ភាគ៤៣

770 41 0
                                    

មកមើលនីនីម្ដងរត់មកផ្ទះវិញ មិនដឹងបែបណាខ្លះទេ

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៤៣

យប់យន់ទន់ទេរទៅហើយ នៅតាមផ្លូវចុះពីជម្រាលភ្នំក៏នៅតែមានឡានទំនើបមួយបើកបរទាំងភ្លើងភ្លឺចិញ្ចាចហាក់ដូចជាបញ្ជាក់ថាគេមានការប្រញាប់ណាស់អញ្ចឹង។
«ឡេឡានី..ឡេឡានី» ទោះជាដៃកំពុងតែបញ្ជាចង្កូតឡានក៏ដោយក៏ខួរក្បាលនាយនៅតែនឹកឃើញព្រមទាំងចងចាំនូវមុខមាត់របស់មនុស្សស្រីម្នាក់ដែលចាកចេញទាំងគេមិនបានដឹងជាមុនសោះ ហូស៊ុកគោះចង្កូតឡានទាំងកំហឹងត្បិតថាបើសិនជាឡេឡានីបានឃើញរឿងកើតឡើងមុននោះ វានឹងកាន់តែពិបាកសម្រាប់ទំនាក់ទំនងរបស់ពួកគេទាំង២ហើយ។
ក្រឺង!ក្រឺង..
សុខៗទូរសព្ទ័របស់ហូស៊ុកក៏រោទ៍ឡើងនាំឲ្យអ្នកដែលកំពុងតែច្របូកច្របល់នោះក្រពុលមុខបន្តិចតែក៏បែរជាភាំងកាលបើឃើញថាលេខដែលខលនោះវាជាលេខរបស់ថេយ៉ុង ក្មួយប្រុសរបស់គេឯណោះ។

