ភាគទី០៣

1.3K 45 1
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០៣

ក្រឡេកទៅមើលថេយ៉ុងនឹងវ៉ាយ៍លេតឯណោះវិញពួកគេក៏ចុះមកជាន់ខាងក្រោមដើម្បីថតរូបសម្រាប់ផ្សព្វផ្សាយដល់ឆ្នាំសិក្សាថ្មីរបស់សាលារបស់ពួកគេ ថេយ៉ុងកាន់កាំមេរ៉ាដើរតាមពីក្រោយវ៉ាយ៍លេតរហូត បបូរមាត់ក៏ញ៉ោចស្នាមញញឹមយ៉ាងស្ងៀមស្ងាត់ថ្វីត្បិតត្រឹមសំឡឹងមើលនាងពីក្រោយខ្នងក៏គេអាចដឹងថានាងជាមនុស្សស្រីស្រស់ស្រាយខ្លាំងប៉ុណ្ណា នាងតែងតែរីករាយជាមួយការងារដែលនាងកំពុងតែធ្វើនាពេលនេះ។
"ថតនៅកន្លែងនេះបានទេ?" កំពុងតែដើរៗមកដល់បរិវេណខាងក្រៅវ៉ាយ៍លេតនាងក៏រកឃើញកន្លែងដែលនាងគិតចង់ថត នាងតូចក៏ដាក់កាតាបនៅលើតុឈើក្បែរនោះរួចក៏ទាញយកសៀវភៅនឹងគ្រឿងរបស់ផ្សេងៗដែលនាងត្រៀមសម្រាប់ការថត លើកលែងតែកាំមេរ៉ាប៉ុណ្ណោះព្រោះថេយ៉ុងជាអ្នកយកមកហើយ។
ក្រឹប!
"ថេយ៉ុង?" វ៉ាយ៍លេតលាន់មាត់បន្តិចក៏ព្រោះតែនាងមិនទាន់បានរៀបចំខ្លួននៅឡើយផង នាយក៏ចុចថតក្រឹបៗទៅហើយ ដូចជាពេលនេះអ៊ីចឹងទោះជានាងរអ៊ូប៉ុណ្ណឹងទៅហើយគេនៅចុចថតបន្តទៀត ក៏ព្រោះតែភាពគួរឲ្យស្រឡាញ់របស់នាងនៅក្នុងកាំមេរ៉ាទើបធ្វើឲ្យថេយ៉ុងមិនថតមិនបាន គេថតបានប៉ុន្មានប៉ុស្តិ៍រួចគេក៏ទាញកាំមេរ៉ាចុះទាំងញញឹម។
"មើលចុះមានទៅអាក្រក់អី ពួកយើងអាចបន្ថែមរូបទាំងអស់នេះឲ្យគេបានដឹងថាinfluencerម្នាក់នេះពេញចិត្តនឹងធ្វើការងារប៉ុណ្ណា ទោះបីជាការងារមួយនេះមិនបានប្រាក់ចំណូលក៏ដោយ ខ្ញុំពេញចិត្ត" ថេយ៉ុងនិយាយទាំងក្រសែភ្នែកមិនអាចដកឆ្ងាយពីនាងបាន ខុសឆ្ងាយពីនាងតូចយើងដែលកំពុងតែរៀបចំរបស់របរមិនបានគិតខ្វល់ពីសម្ដីនិយាយបង្កប់ន័យរបស់ថេយ៉ុងសោះ ម៉្យាងសម្រាប់ថេយ៉ុងនាងទុកគេដូចជាមិត្តសំឡាញ់មិនខុសពីអេរ៉ានីឡើយ។
"មោះពួកយើងចាប់ផ្ដើមទៅ កុំឲ្យអេរ៉ានីរង់ចាំយូរ"
"មិនមែនខ្លាចលោកជីមីនរង់ចាំយូរឯណាហី?" ថេយ៉ុងក៏និយាយឡើងស្របនឹងអារម្មណ៍សង្ស័យបន្តិចបន្ដួចពីទំនាក់ទំនងរបស់ពួកគេទាំង២នាក់ តែថាវ៉ាយ៍លេតនាងមិនបានឆ្លើយតបលើអ្វីដែលថេយ៉ុងនិយាយឡើយ។
"ចាំបន្តិច" វ៉ាយ៍លេតក៏សុំពេលថេយ៉ុងបន្តិចត្បិតទូរសព្ទ័របស់នាងក៏ស្រាប់តែរោទ៍ឡើងបង្ហាញសារជាអងក្សរមួយខ្សែដែលនាំឲ្យទឹកមុខនាងលោតស្នាមញញឹមព្រោះតែភាសាផ្អែមល្ហែមបង្កប់នៅក្នុងនោះ។
(បងញ៊ាំកាហ្វេរួចហើយ ពេលចប់ការងារកុំភ្លេចប្រាប់បងផងណា កុំភ្លេចពាក់អាវក្រាស់ៗកុំឲ្យផ្ដាសាយ បងទុកអាវក្រៅបងនៅកៅអីខាងលើឲ្យអូន) វ៉ាយ៍លេតញញឹមឆ្លើយតបសារជាអក្សរនោះ មុននឹងងាកមកចាប់អារម្មណ៍មើលទៅថេយ៉ុងដែលកំពុងតែច្រត់ចង្កេះសំឡឹងមើលនាងទាំងមិនយល់ ព្រោះសុខៗនាងក៏ញញឹមដោយគ្មានមូលហេតុអីបែបនេះ។
"បានហើយថេយ៍..តោះចាប់ផ្ដើមថត" វ៉ាយ៍លេតនិយាយទាំងសំឡេងគួរឲ្យស្រឡាញ់ទៅកាន់ម្ចាស់កាយសង្ហា នាំឲ្យអ្នកដែលកំពុងតែសំឡឹងមើលមកនាងទាំងមិនយល់ឯណោះក្រវីក្បាលហួសចិត្តទាំងញញឹម។
...
