ភាគ១១១

498 23 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី១១១

២ថ្ងៃក្រោយ..
រយៈពេលកន្លងផុតទៅមួយខែជាងបូកផ្សំនិងប៉ុន្មានថ្ងៃចុងក្រោយដែលឡេឡានីស្នាក់នៅមន្ទីរពេទ្យនាងក៏មានអារម្មណ៍ធុញទ្រាន់និងចង់ទៅផ្ទះវិញ ហើយអ្វីដែលនាងចង់បានហូស៊ុកមិនដែលជំទាស់នោះឡើយ ហើយថ្ងៃនេះហើយដែលជាថ្ងៃដែលឡេឡានីត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទៅផ្ទះវិញ។
«អូនដូចជាសប្បាយចិត្តណាស់គ្រាន់តែបានទៅផ្ទះវិញ» ម្ចាស់កាយមាំទាំដែលឈរក្រងសក់ឲ្យឡេឡានីក៏និយាយឡើងទាំងស្នាមញញឹមជាប់លើផ្ទៃមុខ ស្រីតូចដែលអង្គុយខាងមុខកញ្ចក់ឯណោះក៏ញញឹមជាប់ស្របនិងដៃលាបប្រេងក្រអូបថើរៗនៅលើស្បែកត្បិតថានាងមានផ្ទៃពោះបែបហ្នឹងគេមិនអនុញ្ញាតឲ្យនាងប្រើប្រាស់គ្រឿងសម្អាងអ្វីឡើយ។
«មិនសប្បាយចិត្តបានយ៉ាងមិចទៅម្ចាស់ប្រុស? អូននឹកផ្ទះហើយក៏នឹកចំការផ្លែឈើរបស់ម្ចាស់ប្រុសដែរ ហិហិ ចាំទៅវិញអូនធ្វើទឹកទំពាំងបាយជូរឲ្យម្ចាស់ប្រុសសាកភ្លក់ដែរណា៎» ឡេឡានីមើលទៅសប្បាយចិត្តកាន់តែខ្លាំងគ្រាន់តែរំលឹកត្រួសៗពីវិមានឯណោះ ហូស៊ុកក៏ញញឹមបិទមាត់មិនជិត គេចាត់ចែងក្រងសក់នាងរួចគេក៏ទម្លាក់ជង្គង់ចុះរួចទាញនាងឲ្យបែរមករកគេ ឡេឡានីសំឡឹងមើលមកគេព្រមជាមួយនិងស្នាមញញឹមជាប់លើផ្ទៃមុខតែម្ដង ហូស៊ុកកាន់ក្រសោបម្រាមដៃនាងជាប់រួចលើកឡើងថើបថ្នមៗទាំងក្នុងចិត្តដឹងថានាងប្រហែលជាមិនទាន់ចាំរឿងដែលគេជាម៉ាហ្វៀឡើយ តែក៏ល្អហើយព្រោះថានាងនឹងមិនចាំបាច់ព្រួយបារម្ភពីសុវត្ថិភាពរបស់គេច្រើន។
«សន្យាណាថាអូននឹងមិនគេចពីបងទៀត បងយកអូនចូលទៅក្នុងវិមានលើកនេះមិនមែនក្នុងនាមជាក្មេងស្រីដែលបងបានទិញឡើយ តែក្នុងនាមជាអ្នកនាងឡេឡានី ស្ទេឡាវីស ស្នេហាដំបូងរបស់បងហើយក៏ជាអនាគតលោកស្រីហ្វ្រេដឌើរីកស៍ផងដែរ បងស្រឡាញ់អូន»
«ស្រឡាញ់កូនផង កុំឲ្យកូនអន់ចិត្ត» ឡេឡានីលេងសើចជាមួយហូស៊ុកម្ដងជាពីរដងដែលនាំឲ្យគេញញឹមបិទមាត់មិនជិតតែម្ដង នាយក៏ទាញនាងចូលមកអោបក្រសោបជាប់និងទ្រូងរួចអង្អែលខ្នងនាងស្រាលៗ ឡេឡានីញញឹមរួចអោបគេតបវិញដែរ។
