ភាគ០៤

1.1K 52 0
                                    



កំណាន់ចិត្តម៉ាហ្វៀ
ភាគ០៤

ផាំង!
ប្រៀបបីដូចជារន្ទះបាញ់កណ្ដាលថ្ងាសនាយអញ្ចឹងក៏ព្រោះតែសំនួរបែបមិនដឹងខ្យល់របស់នាងតូចឡេឡានីមុននេះ នេះនាងដើរក្រឡឹងជុំវិញវិមានគេមួយស្របក់សោះនាងក៏គិតថាគេជាអ្នកបោះដុំបន្លែផ្លែឈើអញ្ចឹងហេស៎?
តែណ្ហើយ! ឲ្យនាងយល់ខុសបែបនឹងហើយព្រោះគេក៏មិនចង់បញ្ចេញអត្តសញ្ញាណគេដូចគ្នាដែរ ព្រោះក្រៅពីសមាជិកគ្រួសារគេ គឺគេមិនទុកចិត្តនរណាម្នាក់ឡើយ។
«អុញ៎! ម្ចាស់ប្រុសមិនទាន់ឆ្លើយជាមួយខ្ញុំផង អញ្ចឹងបានន័យថាវាជាការពិតមែនទេ?» ឡេឡានីលើកដៃឈ្លីក្បាលខ្លួនឯងតិចៗព្រោះតែនាយមិនបានឆ្លើយតបជាមួយនាងហើយថែមទាំងដើរចេញទៅទាំងមិនហៅនាងទៀត ស្រីតូចខាំបបូរមាត់បន្តិចរួចបោះជំហានរត់ទៅតាមគេតត្រុកដូចជាកូនឆ្កែរត់តាមម្ចាស់។
ហូស៊ុកនាំខ្លួនឡើងមកកាន់វិមានធំដែលមានអ្នកបម្រើអមសងខាងផ្លូវចាំទទួលគេ កែវភ្នែកមុតក៏មិនភ្លេចងាកមើលទៅនាងល្អិតដែលដើរតាមពីក្រោយគេទាំងមិនដឹងខ្យល់អីសោះនោះ។
«ចូលមិនបានទេ..» ស្របពេលឡេឡានីឡើងមកជណ្ដើរបម្រុងនឹងតាមម្ចាស់ប្រុសដែលទិញនាងមកឯណោះក៏ស្រាប់តែអ្នកបម្រើម្នាក់នៅដើមជណ្ដើរឃាត់នាងមិនឲ្យឡើងទៅតាមគេ។
«នាងមកជាមួយយើង..»
«អូ! សុំទោសអ្នកប្រុសធំ» អ្នកបម្រើម្នាក់នោះក៏អោនក្បាលសុំទោសចៅហ្វាយនាយទាំងក្លបខ្លាចរួចក៏បើកផ្លូវឲ្ឡេឡានីឡើងទៅជាថ្មី ស្រីតូចខាំមាត់បែបឆ្ងល់បន្តិច រសាយចិត្តបន្តិច ត្បិតមុននេះនាងក៏ភ័យដែរថាគេអាចនឹងដេញនាងចេញត្រឹមមាត់ជណ្ដើរនេះក៏ថាបានព្រោះមើលទៅនៅទីនេះគេមានអំណាចខ្លាំងណាស់។
មិនបង្អង់យូរឡេឡានីក៏លើកជាយសំពត់ឡើងរត់ទៅតាមពីក្រោយកាយមាំទាំភ្លាម មកដល់ជាន់ខាងលើឡេឡានីបើកភ្នែកធំៗប៉ុនស្នូកក្ដាមតែម្ដង ព្រោះតែភាពល្អប្រណីតក្នុងផ្ទះមួយនោះ គ្រប់យ៉ាងចែងចាំងចូលភ្នែកនាងទោះបីជាវាមានការតុបតែងបែបសោះកក្រោះបន្តិចក៏ដោយតែនាងអាចមើលដឹងបានថារបស់តុបតែងទាំងនោះសុទ្ធតែជារបស់ថ្លៃៗទាំងអស់តែម្ដង។
«ហូយ៎!ស្អាតណាស់» សំឡេងតូចស្រាលរបស់នាងបន្លឺស្របនឹងសម្រឹបជើងនាងរត់ទៅទូរក្បែរនោះដែលមានដាក់តាំងចានក្បានដែលមានតម្លៃនឹងជារបស់ចាស់បុរាណទាំងនោះ ហូស៊ុកក៏ងាកមើលទៅនាងបន្តិចរួចដើរឆ្ពោះទៅអង្គុយនៅឯសាឡុងធំទូលាយពណ៌ឈាមជ្រូកនៅក្បែរនោះ។
