ភាគទី០៥

1.4K 38 0
                                        

មកបន្តភាគជាមួយគ្នាទៀតណា៎..

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០៥

(មិនត្រូវចិត្តទន់ឡើយ)

ក្រាក!
ទ្វារបន្ទប់មួយក្នុងផ្ទះលំហែក៏បើកឡើងស្របនឹងម្ចាស់កាយមាំទាំបីក្រសោបម្ចាស់កាយតូចដែលភ័យញ័រខ្លួនសស្រាក់ក៏ដោយសារតែនាងនៅមិនទាន់បាត់ភ័យខ្លាចជាមួយនឹងអ្វីដែលខ្លួនបានឃើញមុននេះ។
វ៉ាយ៍លេតផ្ទប់ក្បាលនឹងទ្រូងជីមីនសម្ងំស្ងៀមឲ្យគេបីចុះពីលើឡានបន្តរហូតមកដល់ក្នុងបន្ទប់មួយនេះ ជីមីនឯណោះក៏មិនបានធ្វើខ្លួនគួរឲ្យសង្ស័យអ្វីឡើយ ពោលគឺនាយយកចិត្តទុកដាក់ជាមួយនាងនឹងធ្វើឲ្យនាងរំភើបចិត្តតាមទម្លាប់បោកប្រាស់ដែលគេតែងតែធ្វើនោះឯង។
"មីន.." វ៉ាយ៍លេតពោលឡើងទាំងសំឡេងស្រាលហាក់មានបំណងចង់ឃាត់នាយមិនឲ្យទៅណាតែនាងក៏មិនហ៊ានក៏ព្រោះតែមិនចង់ឲ្យគេលំបាកជាងនេះទៅទៀតព្រោះតែនាងម្នាក់ វិស្សមកាលរបស់គេសាកសមតែគេជាអ្នកដែលសម្រាកឲ្យបានច្រើន មិនមែនមកពិបាកព្រោះតែអាការៈខ្លាចផ្ដេសផ្ដាសរបស់នាងឡើយ។
"បងមិនទៅណាទេ" តែជីមីនក៏ធ្វើរឿងមួយដែលនាំអោយវ៉ាយ៍លេតភាំងទាំងភ្នែករលីងរលោងបើកសំឡឹងមើលទៅគេ នាយដោះអាវក្រៅរបស់ខ្លួនចេញរួចបើកភួយចូលទៅគេងកៀកក្បែរនឹងនាងអោបនាងជាប់ទ្រូង។
វ៉ាយ៍លេតក្ដាប់មាត់សម្រក់ទឹកភ្នែកមួយតំណក់ព្រោះតែសប្បាយចិត្តមុននឹងត្រសុលខ្លួនចូលអោបគេណែនដៃតាមអ្វីដែលបេះដូងត្រូវការ គេតែងតែធ្វើឲ្យនាងកក់ក្ដៅនឹងមានសុវត្ថិភាពពេលនៅក្បែរគេ បែបនេះហើយទើបនាងមិនអាចឃ្លាតឆ្ងាយពីគេបាន។
ក៏ប៉ុន្តែនាងមិនបានដឹងថារឿងទាំងប៉ុន្មាននេះគ្រាន់តែជាឈុតឆាកសម្ដែងមួយក្នុងផែនការរបស់គេសោះ...
"បងមិនដែលដឹងសោះថាអូនខ្លាចសមុទ្របែបនេះវ៉ាយ៍? បងមិនគួរនាំអូនមកសោះ.." ជីមីននិយាយព្រមជាមួយសំឡេងហាក់បីដូចជានាយកំពុងតែដឹងខុសជាមួយនឹងអ្វីដែលខ្លួនបានធ្វើនោះ តែវ៉ាយ៍លេតឯណោះក៏ក្រវីក្បាលញាប់ស្អេកទាំងនាងកំពុងតែអោបនាយជាប់នៅឡើយ។
"អាចនិយាយថាមកពីអ្វីដែលអូនដឹងលឺទាក់ទងនឹងសមុទ្រតែងតែធ្វើឲ្យអូនខ្លាចក៏ថាបាន អ្នកម៉ាក់លោកប៉ាស្ទើរតែបែកបាក់លែងបានជួបមុខគ្នាព្រោះតែសមុទ្រនោះឯង លោកអុំជុនក៏ធ្លាប់រងរបួសព្រោះតែសមុទ្រដូចគ្នា បែបនេះហើយទើបបានជាអូនតែងតែខ្លាចរអាជាមួយនឹងវា ជាពិសេសទិដ្ឋភាពវានៅពេលយប់" វ៉ាយ៍លេតនិយាយរៀបរាប់ប្រាប់ប្រុសជាទីស្រឡាញ់ដែលកំពុងតែព្យាយាមជ្រឹមចិញ្ចើមសំឡឹងមើលទៅនាងទាំងក្នុងចិត្តកំពុងតែរិះគិតអ្វីម៉្យាងដែលវ៉ាយ៍លេតមិនបានដឹង មិនសូម្បីតែគិតថាគេនឹងគិតបែបនោះមកលើនាង តែគេគិតគ្រប់យ៉ាងអស់ទៅហើយ នៅតែពេលអនុវត្តន៍តែប៉ុណ្ណោះ។
