ភាគទី 50

2.8K 173 0
                                    


       បន្ទាប់ពីចេញពីសាលារៀនកម្លោះ Fire Swan ទាំងបីរួមទាំង Jungkook ដែលដើរតាម Taehyung គ្រប់ពេលវេលានោះនាំគ្នាមកមន្ទីពេទ្យដើម្បីសួរសុខទុក្ខ Simon ដំបូងមានបំណងថាមកមើលតាំងពីព្រឹកដែរ តែ Suhee ប្រាប់ថា Simon មិនទាន់ដឹងខ្លួនទើបត្រូវចាំដល់ល្ងាចបែបនេះ។
       « Simon! »
       Taehyung ដោះកាតាបដាក់លើតុហើយដើរទៅអង្គុយកៅអីក្បែរគ្រែអ្នកជំងឺដោយមាន Chisun និង Annto តាមពីក្រោយ ចំណែក Jungkook ទោះបី Tae និយាយយ៉ាងណាក៏មិនព្រមចូលមកក្នុង សុខចិត្តអង្គុយចាំនៅខាងក្រៅ ព្រោះមិនសូវត្រូវគ្នាជាមួយ Simon ខ្លាចថានឹងមានរឿងទាស់សម្តីគ្នាទៀត។
       « សួស្តីអ្នកមីង! »
       « ក្មេងៗមកចំពេលល្អណាស់ » Suhee ក្រោកឈរហើយញញឹមរាក់ទាក់ដាក់កម្លោះទាំងបីដែលកំពុងដើរចូលមក ចំពេលនាងរៀបនឹងទៅរៀបចំអាហារឱ្យ Simon និង Kyosuke ល្មម។
       « អ្នកមីង Suhee! Simon ដឹងខ្លួនតាំងពីពេលណា? » Annto ដើរចូលមកដល់ភ្លាមក៏ហក់ទៅអង្គុយលើបង្កាន់ចុងគ្រែដោយមាន Chisun ដើរទៅឈរក្បែរហើយច្រត់ដៃលើក្បាលជាប់។
       « ទើបនឹងដឹងខ្លួនមុននេះទេ មីងថាទៅរៀបចំអាហារពួកឯងក៏មកដល់ល្មម អញ្ចឹងជួយមើលគេជំនួសមីងផង! » ស្ត្រីវ័យកណ្តាលលើកដៃលាក្មេងៗមុននឹងចាកចេញ។
       « បាទ តាមសម្រួលអ្នកមីង! »
       « លើកទ័ពមកធ្វើអី? ធ្វើមើលតែយើងជិតស្លាប់ទៅហើយ » Simon ផ្អែកខ្នងទៅលើខ្នើយនៅក្បាលគ្រែហើយសម្លឹងមើលមុខភ័យៗរបស់មិត្តភ័ក្តិ។
       « ឯងយ៉ាងម៉េចហើយ Simon? ឯងបំភ័យយើងណាស់ »
       Tae សម្លឹងមុខ Simon ដោយការស្តីបន្ទោស មិនឱ្យភ័យយ៉ាងម៉េច បើអ្នកមីង Suhee ប្រាប់ថាគេវាយ Kyosuke ស្ទើរតែស្លាប់រស់រៀងខ្លួនហើយថែមទាំងសន្លប់ពេញមួយយប់មួយថ្ងៃបែបនេះទៀត។
       « ឥឡូវឃើញហើយថាយើងមិនអី ឈប់បារម្ភទៅ »
       « ឯងមិនអីបានយ៉ាងម៉េច? ក្បាលក៏រុំ ថ្ពាល់ក៏រុំ ដៃស្តាំក៏រុំ »
       Annto និយាយចប់ Chisun ក៏បន្តពីក្រោយ
       « នឹកឃើញយ៉ាងម៉េចទើបទៅវ៉ៃអា Riv បែបនេះ? ក្រែងពួកឯងធ្លាប់ជាមិត្តនឹងគ្នាអ្ហេស? »
