ភាគទី០៩+១០

1.1K 34 0
                                    

អរគុណសម្រាប់1.1Kរបស់ភាគម្សិលមិញ ហិហិ! ឡើងស្រឺតៗចឹងទៅគេមានកម្លាំងនឹងសរសេរផុសបន្តអោយរហូតនឹងណា រីករាយអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០៩+១០

(ខ្សែជីវិតស្នេហាតែមួយ...)

"អឹប..វ៉ាយ៍! វ៉ាយ៍ទ្រាំបន្តិច" ម្ចាស់កាយមាំទាំលោតចុះពីលើម៉ូតូទឹករបស់ខ្លួនទាំងកម្រោលកាលបើឃើញថាមុខសញ្ញាដែលខ្លួនជិះមកជួយនោះលិបបាត់ចូលទៅក្នុងសមុទ្រជ្រៅនោះទៅហើយ កាយវ៉ាយ៍លេតឡើងត្រជាក់ស្រេបបាត់ទៅហើយដែលនាំឲ្យអ្នកម្ខាងទៀតនោះកាន់តែប្រញាប់ហែលអូសនាងឡើងលើម៉ូតូទឹករបស់ខ្លួនដោយដាក់នាងឲ្យដេកកើយលើទ្រូងរបស់គេ ដៃម្ខាងរបស់គេអោបនាង ចំណែកឯដៃម្ខាងទៀតក៏បញ្ជាដៃម៉ូតូទឹកសម្ដៅទៅរកដីគោក។
វត្តមានរបស់គេមកសង្គ្រោះវ៉ាយ៍លេតពីក្រញាំមរណៈនេះក៏ធ្វើឲ្យអ្នកដែលឈរសំឡឹងមើលពីផ្នែកមួយនៃជម្រាលខាងលើឯណោះជ្រឹមចិញ្ចើមមិនពេញចិត្ត ដៃមាំលូកក្ដាប់ណែនសឹងតែបាក់ម្រាមខឹងដែលគេមកបំផ្លាញផែនការរបស់ខ្លួននាពេលនោះ គេជាអ្នកឆក់យកឱកាសពីខ្លួនដែលធ្វើឲ្យនាងកាន់តែទុកចិត្តជាមួយគេ។
"វ៉ាយ៍..វ៉ាយ៍មិនអីទេណា៎" កាលបើម៉ូតូទឹកបើកមកឈប់ចតនៅក្បែរច្រាំងមានទឹករិចៗ ម្ចាស់កាយមាំសង្ហាដែលកំពុងតែមានខ្លួនជនរងគ្រោះក៏ប្រញាប់បីនាងរត់ទាំងប្រញាប់ប្រញាល់សម្ដៅទៅរកផ្ទះប្រជាជនក្បែរនោះដើម្បីសុំជំនួយពីពួកគេ តែគេក៏មិនបាបរំពឹងថានឹងមានវត្តមានរបស់មនុស្សប្រុសម្នាក់ទៀតនៅទីនោះដែរ។
"វ៉ាយ៍..វ៉ាយ៍" ជីមីនចូលមកព្រមជាមួយនឹងភាពព្រួយបារម្ភនឹងស្លោរស្លន់ជាប់នៅលើផ្ទៃមុខ ក៏មានប្រជាជននៅក្បែរនោះចេញមកជួយយកអាសារពួកគេដែរ ថេយ៉ុងមិនបានរង់ចាំច្រើនក៏ប្រញាប់បីនាងចូលទៅផ្ទះអ្នកភូមិក្បែរនោះដើម្បីឲ្យនាងបានសម្រាក ជីមីនសង្គ្រឺតធ្មេញគ្រឺតក្រតខឹងសម្បារនឹងកាយវិការក្រអើតក្រទមរបស់គេ មុននឹងនាំខ្លួនចូលទៅតាមគេដែរ។
(អាចង្រៃថេយ៍..)