វីឡាត្រកូលអាល់ម៉ាឌី
"លោកប៉ា អ្នកម៉ាក់" សំឡេងស្រួយបន្លឺខ្ទរពេញវីឡាកាលបើគ្រាន់តែនាងឈានចូលមកដល់ភ្លាម ស្រីតូចដែលស្រស់ស្រាយដូចជាព្រះអាទិត្យនាព្រឹកព្រលឹមតែងតែនាំភាពសប្បាយទៅកាន់គ្រប់ទីកន្លែងដែលនាងទៅ ពេលនេះក៏ដល់ពេលដែលនាងត្រឡប់មកលេងអ្នកផ្ទះម្ដងហើយក្រោយពីរើចេញនៅខនដូអស់ជាច្រើនខែរួចមក។
វ៉ាយ៍លេតបោះជំហាននាំខ្លួនចូលហួសទៅកាន់ផ្ទះបាយដើម្បីរកមើលម្ដាយតែថានាងមិនឃើញម្ដាយនៅទីនោះសោះ នៅតែអ្នកបម្រើដែលកំពុងតែរៀបចំតុអាហារពេលថ្ងៃត្រង់ នាងតូចក៏រៀងអន់ចិត្តបន្តិចត្បិតនាងមកបំណងចង់ជួបប៉ាម៉ាក់នាងតែបែរជាមិនមានវត្តមានអ្នកណានៅសោះ។
"នាងល្អិត" សំឡេងគ្រលរធំបន្លឺពីក្រោយខ្នងនាំឲ្យនាងតូចដែលក្ដាប់មាត់អន់ចិត្តត្រូវប្ដូរមកជាញញឹមវិញក៏ព្រោះតែយ៉ាងហោចណាស់ក៏នៅសល់គេម្នាក់ដែលនៅផ្ទះដែរ។
"អាបងហ្សូៗសោះ" វ៉ាយ៍លេតងាកមកស៊កសៀតពាក្យសម្ដីទៅកាន់បងប្រុសដែលនៅឈរជ្រែងហោប៉ៅធ្វើមុខងាប់ពីខាងក្រោយខ្នងនាងឯណោះ ស្រីតូចក៏ឈរទល់មុខជាមួយគេរួចក៏ងើបមុខមើលគេទាំងពិបាកព្រោះថាគេកម្ពស់បានជាងនាងឆ្ងាយណាស់ តែមិនចម្លែកទេព្រោះគេជាកូនប្រុសកម្ពស់បានបែបនេះហើយសង្ហា។
"បែបយូរដូចសង្ហាជាងមុន" ពាក្យនាងនិយាយដូចជាមិនបានធ្វើឲ្យបងប្រុសមុខមិនចេះរីកម្នាក់នេះរំភើបរឺក៏សប្បាយចិត្តអ្វីសោះ មានតែការសំឡឹងទាំងឆ្ងល់បកមករកនាងវិញប៉ុណ្ណោះ។
"ខ្វះលុយមែនទេ? បើតាមតែទម្លាប់ឯងមិនមែនចេះតែសរសើរបងដោយគ្មានហេតុផលអ៊ីចឹងនាងល្អិត" វ៉ាយ៍លេតចំហមាត់ព្រមជាមួយនឹងក្រសែភ្នែកដៀងសំឡក់បងប្រុសពេញមួយទំហឹងតែម្ដង នេះគ្រាន់តែនាងសរសើរផងក៏មិនបានដែរហេស៎?