វិមានហ្វ្រេដ ឌើរីកស៍
(អាឡូប្រុសតូច)
ក៏ដោយសារតែថេយ៉ុងនឹងឡេឡានីចេញដំណើរមកមុនយូរគួរសមទើបបានជាពួកគេមកដល់ទីតាំងមុន គ្រាន់តែមកដល់ភ្លាមឡេឡានីក៏បើកទ្វារចុះពីឡានរួចអោបកូនឆ្មាជាប់ដៃរត់ចូលទៅខាងក្នុងខណៈថេយ៉ុងចុះពីឡានមកគេក៏ខលទៅសួរលោកពូគេភ្លាម ត្បិតគេមិនបានដឹងថានៅទីនោះមានរឿងអ្វីកើតឡើង ដឹងត្រឹមតែថាវាប្រហែលជាធ្ងន់ធ្ងរណាស់ហើយទើបបានជាឡេឡានីនាងយំខ្លាំងថ្នាក់នេះ។
(ឯងនៅឯណាប្រុសតូច? ចុះឡេឡានី? ឡេឡានីនាងនៅជាមួយឯងទេ? ឃាត់នាងឲ្យចាំមួយភ្លែតសិនបានទេ?) គ្រាន់តែបានស្ដាប់ភាពអន្ទះសារនឹងតក់ក្រហល់របស់លោកពូគេរួចមកថេយ៉ុងក៏ហាក់បីដូចជាទទួលបានអារម្មណ៍មួយដែលប្រាប់ថារឿងដែលកើតឡើងនោះអាចជាកំហុសរបស់លោកពូគេច្បាស់ណាស់ តែថាគាត់ធ្វើអីខុសទៅ?
(ប្រុសតូច)
«មិនទាន់ទេលោកពូ..ព្រោះគ្រាន់តែឡានឈប់ចតភ្លាមនាងក៏ប្រញាប់រត់ចូលទៅខាងក្នុងបាត់ស្រមោល មិនសូម្បីតែនិយាយអ្វីមួយម៉ាត់ នាងគិតតែពីយំរហូតមិនឈប់តាំងពីឡានចេញដំណើររហូតមកដល់វិមានវិញ» ថេយ៉ុងប្រាប់លោកពូគេត្រួសៗពីអាការៈនឹងស្ថានភាពរបស់ឡេឡានីដែលប្រៀបបីដូចជាចងរឹតចិត្តគេឲ្យតានតឹងលើសដើមថែមទៀត។
ខណៈថេយ៉ុងកំពុងតែឈរនិយាយទូរសព្ទ័ជាមួយនឹងហូស៊ុកឯណោះនាងល្អិតក៏បន្តដំណើរចូលមកកាន់វិមានទាំងយំសស្រាក់ ដៃក៏នៅតែអោបកូនឆ្មាដែលកំព្រាឯកោមិនខុសពីនាងនោះឡើយ។
«អ្នកនាងតូច..អ្នកនាង» ម៉ាដាមម៉ែលកាលបើបានឃើញអ្នកនាងតូចរបស់គាត់ចូលមកគាត់ក៏ប្រញាប់លាងសម្អាតដៃរួចចេញពីផ្ទះបាយមកបំណងចង់អោបនាងទុកជាការស្វាគមន៍តាមទម្លាប់តែក៏បែរជាភាំងកាលបើបានឃើញមួយប៉ព្រិចភ្នែកមុននឹងនាងហួសឡើងទៅជាន់ខាងលើ គាត់ឃើញថាឡេឡានីនាងយំឡើងហើមភ្នែកអស់ទៅហើយ។ មិនបង្អង់គាត់ក៏ប្រញាប់ឡើងទៅខាងលើតាមឡេឡានីភ្លាម តែក៏នៅមិនលឿនជាងនាងក៏ព្រោះតែឡេឡានីនៅក្មេងមានកាយសម្បទារឹងមាំដែលនាំឲ្យនាងអាចឡើងមកបានលឿននឹងប្រញាប់លូកទាញទ្វារខ្ទាស់បិទ កែវភ្នែកមុតក៏ងាកមើលទៅជុំវិញខ្លួនរួចនឹងឃើញថានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថ្មីរបស់នាងមានចម្រឹងដៃថ្មីដែលទុកចោលច្រើនទើបនាងប្រញាប់ទៅត្រកងលើកពួកវាយកមកដើម្បីខ្ទាស់ទ្វារបន្ទប់ជាប់ថែមមួយតង់ទៀត។
តុក!តុក
«អ្នកនាង..»
«អ្នកនាងតូចរបស់ម៉ាដាមមានរឿងអី?» គ្រាន់តែសំនួរសួរពីខាងក្រៅមករបស់ម៉ាដាមម៉ែលក៏នាំឲ្យអ្នកដែលទើបតែឈប់យំអម្បាញ់មិញរលីងរលោងជាថ្មី ឡេឡានីលូកខ្មងដៃផ្ទប់មាត់រួចបោះជំហានថយបុកខ្នងនឹងជញ្ជាំងទល់មុខនឹងទ្វារនោះរួចសម្រូតខ្លួនអង្គុយចុះទាំងទឹកភ្នែកហូរសស្រាក់ ដៃតូចស្រឡូនក៏លូកអោបក្រសោបរាងកាយខ្លួនឯងជាប់ហាក់ដូចជាស្រណោះស្រណោកនឹងអ្វីដែលបានកើតឡើងក្នុងគ្រានោះ កាន់តែយំនាងក៏កាន់តែឈឺ ពេលដែលឈឺនាងក៏នឹកឃើញដល់រឿងដែលកើតឡើងនោះភ្លាមៗ គ្រប់យ៉ាងហាក់នៅរត់ពេញភ្នែករបស់នាងតែម្ដង។