       « ឯងដឹងមកពីណា? »
       « អ្នកមីងប្រាប់ពួកយើងអស់ហើយ »
       « ពីមុនមែន តែឥឡូវប្រហែលជាលែងហើយ » រាងក្រាស់តបតិចៗតាមទម្លាប់ដែលមិនសូវខ្វល់ខ្វាយនឹងរឿងបែបនេះ ជាពិសេសទំនាក់ទំនងដែលស្រពិចស្រពិលពីអតីតកាល គេមិនចង់កប់ខ្លួនឯងឱ្យនៅមួយកន្លែងរហូតនោះទេ។
       « តែ Riv របួសធ្ងន់ណាស់ ហេតុអីឯងធ្វើបែបនេះ? ឯងស្ទើរតែសម្លាប់មនុស្សទៅហើយ » Taehyung សួរអ្នកជំងឺដោយទឹកមុខមិនសូវពេញចិត្តព្រោះក្តីបារម្ភ បើគេជ្រុលដៃសម្លាប់ Riv គេច្បាស់ជាមានទោសដោយគេចមិនផុតឡើយ។
       « ព្រោះវាជាអ្នកផ្ញើវីដេអូមួយនោះមក វីដេអូដែល K ធ្វើបាបឯង ចុះឯង? ឯងត្រូវវាបង្គាប់បញ្ជាបានតាំងពីពេលណា? ហេតុអីឯងមិនប្រាប់ពួកយើង? »
       សម្តីរបស់ Simon ធ្វើឱ្យ Tae គាំងរកពាក្យតបមិនត្រូវ ទើបងើបមុខមើល Chisun និង Annto ដែលសម្លឹងមកគេជាមួយកែវភ្នែកអាក់អន់ចិត្តដូចអ្នកកំពុងសួរដែរ។ តាំងពីព្រឹករហូតដល់ពេលនេះ Chisun និង Annto នៅស្ងៀមស្ងាត់រហូតមិនឃើញមានសកម្មភាពអ្វីទើបគេមិនចាប់អារម្មណ៍ដឹងថាពួកគេក៏បានឃើញវីដេអូមួយនោះដូចគ្នា តាមពិតគឺពួកគេរង់ចាំឱ្យសមាជិកមកជុំគ្នាទើបនិយាយសរុបតែម្តង។ ដោយសារតែ Riv ជាសមាជិក Spycho មែនទេទើបត្រូវ Simon ធ្ងន់ដៃដាក់ដល់ថ្នាក់នេះ?
       « យើងគ្មានបំណងលាក់បាំងនឹងពួកឯងទេ » រាងតូចអោនមុខចុះព្រោះដឹងកំហុស គេមិនធ្លាប់គិតថាបញ្ហារបស់គេអាចធ្វើឱ្យមិត្តជិតស្និតរបស់គេត្រូវមកពិបាកដល់ថ្នាក់នេះទេ តែពេលនេះវាក៏កើតឡើងឱ្យទាល់តែបាន។
       « ឯងគ្មានបំណងតែឯងក៏ធ្វើទៅហើយ! »
       « សុំទោស! »
       « ពួកយើងមិនចង់បានពាក្យសុំទោសទេ ឯងដឹងថាគ្រាន់តែឃើញវីដេអូភ្លាមពួកយើងមានប្រតិកម្មយ៉ាងម៉េចទេ? Simon ត្រឡប់ទៅផ្ទះទាំងកម្រោលហើយក៏កើតរឿងបែបនេះឡើងមក ចំណែកអាល្អិតនេះ... » Chisun យកចង្អុលដៃសង្កត់លើក្បាល Annto មុននឹងបន្ត « ...អង្គុយញ័រដៃ ញ័រខ្លួនដូចត្រូវខ្មោចលងព្រោះស្លុតខ្លាំងពេក យើងដឹងថាឯងមិនប្រាប់ព្រោះមិនចង់ឱ្យពួកយើងពិបាក តែបើឯងមានបញ្ហាពួកយើងក៏មិនអាចនៅបានសុខដូចគ្នា ឬក៏ឯងគិតថាពួកយើងលែងមានសមត្ថភាពការពារឯងហើយ? »
       « Chisun បានហើយ » Annto ងាកសម្លឹងមុខ Chisun ហើយបែរមកមើលមុខ Taehyung វិញ « Taehyung និយាយមកថាវាគម្រាមឯងស្អីខ្លះ »
       « គឺ.... »
       Tae បិទភ្នែកបន្តិចហើយព្យាយាមពង្រឹងសម្លេងដើម្បីនិយាយរឿងរ៉ាវដែលបានកើតឡើងតាំងពីយប់ដំបូងរហូតមកទល់ពេលនេះឱ្យ Simon Chisun និង Annto ស្តាប់ម្តងមួយៗ បើវីដេអូជ្រុលជាបែកធ្លាយទៅហើយ គេក៏គ្មានហេតុផលអ្វីលាក់បាំងរឿងទាំងនេះទៀតដែរ។
      
       « វាហ៊ានធ្វើដាក់ឯងដល់ថ្នាក់នេះអ្ហេស៎? »
       Simon មិនមើលមុខ Tae គ្រាន់តែសម្លឹងទៅមុខត្រង់ ខណៈកំពុងក្តាប់រឹតកែវទឹកក្នុងដៃកាន់តែខ្លាំងឡើងៗរហូតដល់ញ័រដៃ ដរាបណាកាន់តែស្តាប់ពីភាពឈឺចាប់ដែល Tae ទទួលបាន គេមានអារម្មណ៍ថាភាពឈឺចាប់វេទនាទាំងនោះក៏កំពុងកើតឡើងមកលើគេដូចគ្នា វាកាន់តែឈឺទ្វេដងកាលដែលដឹងថា ពេលមនុស្សដែលគេស្រឡាញ់ការពារត្រូវអ្នកដទៃធ្វើបាប តែគេបែរជាមិនបានដឹងអ្វីទាល់តែសោះ។
       « K ធ្លាប់និយាយថាគេក៏រៀនក្នុងសាលាជាមួយពួកយើងដូចគ្នា តែយើងមិនដឹងថាគេជានរណាមានមុខមាត់យ៉ាងម៉េចនោះទេ » រាងតូចគ្រវីក្បាលតិចៗបង្ហាញថាអ្វីក៏គេមិនដឹង ដឹងត្រឹមតែត្រូវធ្វើតាមសម្តីរបស់ K គ្រប់យ៉ាង។
       « វា... » ប្រាវ!!!
       « Simon! » គ្រប់គ្នាស្រែកឡើងពេលកែវក្នុងដៃរបស់ Simon ត្រូវកម្លាំងដៃរបស់គេច្របាច់ដល់បែកខ្ចាយទឹកនិងអំបែកកែវធ្លាក់មកលើជើងនិងពូកលើគ្រែ។
       « Simon ឯងធ្វើឆ្គួតអីនឹង? » Tae ក្រោកឈរទាញដៃខាងឆ្វេងរបស់ Simon ដែលក្តាប់អំបែងកែវរហូតដល់ហូរឈាមចេញមកនោះមកមើលទាំងជ្រួលច្របល់ក្នុងចិត្ត។
       « យ-យើងទៅរកគ្រូពេទ្យ » Chisun រហ័សបើកទ្វាររត់ចេញទៅក្រៅស្របពេល Annto ឆក់ក្រដាសជូតមាត់ពីលើតុទៅជូតឈាមនិងទឹករួមទាំងរើសអំបែងចេញពីលើគ្រែទាំងប្រញាប់ប្រញាល់ព្រមទាំងមិនភ្លេចស្រែកដាក់អ្នកជំងឺ
       « ឯងឆ្គួតមែនទេ? »
       « យើងនឹងសម្លាប់វា » Simon ចាប់ទាញម្ជុលសេរ៉ូមចេញពីដៃហើយបម្រាស់ខ្លួនចុះចេញពីគ្រែទោះ Taehyung តាមចាប់ដៃគេខ្លាំងប៉ុណ្ណាក៏មិនជាប់។
       « Simon ឯងនៅឈឺ កុំទៅអីឯងរកគេមិនឃើញទេ »
       រាងតូចអោបចង្កេះអ្នកជំងឺដែលមានកម្លាំងខ្លាំងដូចដំរីចុះប្រេងពីក្រោយតែគេមិនស្តាប់ហើយនៅប្រឹងបម្រាស់ចេញឥតឈប់ ទើប Annto រត់ទៅអោបគេពីមុខបំណងផ្តួលឱ្យដួលទៅលើគ្រែវិញ។
       « ចេញទៅ! កុំឃាត់យើង! បើយើងសម្លាប់វាមិនបាន យើងមិនមែនជាមនុស្សទេ » Simon ស្រែកហើយព្យាយាមគ្រវាសដៃរើបម្រាស់កាន់តែខ្លាំង មុននឹងជ្រុលដៃច្រាន Annto ខ្ទាតទៅបុកនឹងទ្វារបន្ទប់ខាងក្រោយ។
       « អឹកក៎ » អាល្អិត Annto ភ្លាត់សម្លេងពេលត្រូវខ្ទាតទៅបុកនឹងទ្វារពេញទំហឹង តែអ្នកដែលទើបនឹងរុញទ្វារចូលមករហ័សរត់មកលើកគេឡើង។
       « Annto!! »
       « យើងមិនអីទេ ទៅបញ្ឈប់គេភ្លាមទៅ! »
       Annto ក្រោកឈរឡើងហើយងាកទៅមើល Simon ទើប Chisun និងគ្រូពេទ្យប្រញាប់ទៅចាប់អ្នកជំងឺផ្តួលទៅលើគ្រែវិញ។
       « Simon! » Tae អួលដើម ក រកយំខណៈជួយគ្រូពេទ្យចាប់ដៃចាប់ជើង Simon ជាប់ គ្រូពេទ្យម្ខាងទៀតក៏កំពុងត្រៀមថ្នាំចាក់រួចរាល់ហើយដែរ។
       « ជួយចាប់គេឱ្យជាប់! »
       « លែង! លែងយើង... លែ...ង... »
       Simon ខ្សោយសម្លេងនិងទន់ត្របកភ្នែកមិនយូរប៉ុន្មានក៏សន្លប់បាត់បន្ទាប់ពីត្រូវគ្រូពេទ្យចាក់ថ្នាំ។ គ្រប់គ្នាអង្គុយចុះព្រោះហត់ ចំណែកគ្រូពេទ្យក៏ចាប់ផ្តើមលាងនិងរុំរបួសដៃឱ្យអ្នកជំងឺដែលសន្លប់បាត់មាត់លើគ្រែ ពេលឃើញសភាពជំងឺរបស់គេកាន់តែធ្ងន់ធ្ងរបែបនេះ ធ្វើឱ្យពួកគេមិនស្ងប់ចិត្តនោះទេ។
      
       « Taehyung! » Jungkook ក្រោកឈរពេលឃើញម្ចាស់ឈ្មោះដើរមកដល់ ចំណែក Chisun និង Annto ក៏ដើរបែកទៅផ្លូវផ្សេងបាត់។
       « តោះទៅ! » រាងខ្ពស់ដើរយឺតៗនាំមុខ Jungkook ទាំងអារម្មណ៍មិននៅនឹងខ្លួន មុននេះពេលអ្នកមីង Suhee ត្រឡប់មកវិញក៏ឱ្យពួកគេទៅផ្ទះសម្រាក ព្រោះ Simon មិនអីនោះទេ ពេលដឹងខ្លួនចាំមកមើលម្តងទៀត តែគេនៅតែមិនស្រួលចិត្តដដែល។
       « របួសគេធ្ងន់ធ្ងរណាស់អ្ហេស? » រាងក្រាស់ដើរតាមកិតៗនិងសួរតិចៗពេលឃើញទឹកមុខរបស់អ្នកម្ខាងទៀត។
       « អត់ទេ គេមិនអីទេ »
       « តែទឹកមុខបងដូចជាសោកសៅខ្លាំងណាស់! »
       « ពិតមែនអ្ហេស? » Tae ងើបមុខឡើងសម្លឹងមុខ Jungkook ដែលដើរមកក្តាប់ដៃគេយ៉ាងណែន។
       « បងមិនចាំបាច់បារម្ភទេ មានខ្ញុំនៅគ្មានអ្វីកើតឡើងលើបងឡើយ! »
       « មែនហើយ ថ្ងៃនេះទៅញ៉ាំអាហារពេលល្ងាចនៅផ្ទះបងទៅ »
       « ហេតុអី? » Jungkook អោនមុខសួរ Taehyung ស្រាប់តែបបួលភ្លាមៗបែបនេះ គេមិនទាន់បានត្រៀមខ្លួននៅឡើយទេ ខ្លាចថានឹងធ្វើឱ្យអនាគតម៉ាក់ក្មេកមិនពេញចិត្ត។
       « ទៅជួបអ្នកម៉ាក់ »
       « ពិតមែនអ្ហេស? » រាងក្រាស់ស្រែកខ្លាំងៗព្រមទាំងធ្វើមុខភិតភ័យផង ទើប Taehyung សើចហើយកៀកស្មាគេដើរយឺតៗ។
       « មិនចាំបាច់ភ័យទេ ធ្វើខ្លួនធម្មតាទៅ! »
       « បងនិយាយបែបនេះខ្ញុំកាន់តែភ័យហើយ »
       « ហាសហា!! »
      
       បន្ទាប់ពីញ៉ាំអាហារពេលល្ងាចជុំគ្នាហើយ គ្រប់គ្នាក៏អង្គុយមើលទូរទស្សន៍និយាយគ្នាលេងព្រមទាំងសើចក្អាកក្អាយប្រៀបដូចគ្រួសារតែមួយ ម៉ាក់របស់ Taehyung ពិតជាចូលចិត្តចរិតដឹងខុសត្រូវរបស់ Jungkook ណាស់ ដូច្នេះទើបអ្នកទាំងពីរឆាប់ចុះសម្រុងនឹងគ្នា ម្យ៉ាងទៀតម៉ាក់របស់ Tae មិនធ្លាប់ជំទាស់ចិត្តគេម្តងណានោះទេ អ្វីដែលគេមើលឃើញថាល្អ នាងមិនប្រកែកឡើយ។
       Taehyung សុំដកខ្លួនទៅបន្ទប់ទឹក។ រាងតូចដើរចេញទៅទាំងមិនភ្លេចងាកមកមើលអ្នកម៉ាក់និង Jungkook ដែលជាប់មាត់និយាយគ្នាពីនេះពីនោះឥតឈប់ ដំបូងគេបារម្ភខ្លាចថា Jungkook អាចនឹងក្មេងពេកធ្វើឱ្យម៉ាក់របស់គេមិនសប្បាយចិត្ត តែពេលឃើញទិដ្ឋភាពស្និទ្ធស្នាលនឹងគ្នាបែបនេះគេក៏បានធូរចិត្តដូចគ្នា។
       « Jungkook មីងសុំរឿងមួយបានទេ? » ស្ត្រីវ័យកណ្តាលលើកទឹកមកផឹកផ្សើមបំពង់កហើយងាកទៅមើលប្រុសកម្លោះដែលអង្គុយនៅម្ខាង។
       « បាទ ប្រាកដជាបាន! »
       « ពេលជួបគ្នាដំបូងមីងក៏ធ្លាប់សុំក្មួយម្តងហើយ Taehyung ប្រៀបដូចជាកែវភ្នែករបស់មីង បើក្មួយពិតជាស្រឡាញ់ចង់បានគេទៅថែរក្សា មីងសុំឱ្យក្មួយគិតឱ្យប្រាកដក្នុងចិត្ត មីងមានកូនប្រុសតែម្នាក់ប៉ុណ្ណោះ ហើយក៏សង្ឃឹមថាគេនឹងមានក្តីសុខនៅថ្ងៃមុខ សុំក្មួយកុំធ្វើបាបគេទាំងកាយទាំងចិត្ត ទោះបីខឹងឈ្លោះគ្នាខ្លាំងប៉ុណ្ណាក៏សុំឱ្យនិយាយដោះស្រាយគ្នាឱ្យបានច្បាស់លាស់ បើក្មួយលែងត្រូវការគេពេលណា ក្មួយអាចប្រគល់គេឱ្យមកមីងវិញ ទោះគេក្លាយជាបែបណាក៏មីងនៅតែស្រឡាញ់គេដែរ ត្រឹមកូនម្នាក់មីងអាចចិញ្ចឹមរស់ ដូច្នេះសុំកុំធ្វើឱ្យគេឈឺចាប់ស្រក់ទឹកភ្នែកឱ្យសោះ »
       « គ្មានថ្ងៃទេ ខ្ញុំនឹងថែរក្សាគាត់ឱ្យបានល្អបំផុត អ្នកមីងអាចទុកចិត្តបាន កុំថាឡើយគាត់ស្រឡាញ់ខ្ញុំ ទោះបីថ្ងៃក្រោយគាត់ខឹងស្អប់ខ្ញុំ មិនថាប្រើពេលយូរប៉ុណ្ណា ខ្ញុំក៏នៅតែតាមយកគាត់មកវិញឱ្យបានដែរ » Jungkook ពោលពាក្យច្បាស់ៗចេញពីចិត្តធ្វើឱ្យ អ្នកស្រីគីម ញញឹមដោយការពេញចិត្ត។
       « ល្អ មីងផ្ញើ Tae ផង »
       « បាទ! »
      
       Taehyung ចេញពីបន្ទប់ទឹកស្របពេល Jungkook រៀបនឹងចាកចេញល្មម ទើបគេជូនដំណើរភ្ញៀវកម្លោះដែលត្រូវជាសង្សាររហូតផុតរបងផ្ទះ។
       « យ៉ាងម៉េចដែរ អ្នកម៉ាក់និយាយអ្វីខ្លះ? »
       « គាត់ថាខ្ញុំគួរឱ្យស្រឡាញ់ បណ្តាការមិនយកថ្លៃពេកទេ » Jungkook សើចមុននឹងត្រូវ Tae ចាប់ទាញថ្ពាល់មនុស្សរលៀមឱ្យស្រែកចាចព្រោះឈឺ។
       « អា៎.. ឈឺ! »
       « អ្នកម៉ាក់មិនយកតែបងយក ផ្ទះវីឡាធំមួយ ឡាន 5គ្រឿង ផ្ទះនៅសមុទ្រមួយ នៅលើភ្នំមួយ នៅមាត់ទន្លេមួយ នៅលើកោះមួយ ហើយនៅមានកាតខ្មៅមួយទៀត យ៉ាងម៉េចដែរ? » Taehyung ទាញថ្ពាល់ Jungkook ខ្លាំងៗធ្វើឱ្យគេសើច។
       « បណ្តាការប៉ុណ្ណឹង ទាល់តែមួយយប់ 10ដង »
       « មាត់នេះ! » រាងតូចតាមច្របាច់មាត់គេ តែបែរជាត្រូវគេចាប់បឺតមាត់ជាប់។
       « បងចង់បានច្រើនជាងនេះក៏ខ្ញុំឱ្យបានដែរ! » រាងក្រាស់ដកមាត់ចេញហើយថើបថ្ងាស់អ្នកដែលឈរស្ងៀមនោះមួយដង្ហើមមុននឹងដើរចេញទៅយឺតៗ។
       « ខ្ញុំទៅវិញហើយ! »
       « អឹមម! »
       Taehyung ងក់ក្បាលហើយតាមមើលរហូតដល់គេដើរចេញទៅបាត់មើលលែងឃើញ ទើបចាក់សោររបងត្រឡប់ចូលផ្ទះវិញ។ រាងតូចដើរទៅអង្គុយជិតម្តាយដែលកំពុងអានសៀវភៅលើសាឡុងដោយបើកទូរទស្សន៍ចោល។
       « អ្នកម៉ាក់! »
       « អឹម? ចូលចិត្តគេខ្លាំងមែនទេ? » ស្ត្រីចំណាស់សួរត្រង់ៗធ្វើឱ្យកម្លោះតូចចាប់ផ្តើមក្រហមមុខ។
       « គឺ... អ្នកម៉ាក់គិតថាគេយ៉ាងម៉េចដែរ? »
       « មិនអន់ទេ គេអាយុតិចជាងឯងពីរឆ្នាំ តែបែរជារៀនថ្នាក់ជាមួយគ្នា ម្យ៉ាងចរិតរបស់គេក៏ចាស់ទុំជាងឯងច្រើនដែរ » នាងយកសៀវភៅអុកលើក្បាលកូនប្រុសតិចៗ មិនដឹងថាពេលណាទើបគេធំធាត់នោះទេ។
       « បាទ! »
       « ..... »
       « អ្នកម៉ាក់អស់សង្ឃឹមទេដែលមានកូនប្រុសដូចជាខ្ញុំ? » Taehyung ងើបមើលមុខស្រទន់របស់ម្តាយដែលកំពុងផ្តោតលើសៀវភៅ ធ្វើឱ្យគាត់រហ័សងាកមកមើលមុខគេវិញ។
       « ហេតុអី? »
       « ខ្ញុំមិនអាចស្រឡាញ់មនុស្សស្រី រៀបការហើយបង្កើតកូនដូចមនុស្សប្រុសទូទៅបានទេ ខ្ញុំខុសប្លែកពីអ្នកដទៃ ខុសនឹងច្បាប់ធម្មជាតិ បើអ្នកដទៃដឹងគេនឹងនិន្ទា ខ្ញុំពិតជាគ្មានអារម្មណ៍ជាមួយមនុស្សស្រីពិតមែន ខ្ញុំក៏មិនចង់ក្លាយជាមនុស្សប្រភេទនេះដែរ តែក៏មិនចង់ឱ្យខ្លួនឯងរស់នៅក្នុងភាពឈឺចាប់ពេញមួយជីវិត គឺខ្ញុំបង្ខំខ្លួនឯងមិនបាន ខ្ញុំធ្វើឱ្យអ្នកម៉ាក់អស់សង្ឃឹមណាស់ត្រូវទេ? » Taehyung ខាំមាត់សម្រក់ទឹកភ្នែកជាច្រើនតំណក់ដោយទប់ពុំជាប់ គេតែងតែគិតបែបនេះ គេខ្លាចថានឹងធ្វើឱ្យមនុស្សស្រីចំណាស់ម្នាក់នេះឈឺចាប់ព្រោះក្តីសុខរបស់គេ តែគេហាមប្រាមខ្លួនឯងមិនបាន។
       « កូនល្ងង់.. » អ្នកស្រីគីម លោរមកអោបកូនប្រុសថ្នមៗដើម្បីលួងលោមគេ « ក្នុងនាមជាម្តាយគឺតែងតែចង់ឃើញកូនៗមានក្តីសុខ ឱ្យតែម៉ាក់អាចឃើញស្នាមញញឹមនឹងសុភមង្គលរបស់កូនគឺគ្រប់គ្រាន់ហើយ កូនជាមនុស្សស្រីដែលកើតក្នុងសំបកកាយរបស់មនុស្សប្រុស ដូច្នេះកូនត្រូវតែធ្វើជា Kim Taehyung ពិតប្រាកដ មិនមែនធ្វើតាមសំបកខ្លួនរបស់កូននោះទេ ធ្វើអ្វីដែលកូនគិតថាធ្វើហើយកូនអាចរីករាយដោយមិនប៉ះពាល់ដល់អ្នកដទៃ កូនមិនចាំបាច់ខ្វល់ពីសម្តីនរណាឡើយ លឺទេ? »
       « បា...បាទលឺ! » Tae ងើបមុខយឺតៗទើបស្ត្រីវ័យកណ្តាលលើកដៃជូតទឹកភ្នែកឱ្យកូនយ៉ាងថ្នមដៃជាទីបំផុត។
       « មិនថាកូនជាអ្វី ម៉ាក់ក៏នៅតែជាម៉ាក់ ម៉ាក់នៅតែជាអ្នកដែលបង្កើតកូនចេញមក ដូច្នេះម៉ាក់មិនបោះបង់កូនចោលនោះទេ! »

#Yiling

You're FAKE [Complete]Where stories live. Discover now