"ក្មួយ..ក្មួយអាចឲ្យនាងតូចខាងនេះគេងលើគ្រែបាន" អុំស្រីម្នាក់ដែលជាម្ចាស់ផ្ទះនោះក៏ប្រាប់ទៅកាន់ម្ចាស់កាយមាំទាំដែលកំពុងតែមានអ្នកសន្លប់បីជាប់ដៃឯណោះ ថេយ៉ុងក៏ញញឹមទៅកាន់អុំស្រីនោះរួចប្រញាប់បីវ៉ាយ៍លេតចូលទៅខាងក្នុង អុំស្រីនោះក៏ភ្ញាក់ព្រើតកាលបើមានវត្តមាននាយកម្លោះម្នាក់ទៀតចូលមកទាំងកម្រោលមកដូចគ្នាដែរ។
ជីមីនអោនគំនាបទៅកាន់អុំស្រីម្ចាស់ផ្ទះជាមុនរួចទើបចូលទៅខាងក្នុងតាមថេយ៉ុងព្រមជាមួយភាពខឹងសម្បារជាខ្លាំង គេគិតថាគេជាស្អីដែលត្រូវមកបង្ហាញខ្លួនទាំងបែបនេះ?
"វ៉ាយ៍..វ៉ាយ៍ដឹងខ្លួន" គ្រាន់តែទម្លាក់ខ្លួនវ៉ាយ៍លេតលើពូកភ្លាម ថេយ៉ុងក៏ប្រញាប់ទាញតេឡេម៉ាសុីនកម្ដៅមកតម្លើងបន្តិចក៏ព្រោះនាងទើបតែងើបពីទឹកនាងអាចនឹងរងាបាន ស្រីតូចដកដង្ហើមព្រមជាមួយនឹងភាពជ្រឹមចិញ្ចើមហាក់បីដូចជាភ័យខ្លាច ដៃតូចស្រឡូនដែលកំពុងតែក្ដាប់ខ្ញាំស្រោមពូកក៏ត្រូវបានថេយ៉ុងលូកមកកាន់ជាប់អង្អែលទៅមកព្រមនឹងភាពព្រួយបារម្ភទៅកាន់នាង។
"អស់អីហើយវ៉ាយ៍..អស់..អឹស" ថេយ៉ុងដែលកំពុងតែផ្ដោតអារម្មណ៍នឹងអាការៈរបស់វ៉ាយ៍លេតឯណោះក៏មិនបានចាប់អារម្មណ៍ថាមានមនុស្សម្នាក់ដើរឆ្ពោះសម្ដៅមករកគេនោះឡើយ គេដឹងខ្លួននៅត្រឹមពេលដែលជីមីនទាញគេច្រានចេញឆ្ងាយពីវ៉ាយ៍ប៉ុណ្ណោះ។
"ជីមីន វីគ្រីស?" ថេយ៉ុងសង្គ្រឺតធ្មេញខ្លួនឯងទាំងមិនពេញចិត្ត កាន់តែមិនពេញចិត្តពេលដែលជីមីនដើរទៅម្ខាងដាក់ខ្លួនអង្គុយក្បែរនាង លូកដៃវែកសក់នាងធ្វើដូចជាបារម្ភទាំងដែលគេឯណេះទេដែលជាអ្នកជួយនាងនោះ។
"អឹស..អាចង្រៃយ៍!" រាងកាយជីមីនត្រូវដួលទៅម្ខាងក៏ព្រោះតែកម្លាំងច្រានមួយទំហឹងរបស់ថេយ៍តបវិញ នាយកម្លោះយើងឯណេះក៏លូកដៃកាន់ក្រសោបម្រាមដៃនាងវិញ ហាក់មិនខ្លាចរអាថាអ្នកម្ខាងទៀតអាចខឹងនឹងគេឡើយ។
គេមិនខ្វល់....