"មើលគេក្នុងផ្លូវល្អខ្លះទៅ យូរៗគេមកលេងផ្ទះម្ដងគេសរសើរអ៊ីចឹងហើយ កុំឲ្យអ្នកខ្លះរអ៊ូថាប្អូនមាត់មិនល្អជាមួយរហូតត្រូវអត់?" អ៊ែនហ្សូពេបបបូរមាត់តិចៗដៃម្ខាងលូកអង្អែលក្បាលប្អូនស្រីស្របនឹងដៃម្ខាងជ្រែងហោប៉ៅដដែល បើទោះជាកាយវិការគេផ្អែមល្ហែមដាក់ប្អូនពិតមែនតែទឹកមុខគេក៏នៅតែរក្សាភាពស្មើធេងដូចជាសមុទ្រស្ងប់ខ្យល់អ៊ីចឹងឯង។
"ប៉ាម៉ាក់នៅវីឡាមាត់ទឹកឯណោះ..លោកយាយមកលេងអូនចង់ទៅទេ?" គ្រាន់តែលឺថាលោកយាយមកលេងនាងល្អិតវ៉ាយ៍លេតក៏ខាំមាត់ខ្លួនឯងបន្តិចត្បិតថាតាំងពីក្មេងនាងមិនសូវជាត្រូវគ្នាជាមួយលោកយាយប៉ុន្មានឡើយ បើទោះបីជាគាត់ជាអ្នកមើលថែនាងដោយផ្ទាល់តាំងពីបាតជើងក្រហមរងាលក៏ដោយ។
"អូននៅគិតរឿងចាស់ៗទៀតមែនទេ? លោកយាយគាត់ស្រឡាញ់អ្នកម៉ាក់ដូចជាគាត់ស្រឡាញ់លោកប៉ាអ៊ីចឹងវ៉ាយ៍ ពេលខ្លះអតីតកាលអាក្រក់អាចបំភ្លេចក៏បំភ្លេចវាចុះកុំទុកនាំឲ្យល្អក់កករចិត្តអីត្រូវទេ? មោះទៅជាមួយបង" អ៊ែនហ្សូមិនចាំទាល់តែប្អូនយល់ព្រមក៏ប្រញាប់អូសដៃនាងទៅជាមួយគេភ្លាមៗតែម្ដង។
ពីរនាក់បងប្អូននាំគ្នាដើរឆ្លងកាត់តាមស្ពានទៅវីឡាមាត់ទឹកដែលជាវីឡាតូចដែលក្នុងធ្លាផ្ទះធំៗតែងតែមាន វ៉ាយ៍លេតបង្ហាញទឹកមុខញញឹមខ្ជឹបកាលបើកាន់តែមកជិតនាងបានឃើញផែនខ្នងលោកប៉ាអ្នកម៉ាក់នាងនៅទីនោះជុំគ្នាតែម្ដង ស្កាលេតនឹងលោកស្រីឡេនឌីក៏កំពុងតែមើលក្ងោកមួយដែលមានរូបរាងស្រស់ស្អាត ជាសត្វចិញ្ចឹមដែលលោកស្រីឡេនឌីស្រឡាញ់ពេលនេះគាត់ក៏ទិញវាយកមកចិញ្ចឹមនៅក្នុងវីឡាតែម្ដង។
"ប៉ាម៉ាក់...លោកយាយ" ពាក្យថាលោកយាយក្រោយគេនេះវ៉ាយ៍លេតមិនសូវជានិយាយលឺខ្លាំងដូចជាហៅប៉ាម៉ាក់នាងឡើយតែក៏អាចល្មមលឺដល់ត្រចៀកស្ត្រីចំណាស់ជាយាយឲ្យងាកបែរមករកនាង មុននឹងស្នាមញញឹមញ៉ោចលើផ្ទៃមុខគាត់ភ្លាមៗតែម្ដង។
"ចៅពៅតូចរបស់យាយ..អីយ៉ូយក្រមុំស្ដូកតែម្ដង" លោកស្រីឡេនឌីក៏ចូលមកជិតវ៉ាយ៍លេតស្រវ៉ាអោបនាងតូចជាប់ទ្រូងព្រមជាមួយនឹងភាពនឹករលឹក នាងតូចវ៉ាយ៍លេតក៏បើកភ្នែកម៉ក់ៗបែបធ្វើអ្វីមិនត្រូវតែលោកប៉ាអ្នកម៉ាក់នាងងក់ក្បាលទាំងញញឹមប្រាប់នាងថានាងធ្វើបានល្អហើយ។
"ការងារយ៉ាងមិចទៅហើយចៅ? យាយឃើញតាមផ្លូវមានរូបចៅស្រីយាយថតបង្ហាញច្រើនមែនទែន អ្នកណាៗក៏សរសើរចៅស្រីយាយថាស្អាតដែរ" លោកស្រីឡេនឌីបញ្ចើចបញ្ចើរចៅស្រីតាមទម្លាប់ នាងតូចឯណោះក៏បានតែញឹមៗទៅកាន់លោកយាយ បើទោះជាកាលពីមុនគាត់ធ្លាប់ធ្វើរឿងមិនល្អលើប៉ាម៉ាក់នាង តែគាត់ក៏ព្យាយាមកែខៃគ្រប់យ៉ាងជាថ្មី គ្រាន់តែថាស្លាកស្នាមក្នុងចិត្តវាមិនងាយរលុបបាត់ឡើយ ទោះជានាងកើតមិនទាន់ពេលនោះតែនាងបានដឹងបានលឺពីការឈឺចាប់ដែលម្ដាយធ្លាប់ជួប នាងក៏ឈឺនឹងអាណិតម៉ាក់។
...