«នេះឯកសារចៅហ្វាយ» ហូស៊ុកទម្លាក់ខ្លួនអង្គុយមិនទាន់ក្ដៅគូថផងក៏មានឯកសារការងារយកមកជូនគេពិនិត្យទៅហើយ នាយទាញវាយកមកមើលរួចចងចិញ្ចើមបន្តិចក៏ព្រោះតែឯកសារមួយនោះវាមានចំណុចខ្វះខាតច្រើនណាស់ គេមិនមានពេលវេលាច្រើននោះទេ បើសិនជាការងារមិនហើយនៅសប្ដាហ៍នេះទេច្បាស់ណាស់ថាការប្រជុំភាគហ៊ុននឹងត្រូវលើកថ្ងៃជាថ្មីទៀត លេខាចាស់របស់គេក៏ទើបតែឈប់សម្រាកព្រោះនាងត្រូវសម្រាលកូន ការងារទាំងអស់ធ្លាក់ទៅលើអេដវីន អ្នកដែលគ្មានបទពិសោធន៍អីបន្តិចសោះនោះ។
(អេ..អេ៎តិចធ្លាក់បែក!) ខណៈហូស៊ុកកំពុងតែក្រពុលមុខផងនោះក៏មានសំឡេងមួយបន្លឺឡើងពីជ្រុងម្ខាងដែលតាមគេស្ដាប់បាន វាជាសំឡេងរបស់អ្នកបម្រើវិមានធំនេះឯង តែមុននេះគេនិយាយថាប្រយត្ន័ធ្លាក់បែក..រឺមួយក៏នាងល្អិតម្នាក់នោះបង្កបញ្ហាទៀតហើយ?!
«ហ៊ឹម» ហូស៊ុកព្រលែងខ្យល់ដង្ហើមធំបន្តិចរួចច្រត់ក្រោកនាំខ្លួនដើរទៅមើលប្រភពសំឡេងនោះ មកដល់គេក៏បានឃើញនាងល្អិតឡេឡានីកំពុងតែអោបកាន់ថូបុរាណមួយជាប់នឹងដៃមិនលែងទោះបីជាអ្នកបម្រើម្នាក់នោះព្យាយាមទាញយកមកវិញក៏ដោយ។
«បើសិនជាធ្លាក់បែកអ្នកប្រុសធំច្បាស់ជាចាត់ការនាងជាមិនខានឡើយ..»
«ថូនេះវាប៉ុន្មានមាសមេទៅ? បានជាចាំបាច់ដល់ថ្នាក់ចាត់ការមនុស្សម្នាក់ដើម្បីតែវានោះ នាងដូចជាផ្ដាច់ការជាងម្ចាស់ប្រុសទៅទៀត សម្រេចថាម្ចាស់ប្រុសជាចៅហ្វាយរឺក៏នាងជាចៅហ្វាយទៅ?!» មិនត្រឹមតែមិនខ្លាចតែនាងក៏អោបថូផ្កាឈរស្រែកឡែតៗដាក់អ្នកបម្រើដែលស្ដីថាឲ្យនាងមុននោះ ហូស៊ុកដែលឈរសំឡឹងមើលពីចម្ងាយក៏បានត្រឹមក្រវីក្បាលបន្តិចរួចចូលខ្លួនទៅដោះស្រាយ ព្រោះមិនដូច្នោះទេច្បាស់ជាមានសង្គ្រាមជាមិនខានឡើយ។
«ហេតុអីមិននិយាយ? មុននេះនាងស្ដីឲ្យខ្ញុំខ្លាំងណាស់» ដោយឃើញហូស៊ុកចូលមកអ្នកបម្រើម្នាក់នោះក៏មិនបានតបតរអ្វីទៀតតែក៏នៅស្ងៀមទាំងដឹងកំហុស ខុសប្លែកពីនាងល្អិតឡេឡានីដែលព្យាយាមក្រោកឈរដើម្បីខ្លួនឯងទាំងមិនដឹងថាមានម្ចាស់កាយមាំទាំកំពុងតែឈរពីក្រោយខ្នងនាង អ្នកបម្រើម្នាក់នោះក្រោយពីទទួលបានការចងចិញ្ចើមគួរឲ្យខ្លាចពីអ្នកប្រុសធំរួចមកគេក៏ប្រញាប់អោនក្បាលរួចចាកចេញទៅបាត់។
«ស្ដីឲ្យគេហើយមិនចេះសុំទោសទៀត ចារិកដូចអត់មានអ្នកប្រដៅ..» ឡេឡានីតាមសំឡឹងមើលអ្នកបម្រើម្នាក់នោះរួចរអ៊ូតិចៗមុននឹងអោបថូនោះរួចដាក់វាថ្នមៗទៅក្នុងទូកន្លែងដើមរបស់វាវិញ នាងក៏មិនភ្លេចយកជាយដៃរ៉ូបនាងជូតថូនោះផង មុននេះនាងយកវាចេញមកជូតប៉ុណ្ណោះព្រោះតែវាមានធូលីហ៊ុមពទ្ធ័ខ្លាំងពេក តែអ្នកណាទៅដឹងថាធ្វើគុណបានទោសបែបនេះ?!