បុរសសង្ហាពីរនាក់កំពុងតែពាក់មុខយក្សដាក់គ្នា ស្របនឹងស្រីតូចម្នាក់ទៀតដែលទើបរួចរស់ជីវិតពីការលង់ទឹកមកនោះដេកស្ដឹងនៅលើគ្រែមិនដឹងខ្លួន ដៃម្ខាងត្រូវកាន់ដោយជីមីន ចំណែកដៃម្ខាងទៀតក៏ត្រូវថេយ៉ុងកាន់ដូចគ្នាដែរ។
"ឯងឲ្យគេតាមដានវ៉ាយ៍?" ជីមីនសង្គ្រឺតធ្មេញខឹងកាន់តែខ្លាំង នេះវាដូចជាចៃដន្យជ្រុលដែលគេអាចមកជួយនឹងរកវ៉ាយ៍លេតឃើញដោយបែបនេះ ថេយ៉ុងសំឡឹងមើលជីមីនវិញជាមួយនឹងទឹកមុខស្មើធេង។
"ពិតមែនហើយ យ៉ាងមិចតាមដានមនុស្សស្រីដែលខ្លួនឯងចាប់អារម្មណ៍មានអីខុសទៅ ថ្ងៃនេះកុំតែបានការតាមដាននឹងម៉្លេះវ៉ាយ៍ប្រហែលជាចប់មិនខានឡើយ" ថេយ៉ុងមិនបានប្រកែកដោះសារអ្វីឡើយ គេនិយាយតាមត្រង់ដោយភាពជឿជាក់ថាគេតាមដានវ៉ាយ៍លេត ក៏ព្រោះតែគេមានអារម្មណ៍ថាមិនទុកចិត្តនឹងមនុស្សដែលនៅជុំវិញខ្លួន ពិសេសគឺគេចង់ដឹងថានាងនឹងនាយត្រកូលវីគ្រីសនេះមានទំនាក់ទំនងពិសេសជាមួយគ្នាដូចដែលអេរ៉ានីបាននិយាយរឺមួយក៏អត់?
"នាងជាសង្សារយើង យើងអាចមើលថែបាន" ជីមីនក៏បែរជាធ្លោយមាត់សារភាពនូវចម្លើយដែលថេយ៉ុងកំពុងចង់ដឹងស្រាប់ ថេយ៍ទល់អណ្ដាតនឹងសាច់ថ្ពាល់ខ្លួនឯងរួចក៏ញាក់ស្មាបែបមិនខ្វល់ មិនតែប៉ុណ្ណឹងគេក៏នៅឆ្លៀតញញឹមឌឺឲ្យជីមីនទៀត។
"យើងស្រឡាញ់វ៉ាយ៍ យើងក៏នឹងតាមមើលថែនាងបានដូចគ្នាដរាបណាឯងមិនទាន់ក្លាយជាស្អីជាមួយនាងជាផ្លូវការនោះ..."
"អាចង្រៃយ៍!!!"ថេយ៍កាន់តែផ្គើនកំហឹងក្នុងខ្លួនជីមីនកាន់តែឆេះពោរពាសតែម្ដង នាយក្ដាប់ម្រាមដៃខ្លួនឯងរួចដើរសម្ដៅទៅរកថេយ៍មុននឹងចាប់ក្របួចករអាវគេឡើងបម្រុងនឹងដាល់ថេយ៉ុងមួយដៃឲ្យសមចិត្តតែថា...
"អ្ហឺ.." ម្ចាស់កាយតូចដែលដំបូងឡើយដេកស្ដឹងនៅលើគ្រែក៏បែរជាមានចលនារើបម្រាស់ កម្លោះៗដែលរៀបតែនឹងដាល់គ្នាទៅហើយនោះក៏ផ្អាកសកម្មភាពរួចប្រញាប់ចូលមករកវ៉ាយ៍លេតវិញ នាងតូចបែកញើសជោគថ្ងាស បបូរមាត់ស្លេកញ័រព្រោះតែភាពភ័យខ្លាច ជីមីនក៏បំបុកស្មាថេយ៍រួចចូលទៅជិតវ៉ាយ៍ កាន់ក្រសោបដៃវ៉ាយ៍ធ្វើដូចជាគេបារម្ភពីនាងខ្លាំងណាស់ ទាំងដែលគេជាអ្នកព្រលែងដៃឲ្យនាងធ្លាក់ចូលសមុទ្រសោះ។
