ភាគទី 70

2.8K 178 2
                                    

       ពន្លឺភ្លើងពេលរាត្រីចាំងទៅលើផ្ទៃទឹកនាទន្លេ បង្កជាពន្លឺភ្លឺព្រាកៗដោយសារកម្លាំងខ្យល់បក់ផាយផាត់បង្កើតជារលកតូចៗបូករួមនឹងពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រទន់ដែលចាំងមកផ្លាតនឹងផ្ទៃទឹក បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតគួរឱ្យគយគន់។ រាងក្រាស់ឈរលើស្ពានស្ពាយកាបូបដាក់ហ្គីតាពីក្រោយខ្នងសម្លឹងមើលផ្ទៃទឹកយ៉ាងស្ងប់ស្ងាត់។ Chisun ទើបនឹងចេញពីក្រុមតន្ត្រីដែលគេតែងតែទៅសម្តែងដើម្បីរកប្រាក់បន្ថែមខ្លះផ្គត់ផ្គង់ការរៀនសូត្រនិងចាយវាយ តែមិនទាន់បានត្រឡប់ទៅដល់ផ្ទះជួលផងក៏ត្រូវ Annto តេណាត់ឱ្យមកជួបនៅទីនេះជាមុន។
       « មកដល់យូរឬនៅ? »
       កម្លោះមាឌល្អិតស្មាតូចដូចមនុស្សស្រីរួមជាមួយសក់វែងក្រឡឹងកពណ៌ខ្មៅមានលាយពណ៌លឿននៅចុងតិចៗត្រូវកៀបឱ្យត្រង់ទម្លាក់ចុះក្រោម បើមិនប្រាប់ថាជាមនុស្សប្រុសច្បាស់ជាត្រូវអ្នកដទៃយល់ច្រឡំថាជាមនុស្សស្រីស្លៀកសម្លៀកបំពាក់មនុស្សប្រុសមិនខាន Annto ចោទសំណួរព្រមទាំងដើរលូកហោប៉ៅចូលមករកអ្នកដែលកំពុងឈរចាំ។
       « មិនយូរពេកទេ... » Chisun ងាកទៅមើលអ្នកដែលដើរចូលមក តែភ្នែកដ៏រហ័សរបស់គេក៏គ្រលាសទៅឃើញសក់ពណ៌ខ្មៅលាយលឿងរបស់ Annto ទើបដើរចូលទៅច្រូតសក់គេមកដាក់ក្បែរច្រមុះស្រង់ក្លិនថ្នមៗ « ....ថែមពណ៌សក់ទៀតហើយអ្ហេស៎? »
       រាងក្រាស់ខ្សឹបសួរខណៈនៅអង្អែលសក់ទន់រលោងក្នុងដៃមិនលែង មិនលាក់លៀមនោះទេ គេចងចាំរឿងគ្រប់យ៉ាងដែលទាក់់ទងនឹង Annto សម្លៀកបំពាក់របស់គេ កាយវិការ សម្តីសម្តៅ ថ្នាំក្រចកដៃដែល Annto ឧស្សាហ៍លាបនិងប្តូរពណ៌ស្ទើររាល់ថ្ងៃ ពណ៌សក់ ក្រែមរលោងដែល Annto តែងតែប្រើ រួមទាំងក្លិនទឹកអប់ បើ Annto ដូរក្លិនគេនឹងចាប់អារម្មណ៍ដឹងភ្លាម។
       « ប្រហែលមានតែឯងទេដែលចាប់អារម្មណ៍សូម្បីតែពណ៌សក់របស់យើង »
       Annto ឈរស្ងៀមឱ្យ Chisun អង្អែលសក់បណ្តើរភ្នែកសម្លឹងមើលទៅផ្ទៃទឹកបណ្តើរ មិនយូរប៉ុន្មានពាក្យសម្តីរបស់ក្មេងស្រីៗនៅសាលាដែលចូលចិត្តជួបជុំគ្នានិយាយពីនេះពីនោះក្រោយមកក៏ធ្លាក់ដល់រឿងគេនិង Chisun ក៏លេចរូបរាងឡើងសារជាថ្មី គ្រាន់តែរឿងបន្តិចបន្ទួចបែបនេះធ្វើឱ្យគេនៅមិនសុខពេញមួយថ្ងៃទៅហើយ។