ប្រមាណជាកន្លះម៉ោងក្រោយគ្រប់យ៉ាងត្រូវបានរៀបចំឡានក៏មកដល់ហើយហូស៊ុកនិងឡេឡានីក៏ចុះពីជាន់ខាងលើមកដើម្បីបានទៅផ្ទះ។
«អូន..អូនដើរខ្លួនឯងបានណា៎ម្ចាស់ប្រុស ហ៊ិហ៊ិ» ឡេឡានីពោលឡើងខណៈហូស៊ុកមានៈទាមទារចង់បីក្រសោបនាងជាប់រហូតតាំងពីបន្ទប់ខាងលើមក គេបីនាងទាំងមិនខ្លាចក្រែងភ្នែកនរណាម្នាក់សោះសុំត្រឹមតែមនុស្សស្រីជាទីស្រឡាញ់បានស្រួលខ្លួនគេព្រមគ្រប់យ៉ាង។
«កុំចចេស បងដឹងថាអូនមិនស្រួលខ្លួនតែអូនក៏តែងតែមានៈនិយាយថាខ្លួនឯងមិនអីរហូត ស្ដាប់បងហើយបិទភ្នែកសម្ងំគេងទៅល្អទេ?» ហូស៊ុកទាញក្បាលនាងមកអឹបជាប់នឹងទ្រូងរបស់គេមិនភ្លេចទម្លាក់បបូរមាត់ថើបសក់នាងស្រាលៗផង ឡេឡានីក៏ឈប់រឹងទទឹងនិងព្រមឲ្យគេបីនាងបង្ហូសរហូតទៅដល់ឡានដែលនៅផ្លូវខាងមុខឯណោះ។
«អរុណសួស្ដីចៅហ្វាយ ឡានរៀបចំរួចអស់ហើយ អរុណសួស្ដីព្រះនាងតូច..» គ្រាន់តែលឺអេដវីនប្រើសព្វនាមថាព្រះនាងតូចដាក់នាងឡេឡានីក៏ញញឹមខ្ជឹបរួចផ្ទប់មុខនិងទ្រូងហាប់ណែននៃអ្នកកំពុងបីនាងឯណោះ ហូស៊ុកអស់សំណើចមិនស្ទើរ គេមិនដែលឃើញនាងអៀនខ្លាំងដូចជាកូនក្មេងដូចជាពេលនេះឡើយ។
«យើងយកឡេឡានីទៅចាំនៅឯឡានមុន ឯងទៅនាំគ្រូពេទ្យដែលត្រូវមើលថែឡេឡានីមកនឹងអាលបានចេញដំណើរទៅវិមានវិញ»
«បាទទាន៎» សកម្មភាពអេដវីននិយាយឆ្លើយឆ្លងគ្នាជាមួយនឹងចៅហ្វាយឯណោះក៏ស្ថិតនៅក្រោមកក្រសែភ្នែករបស់មនុស្សប្រុសម្នាក់ក្នុងឈុតជាពេទ្យ គេក៏មានស្ពាយកាតាបជាប់ហាក់ដូចជារៀបនឹងចេញទៅប្រចាំការនៅទីណាអ៊ីចឹង តែគេមិនទាន់ទៅនឹងប្រញាប់បោះជំហានចេញទៅខាងក្រៅជាជ្រុងម្ខាងនៃមន្ទីរពេទ្យកាលបើបានឃើញអេដវីនសម្ដៅចូលមក។
នៅកៀនអាគារក៏មានវត្តមានពេទ្យម្នាក់នោះនៅលិបលរនៅទីនោះ ដៃក៏ចុចទូរសព្ទ័ហាក់ដូចជាទាក់ទងទៅកាន់នរណាម្នាក់ជាសម្ងាត់ ទើបបានជាគេមកនៅកន្លែងស្ងាត់បែបនេះ។
«អាឡូចៅហ្វាយ! ខ្ញុំជិតចេញដំណើរហើយ ខ្ញុំនឹងរាយការណ៍ទៅកាន់ចៅហ្វាយគ្រប់រឿងទាំងអស់..បាទទាន៎ បាទ៎ ទឺត!ទឺត..»