"លែង..ខ្ញុំ..ខ្ញុំខ្លាចណាស់ អ្ហាយ៎"
"វ៉ាយ៍.." ត្របកភ្នែកស្តើងបើកឡើងស្របនឹងការឧទានហៅរបស់អ្នកម្ខាងទៀត វ៉ាយ៍លេតក្ដាប់ខាំបបូរមាត់ខ្លួនឯងតិចៗទាំងភ័យខ្លាច អម្បាញ់មិញនេះនាងយល់សុបិន្តឃើញថាខ្លួននាងលិចកប់បាត់នៅក្នុងផ្ទៃសមុទ្រដ៏ខ្មៅងងឹតមិនអាចចេញមកបាន នាងឃើញម៉ាក់នាងនៅឈរស្រែកយំហៅនាងពីខាងលើតែនាងមិនអាចហែលឡើងទៅបានប្រៀបបីដូចជាមានអ្វីចាប់នាងមិនអោយហែលឡើងទៅរកគាត់ នាងយំនាងឈឺចាប់ ទិដ្ឋភាពក្នុងសុបិន្តអាក្រក់នោះក៏នៅពាសពេញការចងចាំនាងនៅឡើយ។
"បង..បងមីន អ្ហឺ" កំពុងតែភ័យខ្លាចក៏ក្រឡេកឃើញវត្តមានមនុស្សប្រុសជាទីស្រឡាញ់នាងនៅទីនោះល្មម មិនបង្អង់វ៉ាយ៍ក៏លោទៅអោបក្រសោបជីមីនជាប់ដៃព្រមទាំងសម្រក់ទឹកភ្នែកចុះទាំងញ័រខ្លួន ជីមីនឯណោះក៏លូកដៃប៉ះអង្អែលខ្នងនាងធ្វើជាលួងលោមនាងយ៉ាងផ្អែមល្ហែម ទាំងដែលក្នុងចិត្តគេនៅតែមានគំនិតមិនល្អដដែល។
(ចាត់ទុកថាលើកនេះនាងសំណាងទៅចុះ)
"ថេ..ថេយ៍?" វ៉ាយ៍លេតក៏ភ្ញាក់ព្រើតទាំងដៃកំពុងអោបជីមីននៅឡើយដោយនាងបានឃើញសភាពរបស់នាយថេយ៉ុងនៅទីនោះ សភាពដែលសើមជោគមិនខុសពីនាងប៉ុន្មាននោះឡើយ ស្រីតូចក៏ដកខ្លួនចេញពីការអោបរបស់ជីមីនបន្តិចរួចខិតកិលទៅរកថេយ៍ម្ដង។
"ថេយ៍មកទីនេះបានយ៉ាងមិចទៅ?" នាងតូចនិយាយព្រមជាមួយនឹងទឹកមុខមានចម្ងល់តែគួរឲ្យស្រឡាញ់នឹងខ្នក់ខ្នាញ់សម្រាប់ថេយ៉ុងទៅវិញ ជីមីនឯណោះក៏ក្ដាប់មាត់ខ្លួនឯងមុននឹងចូលទៅជិតវ៉ាយ៍ព្រមទាំងអោបស្មានាងជាប់ហាក់ដូចជាគម្រាមប្រាប់ទៅថេយ៍ថានាងជារបស់គេហើយ។
"មកបានយ៉ាងមិចមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺវ៉ាយ៍បានរួចផុតពីគ្រោះថ្នាក់ ថ្ងៃក្រោយឲ្យប្រយត្ន័ប្រយែងផង លឺថាមិនចូលចិត្តសមុទ្រផងចុះនឹកឃើញអីបានជាមកសមុទ្របែបនេះ ហ៎?" ថេយ៍មិនបានខ្លបខ្លាចរឹតតែមិនទទួលសញ្ញាគម្រាមពីជីមីនសោះ គេនិយាយជាមួយវ៉ាយ៍លូកដៃអង្អែលក្បាលនាងយ៉ាងស្និតស្នាលទៅតាមទម្លាប់ដែលគេតែងតែធ្វើ ជីមីនឯណោះមុខឡើងក្រហមខឹងឡើងពុះឃុកៗក្នុងខ្លួនទៅហើយ។
ល្ងាចបន្តិច..