       « ប្រាកដណាស់ ប្រុសស្អាតថែមពណ៌សក់ទាំងមូល មិនចាប់អារម្មណ៍ម៉េចនឹងបាន » រាងក្រាស់និយាយតិចៗមុននឹងបិទភ្នែកស្រង់ក្លិនក្រអូបពីសក់អ្នកម្ខាងទៀតថ្នមៗ តែ Annto ក៏រហ័សគេចចេញ។
       « យើងលឺថាឯងសរសេរបទថ្មី យើងសុំស្តាប់មុនគេបានទេ? »
       « កុំធ្វើដូចមានមារយាទពេក យើងឱ្យឯងស្តាប់មុនគេតែរហូតហ្នឹង »
       ម្ចាស់សម្តីដើរចុះពីលើស្ពានដោយមានកម្លោះតូចម្នាក់ដើរតាមពីក្រោយកិតៗ។ Chisun ទម្លាក់ខ្លួនអង្គុយចុះលើស្មៅក្បែរមាត់ទន្លេហើយដកយកហ្គីតាពីក្នុងកាបូបក្រោយខ្នងមកកាន់ក្នុងដៃមុននឹងងាកមើលអ្នកម្ខាងទៀតដែលកំពុងអង្គុយចុះក្បែរគេ។
       « យើងនិយាយពេលឯងកំពុងលេងហ្គីតាបានទេ? »
       « បាន! »
       រាងក្រាស់ញញឹមស្រស់មុននឹងចាប់ផ្តើមកេះខ្សែហ្គីតាថ្នមៗតាមទំនុកភ្លេងដែលបានសរសេរទុក។ ចម្រៀងមួយបទនេះគេមានបំណងសរសេរឱ្យ Annto តែនៅមិនទាន់បញ្ចប់ប៉ារ៉ូលនៅឡើយ ដូច្នេះទើបលេងតែភ្លេងឱ្យគេស្តាប់។
       « ដឹងថាយើងទៅលឺអ្វីមកទេ? » Annto ស្ងាត់ៗស្រាប់តែនិយាយចេញមកទាំងភ្លេងកំពុងលាន់រងំពេញត្រចៀក។
       « នរណាធ្វើអីឯងមែនទេ? »
       « ហឹមម៎.. អត់ទេ » រាងតូចគ្រវីក្បាលតិចៗមុននឹងបន្តទាំងភ្នែកសម្លឹងទៅផ្ទៃទឹក « ពួកគេនិយាយថាពួកយើងស្រឡាញ់គ្នា »
       « ហើយយ៉ាងម៉េច? » Chisun ញញឹមលាក់សម្លេងសើច មិនស្មានថារឿងដែលធ្វើឱ្យអាល្អិតម្នាក់នេះកើតទុក្ខមិនសុខចិត្តពេញមួយថ្ងៃជាពាក្យចចាមអារ៉ាមបែបនេះទាល់តែសោះ។
       « ឯងមិនភ្ញាក់ផ្អើលទេអ្ហេស៎? » Annto ងាកទៅរក Chisun ដូចជាភ្ញាក់ផ្អើលដែលឃើញគេគ្មានប្រតិកម្មអ្វីបន្តិចសោះ។
       « ភ្ញាក់ផ្អើល? ឯងតែងតែសម្តែងធ្វើជាសង្សាររបស់យើង វាមិនចម្លែកទេដែលពួកគេគិតបែបនេះ »
       « ពិតមែនហើយ ឯងនិយាយបែបនេះក៏ត្រូវម្យ៉ាងដែរ! »
       Annto នៅស្ងៀមស្ងាត់មួយសន្ទុះដោយបណ្តែតអារម្មណ៍ទៅតាមបទភ្លេងដែលអ្នកម្ខាងទៀតលេង មិនយូរប៉ុន្មានគេក៏ផ្តេកក្បាលទៅលើស្មា Chisun មុននឹងសំណួរដែលធ្វើឱ្យម្ចាស់ស្មាប្រហោងពោះធ្លុងបន្លឺឡើង។
       « Chisun... ជាការពិតមែនទេ? ឯងស្រឡាញ់យើងអ្ហេស៎? »
       ក្រឺងងង!!!!