"អូ! បងអាចយល់បានព្រោះថាមានមនុស្សមិនតិចឡើយដែលមានអ្វីមួយខ្លាចរអានៅក្នុងចិត្តបែបនេះ មិនអីទេគ្រប់យ៉ាងមិនគួរឲ្យខ្លាចទៀតឡើយដរាបណាបងនៅទីនេះ" វ៉ាយ៍លេតញញឹមខ្ជឹបក្រោយទទួលបានពាក្យលួងលោមយ៉ាងផ្អែមល្ហែមពីគេ នាងក៏ងើបក្បាលពីទ្រូងហាប់រួចលូកដៃម្ខាងក្រញិចចុងច្រមុះស្រួចរបស់សង្សារ។
"បងដឹងទេ? បងគួរឲ្យស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃតែម្ដងហើយ មីនមីន" វ៉ាយ៍លេតប្រើប្រាស់សព្វនាមគួរឲ្យស្រឡាញ់ទៅកាន់នាយ មិនភ្លេចផ្ដេកខ្លួនដេកទាំងសើចកក្អឹកផង ជីមីនឯណោះក៏បានត្រឹមតែព្យាយាមខ្យល់ដង្ហើមស្ងៀមស្ងាត់រួចបិទភ្នែកសម្ងំដេកទាំងនឿយហត់កាយនឹងចិត្ត។
ម៉ោង១១នឹង៣០នាទីយប់
នៅផ្ទះលំហែក្បែរកោះជេជូនោះក៏សុទ្ធតែមានធ្លាសាបធំទូលំទូលាយបូកផ្សំជាមួយនឹងគ្រឿងឧបក្ខាល្អៗទំនើបៗតាមតម្លៃនៃផ្ទះនីមួយៗ អ្វីដែលកាន់តែពិសេសនោះគឺគ្រប់ផ្ទះមានអាងហែលទឹកសម្រាប់អ្នកមកកំសាន្តបានហែលលំហែអារម្មណ៍ដែរ។
ដូចជាពេលនេះទោះបីជាយប់រៀងជ្រៅបន្តិចទៅហើយក៏ដោយក៏មិនអាចឃាត់កម្លោះសង្ហាត្រកូលវីគ្រីសយើងមិនឲ្យហែលកំសាន្តអារម្មណ៍ដែរ កាយមាំទាំហែលអោនងើបៗទៅមកជាច្រើនជុំនៅក្នុងអាងហែលទឹកធំទូលាយនៅខាងក្រោយឯណោះ គេតែងតែហែលទឹករាល់ពេលដែលគេតានតឹងជាមួយនឹងបញ្ហាការងាររឺក៏រឿងអ្វីមួយ។
"ហ៊ឺ" កាយពោរពាសទៅដោយសាច់ដុំហាប់ណែនក៏ងើបផុតពីទឹកកាលបើហែលមកដល់មាត់អាង ជីមីនបែរខ្លួនងាកសំឡឹងមើលទៅព្រះចន្ទដែលកំពុងតែបញ្ចេញពន្លឺភ្លឺថ្លាសណ្ដំលួងលោមមនុស្សលោកឲ្យលង់លក់នឹងដំណេកយ៉ាងមានក្ដីសុខផ្លូវចិត្ត ខុសប្លែកពីម្ចាស់កាយមាំទាំយើងឯណេះដែលនៅតែរក្សាទឹកមុខស្មើធេងរបស់ខ្លួនដដែលរួចលើកកែវវ៉ាញមកអកផឹកបែបមិនខ្វល់ទៅវិញ។
"អាឡូ.." សុខៗទូរសព្ទ័ដៃរបស់គេក៏រោទ៍ឡើងបង្ហាញលេខរបស់នរណាម្នាក់ដែលនាំឲ្យនាយប្រញាប់ទទួលយ៉ាងរហ័សមិននៅអែអង់ឡើយ ទឹកមុខប្រែពីស្មើធេងមកជាញញឹមកាលបើបានលឺសំឡេងអ្នកម្ខាងទៀតនិយាយ។
(បងប្រុសសុខសប្បាយទេ? ខ្ញុំហើយនឹងម៉ែកំពុងតែនឹកឃើញដល់បងទើបពួកយើងខលទៅ) សំឡេងស្រទន់របស់ប្អូនស្រីជាទីស្រឡាញ់របស់គេនេះឯងដែលធ្វើឲ្យភាពតានតឹងរបស់គេរលាយអស់គ្មានសេសសល់ ជីមីនក៏ប្រលែងខ្យល់ដង្ហើមធូរចិត្តបន្តិចរួចក៏គ្រហឹមតបទៅកាន់នាងដូចជាប្រាប់ថាគេមិនអីទេ។
