យល់អាកាសសម្រាប់ស៊ុកជីនអញ្ចឹង នាយមិនបានគិតច្រើនក៏បត់ឡានចូលទៅតាមផ្លូវតូចនោះភ្លាមៗតែម្ដង ឡរ៉ាក៏មិនអាចធ្វើអីបានក្រៅពីស្ងាត់មាត់នឹងអោបកូនវិញ។
នៅតាមផ្លូវចូលទៅខាងក្នុងស៊ុកជីនក៏បានឃើញនូវភាពលំបាកនឹងសភាពការរស់នៅរបស់អ្នកនៅម្ដុំនោះ គ្រប់យ៉ាងក៏ហាក់អនាធិបតេយ្យមិនសាកសមនឹងការរស់នៅសម្រាប់ឡរ៉ានឹងកូននាងទាល់តែសោះ។
"លោកអុំនាយក ឈប់នៅខាងនោះទៅដល់ផ្ទះរបស់វ៉ូយ៉នហើយ ហិហិ" ស៊ុកជីនកំពុងតែស្លុងអារម្មណ៍នឹងសំឡឹងមើលគ្រប់យ៉ាងក៏បែរជាភ្ញាក់កាលបើដៃតូចៗលូកមកកាន់ទាញដៃអាវម្ខាងរបស់គេ នាយក៏ងក់ក្បាលតបរួចបត់ឡានទៅឈប់ចតនៅខាងមុខផ្ទះមួយដែលវ៉ូយ៉នបានប្រាប់។
"ឡរ៉ានឹងកូនរស់នៅទីនេះមែនទេ?"
"ចាស៎ អរគុណបងសម្រាប់រឿងថ្ងៃនេះ! វ៉ូយ៉នជម្រាបលាអុំនាយកទៅ"
"ជម្រាបលាលោកអុំនាយកសង្ហា ហិហិ" វ៉ូយ៉នក៏អោនគំនាបដាក់ស៊ុកជីនបន្តិចរួចក៏ចុះពីឡានទៅព្រមជាមួយនឹងម្ដាយរបស់នាង ពួកគេទាំង២នាក់ដឹកដៃគ្នាជាប់ចូលទៅកាន់ផ្ទះជួលមួយកន្លែងដែលមានសភាពចាស់គួរសមហើយនៅក្បែរនោះក៏មានទៀមស្រាមួយមានសុទ្ធតែមនុស្សកុះករឡូឡាវាហាក់មិនសាកសមទាល់តែសោះសម្រាប់ស្រីៗដូចជាពួកនាងរស់នៅឡើយ គេអាណិតតែវ៉ូយ៉នទេដែលត្រូវមកប្រឈមនឹងស្ថានភាពរស់នៅបែបនេះ មិនបានគិតយូរនាយក៏បើកឡានចាកចេញពីទីនោះ។
...
ស៊ុកជីនក៏អង្គុយក្នុងឡានសញ្ជឹងគិតនៅក្នុងឡានតែម្នាក់ឯង គេក៏នៅតែរិះគិតពីនាងល្អិតវ៉ូយ៉ននោះ គិតពីអាយុរបស់នាងនឹងពេលវេលាដែលគេនឹងឡរ៉ាធ្លាប់ទាក់ទងនឹងបែកគ្នា នេះវាមិនចៃដន្យពេកទេរឺដែលឡរ៉ាមានកូនអាយុប៉ុណ្ណេះ បើគិតឲ្យងាយទៅអាយុកូននាងស្មើនឹងពេលដែលពួកគេនៅទាក់ទងគ្នា រឺក៏...