វ៉ាយ៍លេតក៏មានឱកាសបានសម្រាកច្រើនម៉ោងគួរសមតាំងពីព្រឹករហូតមកទល់ពេលល្ងាចនេះ ពួកគេនាំគ្នាសម្រាកលេងនៅផ្ទះរបស់អុំស្រីនោះ ដំបូងឡើយពួកគេមិនចង់រំខាននោះឡើយតែមកពីអុំស្រីចចេស ឃើញវ៉ាយ៍លេតមិនទាន់ស្រួលខ្លួនទើបគាត់ឃាត់មិនឲ្យទៅណា។
"សួស្ដីអុំស្រី..ខ្ញុំប្រហែលជាគេងយូរបន្តិចហើយ" វ៉ាយ៍លេតដែលទើបតែក្រោកពីសម្រាកឯណោះក៏ចេញមកព្រមជាមួយនឹងសម្លៀកបំពាក់បែបអ្នកជនបទដែលមើលទៅស្រស់ស្អាតមួយបែបរបស់នាង ស្រីតូចចេញមករាក់ទាក់នឹងអុំស្រីម្ចាស់ផ្ទះដែលកំពុងតែអង្គុយកាត់ស្លឹកខ្ទឹមខៀវយកធ្វើជ្រក់ឯណោះ។
"ក្រោកហើយរឺនាងតូច? អុំមិនទៅដាស់ព្រោះចង់ឲ្យនាងតូចបានសម្រាកនឹងណា៎ មោះអង្គុយចុះសិនមក"វ៉ាយ៍លេតក៏ញញឹមយល់ព្រមអង្គុយចុះតាមការបបួលអញ្ជើញរបស់អុំស្រីម្ចាស់ផ្ទះ តែថាស្របនឹងដាក់ខ្លួនអង្គុយចុះភ្នែកនាងក៏ងាករំពៃរកមើលវត្តមានរបស់បុរស២នាក់ទៀតដែលនាងបានឃើញកាលពីព្រឹកមិញថានៅទីនេះ។
"និយាយអ៊ីចឹងពួកគេនោះទៅណាអស់ហើយអុំស្រី?" វ៉ាយ៍លេតចង់សម្ដៅទៅលើថេយ៍នឹងជីមីនឯណោះ អុំស្រីក៏ញញឹមបន្តិចរួចងាកបែរសម្ដៅទៅមាត់សមុទ្រឯណោះ។
"អូ! នោះមកដល់ល្មម.." គាត់ចង្អុលបង្ហាញឲ្យវ៉ាយ៍លេតងាកតាមដៃគាត់ ស្រីតូចក៏ភាំងបន្តិចកាលបើបុរស២នាក់លែងខ្លួនមួយកំណាត់ខាងលើនឹងស្លៀកខោជើងខ្លីដូចគ្នា បង្ហាញសាច់ពោះហាប់ណែនមិនចាញ់គ្នាប៉ុន្មានឡើយកំពុងតែដើរចូលមកកាន់ផ្ទះនោះ ស្រីតូចសំឡឹងមើលឡើងចំហមាត់ទៅហើយ នេះភាំងដល់ថ្នាក់ភ្លេចថាខ្លួនឯងទើបតែងើបពីឈឺទៅទៀត។
"នាងតូច? អេ..នាងតូច.."
"ចាស៎..ចាស៎ៗអុំស្រី" វ៉ាយ៍លេតប្រញាប់លុបចោលការគិតឆ្កួតៗពីខួរក្បាលរបស់នាងរួចងាកមកចាប់អារម្មណ៍នឹងការហៅរបស់ចាស់ទុំវិញដែរ អុំស្រីក៏ក្រវីក្បាលបន្តិចទាំងអស់សំណើចតែម្ដង។
"អុំថារកអាំងងៀតត្រីឲ្យក្មួយញ៊ាំបបរតែក្មួយទាំង២នោះមិនព្រមហើយក៏ធានាខ្លួនចេញទៅរកត្រីនឹងគ្រឿងសមុទ្រមកឲ្យឯងណា៎ ហួយ៎! គួរឲ្យស្ញើចពិតមែន កម្រមានកម្លោះទីក្រុងឯណាដែលអះអាងធ្វើរឿងទាំងអស់នេះណាស់" អុំស្រីនិយាយនាំឲ្យវ៉ាយ៍លេតនាងញញឹមបន្តិចរួចក៏ញញឹមទទួលវត្តមាននៃការមកដល់របស់កម្លោះៗទាំង២ដែលមានយួររបស់មកផ្សេងៗគ្នាតែម្ដង។
"វ៉ាយ៍ក្រោកហើយ/អូនក្រោកហើយ?" ថេយ៉ុងនឹងជីមីនក៏បន្លឺប្រយោគឡើងព្រមគ្នាគ្រាន់តែថាសព្វនាមដែលពួកគេប្រើជាមួយនាងគឺខុសគ្នា នាយទាំង២ក៏ឈប់មុននឹងងាកសំឡឹងមើលមុខគ្នាទាំងចង់អាករគ្នាអ៊ីចឹងដែរ។
"អ្នកទាំង២ទៅរកបានអីមកទុកញ៊ាំទេ?"