«អីយ៉ាស់..» ឡេឡានីក៏ភ្ញាក់ព្រើតកាលបើនាងបែរខ្លួនត្រឡប់មកវិញក៏ឃើញម្ចាស់កាយមាំឈរពីក្រោយនាង គេអោបដៃសំឡឹងមើលនាងទាំងចងចិញ្ចើម ឡេឡានីក៏ខ្លាចទឹកមុខស្មើរបស់គេដែរតែនាងក៏មិនបានបញ្ចេញអាការៈអ្វីជាការសង្ស័យរួចក៏សំឡឹងមើលមុខគេចំតែម្ដង។
«ហេតុអីក៏សំឡឹងមុខយើង?!» ឃើញថានាងតូចសំឡឹងមើលមុខគេមិនដកភ្នែកហូស៊ុកក៏សួរឡើងភ្លាម ឡេឡានីក៏ចង្អុលទៅកាន់ថូដែលនៅក្នុងទូនោះ។
«ថូនេះថ្លៃប៉ុន្មានទៅ? ហេតុអីក៏អ្នកបម្រើម្ចាស់ប្រុសទុកវាដូចជាថូបុរាណមានអាយុរាប់ពាន់ឆ្នាំបែបនេះ គេថែមទាំងគម្រាមខ្ញុំថាម្ចាស់ប្រុសនឹងចាត់ការខ្ញុំបើសិនជាខ្ញុំធ្វើបែកថូមួយនេះ..»
«ពិតមែន!» ចម្លើយមិនសមស្របនឹងការគិតរបស់នាងក៏បន្លឺឡើងពីមាត់របស់ហូស៊ុក ឡេឡានីចងចិញ្ចើមដាក់គេគាំងអណ្ដាតហាក់និយាយអីមិនចេញ ស្រីតូចខាំមាត់រួចបើកទូទាញយកថូនោះមកបោកលាន់ច្រាវពីមុខហូស៊ុកតែម្ដង អ្នកបម្រើដែលបានឃើញក៏លើកដៃខ្ទប់មាត់ព្រោះតែភ្ញាក់ផ្អើលនឹងកាយវិការច្រឡើងខើងរបស់នាងតូចម្នាក់នេះ។
«ក្មេងម្នាក់នេះប្រហែលជាគិតថាស្លាប់វិលល្ងាចហើយមើលទៅ..»
«យើងថាពួកយើងទៅធ្វើការវិញទៅ ក្មេងម្នាក់នេះដឹងតែមិនរស់ហើយបើនាងព្រហើនយ៉ាងនឹងនោះ» ពួកអ្នកបម្រើទាំងនោះក៏នាំគ្នាគេចចេញ ទុកឲ្យទីនោះមានតែវត្តមានម្ចាស់វិមាននឹងអ្នកបង្កបញ្ហានោះឯង ឡេឡានីបោកថូរួចក៏ងើបសំឡឹងមើលទៅគេទាំងភ្នែកក្រហម។
«ចាត់ការទៅ..ឲ្យសាកសមនឹងចិត្តមនុស្សផ្ដាច់ការនឹងអំណាចរបស់ម្ចាស់ប្រុស ព្រោះតម្លៃខ្ញុំមិនបានស្មើនឹងថូមួយនេះឡើយ..» ឡេឡានីនិយាយឡើងទាំងក្ដុកក្ដួលខុសប្លែកពីហូស៊ុកដែលឈរសំឡឹងមើលកម្ទេចថូបែកខ្ចាយនោះទាំងមិននិយាយអីទាំងអស់។
«តម្លៃខ្លួននាង២៥០លាន..តែថូនេះតម្លៃ៦០០លាន..»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Место, где живут истории. Откройте их для себя