«យើងនឹងអេមម៉ាលីមិនមានអ្វីទាក់ទងជាមួយនឹងគ្នាទេ..គ្រាន់តែជាអ្នកស្គាល់..ហ៊ឹក ជាអតីតអ្នកជិតខាង អ៊ីចឹងរឺ?» ឡេឡានីពោលឡើងទាំងក្បាលផ្អែកនឹងជញ្ជាំងភ្នែកសញ្ជឹងសំឡឹងមើលទៅកាន់ពិដានបន្ទប់ដែលមានពណ៌សក្បុសប្រៀបបីដូចជាចិត្តដែលទទេស្អាតរបស់នាងនាពេលនេះ ក្ដីស្រឡាញ់ ភាពជឿទុកចិត្តដែលនាងខំព្យាយាមសាងឡើងដើម្បីគេក៏ត្រូវរលាយបាត់អស់ត្រឹមមួយរូបភាពដែលនាងបានឃើញគេនៅលើគ្រែជាមួយនឹងមនុស្សស្រីដទៃនេះហើយ បើសិនជាគេស្រឡាញ់គ្នា ចង់នៅជាមួយគ្នាពួកគេអាចនិយាយប្រាប់នាងតាមត្រង់ព្រោះនាងក៏អាចដកខ្លួនបានគ្រប់ពេលទៅហើយ នាងដឹងថានាងជានរណា មានតួនាទីត្រឹមជាអ្វីនៅទីនេះ តែការដែលធ្វើបែបនេះជាមួយនឹងនាង ពួកគេមិនគិតថាវាហួសហេតុពេកទេមែនទេ? ទោះនាងជាមនុស្សធន់ទាប តែនាងក៏មានបេះដូង មានអារម្មណ៍ចេះឈឺចាប់ មិនមែនជាដុំថ្មឡើយ។
«ម៉េវ..ម៉ែវ» គ្រាដែលនាងកំពុងតែយំ កូនឆ្មាដែលនាងយកមកជាមួយនោះក៏ស្រែកឡើងរួចដើរតិចៗមករកនាង ឡេឡានីទម្លាក់ភ្នែកសំឡឹងមើលទៅវា កូនឆ្មាតូចជាសត្វតិរច្ឆានដែលសមតែគ្មានអារម្មណ៍អ្វី តែវាក៏បែរជាសំឡឹងមើលមកនាងទាំងភ្នែករលីងរលោងហាក់បីដូចជាប្រាប់នាងថាវាចងចាំរឿងបងប្អូនវាដែលស្លាប់ទាំងនោះ ឡេឡានីពេបមាត់តិចៗរួចក៏ត្រកងបីកូនឆ្មាតូចឡើងមកអោបជាប់ទ្រូង។
«ម៉េវ..ម៉េវ» មកដល់ដៃរបស់ឡេឡានីទៅហើយក៏កូនឆ្មានៅតែស្រែកដដែល សំឡេងស្រែករបស់វាក៏កាន់តែធ្វើឲ្យឡេឡានីតានតឹងនឹងលូកយកវាមកអោបក្រសោបជាប់ទ្រូងលើសដើម។
តុក! តុក..
(ឡេឡានី..ឡេឡានី)
ម្ដងនេះមិនមែនជាម៉ាដាមម៉ែលតែក៏ជាសំឡេងមនុស្សម្នាក់ដែលគ្រាន់តែនាងលឺសំឡេងគេភ្លាម បេះដូងនាងដែលធូរខ្សាកមុននោះប្រែជាមានទម្ងន់ធ្ងន់ត្រដុកលើសដើម នាងតូចបិទភ្នែករួចលើកដៃទាំងសងខាងផ្ទប់ត្រចៀកខ្លួនឯងហាក់មិនចង់ដឹងមិនចង់លឺអ្វីដែលគេនិយាយ ជាពិសេសនាងក៏មិនចង់លឺសំឡេងរបស់គេ ព្រោះលឺសំឡេងរបស់គេវាដូចជាធ្វើឲ្យនាងលឺតែពាក្យកុហកដែលគេនិយាយមកកាន់នាងកន្លងមកអ៊ីចឹងដែរ។
ភាពស្ងៀមស្ងាត់របស់នាងនៅខាងក្នុងក៏មិនបានធ្វើឲ្យគ្រប់យ៉ាងបានល្អប្រសើរឡើយ វាកាន់តែធ្វើឲ្យអ្នកប្រុសធំដែលទើបតែមកដល់ទាំងទាន់ហន់នោះកាន់តែអន្ទះអន្ទែងចិត្តលើសដើម ហូស៊ុកគោះទ្វារបន្ទប់ផ្ទាល់ខ្លួនរបស់ឡេឡានីមិនឈប់នឹងព្យាយាមឧទានហៅនាងតែក៏មិនមានសំឡេងឆ្លើយតបមកវិញសោះ។
«សោរសាគួអ្នកប្រុសធំ» ម៉ាដាមម៉ែលដែលចេញទៅរកសោរនោះមួយសន្ទុះក៏ចូលមកវិញព្រមជាមួយនឹងសោរសាគួរដែលគាត់ទុកមកជាមួយ ហូស៊ុកក៏ប្រញាប់ទាញវាយកមកចាក់បើក គេក៏អាចបើកគន្លឹះបានតែបែរជាមិនអាចចូលបានត្បិតថានៅខាងក្នុងមានជាប់អ្វីផ្សេងទៀតដែលធ្វើអាចគេមិនអាចបើកវាបាន ហូស៊ុកគេក៏មិនបានចុះចាញ់ត្រឹមប៉ុណ្ណឹងដូចគ្នា។