វ៉ាយ៍លេតក៏មិនទាន់ត្រឡប់ទៅកាន់ខនដូរបស់នាងវិញដោយនាងនៅរង់ចាំញ៊ាំអាហារពេលល្ងាចជាមួយនឹងក្រុមគ្រួសាររបស់នាងឯណេះ ស្កាលេតបានរៀបចំអាហារជាច្រើនមុខតម្រូវចិត្តអ្នកគ្រប់គ្នានៅក្នុងផ្ទះ វ៉ាយ៍លេតក៏ដួសអាហារដែលនាងចូលចិត្តញ៊ាំដាក់ចូលមាត់ទាំងឈ្ងុយឆ្ងាញ់។
"គ្មានស្នាដៃឯណាឈ្នះស្នាដៃអ្នកម៉ាក់ឡើយ ឆ្ងាញ់តាំងពីមួយម៉ាត់ដំបូងរហូតដល់មួយម៉ាត់ចុងក្រោយតែម្ដង" គ្រប់គ្នាក៏សើចជាមួយសម្ដីរបស់គួរឲ្យស្រឡាញ់របស់វ៉ាយ៍លេត អ៊ែនហ្សូឯណោះក៏ក្រវីក្បាលបន្តិចរួចដួសអាហារញ៊ាំបែបហីៗតាមទម្លាប់។
"វ៉ាយ៍យប់នេះនឹងនៅគេងនៅផ្ទះមែនទេ? បើនៅចាំម៉ាក់ឲ្យអ្នកបម្រើរៀបចំបន្ទប់គេងឲ្យកូនណា៎" នាងតូចវ៉ាយ៍លេតបំណងនឹងហាមាត់ឆ្លើយតបថានៅតែសំឡេងទូរសព្ទ័នាងក៏រោទ៍ឡើងបង្ហាញសារជាអក្សរមួយឡើងមក។
(អូនមកផេនហោស៍ទេ? បងនឹកអូនណាស់) សារមួយនេះហើយដែលនាំឲ្យនាងតូចយើងត្រូវប្រញាប់ទាញទូរសព្ទ័ពីលើតុមកភ្លាម ភាពប្រញាប់ប្រញាល់របស់នាងក៏ធ្វើឲ្យលោកប៉ានាងមានភាពងឿងឆ្ងល់ជាខ្លាំង។
"មានរឿងអីវ៉ាយ៍? អ្នកណាចុចមក?"
"គឺបងជីមមីនឹងណាប៉ាគាត់ថាយប់នេះមានការងារចង់ឲ្យវ៉ាយ៍មើលនឹងរៀបចំសម្រាប់ការថតនៅចុងសប្ដាហ៍នេះ ចឹងវ៉ាយ៍ប្រហែលជាត្រូវសុំទោសប៉ាម៉ាក់ហើយដែលមិនបាននៅគេងកំដរថ្ងៃនេះ" វ៉ាយ៍លេតក៏ត្រូវកុហកអ្នកផ្ទះទាំងមិនដឹងខ្លួនពេលនេះ ចិត្តមិនចង់ឡើយតែនាងក៏មិនអាចអោយជីមីនរង់ចាំនាងបានដូចគ្នា។
(កូនសុំទោសប៉ា...សុំទោសដែលកូនកុហក)

1.1Kសម្រាប់ភាគបន្ត

យូមីន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now