ភាគទី៧២

875 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៧២

(ព្រោះនាងជាប្រពន្ធយើង..)

រាងកាយមាំទាំដែលដេកស្ដូកប្រៀបដូចជាមនុស្សបាត់ស្មារតីព្រោះតែជាតិស្រាលុកលុយរាងកាយគេខ្លាំងពេកក៏ចាប់ផ្ដើមមានចលនាកម្រើកតិចៗចាប់ពីម្រាមដៃរហូតដល់ស្មាខាងលើរបស់គេ ជីមីនព្រលែងខ្យល់ដង្ហើមធំបន្តិចមុននឹងប្រាសខ្លួនទៅម្ខាងបំណងចង់អោបក្រសោបរាងកាយរបស់អ្នកម្ចាស់គ្រែមួយនេះតែបែរជាមិនមានវត្តមានរបស់នាងទាល់តែសោះ ជីមីនជ្រឹមចិញ្ចើមទាំងតប់ប្រមល់រួចក៏បើកភ្នែកឡើងស្រាលៗស្របនឹងវត្តមានបើកទ្វារចូលមករបស់ប្អូនស្រីគេឯណោះ។
"បងក្រោកហើយ?"
"វ៉ាយ៍នៅឯណា?" ជីមីនបានឆ្លើយតបនឹងសំនួរប្អូនរឹតតែមិនបានគិតថាប្អូនស្រីរបស់គេចូលមកធ្វើអីនោះឡើយ ខួរក្បាលនឹងក្រសែភ្នែករបស់គេក៏គិតតែពីសំឡឹងរកមើលភរិយាសម្អប់នោះមិនឈប់ នែលលីក៏ញញឹមបន្តិចរួចកាន់ថាសអាហារចូលមកកាន់បន្ទប់បងប្រុសភ្លាម ដាក់ពីមុខគេឲ្យមើលថានាងបានរៀបចំបបរក្ដៅៗយកមកអោយគេ។
"នាងនៅខាងក្រោមឯណោះ បងញ៊ាំបបរសិនទៅ..អេ" នាងនិយាយមិនទាន់ទាំងចប់ស្រួលបួលផង ជីមីនក៏បើកភួយចេញទៅទាំងអន្ទះអន្ទែង នែលលីក្រវីក្បាលអស់សំណើចនឹងបងប្រុសខ្លួន រួចទើបនាំខ្លួនទៅតាមគេពីក្រោយដែរខ្លាចក្រែងថាគេអាចនឹងជះកំហឹងដាក់វ៉ាយ៍ទៀត។
"វ៉ាយ៍លេត អាល់ម៉ាឌី!!" សំឡេងគ្រលរធំរបស់ជីមីនបន្លឺខ្ទរពេញផ្ទះជាន់ខាងក្រោមលាន់លឺដល់ត្រចៀកស្រីតូចដែលកំពុងតែអង្គុយពីមុខទូរទស្សន៍ឯណោះក៏ផ្អាកការមើលរួចងាកមកចាប់អារម្មណ៍មើលម្ចាស់សំឡេងវិញ ជីមីនដំបូងឡើយក៏ខឹងដែលដឹងថានាងចុះមកជាន់ខាងក្រោមដោយគ្មានការអនុញ្ញាតតែក៏ឈប់បិទមាត់ជិតកាលបើមកដល់ក៏បានឃើញថាវ៉ាយ៍នាងកំពុងតែអង្គុយមុខទូរទស្សន៍ហាត់ប្រាណតាមរបៀបដែលស្ត្រីមានគភ៌តែងតែធ្វើ ជីមីនក៏នាំខ្លួនចូលទៅកាន់ទីកន្លែងនោះរួចទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងមុខមិនរីកសោះ។
"ខ្មោចចូលទៀតហើយ?" វ៉ាយ៍លេតងាកមុខចេញពីការសំឡឹងមើលមកគេ រួចក៏ពត់ដៃតាមអ្វីដែលអ្នកបង្ហាត់ក្នុងទូរទស្សន៍បានបង្ហាញ កាយវិការហាត់ប្រាណវាងាយៗក៏ប៉ុន្តែសម្រាប់អ្នកមានពោះពុងដូចជាវ៉ាយ៍រៀងពិបាកបន្តិចហើយ ព្រោះអាចនិយាយបានថាវ៉ាយ៍កំពុងចូលដល់ខែដែលអ្នកម្ដាយត្រូវប្រឈមមុខច្រើននឹងការផ្ស៊ាំខ្លួននឹងទម្ងន់ពោះហើយនឹងការចាញ់នឹងឯង។
"ចង់ហ៊ានមិចមិនប្រាប់ នឹងអាលទៅចុះឈ្មោះឲ្យហាត់"
"តែដើរចេញក្រៅផ្ទះមិនឲ្យចេញផងទៅហាត់ស្អី? លោកប្រុងជាអ្នកជូនទៅជូនមករហូតនឹងហេស៎? មិនចេះគិតអីបន្តិចសោះ" វ៉ាយ៍លេតឌឺដងដៀមដាមឲ្យស្វាមីសម្អប់បន្តិចរួចក៏ងាកសម្លក់មុខគេទៀត ជីមីនមិនតបស្ដីអ្វីនឹងស្រីពោះធំរឿងច្រើននេះតែនាយក៏ងាកសំឡឹងមើលទៅប្អូនស្រីដែលឈរអោបដៃសើចពីជ្រុងម្ខាងនៃបន្ទប់នោះ។
មួយសន្ទុះក្រោយពីហាត់រួចវ៉ាយ៍លេតក៏ក្រោកឡើងរួចសង្រួមខ្យល់ដង្ហើមខ្លួនឯងបន្តិច ដៃម្ខាងលូកជូតញើសដែលហូរស្រក់តាមកញ្ចឹងកររបស់នាង រាងកាយក៏រៀងល្ហិតល្ហៃបន្តិចត្បិតថានាងមិនធ្លាប់ហាត់ប្រាណច្រើនម៉ោងបែបនេះឡើយតាំងពីចាប់កំណើតអូនវីននៅក្នុងផ្ទៃមក។
"កន្សែងពោះគោ.." រយៈពេលដែលនាងហាត់នេះជីមីនក៏នៅអង្គុយទីនោះជានិច្ច នាយអង្គុយគងអន្ទាក់ខ្លាដួសបបរដែលប្អូនស្រីបានរៀបចំអោយញ៊ាំផង មើលវ៉ាយ៍លេតមិនឲ្យផុតពីភ្នែកផងត្បិតខ្លាចថានាងនឹងមានគំនិតគិតចង់រត់គេចចេញទៅម្ដងទៀត។
"អរគុណ" វ៉ាយ៍លេតទទួលយកកន្សែងពោះពីអង្គរក្សរបស់ជីមីនបន្តិចរួចក៏ក្រោកអង្គុយរួចជូតញើសដែលហូរដាបលើអាវដៃតូចរបស់នាងរហូតដល់សាច់សខ្ចីនៅលើកញ្ចឹងករនាងឡើងក្រហម សាច់ក្រណាត់អាវដែលប៉ះនឹងញើសក៏ប្រែជាស្ដើងជាមុនដល់ថ្នាក់ជីមីនបើកភ្នែកធំៗ ភ្នែកងាករ៉េមើលជុំវិញខ្លួនក៏ឃើញថាអង្គរក្សនាយនៅឈរសំឡឹងមើលមកទាំងអស់គ្នា។