តុកៗ
កញ្ចក់ឡានរបស់គេក៏ស្រាប់តែមានអ្នកគោះតុកៗនាំអោយគេប្រញាប់សម្អាតចោលអារម្មណ៍មានមន្ទិលសង្ស័យទាំងនោះចេញអស់រួចក៏ប្រញាប់បើកកញ្ចក់ឡានទាំងញញឹមទទួលវត្តមានអ្នកមកដល់នោះ។
"ហេតុអីបងមិនចូលមកខាងក្នុង? នៅទីនេះរងាណាស់ នេះបងមិនរងាទេរឺ?" នាងល្អិតអែមមីចេញពីក្នុងផ្ទះមកព្រមនឹងអាវក្រាស់មកជាមួយ មួយរយៈនេះអាកាសធាតុនៅទីក្រុងរ៉ូមប្រែប្រួលពេលថ្ងៃអាកាសធាតុក៏រៀងចុះត្រជាក់ជាងធម្មតា ចំណែកឯពេលយប់វិញក៏តែងតែមានភ្លៀងខ្យល់មិនឈប់ទាំងដែលរដូវនេះជារដូវក្ដៅក៏ដោយ។
"ដឹងថានៅខាងក្រៅរងាបែបនេះហើយ តែអូនក៏នៅតែចេញមករកបង" ស៊ុកជីនក៏បើកទ្វារឡានបំណងនឹងចុះតែក៏ត្រូវអែមមីកាត់មុខចូលមកក្នុងឡានជាមួយនឹងគេ ស្រីតូចអង្គុយនៅលើភ្លៅរបស់ស៊ុកជីនរួចក៏ផ្ដេកក្បាលកើយលើទ្រូងនាយនាពេលនោះ ស៊ុកជីនក៏ញញឹមរួចអោបក្រសោបរាងកាយតូចល្អិតទាំងក្ដីស្រឡាញ់។
"ឲ្យតែបាននៅក្បែរបង ទោះជានៅខាងក្រៅមេឃរងាខ្លាំងដល់កម្រិតណាក៏អូនតែមានអារម្មណ៍ថាកក់ក្ដៅដែរ" អែមមីនិយាយពាក្យទាំងនេះចេញមកទាំងញញឹមដែលខុសប្លែកពីអ្នកម្ខាងទៀតដែលផ្លាស់ទឹកមុខបន្តិច ហាក់បីដូចជាពាក្យសម្ដីរបស់នាងចាក់ជ្រាបដល់ក្នុងបេះដូងរបស់គេខ្លាំងដល់ថ្នាក់មិនអាចនិយាយចេញបានត្រឹមតែញញឹមនឹងអោបនាង។
"ថ្ងៃនេះការងារនៅសាលារបស់អូនយ៉ាងមិចទៅហើយ? ដូចជាមិនឃើញអូនផ្ញើសារមកប្រាប់បងទាល់តែសោះ"
"អ្នកណាថា? បងមិនបានមើលខ្លួនឯងទេដឹង?" អែមមីក៏ងើបមុខចេញពីទ្រូងស៊ុកជីន រួចបើកភ្នែកមឹសៗសំឡឹងទៅគេ នាងបានផ្ញើសារជាច្រើនខ្សែទៅគេតែនាយបែរជានិយាយថាមិនឃើញសារនាងទៅវិញ។
"បងសុំទោស! បងប្រហែលជា.."ស៊ុកជីនក៏រៀងភាំងបន្តិច គេក៏ប្រញាប់លូកទាញទូរសព្ទ័ពីហោប៉ៅមកតែក៏ត្រូវអែមមីឃាត់ជាថ្មី នាងក៏លូកទាញដៃស៊ុកជីនពីហោប៉ៅមករួចក៏កាន់ស្រាក់ចូលគ្នាជាមួយនឹងដៃនាង។
"អូនជឿជាក់បង បងមានការងារច្រើនសម្រាប់ធ្វើ មិនមែនទំនេរដូចជាអូនឡើយ បានហើយ!តោះចូលទៅខាងក្នុងទៅ អូនធ្វើអាហាររួចរាល់ហើយ ក្រែងត្រជាក់អស់" ស៊ុកជីនក៏ញញឹមងក់ក្បាលតបទៅនាង អែមមីក៏បើកទ្វារឡានរួចក្រោកចុះពីភ្លៅនាយដើរចេញមកខាងក្រៅ ដៃតូចស្រឡូនលារង់ចាំការកាន់ក្រសោបពីនាយវិញ ស៊ុកជីនក៏បិទទ្វារឡានរួចកាន់ដៃនាងចូលទៅក្នុងផ្ទះជាមួយគ្នា។
មកដល់ខាងក្នុងផ្ទះស៊ុកជីនក៏ដោះអាវក្រៅរបស់គេទុក ចំណែកអែមមីវិញក៏ដើរចូលទៅកាន់ផ្ទះបាយតែម្ដង ស៊ុកជីនក៏ងាកសំឡឹងមើលទៅលើតុទើបឃើញថាអែមមីនាងចេញទៅរកនាយអម្បាញ់មិញទាំងនាងមានការរវល់ជាមួយនឹងការងារសាលារបស់នាងនៅឡើយ ស៊ុកជីនក៏ដាក់ខ្លួនអង្គុយចុះរួចរៀបចំកិច្ចការសាលារបស់នាងដាក់ទៅម្ខាង មុននឹងងាកមើលទៅភាពមមាញឹករបស់នាងនៅក្នុងផ្ទះបាយឯណោះវិញ អែមមីពេលនេះនាងផ្លាស់ប្ដូរច្រើនណាស់ ពីកូនក្មេងដែលគេគិតថាមិនដឹងខ្យល់អី មិនអាចសូម្បីតែធ្វើអ្វីញ៊ាំខ្លួនឯងបាន ចូលចិត្តតែលេងRollercoaster តែពេលនេះនាងក៏ជាមនុស្សធំ នាងអាចមើលថែខ្លួនឯងបានយ៉ាងល្អមិនតែប៉ុណ្ណឹងនាងក៏នៅចំណាយពេលមើលថែគេទៀត។
"បង! មកញ៊ាំអាហារមក" អែមមីកាលបើរៀបចំរួចនាងក៏ហៅស៊ុកជីន នាយក៏ងាកសំឡឹងមើលទៅនាងរួចក៏ញញឹមងក់ក្បាលឆ្លើយតបនឹងប្រញាប់ក្រោកទៅញ៊ាំអាហារជុំគ្នាជាមួយនឹងនាង។
ពេលយប់...