ផូស៎!
ក្បាលផ្នែកខាងក្រោយរបស់ពេទ្យម្នាក់នោះក៏ត្រូវដំបងដែកវាយមួយទំហឹងនាំឲ្យគេដេកដួលក្នុងថ្លុកឈាមទាំងមិនបានត្រៀមនឹងមិនមានការឈឺចាប់អ្វីទាល់ែតសោះ រាងកាយគេដួលគ្រេងខណៈវត្តមានរបស់ម្ចាស់កាយមាំទាំម្នាក់ទៀតចូលមក មនុស្សម្នាក់ដែលព្យាយាមតាមដាននឹងចាប់រាល់ល្បិចដែលលោកប៉ាគេបានរៀបចំទៅលើឡេឡានី ហើយរឿងមួយនេះគេក៏បានគិតដែរថាលោកប៉ាគេនឹងមានល្បិចហើយវាក៏ជាការពិតមែន។
«លោកប្រុសហេនរី..ធ្វើយ៉ាងមិចជាមួយនឹងសាកសពវាទាន៎?» អ្នកដែលវាយទៅលើពេទ្យនោះក៏សួរនាំឡើង ហេនរីក៏អោនមើលទៅអ្នកដែលដេកក្នុងថ្លុកឈាមឯណោះរួចទាត់គេមួយជើងបញ្ចេញកំហឹង។
«មនុស្សគ្មានប្រយោជន៍ដូចជាវាអាចនឹងមានប្រយោជន៍ខ្លះបើសិនជាវាខ្លាចជាចំណីរបស់សត្វ យកវាទៅបោះក្នុងអាងក្រពើទៅ ហើយចាត់ចែងបញ្ជូនពេទ្យណាដែលអាចទុកចិត្តបានឲ្យទៅវិមានហ្វ្រេដឌើរីកស៍..ត្រូវតែប្រាកដថាពេទ្យម្នាក់នោះមិនគិតចង់ធ្វើបានឡេឡានីទៀត» ហេនរីនិយាយហើយគេក៏បោះជំហានចាកចេញទៅ ក្រោយពីធ្វើរឿងដែលគេគួរតែធ្វើ ការពារមនុស្សដែលគេស្រឡាញ់រួចគេក៏អស់តួនាទី ទោះបីជាគេមិនមានសិទ្ធិមើលថែនាងដោយផ្ទាល់ គេសុំជាអ្នកមើលថែនាងពីចម្ងាយទៅចុះ។
ដើរបានប៉ុន្មានជំហានហេនរីក៏ឈប់ព្រោះឃើងគេជាន់លើទូរសព្ទ័ដៃរបស់ពេទ្យនោះ នាយក៏អោនចុះរួចរើសទូរសព្ទ័នោះមកមើលខណៈខួរក្បាលភ្ញោចឡើងនូវរឿងខ្លះដែលគេគួរតែគិតនឹងដោះស្រាយ។
«លោកប៉ាមិនឈប់មែនទេ? ក៏បាន..» ហេនរីទាញទូរសព្ទ័នោះដាក់ក្នុងហោប៉ៅរួចបន្តចាកចេញទៅបាត់ទុកឲ្យកូនចៅគេនៅរៀបចំអូសសពនោះដាក់លើឡានដើម្បីយកទៅចាត់ការតាមបញ្ជារបស់ចៅហ្វាយ។

វិមានហ្វ្រេដឌើរីកស៍..