       លឺសម្តី Annto ធ្វើឱ្យ Chisun ភ្ញាក់ជ្រុលដៃកេះខ្សែហ្គីតាមួយទំហឹងតែក៏ឆាប់ប្រែប្រតិកម្មមកធម្មតាវិញហើយបន្តលេងភ្លេងដូចដើម ជៀសវាងត្រូវអ្នកម្ខាងទៀតសួរដេញដោល។
       « ចុះឯងគិតយ៉ាងម៉េច? »
       « មិនអាចទេដឹង? » Annto តបតិចៗដូចជាកំពុងពិចារណា។
       « ហេតុ-ហេតុអី? »
       Chisun ប្រែជារដាក់រដុប គេមិនធ្លាប់គិតថានឹងទទួលបានចម្លើយស្ទាក់ស្ទើរចិត្តចេញពីមាត់ Annto បែបនេះឡើយ ពួកគេស្គាល់គ្នាតាំងពីនៅរៀនអនុវិទ្យាល័យ គ្រប់ពេលដែលមានសិស្សស្រីៗមកសារភាពស្នេហ៍ឬផ្ញើសំបុត្រមក Annto តែងតែកាងគេជាប់រហូតដូចជាហួងហែងរបស់សំខាន់បំផុតក្នុងជីវិត តើគេអាចមិនគិតដោយរបៀបណាថាពួកគេទាំងពីរមិនលើសពីពាក្យថាមិត្ត?
       « យើងមានមិត្តស្រីហើយ »
       ក្រឹកក!!!!
       ខ្សែហ្គីតាដែលកំពុងប្រគុំភ្លេងយ៉ាងពិរោះរណ្តំមុននេះត្រូវដាច់ចេញពីគ្នាក្នុងពេលមិនដល់មួយដង្ហើមដោយស្នាដៃម្ចាស់របស់វាផ្ទាល់ Chisun ប្រែជាញ័រដៃកេះហ្គីតាលែងកើតខណៈសម្តីមួយឃ្លាចុងក្រោយរបស់ Annto នៅតែបន្តលាន់លឺពេញខួរក្បាលរបស់គេម្តងហើយម្តងទៀតប្រៀបដូចឌីសចម្រៀងដែលចាក់សារឡើងវិញទៅមកៗឥតឈប់ឈរ បេះដូងដែលរីកមាឌដោយសារក្លិនក្រអូបចេញពីខ្លួនរបស់អ្នកម្ខាងទៀតមុននេះស្រាប់តែធ្លាក់ដល់ដីប្រឡាក់ធូលីខ្ទេចខ្ទាំមួយរំពេច។
       « ខ្សែហ្គីតារបស់ឯងដាច់ហើយ Chisun »
       « ឯងនិយាយថាម៉េច? » រាងក្រាស់បន្លឺឡើងខណៈត្រចៀកហាក់ហឹងស្តាប់មិនច្បាស់ ខ្លាចថាខ្លួនឯងនឹងយល់ច្រឡំសម្តីរបស់ Annto ។
       « ខ្សែហ្គីតាឯងដាច់- »
       « អត់ទេ មុននេះ »
       « យើង-យើងមានមិត្តស្រីហើយ » Annto ពោលតិចៗហាក់ខ្សឹបតែអាចឱ្យអ្នកម្ខាងទៀតស្តាប់លឺបានយ៉ាងច្បាស់ ទើបរហ័សងាកមករកទាំងបើកភ្នែកធំៗស្ទើរស្រក់ឈាម។
       « តាំងពីពេលណា Annto? »
       « ថ្មីៗនេះ »
       « .... »
       Chisun ប្រែជាស្ងាត់មាត់ដូចត្រូវគេចុក គេមិនដឹងថាគួរហើបមាត់និយាយអ្វីទើបល្អ មិនដឹងថាគួរបញ្ចេញប្រតិកម្មបែបណា តើគួរអបអរសាទរ Annto ទេ ដែលអាចរកបានមិត្តស្រីលឿនជាងគេក្នុង Fire Swan? គេគិតថាខ្លួនឯងស្គាល់ Annto ច្បាស់ជាងគេក្នុងចំណោមមិត្តភក្តិទាំងអស់ តែនេះជាអ្វី? Annto មានមិត្តស្រីតាំងពីពេលណាគេមិនទាំងដឹងផង តាមពិតគេមិនដឹងការពិតសូម្បីតែម្យ៉ាងពីក្មេងម្នាក់នេះ។
