ភាគ៩១+៩២+៩៣

433 17 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៩១+៩២+៩៣

មន្ទីរពេទ្យ
គ្រប់គ្នាអស់ខ្យល់ហើយ...
សំឡេងប៉ូលីសជជែកគ្នាគិលហាក់បីដូចជាកំពុងតែពិភាក្សាពីរឿងក្ដីធំដែលទើបតែកើតឡើងមុននោះឯង ក៏មានប៉ូលីសប៉ុន្មាននាក់កត់សម្គាល់នឹងវត្តមានរបស់នរណាម្នាក់ដែលនៅខាងក្នុងបន្ទប់ដាក់សាកសព ទឹកមុខរបស់មនុស្សម្នាក់នោះហាក់ស្រងូតស្រងាត់ខ្លាំងលើសដើមថែមទៀតកាលបើក្រណាត់គ្របសាកសពបានបើកឡើង។
"ម្ចាស់អូនអែលលីទៅបានសុខហើយ អ្នកអង្គម្ចាស់ក៏គួរតែដោះលែងនឹងធ្វើចិត្តដូចគ្នាក្រាបទូល" បន្ទាប់ពីហត់នឿយនឹងការងារពេញមួយថ្ងៃមកលោកឧត្តមសេនីយ៍យ៉ុនហ្គីក៏នៅតែតាមមកដល់មន្ទីរពេទ្យដើម្បីបានជាគ្នាជាមួយនឹងអ្នកអង្គម្ចាស់ជុងហ្គុក ក៏ព្រោះតែការបាត់បង់របស់ទ្រង់ធ្ងន់ធ្ងរខ្លាំងនឹងប៉ះពាល់ដល់អារម្មណ៍របស់ទ្រង់ខ្លាំងពេកទើបនាយមិនអាចបណ្ដោយឲ្យទ្រង់នៅតែមួយអង្គឯងបាន។
"តាំងពីតូចក្រូចឆ្មាមកអែលលីតែងតែជាកែវភ្នែករបស់អ្នកគ្រប់គ្នា ទ្រង់តែងតែជាព្រះនាងស្រស់ស្រាយនឹងរីករាយគ្រប់ពេលវេលា ពេលខ្លះយើងក៏មិនឆ្ងល់ដែរថាហេតុអ្វីបានជាម្ចាស់ប្អូនគ្រប់គ្នាដាក់ព្រះនាមឲ្យទ្រង់ថាជា ព្រះនាងរីករាយដែរ ក៏ព្រោះតែអ្នកដែលនៅក្បែរអែលលីគឺតែងតែញញឹមនឹងភាពគួរឲ្យស្រឡាញ់របស់ទ្រង់ យើងក៏មិនដែលនឹកស្មានដែរថាយើងនឹងមកឃើញទីបញ្ចប់របស់ទ្រង់បែបនេះដែរ" អ្នកអង្គម្ចាស់ជុងហ្គុកក៏មានបន្ទូលក្រោយពីទ្រង់ស្មឹងស្មាថមើលទៅសាកសពម្ចាស់ប្អូនជាទីស្រឡាញ់របស់ទ្រង់ទាំងមិនអស់អាល័យ ព្រះនាងដែលតែងតែជាមនុស្សទីមួយដែលធានាជួយដល់ទ្រង់គ្រប់រឿង ទ្រង់មានទឹកព្រះទ័យល្អប្រសើរខ្លាំងលើសលប់ តែជីវិតរបស់ទ្រង់ក៏បែរជាមកបញ្ចប់ទាំងវ័យក្មេងបែបនេះ។
"ពេលនេះវាយប់បន្តិចទៅហើយអ្នកអង្គម្ចាស់ ទ្រង់គួរតែយាងទៅសម្រាកនៅវិមានវិញទៅក្រាបទូល បើទ្រង់នៅតែស្រងេះស្រងោចបែបនេះព្រះនាងអែលលីក៏មិនសប្បាយព្រះទ័យដែរក្រាបទូល" យ៉ុនហ្គីក៏និយាយប្រាប់ទៅកាន់អ្នកអង្គម្ចាស់ជុងហ្គុកដែលទ្រង់នៅឈរសំឡឹងតែសាកសពម្ចាស់ប្អូនទ្រង់មិនទៅណាសោះតាំងពីរសៀលរហូតមកដល់ពេលនេះ អ្នកអង្គម្ចាស់ជុងហ្គុកក៏ងាកសំឡឹងមើលទៅយ៉ុនហ្គីរួចក៏ឆ្លៀតងាកទៅអង្អែលក្បាលព្រះនាងជាលើកចុងក្រោយផង។