វិមានធំស្កឹមស្កៃដែលនាងធ្លាប់បានរស់នៅរួចទៅហើយ ស្គាល់រួចទៅហើយតែឡេឡានីនាងនៅតែមានអារម្មណ៍រំភើបរាល់ពេលដែលនាងត្រឡប់មកវិញម្ដងៗ ស្រីតូចដែលអង្គុយនៅបាំងខាងក្រោយជាមួយហូស៊ុកឯណោះក៏ញញឹមឡើងទាំងសប្បាយចិត្តហើយមើលទៅទេសភាពស្រស់ត្រកាលទាំងនោះពេញៗភ្នែកតែម្ដង។
«ហ៊ឹម..មើលអីក៏មើលយ៉ាងនឹងអូនសម្លាញ់» ហូស៊ុកក៏ចូលមកជិតនាងរួចអោបក្រសោបនាងជាប់មិនភ្លេចទម្លាក់បបូរមាត់ថើបថ្ពាល់នាងស្រាលៗផង ឡេឡានីក៏លូកដៃចង្អុលទៅចំការទំពាំងបាយជូដែលនៅឆ្ងាយបន្តិចតែក៏អាចឲ្យនាងបានឃើញច្បាស់។
«បងបានឲ្យម៉ាដាមធ្វើទឹកទំពាំងបាយជូរទុកឲ្យអូនហើយតែក្រោយពីអូនចួបពេទ្យសិនទើបអាចញ៊ាំបាន» គ្រាន់តែនិយាយរឿងចួបពេទ្យភ្លាមឡេឡានីក៏ប្រើក្រសែភ្នែកបែបសប្បាយចិត្តសំឡឹងមើលទៅហូស៊ុកវិញភ្លាម។
«ហេតុអីក៏ត្រូវចួបពេទ្យ? ក្រែងអូនទើបតែមកពីពេទ្យទេតើ?» ស្រីតូចនិយាយព្រមជាមួយនិងសំឡេងមួយហាក់ចង់យំបន្តិចអីបន្តិច តាមអារម្មណ៍ប្រែប្រួលរបស់អ្នកមានគភ៌ ហូស៊ុកក៏ប្រញាប់ទាញនាងមកអោបរួចគោះអង្អែលខ្នងដើម្បីលួងលោមភ្លាម។
«បងគ្រាន់តែចង់ឲ្យពេទ្យពិនិត្យនឹងចាក់ថ្នាំឲ្យអូនទេតើ កូនវីនក៏ដល់ពេលចាក់ដូចគ្នាណា៎»
«តែអូនខ្លាចម្ជុល ហ៊ឹកហ៊ឹក» ឡេឡានីលូកដៃអោបក្រសោបហូស៊ុកជាប់នឹងពេបយំដូចជាកូនក្មេង ហូស៊ុកក៏អស់សំណើចរួចអង្អែលក្បាលនាងតិចៗ។
«អូនធ្លាប់ចាក់ម្ជុលធំជាងនឹងផង កុំខ្លាចអី» ហូស៊ុកនិយាយតិចៗហាក់មិនចង់ឲ្យឡេឡានីលឺ តែនាងក៏លឺទាល់តែបាន។ «ម្ចាស់ប្រុសនិយាយអី?»
«អរ៎ គ្មានអីទេបងគ្រាន់តែនិយាយថាម្ជុលវាមិនធំទេ ចឹងកុំខ្លាចអីម៉្យាងបងក៏នៅជាមួយអូនហើយតើស៎» ហូស៊ុកទាញនាងមកអោបជាថ្មីម្ដងទៀតរួចអស់សំណើចបន្តិច។
(ក្មេងអីក៏ស្រួលបោកយ៉ាងនេះ?)

តាមលួងគេឡើងវិលហើយថាគេស្រួលបោកទៀតបងម៉ាហ្វៀ 🤣

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now