គ្រាំង! គ្រាំង
សំឡេងបំបុកទ្វារបន្លឺឡើងយ៉ាងខ្លាំងតែក៏មិនអាចរំលំទ្វារនោះឲ្យបើកឡើង បានត្រឹមតែបង្ហើបឲ្យឃើញរាងកាយតូចអង្គុយអោបជង្គង់យំនៅខាងក្នុង រូបរាងកាយដែលមើលទៅញីញ័រដែលនាំឲ្យហូស៊ុកកាន់តែអន្ទះសារចង់ចូលទៅរកនាងលើសដើមតែគេក៏មិនអាច ត្បិតថាទ្វារត្រូវបានខ្ទាស់ដោយដែកមាំវែងៗដល់ទៅ៦ដើម អ៊ីចឹងទោះជាគេបំបុកដល់ស្អែកក៏គេមិនអាចចូលទៅរកនាងបានឡើយ។
«ឡេឡានីបើកទ្វារ..ឡេឡានី» ដោយសារតែអស់ជម្រើសហូស៊ុកក៏មិនអាចធ្វើអីបានក្រៅពីទម្លាក់ជង្គង់ពីមុខបន្ទប់របស់ឡេឡានីដែលសភាពរបស់គេពេលនេះក៏ធ្វើឲ្យអ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនោះភ្ញាក់ ក៏ព្រោះតែពួកគេមិនដែលឃើញអ្នកប្រុសធំរបស់ពួកគេបន្ទាបខ្លួនរឺក៏ទម្លាក់ជង្គង់សុំអង្វរឲ្យអ្នកណាមើលមកគាត់នឹងយល់ពីចិត្តគាត់ថ្នាក់នឹងឡើយ។
«មកធ្វើអី?» ក្រោយពីស្ងាត់អស់មួយរយៈធំទៅ សំឡេងស្អករបស់ឡេឡានីក៏បន្លឺឡើងស្របនឹងកែវភ្នែកហើបក្រហមសំឡឹងមើលមកកាយមាំទាំដែលធ្វើឲ្យនាងឆ្អែតចិត្តបំផុតត្រឹមតែមួយរយៈពេលខ្លី អំពើល្អ ការយកចិត្តទុកដាក់របស់គេកន្លងមកវាហាក់លែងមានតម្លៃក្នុងក្រសែភ្នែកនាងទៀតហើយ ព្រោះតែគេធ្វើឲ្យនាងមើលទៅគេក្នុងន័យផ្សេង ពាក្យសម្ដីដែលនាងតែងតែជឿជាក់ក៏ប្រែក្លាយឲ្យនាងគិតថាវាគ្រាន់តែជាពាក្យកុហកបោកប្រាស់ព្រោះតែគេចង់បានខ្លួននាង តែមិនមែនព្រោះតែការស្រឡាញ់។
«ឡេឡានីយើងចង់បកស្រាយប្រាប់នាង..ឲ្យនាងយល់ថាគ្រប់យ៉ាងវាមិនដូចជាអ្វីដែលនាងបានឃើញឡើយ» ហូស៊ុកនិយាយឡើងទាំងភ្នែកគេហាក់រលីងរលោងដូចគ្នាតែគេក៏មិនបានប្រែប្រួលសំឡេងក្នុងការនិយាយទៅកាន់នាងឡើយ។
«បកស្រាយហ្អេស៎?!»
(បងស៊ុក..) គ្រាន់តែឡេឡានីបញ្ចប់ប្រយោគរបស់នាងភ្លាម ក៏មានសំឡេងមនុស្សស្រីម្នាក់ផ្សេងបន្លឺឡើងមក សំឡេងដែលបន្លឺឡើងនាំឲ្យនាងគិតថាហូស៊ុកមិនបានមកតែម្នាក់ឯងឡើយ តែគេក៏យកនាងមក អ៊ីចឹងក៏មកបកស្រាយបានការអ្វីទៅ?
«ឡេឡានី..»
«ឈប់ត្រឹមនឹងបានហើយអ្នកប្រុសធំ..ប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ ខ្ញុំមិនត្រូវការពាក្យបកស្រាយឡើយ ព្រោះទោះបីជាអ្នកប្រុសបកស្រាយក៏ត្រង់នេះ..» ឡេឡានីកាត់ឃ្លាប្រយោគខ្លួនឯងដោយដៃម្ខាងលូកខ្ទប់ទ្រូងខាងឆ្វេងដែលកំពុងតែឈឺចុកស្ទើរតែស្លាប់ នាងចង្អុលវាទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់ ទឹកភ្នែកនាងជាចំណុចខ្សោយរបស់ហូស៊ុកតាំងពីចួបគ្នានាគ្រាដំបូង គ្រាមុននាងយំព្រោះតែភាពភ័យខ្លាច ហើយពេលនេះនាងក៏យំជាថ្មី នៅចំពោះមុខគេ ទាំងដែលគេជាដើមហេតុដែលធ្វើឲ្យនាងឈឺចាប់។
«ទៅរកនាងចុះ អ្នកប្រុសធំ»

មិនបាច់បារម្ភពីខាងនេះទេ..នាងមិនអីទេ

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now