"ម្ចាស់បងនឹងចងចាំអែលលីជារៀងរហូត ម្ចាស់បងស្រឡាញ់អែលលីបំផុត" ក្រោយពីនិយាយពាក្យក្នុងព្រះទ័យរួចរាល់អ្នកអង្គម្ចាស់ជុងហ្គុកក៏យាងនាំព្រះកាយចាកចេញពីទីនោះ សម្ដៅហួសបំណងចង់ទៅកាន់ផ្លូវចេញតែក៏បែរជាជ្រួសផ្លូវជាមួយនឹងមនុស្សម្នាក់ដែលទើបនឹងមកដល់ដូចគ្នា។
"ជូហ្វី..យើងសង្ឃឹមថាជុននីអូនឹងមិនអីដូចគ្នា" ជូហ្វីក៏អោនគំនាបអ្នកអង្គម្ចាស់ជុងហ្គុកព្រមជាមួយនឹងទឹកមុខស្រងូតស្រងាត់មិនខុសពីទ្រង់ប៉ុន្មានដូចគ្នា នាងរង់ចាំរហូតទាល់តែអ្នកអង្គម្ចាស់យាងចេញទៅបាត់ទើបនាងប្រញាប់ទៅកាន់បន្ទប់សម្រាកព្យាបាលនៅក្បែរនោះ។
ក្រាក!
គ្រាន់តែបើកទ្វារចូលមកដល់ខាងក្នុងជូហ្វីក៏ហាក់មានអារម្មណ៍ថាបន្ទប់ទាំងមូលត្រជាក់ស្រេបតែម្ដង មិនមែនព្រោះតែអាកាសធាតុនៅទីនោះឡើយតែក៏ព្រោះតែបានមកឃើញទឹកមុខស្រងូតស្រងាត់របស់កូនប្រុសនាងឯណោះទៅវិញទេ អ្នកជាម្ដាយក៏បោះជំហាននាំខ្លួនចូលមករកកូនប្រុសទាំងព្រួយបារម្ភក្រោយពីបានទទួលដំណឹងពីខាងលោកឧត្តមសេនីយ៍រួចមក។
"ជុននីអូ! កូនប្រុសម៉ាក់.." ជូហ្វីឧទានហៅកូនប្រុសដែលអង្គុយផ្អែកក្បាលនឹងគ្រែអ្នកជម្ងឺ ស្ថិតក្នុងឈុតអ្នកជម្ងឺដូចគ្នាដែរ ជុននីអូក៏នៅអង្គុយធ្មឹងមិនបាននិយាយអ្វីរកម្ដាយឡើយ ជូហ្វីអាចដឹងថាគេឆ្លើយតបនឹងការហៅរបស់នាងក៏ព្រោះតែនាងបានឃើញទឹកភ្នែកកូនហូរស្រក់កាត់លើផែនថ្ពាល់របស់គេប៉ុណ្ណោះ មិនបង្អង់ជូហ្វីក៏រហ័សទាញក្បាលកូនប្រុសមកកើយលើទ្រូងកក់ក្ដៅរបស់ម្ដាយក្រែងគេអាចនឹងបានកក់ក្ដៅក្នុងចិត្តជាងមុន។
"បើកូនយំពេលនេះ អែលលីនាងអាចនឹងខឹងទេម៉ាក់?"
"អត់ទេកូន! បើកូនទ្រង់..កូនអាចយំបាន..ព្រះនាងអែលលីតែងតែនៅទីនេះចាំមើលកូនហើយ" ពាក្យដែលជូហ្វីលួងលោមជុននីអូទាំងប៉ុន្មានហាក់បីដូចជាកំពុងតែសាងរូបភាពរបស់អែលលីជាថ្មីក្នុងការចងចាំរបស់ជុននីអូអញ្ចឹងដែរ គេហាក់បីដូចជាបានឃើញព្រះនាងអែលលីឈរនៅទីនោះសំឡឹងមើលមកគេព្រមជាមួយស្នាមញញឹមទាំងដែលគេកំពុងតែសម្រក់ទឹកភ្នែកទន់ជ្រាយក្នុងនាមជាកូនប្រុសដ៏រឹងមាំម្នាក់ គេធ្លាប់តែរឹងមាំកន្លងមកតែការបាត់បង់នាងក៏កាច់បំបាក់ភាពរឹងមាំរបស់គេអស់គ្មានសេសសល់...
....គេនឹកនាងណាស់។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now