ភាគទី 77

2.9K 212 17
                                    

       ង៉ោង!
       នរណាមិនដឹងស្រាប់តែរត់ចូលឡានរបស់ Taehyung ដែលមានរាងកាយស្តូងស្តឹងរបស់អ្នកម៉ាក់របស់គេនៅខាងក្នុងហើយបើកក្នុងល្បឿនលឿនផុតលេខទៅបាត់ស្រមោលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង។
       “អ្ន-អ្នកម៉ាក់!!!” Taehyung ក្លាយជាស្រឡាំងកាំងរកធ្វើអ្វីមិនត្រូវ ដៃដែលកំពុងប្រវេប្រវ៉ាជាមួយប៉ូលិសប្រែទម្លាក់ចុះ បបូរមាត់ញ័រតតាត់ រហ័សងាករកតាក់ស៊ីក្បែរៗនោះ ទាំងមិនខ្វល់ថាត្រូវដោះស្រាយបែបណាជាមួយមនុស្សដែលតាមមិនចាប់គេមិនលែងទាំងនេះ “ត-តាក់ស៊ី!”
       “អេ! លោកចង់ទៅណា?” លោកប៉ូលិសនៅតែតាមកិតមិនព្រមលែង ខណៈបានឃើញផ្ទាល់ភ្នែកពីហេតុការណ៍មុននេះ បណ្តាលឱ្យអ្នកម្ខាងទៀតប្រែពីភ័យខ្លាចមកជាខឹងសម្បាមុខស្ទើរស្រក់ឈាម។
       “យកទៅ!” អ្នកកម្លោះដាក់ប័ណ្ណបើកបរទៅលើដៃប៉ូលិសដែលនៅក្បែរដៃម្តងទៀត មុននឹងរត់ចេញតែបែរជាត្រូវទាញកអាវថយក្រោយវិញ។
       “លែង! លែងខ្ញុំ!”
       កម្លាំងរើបម្រាស់របស់ Taehyung កាន់តែខ្លាំងឡើង ខណៈភ្នែករបស់គេក្រឡេកទៅឃើញតាក់ស៊ីដែលបរមកចតក្បែរនោះ រង់ចាំអ្នកដំណើរ។
       “ពួកយើងនឹងទៅតាមឡានមួយនោះជាមួយលោក ដើម្បីឱ្យប្រាកដចិត្ត!”
       “ពុទ្ធោអើយ!!!” រាងខ្ពស់បម្រាស់ខ្លួនបោកក្បាលជាមួយអ្នកដែលឈរនិយាយជាមួយឱ្យដួលចូលទៅក្នុងឡានដែលបើកទ្វារស្រាប់ មុននឹងឡើងជាន់ពីលើហើយទាញកអាវគេឱ្យមើលមុខខ្លួនឱ្យច្បាស់ “ទម្រាំនឹងឯងហារមាត់និយាយ ឡាននោះមិនដឹងថាទៅដល់ឋានណាទៅហើយទេអាចង្រៃ ហេតុអីឯងមិនចាំឱ្យយើងមួលកឯងស្លាប់បាត់សិនចាំឯងព្រមហើបមាត់? បើម៉ាក់របស់យើងមានរឿងអ្វី ឯងមិនរស់ទេ”
       “តាមឡានមួយនោះទៅ ត្រូវតែតាមឱ្យទាន់!” Tae ប្រាប់តៃកុងតាក់ស៊ីទាំងញ័រមាត់ស្របពេលល្បឿនឡានកាន់តែបោលលឿនជាងមុនទ្វេរដង។