"មើលស្អី? ទៅធ្វើការទៅ..យើស" ជីមីនស្រាប់តែស្រែកសំឡុតកូនចៅទាំងអស់ដែលនៅទីនោះដល់ថ្នាក់ពួកគេភ្ញាក់នឹងរត់បុកគ្នាចែកផ្លូវគ្នាធ្វើការភ្លាមៗតែម្ដង នែលលីឯណោះក៏ជ្រឹមចិញ្ចើមសំឡឹងមើលបងប្រុសហាក់មិនយល់ មានតែវ៉ាយ៍លេតប៉ុណ្ណោះដែលយល់ន័យរបស់គេដែលខំស្រែកដេញកូនចៅនោះ ស្រីតូចក៏ទាញកន្សែងពោះគោចេញពីកញ្ចឹងករបន្តិចរួចបង្អូសវាស្រាលៗតាមស្មាដូចជាកំពុងតែព្យាយាមដុតអារម្មណ៍អ្នកម្ខាងទៀតអ៊ីចឹង ជីមីនក្ដៅសឹងតែហ៊ុយផ្សែងរួចក៏ប្រញាប់ដោះអាវសឺមីរបស់ខ្លួនមកគ្របលើស្មាទទេស្អាតរបស់នាងនាំអោយវ៉ាយ៍លេតឈប់នឹងងាកសំឡឹងមើលទៅគេ។
"លោកគិតចង់ធ្វើស្អី? នេះខ្ញុំស្អុះស្អាប់ណាស់ណា៎ យកចេញបន្តិចទៅមើល" ដៃវ៉ាយ៍លេតព្យាយាមទាញអាវចេញតែដៃជីមីនជាអ្នកទាញខ្ទប់មិនអោយនាងយកវាចេញ ទិដ្ឋភាពប្រឆាំងតបតគ្នារបស់ពួកគេទាំង២ហាក់ដូចជាបង្កើតទស្សនីយភាពឲ្យកូនចៅព្រមទាំងនែលលីដែលឈរមើលនៅទីនោះញញឹមជាប់បបូរមាត់គ្រប់គ្នា ប្ដីជាមនុស្សពូកែខឹងនឹងមិនចូលចិត្តអ្នកជំទាស់តែប្រពន្ធឯណេះឲ្យតែមានឱកាសគឺតែបញ្ជោះរករឿងឲ្យគេខឹងមិនឈប់ទាល់តែសោះ ពួកគេនៅក្បែរគ្នាប្រៀបដូចជាភ្លើងនឹងសាំងអ៊ីចឹង តែពេលដែលចុះសម្រុងគ្នាក៏ស្អិតរមួតនឹងផ្អែមល្ហែមដូចជាទឹកឃ្មុំ។
"បានហើយ! ខ្ញុំចង់ទៅសម្រាក..វ៉ាយ!!!" ស្រីតូចវ៉ាយ៍លេតក៏ស្រែកចាច៎កាលបើខ្លួននាងត្រូវបានជីមីនលើកបីឡើងទាំងកម្រោលរកតែនាងប្រុងប្រៀបខ្លួនមិនបានសោះ។
"បើបណ្ដោយឲ្យនាងដើរទៅទាំងរឡាក់រឡើតច្បាស់ជាដួលស្លាប់ជាមិនខានទេ.." ជីមីននិយាយស្របនឹងជើងមាំបោះជំហាននាំនាងទៅខាងក្រៅបន្តិចដើម្បីយកខ្យល់អាកាសរួចសឹមនាំនាងទៅខាងលើវិញ។
"បារម្ភ?!" វ៉ាយ៍លេតក៏ផ្ដេកក្បាលកើយទ្រូងគេបន្តិច រួចក៏លើកដៃបាំងថ្ងាសដែលមានថ្ងៃចាំងចំ ជីមីនក៏អោនមើលនាងបន្តិចរួចដើរបន្តទៀត។
"ព្រោះនាងជាប្រពន្ធយើង!!!"
(បងមីន..) សំឡេងមួយបន្លឺឡើងពីចម្ងាយដែលនាំអោយជីមីនឈប់ជើងបន្តិច វ៉ាយ៍លេតគ្រវាសក្រសែភ្នែកមើលក៏បើកភ្នែកធំៗកាលបើបានឃើញវត្តមានរបស់មនុស្សម្នាក់ដែលឈរធ្មឹងដែរនោះ វ៉ាយ៍លេតភ្ញាក់នឹងវត្តមានរបស់គេរឹតតែភ្ញាក់នោះគឺសព្វនាមដែលនាងប្រើជាមួយនឹងជីមីន។
(បងមេរ៉ា..នេះបងមេរ៉ានឹងជីមីន...)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now