"បងរកបានក្ដាមប៉ុន្មានដែរ វាជារបស់អូនចូលចិត្តណា៎" ជីមីនក៏ទម្លាក់ខ្លួនចុះក្បែរវ៉ាយ៍រួចលើកបង្ហាញក្ដាមដែលគេបានចងចង្កោមយ៉ាងស្អាតមកតែម្ដង វ៉ាយ៍លេតក៏ញញឹមបែបមានមោទនភាពនឹងគេ មុននឹងងាកមើលទៅថេយ៍ម្ដង។
"ខ្ញុំរកបានបង្កងតែ២ប៉ុណ្ណោះ តែវាអាចល្មមឲ្យពួកយើងស្លយកទឹកហុតនឹងល្អសម្រាប់ផ្ស៊ាំខ្លួនអ្នកទើបតែឡើងពីទឹកដូចជាវ៉ាយ៍ណា៎" ថេយ៍និយាយឡើងយ៉ាងសុភាពហាក់ដូចជាកំពុងតែសន្សំពិន្ទុឲ្យខ្លួនឯង ជីមីនកាន់ក្ដាមរបស់ខ្លួនរួចងាកសំឡឹងមើលថេយ៉ុង ពួកនាយក៏នាំគ្នាយករបស់ខ្លួនរកបានទៅលាងតែថាតាមផ្លូវពួកគេក៏ដើរបំបុកស្មាគ្នាមិនឈប់ គ្រាន់តែផ្លូវដើរក៏ចង់ឈ្នះគ្នាដែរ។
វ៉ាយ៍លេតនឹងអុំស្រីម្ចាស់ផ្ទះដែលនៅអង្គុយលើគ្រែឯណោះក៏បានត្រឹមអស់សំណើចនឹងកម្លោះៗដែលព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនមើលទៅល្អជាងម្នាក់ទៀតឯណោះ វ៉ាយ៍លេតក៏ងាកមើលទៅជីមីនដែលកំពុងតែអង្គុយលាងក្តាមដែលខ្លួនរកបានឯណោះព្រមទាំងញញឹមបិទមាត់មិនជិត នាងឃើញថាទោះជាគេមិនសូវជាបង្ហាញថាគេយកចិត្តទុកដាក់ខ្លួន តែយ៉ាងហោចក៏គេអាចចាំបានថានាងចូលចិត្តញ៊ាំក្ដាមដែរ។
"ក្មួយស្រីគិតច្បាស់ហើយមែនទេ?"
"ចា..ចាស៎?" វ៉ាយ៍លេតក៏ងាកមកវិញទាំងងឿងឆ្ងល់នឹងសំនួរដែលអុំស្រីម្ចាស់ផ្ទះនោះបាននិយាយ គាត់ក៏ជ្រឹមចិញ្ចើមបន្តិចរួចទាញបាតដៃវ៉ាយ៍យកមកមើល។
"តាមអ្វីដែលអុំអាចមើលបានគឺខ្សែជីវិតស្នេហារបស់ក្មួយគឺមានតែមួយខ្សែប៉ុណ្ណោះ ក្មួយអាចជ្រើសរើសមើលអោយច្បាស់លាស់ណា៎ ព្រោះបើចំណងនោះដាច់ ស្នេហានឹងអ្វីគ្រប់យ៉ាងក្នុងជីវិតក្មួយក៏ត្រូវរលាយបាត់ទៅដូចគ្នាដែរ..ហើយពួកក្មួយក៏គ្មានថ្ងៃបានជួបគ្នាជាគូគ្រងម្ដងទៀតនោះឡើយ"

បើខ្សែចំណងស្នេហានោះដាច់ គ្មានឡើយពាក្យថាត្រឡប់ជួបគ្នា...

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now