       ឡានតាក់ស៊ីពណ៌ក្រហមឆេះ បរលឿនដូចហោះតាមផ្លូវត្រង់ទាំងមិនដឹងទិសដៅ ព្រោះទម្រាំនឹងចេញឡានមក ឡានគោលដៅក៏មិនដឹងថាបើកទៅដល់ណាបាត់ទៅហើយនោះទេ។ អ្នកកម្លោះអង្គុយមិនជាប់នឹងកៅអីភ្នែករំពៃមើលឆ្វេងស្តាំឥតសម្រាក នេះជិតដល់មន្ទីពេទ្យទៅហើយ តែនៅមិនទាន់ឃើញស្រមោលឡានរបស់គេនៅឡើយ។
       “ឈ-ឈប់! ឈប់សិន!” Taehyung ស្រែកនិងរត់ចុះពីតាក់ស៊ីបន្ទាប់ពីក្រឡេកទៅឃើញឡានរបស់ខ្លួន ចតចំពីមុខមន្ទីពេទ្យទាំងគ្មានសណ្តាប់ធ្នាប់ ហាក់បន្សល់ទុកដានឱ្យគេមកតាម ចំណែកលោកប៉ូលិសចរាចរណ៍ក៏មិនព្រមទៅណាឆ្ងាយពីគេទាល់តែសោះ។
       Tae រត់មកមើលក្នុងឡាន តែគ្មានអ្វីនៅខាងក្នុងឡើយក្រៅពីឈាមដាមពេញកៅអី អ្នកម៉ាក់របស់គេបាត់ទៅណា? ព្រះអើយ! គេឆ្គួតស្លាប់មិនខានទេ។
       “អត់ទោស លោកជាម្ចាស់ឡានមែនទេ?”
       “មែនហើយ! អ្នកនាងមានឃើញអ្នកម៉ាក់របស់ខ្ញុំដែលមានរបួសនៅក្នុងឡានទេ? ឬក៏មាននរណានាំគាត់យកទៅ?”
       ម្ចាស់ឡានព្យាយាមរាយរ៉ាប់ទាំងកាយវិការនិងចង្អុលទៅក្នុងឡាន ពេលមាននារីទំនងជាគ្រូពេទ្យដើរចូលមកសួរនាំ។
       “មុននេះបន្តិចមានបុរសម្នាក់បីគាត់ចូលទៅខាងក្នុង ដូច្នេះលោកអាចទុកចិត្តបាន អ្នកជំងឺកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់”
       “បុរស? ជាអ្នកដែលបើកឡានមកឬ?”
       “ទំនងជាបែបនោះ តែគេមិនបាននិយាយអ្វីច្រើនឡើយ គ្រាន់តែសុំឱ្យខ្ញុំមករង់ចាំម្ចាស់ឡានហើយក៏បាត់ស្រមោលឈឹង បន្សល់ទុកត្រឹមតែនាឡិកាមួយនេះ” អ្នកគ្រូពេទ្យលើកនាឡិកាបង្ហាញ Taehyung។ គ្រាន់តែក្រឡេកភ្នែកចំក៏ដឹងទៅហើយថាមានតម្លៃក្រាស់ក្រែល ព្រោះជាម៉ាកល្បីដែលទើបនឹងចេញកាលពីដើមខែ។
       “គេប្រាប់ថាជាថ្លៃជួលឱ្យខ្ញុំមកឈរចាំលោក តែខ្ញុំមិនត្រូវការឡើយ ខ្ញុំរីករាយនឹងជួយដោយចិត្តស្មោះ សូមលោកជួយប្រគល់វាឱ្យទៅម្ចាស់ដើមវិញផង ព្រោះមើលទៅតម្លៃក៏មិនទាបដែរ” ស្រីស្អាតប្រគល់នាឡិកាឱ្យ Tae ហើយដើរនាំផ្លូវទៅរកបន្ទប់សង្គ្រោះបន្ទាន់ដែលនៅខាងក្នុង។
       “...”
      
       សម្លេងក្តុងក្តាំងលាន់ចេញពីបន្ទប់ទឹករបស់មន្ទីពេទ្យ ដោយហេតុមានកម្លោះមាឌធំរាងខ្ពស់ម្នាក់ កំពុងដោះស្រោមដៃនិងអាវដែលប្រឡាក់ឈាមចោលទៅក្នុងធុងសម្រាមក្នុងបន្ទប់ទឹកទាំងរហន់ហាក់ដូចស្ថិតក្នុងរង្វង់អណ្តាតភ្លើង។ ម្រាមដៃវែងៗទាញម៉ាស់និងមួកមកពាក់ឱ្យបានរៀបរយ ហើយលើកជូតញើសដែលស្រក់តតក់តាមជើងសក់។
       JayKay ជាឈ្មោះរបស់កម្លោះសង្ហាដែលរហ័សទាន់ហន់រកពេលដកដង្ហើមមិនទាន់ម្នាក់នេះ។ ថ្ងៃនេះគេមានចេតនាតាមដាន Taehyung តាំងពីព្រឹកព្រលឹម មិនមែនត្រឹមតែថ្ងៃនេះឡើយ គេតាមមនុស្សប្រុសម្នាក់នេះស្ទើរតែគ្រប់ពេល ដែលគេមានពេលសម្រាក។ តាំងពីពេល Taehyung ចូលទៅហាងលក់សម្លៀកបំពាក់នារី គេបារម្ភខ្លាចថា Tae កំពុងមានទំនាក់ទំនងជាមួយក្មេងស្រីម្នាក់ណាមិនខាន តែសំណាងល្អដែលគេគ្រាន់តែចូលទៅទិញរ៉ូបឱ្យម៉ាក់របស់គេ តែហេតុការណ៍ដែលកើតឡើងធ្វើឱ្យគេស្ទើរបាត់បង់សតិ មិនមែនស្ទើរ តែគេបានបាត់បង់សតិទៅហើយដែលហ៊ានលោតចូលទៅបើកឡានរបស់ Taehyung ចេញមកដោយចិត្តឯងបែបនេះ តែមានតែវិធីមួយនេះប៉ុណ្ណោះទើបអាចជួយ Taehyung បើគេមិនហ៊ានធ្វើ តើគេមានសិទ្ធិអ្វីទៅសង្ឃឹមថានឹងអាចឈរក្បែរមនុស្សប្រុសម្នាក់នេះម្តងទៀត? តែបើ Yelena ដែលជាអ្នកគ្រប់គ្រងរបស់គេបានដឹងពីរឿងនេះ គេប្រាកដចិត្តថានឹងបានដេកក្នុងបន្ទប់មួយខែពេញមិនខាន។
       “Yelena ច្បាស់ជាកម្ទេចសាកសពខ្ញុំមិនខាន...” JayKay និយាយបណ្តើរដើរចេញពីបន្ទប់ទឹកបណ្តើរ។
       Ring Ring!!!
       និយាយដើមដង្ហើមដល់ គ្រាន់តែហារមាត់និយាយឈ្មោះរបស់នាង Yelena ក៏តេមកភ្លែតដូចដុតធូបហៅ នាងជាខ្មោចឬយ៉ាងម៉េច?
       “Yele-”
       (ឯងនៅឯណា? ឆាប់ត្រឡប់មកក្រុមហ៊ុនវិញភ្លាម ភ្លេចខ្លួនបន្តិចក៏បាត់ស្រមោលភ្លាម!) Yelena ស្រែកពីខ្សែប្រព័ន្ធម្ខាង កាត់សម្តីអ្នកដែលកំពុងដើរលឿនដូចហោះសម្តៅច្រកចេញព្រោះខ្លាចថាមានមនុស្សចំណាំមុខបសន នឹងបង្កបញ្ហាធំម្តងទៀត។
       “10នាទី! 10នាទីទៀតខ្ញុំនឹងទៅឈរចំពោះមុខបងភ្លាម”
       (បាន! បើមិនឃើញ ខ្ញុំនឹងស៊ីឯងទាំងរស់មិនខាន)
       ទូត!
       “ព្រះអើយ!”
       JayKay ពោលដោយធូរចិត្ត ស្រីម្នាក់នេះពិតជាខ្លាក្នុងរាងកាយមនុស្សពិតមែន បើនាងដឹងថាគេបានទៅធ្វើអ្វីមកខ្លះនៅថ្ងៃនេះ គេច្បាស់ជាស្លាប់សាកសពមិនស្អាតមិនខាន។

You're FAKE [Complete]Where stories live. Discover now