"ចុះអូនជាមួយម៉ែសុខសប្បាយទេមែនទេ? បានលឺបែបនេះបងសប្បាយចិត្តហើយ..អឺម" ជីមីនអង្គុយជាមួយនែលលីនឹងម្ដាយព្រមជាមួយនឹងស្នាមញញឹមជាប់បបូរមាត់ដល់ថ្នាក់នាងតូចដែលកំពុងតែឈរនៅរានហាលជាន់ខាងលើក៏មើលមកគេទាំងចម្ងល់ តែនាងក៏បានត្រឹមតែញញឹមពេលដែលឃើញគេញញឹមបែបនេះ។
(វ៉ាយ៍? វ៉ាយ៍អូនដាក់ចុះហើយមែនទេ?) សំឡេងតូចមួយបន្លឺឡើងពីទូរសព្ទ័របស់នាងល្អិតវ៉ាយ៍លេតដូចគ្នា នាងតូចយើងក៏ប្រញាប់ប្រញាល់ទាញកាំមេរ៉ាមកដាក់ពីមុខវិញរួចញញឹមញញែមទៅកាន់បងស្រីដែលនៅខ្សែទាក់ទងម្ខាងទៀត។
"បងស្រីនិយាយអ៊ីចឹងនៅទីនោះម៉ោងប៉ុន្មានទៅហើយ?ខ្ញុំខលទៅរំខានបងនឹងកូនៗដែរទេ?" និយាយៗគ្នាវ៉ាយ៍លេតក៏រៀងភ្ញាក់ជាមួយនឹងគម្លាតពេលវេលារវាងប្រទេសទាំង២ដែរតែថាអែមមីក៏ញញឹមក្រវីក្បាលតិចៗ។
(នៅទីនេះម៉ោងជិត៧ទៅហើយ បងជីននឹងបងក្រោករួចហើយនៅតែវ៉ូយ៉នប៉ុណ្ណោះ សូម្បីតែអ៊ុនជីឯណេះក៏ក្រោកហើយដែរ) អែមមីនិយាយព្រមទាំងដាក់កាំមេរ៉ាបញ្ចាំងពោះប៉ោងធំរបស់នាង នេះវារយៈពេល៦ខែទៅហើយបានន័យថាអែមមីក៏ពពោះកូនបានច្រើនខែទៅហើយដែរ។
"ខ្ញុំចង់តែទៅលេងបងនៅទីនោះទៀតទេបងអែមមី ខ្ញុំជួបបងនឹងកូនៗរបស់បងណាស់" វ៉ាយ៍លេតនឹករលឹកដល់បងស្រីខ្លាំងមែនទែន នឹកខ្លាំងជាលើកណាៗទាំងអស់ក៏ព្រោះតែបងស្រីមានពោះមានពុងតែក្នុងនាមនាងជាប្អូននាងក៏មិនបានជួយអ្វីសោះបែបនេះ។
(ជិតដល់ពេលសម្រាលបងនឹងបងជីនប្រហែលជាទៅកូរ៉េហើយ អ្នកម៉ាក់គាត់តឿនបងជាងអូនវ៉ាយ៍ទៅទៀត កូនចង់បានចៅទៅមើលថែ ទោះជាម៉ាដាមនៅទីនេះធានាខ្លួនថាជាអ្នកមើលថែក៏ដោយអូនដឹងទេ?)
"នេះហើយដែលគេនិយាយថាស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំងនោះបងស្រី បើទោះជាមានអ្នកមើលថែជំនាញក៏មិនអាចឲ្យគាត់ស្ងប់ចិត្តជាងបានចៅមកបីថ្នមនឹងដៃគាត់ផ្ទាល់ឡើយណា៎" អែមមីឯណោះកាលបើលឺប្អូនស្រីនិយាយបែបនេះនាងក៏ញញឹមបិទមាត់មិនជិតត្បិតថាប្អូនស្រីដូចជាកាន់តែចេះដឹងហើយពីមួយថ្ងៃទៅមួយថ្ងៃ។
(ហីយ៉ា! នាងល្អិតវ៉ាយ៍ទេតើ..) ស៊ុកជីនដែលកំពុងតែចងក្រវ៉ាត់ករមើលមិនយល់ឯណោះក៏ឆ្លៀតចូលកាំមេរ៉ាមកនិយាយជាមួយវ៉ាយ៍លេតក៏បានជាឱកាសឲ្យប្រពន្ធឯណោះទាញនឹងជួយដាក់ក្រវ៉ាត់ករឲ្យផង ស៊ុកជីនក៏សំឡឹងមើលទៅកន្លែងដែលវ៉ាយ៍លេតកំពុងតែឈរនោះរួចក៏ជ្រឹមចិញ្ចើមបន្តិចត្បិតថាគេដូចជាប្រហែលៗ។
(វ៉ាយ៍នៅផ្ទះលំហែមែនទេ?)
"ចា-ចាស៎?!" វ៉ាយ៍លេតឆ្លើយទាំងភាំងក៏ព្រោះតែនាងភ្លេចគិតថាស៊ុកជីនប្រហែលជាអាចស្គាល់កន្លែងនេះ ត្បិតវាជាផ្ទះលំហែរបស់ត្រកូលវីគ្រីសនឹងឯង នាងតូចក៏ប្រញាប់ទាញកាំមេរ៉ាមកជិតរួចញឹមៗបែបមិនសូវស្រួល។
"គឺចៃដន្យអីត្រូវមកថតនឹងណាបងថ្លៃ..និយាយអ៊ីចឹងប៉ុណ្ណឹងចុះខ្ញុំមិនចង់ធ្វើជាឆ្អឹងទទឹងកររំខានពេលវេលាពួកបងឡើយ បងអែមមីកុំភ្លេចទៅណាមកណាបង់ករកន្សែងចាក់ខ្ញុំទុកឲ្យផងណា៎ ខែនេះត្រជាក់ណាស់ bye bye" និយាយរួចរាល់វ៉ាយ៍លេតក៏ប្រញាប់ចុចបិទយ៉ាងលឿន ដៃម្ខាងរីតទ្រូងបែបភ័យបន្តិចព្រោះវិះទៅហើយអម្បាញ់មិញនេះ។
"ហ៊ឹម?!" វ៉ាយ៍លេតក្រឡេកភ្នែកមើលជាថ្មីម្ដងទៀតក៏បាត់មិនឃើញជីមីននៅខាងក្រោមទៀត នាងតូចក៏ប្រញាប់ចេញពីបន្ទប់ទៅមើលគេនៅជាន់ខាងក្រោមទាំងអន្ទះសារ តែថានាងក៏រកគេឃើញ..តែគេមើលទៅដូចជាមានទឹកមុខមិនល្អសោះ។
"បងមានរឿងអីលាក់ក្នុងចិត្តមែនទេ? រឿងការងារ? រឿងអ្នកផ្ទះ រឺក៏អូន?" វ៉ាយ៍លេតចោទសួរទៅកាន់ម្ចាស់កាយមាំដែលកំពុងតែអង្គុយអកស្រាផឹកម្នាក់ឯងក្រោមពន្លឺព្រះចន្ទខាងមុខរានហាលផ្ទះលំហែ ជីមីនជ្រឹមចិញ្ចើមងាកមើលនាងទាំងមុខញញឹមដែលការពិតក្នុងចិត្តគេកាន់តែធុញទ្រាន់តប់ប្រមល់ជាមួយនឹងនាង។
"បងនឹកម៉ាក់មែនទេ? រឺក៏លោកប៉ា.." សំនួរមួយឃ្លានេះហើយដែលនាំឲ្យអារម្មណ៍តប់ប្រមល់តានតឹងរបស់ជីមីនរសាត់បាត់ ជំនួសចូលមកវិញនូវអារម្មណ៍ថាដែលសូម្បីតែគេខ្លួនឯងក៏មិនយល់ដែរថាហេតុអីខ្លួនបែរជាមានអារម្មណ៍នេះ?
"បើបងនឹកពួកគាត់បងមើលព្រះចន្ទខាងលើនោះទៅ ព្រះចន្ទតែងតែនៅក្បែរពួកយើងរហូតប្រៀបដូចជាក្ដីស្រឡាញ់ដែលប៉ាម៉ាក់បងមានមកលើបង ហើយពួកគាត់ក៏មើលទាំងមានមោទនភាពថាកូនប្រុសគាត់ជាមនុស្សល្អបែបនេះ លោកប៉ា អ្នកម៉ាក់! ចាំវ៉ាយ៍មើលថែបងមីនជំនួសឲ្យបានល្អ កុំបារម្ភអី" នាងល្អិតស្រែកឡើងស្របនឹងដៃក្រសោបអោបទ្រូងជីមីន កែវភ្នែកដែលធ្លាប់តែកំណាចក៏បែរជាផ្លាស់ប្ដូរ ខួរក្បាលបែរជាគិតជាថ្មីថាហេតុអីក៏នាងធ្វើបែបនេះជាមួយគេ?
(អត់ទេ...មិនត្រូវទន់ចិត្តទេ! ដាច់ខាត...)

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Donde viven las historias. Descúbrelo ahora