       « ឯងកុំមានប្រតិកម្មបែបនេះបានទេ? វាធ្វើឱ្យយើងគិតច្រើន »
       រាងតូចអោនមុខចុះផ្អឹបនឹងទ្រូងឆ្វេងរបស់អ្នកម្ខាងទៀត គេចង់ប្រាប់ Chisun ពីរឿងនេះយូរហើយតែគ្មានឱកាស នៅពេលដែលបានលឺពាក្យចចាមអារ៉ាមរបស់សិស្សរួមសាលាទៀតធ្វើឱ្យគេកាន់តែរារេកចិត្ត គេខ្លាចកាយវិការប្រតិកម្មរបស់ Chisun ខ្លាចថា Chisun ពិតជាមានចិត្តឱ្យគេដូចអ្វីដែលសិស្សទាំងនោះនិយាយ ខ្លាចថានឹងធ្វើឱ្យ Chisun ឈឺចាប់ ខ្លាចថាមិត្តភាពរវាងពួកគេទាំងពីរនឹងប្រែប្រួលហើយក្លាយជាអាសារបង់ គេខ្លាចគ្រប់យ៉ាងដែលរោះបនឹងកើតឡើង។
       « ប្រតិកម្មបែបនេះយ៉ាងម៉េច? »
       « វាប្រៀបដូចជាឯងពិតជាស្រឡាញ់យើងពិតមែន »
       « ចុះ... បើយើងប្រាប់ថា... វាជាការពិត? »
       « វាមិនកំប្លែងទេ Chisun... អឹមម៎!!! »
       Annto បើកភ្នែកធំៗបន្ទាប់ពីត្រូវ Chisun ស្រវ៉ាសូកដៃក្តោបគុម្ភត្រចៀករបស់គេទាញទៅជិតហើយថើបមាត់ទាំងកម្រោល។ អណ្តាតក្តៅគគុកវាយលុកចូលក្នុងក្រអូមមាត់របស់ Annto ខ្លាំងៗគ្មានចង្វាក់បង្ហាញឱ្យឃើញថាម្ចាស់សកម្មភាពមានអារម្មណ៍ច្របូកច្របល់កម្រិតណា ម្រាមដៃវែងធំតាមរបៀបមនុស្សប្រុសស្ទាបអង្អែលថ្គាមនិងថ្ពាល់ដែលជាតំបន់រោលរាលរបស់រាងតូចដោយក្តីថ្នាក់ថ្នមខណៈម្ចាស់ខ្លួនប្រឹងរើរបម្រាស់និងខ្ញាំស្មាច្រានមនុស្សមាឌធំជាងនោះចេញពេញទំហឹងអស់ពីកម្លាំងបាយ សក់វែងត្រង់ស្ទើរប្រះស្មាក៏រលាស់ទៅតាមកម្លាំងតបតបូករួមនិងខ្យល់បក់ផាត់ផើយ។
       « អូយយ៎!!! »
       Chisun ភ្ញាក់រហ័សដកមាត់ចេញពី Annto បន្ទាប់ពីត្រូវគេខាំអណ្តាតទាំងមិនបានគិត តែអំណាចចិត្តប្រាថ្នាចង់បាននៅមិនព្រមរលាយបាត់ដោយងាយ Chisun ស្ទុះចូលទៅបឺតជញ្ជក់បបូរមាត់ទន់ដោយក្រេមរលោងមួយនោះម្តងទៀត តែមិនយូរប៉ុន្មានក៏ត្រូវគេច្រានចេញបានសម្រេចម្តងទៀត តាមដោយប្រអប់ដៃតូចដែលហោះលឿនស្លេវសម្តៅថ្ពាល់ឆ្វេងរបស់គេ។
       ផាច់!!!
       Chisun ជ្រុលទៅម្ខាងតាមកម្លាំងទះ មិនយូរប៉ុន្មានថ្ពាល់ដែលត្រូវទង្គិចជាមួយបាតដៃរបស់ Annto ក៏ប្រែជាក្រហមដូចរលាកទឹកក្តៅ ធ្វើឱ្យម្ចាស់ខ្លួនមានអារម្មណ៍ថាស្វាងជាងមុនបន្តិច មុននឹងភ្ញាក់ខ្លួនយកដៃស្ទាបថ្ពាល់។
       « ឯងស្វាងជាងមុនហើយមែនទេ? ឯងកំពុងធ្វើអីមានបានគិតទេ? » រាងតូចស្រែកគំហកទាំងដៃនៅញ័រតតាត់នៅឡើយ គេមិននឹកស្មាន មិននឹកស្មានថាវាជាការពិត Chisun ពិតជាស្រឡាញ់គេ តើឱ្យគេធ្វើបែបណា?