សភាពក្នុងបន្ទប់ងងឹតមានត្រឹមតែពន្លឺបន្លឺពីអំពូលរាត្រីដែលដាក់អមនឹងគ្រែគេងទាំងសងខាង ពន្លឺភ្លើងស្រាលៗនោះក៏បង្ហាញឲ្យឃើញរាងកាយមនុស្សប្រុសស្រី២នាក់ដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត នាពេលនេះគឺម៉ោង១២ជាងទៅហើយតែថាពួកគេទាំង២នៅមិនទាន់មានអ្នកណាគេងលង់លក់នៅឡើយ។
"អូនមិនងងុយទេរឺ? បងគិតថាអូនដាក់ខ្នងដល់ពូកនឹងគេងលក់ទេតើ" ស៊ុកជីននិយាយសួរនាំទៅកាន់ម្ចាស់កាយតូចដែលកំពុងតែអោបផ្ទប់ក្បាលនឹងទ្រូងកក់ក្ដៅរបស់គេ អែមមីក៏ព្រលែងខ្យល់ដង្ហើមស្រាលនាំឲ្យស៊ុកជីនត្រូវអោនសំឡឹងមើលមុខនាងទាំងមន្ទិល។
"អូនកំពុងតែគិតពីអនាគត នៅក្បែរបងបែបនេះអូនតែងតែគិតឃើញដល់អនាគតដែលស្រស់បំព្រង គិតដល់ជីវិតគ្រួសារតូចមួយដែលកក់ក្ដៅបំផុត គ្រួសារដែលមានប៉ាមានម៉ាក់រស់នៅជាមួយគ្នាដោយមិនមានមន្ទិល" អែមមីនិយាយទាំងញញឹម តែស្នាមញញឹមរបស់នាងក៏ស្រាប់តែរលុបបាត់ កាលបើទិដ្ឋភាពរីករាយដែលនាងចង់បាននោះបែរជាឆ្លុះបញ្ចាំងដល់ទិដ្ឋភាពជីវិតនាងកាលនៅពីក្មេងទៅវិញ រូបភាពដែលនាងធ្លាប់ជាប់ ការបាត់បង់ ភាពឯកោដែលនាងត្រូវរស់នៅបែកបាក់ជាមួយម្ដាយ វាឈឺចាប់ វានៅដក់ជាប់ទ្រូងនាងមិនអាចរលុបបាន។
"អូនសុំសួរបងខ្លះបានទេ?" ស៊ុកជីនមិនបានឆ្លើយតបតែក៏នៅស្ងៀមរង់ចាំស្ដាប់សំនួរពីមាត់អែមមី នាងតូចក៏ងើបសំឡឹងមើលមុខគេចំ កែវភ្នែកថ្លាសំឡឹងមើលទៅគេដូចជាមានភាពភ័យខ្លាចរឿងអ្វីម៉្យាង។
"បងនឹងមិនចាកចេញពីអូនទេមែនទេ? ពួកយើងនឹងរៀបការសាងគ្រួសារជាមួយគ្នាត្រូវទេ? អូនខ្លាច..អូនខ្លាចថា ហ៊ឹម" អែមមីនិយាយមិនទាន់ទាំងចប់ស្រួលបួលផងក៏ត្រូវបានម្ចាស់កាយសង្ហាអោនទម្លាក់ថើបបបូរមាត់នាងជំនួសវិញ អែមមីក៏តបការថើបរបស់គេវិញដោយមិនស្ទាក់ស្ទើរ ស៊ុកជីនក៏ដកបបូរមាត់ពីការថើបរួចក៏ងើយថើបថ្ងាសនាងតិចៗទាំងញញឹម។
"បងស្រឡាញ់អូន"៚យូមីន
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romanceស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី