ភាគទី 64 : ខ្ញុំឆ្អែតឆ្អន់ហើយ

4.2K 239 5
                                    

       « រួចរាល់ហើយ » Jungkook លើកនំនិងទឹកដោះគោមកដាក់លើតុហើយដើរចូលទៅអង្គុយលើសាឡុងក្បែរ Tae ។
       « Tae ហេតុអីធ្វើមុខបែបន- »
       ផាច់!!!
       « Tae... » Jungkook ស្ទាបថ្ពាល់ដែលត្រូវមួយកំភ្លៀងរបស់អ្នកម្ខាងទៀតឡើងក្រហមដូចផ្លែប៉េងប៉ោះទុំ ទឹកមុខប្រែជាស្លើតស្លក់ព្រោះមិនដឹងថាមានរឿងអ្វីកើតឡើង ទើបសុខៗមកត្រូវមួយកំភ្លៀងបែបនេះ។
       « ខ្ញុំស្អប់ឯង! » Tae ខាំមាត់សម្រក់ទឹកភ្នែកលែងខ្មាស់អៀន ខណៈដៃក្តាប់ទូរស័ព្ទណែនស្ទើរតែអាចឱ្យវាបែកបាក់ជាបំណែកៗបានយ៉ាងងាយ។
       « មានរឿងអី? »
       « ឯងចង់បោកប្រាស់ខ្ញុំដល់ពេលណា? ចង់ឱ្យខ្ញុំធ្វើជាឆ្កែស្តាប់បង្គាប់របស់ឯងដល់ពេលណា? » រាងតូចគក់ទ្រូងអ្នកម្ខាងទៀតខ្លាំងៗគ្មានសំចៃដៃព្រមទាំងក្រោកឈរច្រានគេចេញឱ្យឆ្ងាយ។
       « មានរឿងអី? ពួកយើងអាចនិយាយគ្នាបានហេតុអីបង- »
       « យកទៅ យកទៅមើលទៅ » Taehyung ស្រែកឡើងកាត់សម្តី Jungkook ហើយគប់ទូរស័ព្ទទៅលើទ្រូងរបស់គេ ទើបគេរហ័សបើកមើលទាំងចម្ងល់។
       ដឹប!
       Jungkook បើកភ្នែកធំៗស្របពេលបេះដូងនិងថ្លើមប្រមាត់ធ្លាក់រប៉ាត់រប៉ាយទៅលើដីអស់ពេលឃើញថាគេច្រឡំយកទូរស័ព្ទដែលប្រើពេលនៅជា K មកជំនួសទូរស័ព្ទផ្ទាល់ខ្លួនរបស់គេ ច្បាស់ជាពេលដែលវាធ្លាក់ចូលទៅក្នុងកេសក្រដាសនោះហើយ ដោយសារតែប្រញាប់និងរំភើបពេកដែល Tae មកលេងទើបមិនបានពិនិត្យមើលឱ្យបានច្បាស់លាស់ ម្យ៉ាងវាមានម៉ូតនិងពណ៌ដូចគ្នាទាំងស្រុងផង។
       « Tae បងស្តាប់ខ្ញុំបកស្រាយសិនបានទេ? ខ្ញុំអាចបកស្រាយបាន »
       « បកស្រាយ? មានអ្វីដែលខ្ញុំមិនទាន់ដឹងទៀតឬ? ឯងជា K ឯងជាមនុស្សតែម្នាក់ដែលរៀបចំផែនការណ៍បោកបង្វិលឱ្យខ្ញុំល្ងង់មករហូត ឯងកំពុងលេងស្អី? ឯងចង់បកស្រាយស្អីទៀត? »
       « ខ្ញុំសុំទោស Taehyung ខ្ញុំខុសហើយ តែពួកយើងអាចចាប់ផ្តើមសារជាថ្មី ត្រូវទេ? ខ្ញុំនឹងចេញពី Spycho បានទេ? សូមអង្វរ Tae បងអត់អោនឱ្យខ្ញុំម្តងទៀតទៅ » រាងក្រាស់ចូលទៅជិតហើយចាប់ដៃអ្នកម្ខាងទៀត តែបែរជាត្រូវ Tae រលាស់ចេញ ហើយទាញកែវលើតុក្បែរនោះមកដាក់លើដៃរបស់គេ។
       « បោះវាចោលទៅ! » Tae ទាញកែវលើតុជិតនោះដាក់ទៅលើដៃ Jungkook
       « Tae- »
       « ខ្ញុំប្រាប់ឱ្យបោះចោលទៅ! » រាងតូចស្រែកខ្លាំងៗកាត់សម្តីអ្នកម្ខាងទៀត ធ្វើឱ្យគេមិនស្ទាក់ស្ទើនឹងបោះកែវនោះចោលតាមអ្វីដែល Tae ប្រាប់។
       ប្រាវ.....
       គ្រាន់តែធ្លាក់ដល់ឥដ្ឋការ៉ូភ្លាម កែវថ្មីស្អាតថ្លាយង់ដូចផ្ទាំងទឹកកកនាតំបន់ប៉ូល បែកខ្ចាយអំបែងរករូបរាងដើមលែងឃើញ ខណៈអ្នកបញ្ជាឱ្យបោកឈរសម្រក់ទឹកភ្នែកទាំងវេទនាឈឺអួលពេញទ្រូងតែនិយាយរៀបរាប់អ្វីមិនចេញក្រៅពីកាយវិការខឹងសម្បារ។😀
       « សុំទោសវាទៅ » Taehyung ចង្អុលទៅកែវដែលបែកព្រមទាំងសម្លឹងមុខ Jungkook ទឹកភ្នែកដែលមិនទាន់ស្ងួតពីថ្ពាល់ក៏ស្រក់ចុះម្តងទៀតជាបន្តបន្ទាប់។
       « ស-សុំទោស! » នាយញ័រមាត់សម្លឹងមើលទឹកភ្នែកអ្នកម្ខាងទៀត បើគេសុំទោសហើយធ្វើតាមអ្វីដែល Tae ត្រូវការ Tae នឹងលើកលែងទោសឱ្យគេ មែនទេ?
       « សុំទោសហើយ.... » Tae ដើរទៅរើសអំបែងកែវមុតស្រួចធំល្មមមួយហុចឱ្យអ្នកម្ខាងទៀតកាន់ « កែវមួយនេះវាអាចដូចដើមទេ? »
       « ស្តាប់ខ្ញុំបកស្រាយសិន Tae!!! » Jungkook ស្រែកភ្លាត់សម្លេងខណះអំបែងកែវដែលគេកាន់ត្រូវ Tae ទាញក្តាប់ដៃគេយកទៅឆូតកដៃខ្លួនឯងហូរឈាមរហាមស្រក់ទៅលើឥដ្ឋ។
       « បងធ្វើឆ្គួតអី? Taehyung ទៅលាងរបួសចេញ! » គេចាប់កដៃអ្នកដែលមានរបួសតែត្រូវគេគ្រវាសចេញ។
       « សុំទោសវាទៅ! » Tae លើកដៃហូរឈាមរហាមរបស់ខ្លួនបង្ហាញ Jungkook ។
       « ទៅលាងរបួសហើយចាំនិយាយគ្នា »
       « សុំទោសវាទៅ សុំទោសរបួសមួយនេះទៅ »
       « សុំទោស សុំទោស ខ្ញុំសុំទោស ប៉ុណ្ណឹងបានទេ? ទៅលាងរបួសចេញសិនទៅ ខ្ញុំអង្វរក៏បាន »
       « សុំទោសរួចហើយរបួសអាចជាទេ? ឈាមឈប់ហូរទេ? សាច់ដែលរហែកចេញពីគ្នាភ្ជាប់គ្នាវិញមែនទេ? ការឈឺចាប់វាបាត់ទៅតាមពាក្យសុំទោសនោះដែរទេ?.... » រាងតូចផ្អាកនិយាយដើម្បីរកចង្វាក់ដកដង្ហើម បំពង់កនិងក្នុងទ្រូងអួលណែនស្ទើរប្រេះបែកចេញមកក្រៅរហូតដល់ត្រូវលើកដៃទប់ទ្រូង នេះមែនទេជាការពិត? ការពិតដែលគេល្ងីល្ងើមិនធ្លាប់ដឹងកន្លងមក « បេះដូងរបស់ខ្ញុំ បេះដូងមួយនេះវាខ្ទេចខ្ទាំឯងដឹងទេ? ខ្ញុំល្ងង់ណាស់មែនទេ? ក្នុងកែវភ្នែកឯង ខ្ញុំធ្លាប់មានតម្លៃខ្លះទេ? ឯងធ្លាប់ស្រឡាញ់ខ្ញុំទេ? ឯងធ្វើបាបខ្ញុំទាំងចិត្តទាំងកាយអស់ចិត្តឬនៅ? »
       « Taehyung ខ្ញុំខុស ខ្ញុំសុំទោស ពួកយើងនិយាយគ្នាសិនទៅបានទេ? ខ្ញុំអាចបកស្រាយគ្រប់យ៉ាង ខ្ញុំស្រឡាញ់បងណា៎ ខ្ញុំស្រឡាញ់បង កុំធ្វើបែបនេះអី »
       Jungkook គ្រវីក្បាលរកយំហើយព្យាយាមចូលទៅជិត Tae តែគេស្រាប់តែលុតជង្គង់ចុះភ្លាមៗប្រៀបដូចមនុស្សគ្មានសតិបាត់ព្រលឹងពីខ្លួន ដៃដែលមានរបួសនៅតែបន្តហូរឈាមដូចទឹកហូរចេញពីក្បាលរ៉ូប៊ីនេ តែម្ចាស់របស់វាមិនបានចាប់អារម្មណ៍ខ្វាយខ្វាល់ គេមិនទាំងមានអារម្មណ៍ថាឈឺអ្វីបន្តិចផងព្រោះក្នុងទ្រូងរបស់គេវាឈឺជាងរបួសទាំងនេះរាប់សិបដង។
       « មិនថាពេលនេះលោកមកក្នុងឋានៈជានរណា ជា K Leader Spycho ឬជា Jeon Jungkook តែខ្ញុំសុំ... » រាងតូចខាំមាត់លុតជង្គង់ទាំងទឹកភ្នែកនិងឈាមហូរដូចទឹក « សូមលោក ដោះលែងខ្ញុំទៅ!!! »
       « អត់ទេ ខ្ញុំស្រឡាញ់បង ខ្ញុំមិនអាចដោះលែងបងទេ Tae សូមមេត្តា » Jungkook ចូលទៅជួយលើក Tae ឱ្យក្រោកឈរតែត្រូវគេច្រានចេញ។
       « បានហើយ ខ្ញុំឆ្អែតឆ្អន់ពេកហើយ »
       « Tae... សូមអង្វរ... » Jungkook លុតជង្គង់ចុះទល់មុខ Tae ហើយពោលពាក្យអង្វរករម្តងហើយម្តងទៀត មាត់និយាយថាចង់បកស្រាយ តែធាតុពិត គេគ្មានអ្វីដែលត្រូវបកស្រាយទៀតនោះទេ ព្រោះវាជាកំហុសរបស់គេទាំងស្រុង។
       « Jungkook... ខ្ញុំធ្លាប់ប្រាប់លោកមែនទេថាខ្ញុំជាមនុស្សបែបណា? ខ្ញុំជាប្រភេទមនុស្សដែលបែកចែកស្រឡាញ់និងស្អប់បានច្បាស់ខ្លាំងណាស់ បើថ្ងៃណាមួយខ្ញុំឆ្អែតឆ្អន់ខ្លាំង ខ្ញុំនឹងដើរចេញដោយខ្លួនឯង ទោះបីលោកមិនព្រមដោះលែងខ្ញុំ....ខ្ញុំនឹងធ្វើជាអ្នកដើរចេញដោយខ្លួនឯង » រាងតូចច្រត់ដៃលើកម្រាលដើម្បីជួយរុញរាងកាយខ្សត់ខ្សោយកម្លាំងរបស់គេឱ្យក្រោកឈរឡើងបម្រុងនឹងដើរចេញតែត្រូវ Jungkook លោទៅអោបជើងជាប់ ជាមួយនឹងពាក្យយំអង្វរករដោយអារម្មណ៍ដឹងខុសជ្រួតជ្រាបចូលគ្រប់សសៃឈាមនិងបេះដូង។
       « កុំអី! កុំទៅ! ខ្ញុំសល់តែបងម្នាក់ប៉ុណ្ណោះ កុំសម្លាប់ខ្ញុំដោយបែបនេះអី កុំទុកខ្ញុំចោលក្នុងពិភពងងឹតនោះម្តងទៀត ខ្ញុំខ្លាច »
       « លែងខ្ញុំបានហើយ Jeon Jungkook! » Taehyung ព្យាយាមបេះដៃ Jungkook ចេញពីជើងម្តងបន្តិចៗ។
       « អត់ទេ ខ្ញុំត្រូវការបង Taehyung! »
       « បានហើយ! » Tae ស្រែកគំហកហើយគ្រលាស់ជើងទាត់ Jungkook ឱ្យដួលទៅម្ខាងមុននឹងនិយាយបន្ត « ....តែខ្ញុំស្អប់លោក! សង្ឃឹមថាថ្ងៃក្រោយលោកនឹងមិនបង្ហាញខ្លួននៅមុខខ្ញុំម្តងទៀតទេ »
       Taehyung ជូតទឹកភ្នែកចាកចេញទាំងគ្មានស្រណោះ តែទោះប្រឹងជូតយ៉ាងណាស់ក៏នៅតែមិនអាចទប់ទឹកភ្នែកទាំងនេះបាន ខណៈ Jungkook នៅស្រឡាំងកាំងនិងមិនទាន់អាចប្រមូលភាពក្លាហានដើម្បីបញ្ឈប់ Tae មិនឱ្យចាកចេញ តែទេវតាដូចជាបានកំណត់មកហើយថា គេបានតែត្រឹមឈរសម្លឹងមើលការចាកចេញរបស់មនុស្សដែលគេស្រឡាញ់ខ្លាំងបំផុតប៉ុណ្ណោះ ម្នាក់ៗចាកចេញទៅដោយយឺត‌ ទុកក្រោយគេក៏សល់ត្រឹមតែខ្លួនឯងនិងភាពឯការបូករួមនឹងវិប្បដិសារី។

You're FAKE [Complete]Where stories live. Discover now