       « យើងធ្វើបញ្ជាក់ថាយើងស្រឡាញ់ឯងនោះអី បើយើងគ្រាន់តែនិយាយឯងនឹងមិនជឿឡើយ »
       « តែឯងចាំបាច់ធ្វើដល់ថ្នាក់នេះ- »
       « ព្រោះយើងស្រឡាញ់ឯងហ្នឹងហើយ ស្រឡាញ់ខ្លាំងណាស់.... ហេតុអី Annto? ហេតុអីមិនមែនជាយើង? »
       រាងក្រាស់ចាប់ស្មាកម្លោះតូចដែលអង្គុយធ្មឹងស្ទើរតែមិនដកដង្ហើមនោះមកអង្រួនខ្លាំងៗ តែត្រូវគេច្រានចេញឱ្យដួលទៅលើស្មៅវិញ។
       « ព្រោះយើងមិនមែនហ្គេយ៍ យើងមិនបានស្រឡាញ់មនុស្សប្រុស »
       « មិនពិត ឯងស្រឡាញ់យើង ចុះពេលដែលឯងប្រាប់ក្មេងស្រីទាំងនោះថាយើងជាសង្សារនឹងគ្នាវិញនោះ? »
       « ព្រោះយើងជាមិត្ត យើងគ្រាន់តែចង់ជួយឯងប៉ុណ្ណោះ »
       « ចុះគ្រប់ពេលដែលពួកយើងកាន់ដៃគ្នា? អោបគ្នា? យើងថើបសក់និងក្បាលរបស់ឯង? ពេល-ពេលឯងគេងលើទ្រូងយើង? »
       « យើងមិនធ្លាប់គិតលើឯងលើសពីមិត្តទេ Chisun »
       « ពិ-ពិតមែន...អ្ហេស៎? »
       Annto អួលដើមកបន្ទាប់ពីដឹងថារឿងដែលគេខ្លាចបំផុតក្លាយជាការពិត ក្រឡេកទៅមើល Chisun ក៏កំពុងរលីងរលោងទឹកភ្នែកដូចគ្នា ឃើញបែបនេះក្នុងទ្រូងគេកាន់តែតឹងណែនឡើងទ្វេរដង មិនខុសពីអ្នកម្ខាងទៀតដែលដូចជាកំពុងក្រឡុកខួរក្បាលគិតអ្វីមិនចេញ គេចង់សួរ Annto ថាហេតុអ្វីពួកគេមិនអាចបន្តជាមួយគ្នា តែពេលនឹកឃើញថាពួកគេមិនធ្លាប់បានចាប់ផ្តើមជាមួយគ្នាតាំងពីដំបូង ក៏សម្រេចចិត្តប្រែមកស្ងប់ស្ងាត់វិញ គ្រប់យ៉ាងគ្មានអ្វីលើសពីមិត្តឡើយ កន្លងមកគេយល់ច្រឡំមករហូត យល់ច្រឡំថាពួកគេកំពុងទាក់ទងគ្នា។
       « វាជារឿងដែលយើងបារម្មមករហូត តែយើងមានមនុស្សស្រីដែលយើងស្រឡាញ់ហើយ ថែមទាំងស្រឡាញ់ខ្លាំងទៀតផង គិតម្តងទៀតទៅ Chisun.... បំភ្លេចអារម្មណ៍ទាំងនោះ ថ្ងៃស្អែកពួកយើងនៅតែអាចដូចដើម »
       « ងាយយ៉ាងនេះមែនទេ? តែក្នុងទ្រូងយើងប្រាប់ថាវាមិនអាចសះស្បើយលឿនយ៉ាងនេះឡើយ យើងធ្វើមិនបាន... »
       « បើអញ្ចឹងយើងកុំជួបគ្នាទៀត » Annto ស្រែកខ្លាំងៗ ទីបំផុតទឹកភ្នែករបស់គេក៏ស្រក់ចុះមកឱ្យទាល់តែបាន « គិតទៅ គិតឱ្យសព្វជ្រុងជ្រោយ បើថ្ងៃស្អែកឯងបង្ហាញខ្លួនចំពោះមុខយើង មានន័យថាពួកយើងនឹងនៅតែដូចដើម តែបើអត់ទេ ពួកយើង... រក្សាគម្លាតពីគ្នាទៅ »
       Annto ក្រោកឈររត់ចេញទៅបាត់ ទុកឱ្យ Chisun អង្គុយអោបហ្គីតាដាច់ខ្សែរបស់ខ្លួនតែម្នាក់ឯង តើគេគួរសម្រេចចិត្តបែបណាទើបសមនឹងកាលៈទេសៈក្នុងពេលនេះ?

You're FAKE [Complete]Where stories live. Discover now