ភាគទី 37 : គេនិយាយការពិត ហេតុអីខ្ញុំចាំបាច់ឈឺ?

3.4K 194 3
                                    

       Taehyung ភ្ញាក់ដឹងខ្លួនបន្ទាប់ពីសន្លប់ជាច្រើនម៉ោង។ រាងតូចច្រត់ដៃលើតុ រុញខ្លួនឱ្យក្រោកអង្គុយទម្លាក់ជើងចុះទៅលើកម្រាលឥដ្ឋមុននឹងសម្លឹងមើលជុំវិញខ្លួន។ K និងគ្នីគ្នាទៅវិញអស់ហើយ នៅសល់តែអាវសាច់ក្រណាត់ពណ៌ខ្មៅរបស់គេដែលពាក់លើខ្លួន Tae ។ មែនហើយ អាវដែល Taehyung ពាក់មកត្រូវរហែកខ្ទេចខ្ទីអស់ហើយ ដូច្នេះទើបគេពាក់អាវរបស់គេឱ្យ ទុកថាគេមានទឹកចិត្តបន្តិចចុះ។
       រាងតូចក្រោកដើរអោបខ្លួនចេញពីក្នុងបន្ទប់យឺតៗព្រោះគ្មានកម្លាំងនិងស្រកៀរសព្វសាច់តែដៃរបស់គេក៏ស្ទាបទៅប៉ះនឹងអ្វីម្យ៉ាងដែលរឹងក្នុងហោរប៉ៅអាវ។
       « កាតខ្មៅ? »
       Tae សួរខ្លួនឯងហើយដាក់កាតចូលកន្លែងដើមវិញ។ ពេលនេះគេមានតម្លៃត្រឹមតែជាប្រុសលក់ខ្លួនដោះដូរនឹងលុយប៉ុណ្ណោះ ត្រូវទេ? មួយជីវិតនេះ គេត្រូវទ្រាំនឹងការអាម៉ាស់ ត្រូវអ្នកដទៃជាន់ឈ្លី មើលងាយ យ៉ាងថោកទាបបែបនេះប៉ុន្មានដងទៀតទើបអាចរកក្តីសុខឃើញ? ឬក៏ត្រូវរស់បែបនេះរហូតដល់ថ្ងៃទ្រាំទ្រលែងរួចហើយស្លាប់បាត់តែម្តង?
      
       ព្រឹកថ្ងៃថ្មី....
       រាងតូចគេងដណ្តប់ភួយលើគ្រែក្នុងបន្ទប់ទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន យប់មិញត្រឡប់មកផ្ទះមេឃជិតភ្លឺទៅហើយ ទើបត្រូវគេងដំអក់ដល់ថ្ងៃបែបនេះ។ Taehyung លើកដៃស្ទាបថ្ងាស់ហើយយកទូរស័ព្ទមកចុចមើល គេដូចជាកំពុងក្តៅខ្លួន ប្រហែលជាកាលពីយប់ត្រូវវាយរហូតដល់លាប់គ្រុនទៀតហើយ។ សំណាងដែលអ្នកម៉ាក់របស់គេធ្វើបបរគ្រឿងទុកឱ្យមុននឹងទៅហាងព្រោះដឹងថាគេមិនសូវស្រួលខ្លួន។
       ( Taehyung ជួបគ្នាម៉ោង 8 ព្រឹក ហាមបងខកណាត់ ) វាជាសាររបស់ Jungkook ផ្ញើមកតាំងពីព្រឹកព្រលឹម។
       អ្នកកម្លោះសម្លឹងមើលម៉ោងក្នុងទូរស័ព្ទ។ ពេលនេះម៉ោង 12 ជិត 1 រសៀលទៅហើយ។ Taehyung ក្រោកអង្គុយផ្ញើសារតបទៅ Jungkook វិញ។
       « បងឈឺ ទៅមិនបានទេ រំសាយការណាត់បានទេ? »
       ( អត់ទេ បងសន្យាហើយ ខ្ញុំនឹងរង់ចាំរហូតដល់បងមកដល់ ) អ្នកម្ខាងទៀតតបសារភ្លាមៗដូចកំពុងអង្គុយយាមទូរស័ព្ទ។
       « បងទៅមិនបានពិតមែន »
       ( បើបងស្រឡាញ់ខ្ញុំ បងនឹងមក មិនថាយូរប៉ុណ្ណា ខ្ញុំរង់ចាំបង )
       « Jungkook បងទៅមិនបានពិតមែន លើកណាត់ទៅសប្តាហ៍ក្រោយទៅ »
       « Jungkook តបនឹងបងមក »
       « ឆាប់ឡើង Jungkook បងសុំទោសដែលខុសសន្យា »
       « Jungkook!!! »
       Tae ព្យាយាមផ្ញើសារទៅជាច្រើនដងតែអ្នកម្ខាងទៀតមិនព្រមតប។ ឱ្យគេទៅបានយ៉ាងម៉េចបើកម្លាំងដើរចុះទៅញ៉ាំបបរនៅជាន់ក្រោមក៏គេគ្មានផងនោះ? ណាមួយស្នាមជាំនៅពេញខ្លួននៅឡើយ បើ Jungkook ឃើញច្បាស់ជាមានបញ្ហាមិនខាន ពាក្យដែល K និយាយអាចជាការពិតក៏ថាបាន។ Jungkook អាចនឹងផ្លាស់ប្តូរបើសិនជាដឹងថាគេដេកជាមួយប្រុសដទៃ តែគេស្រឡាញ់ Jungkook ខ្លាំងយ៉ាងនេះ មិនអាចឱ្យរឿងទាំងនោះកើតឡើងទេ។
       រាងតូចដោះសម្លៀកបំពាក់ចេញហើយដើរចូលទៅក្នុងបន្ទប់ទឹក ឆ្លុះកញ្ចក់មើលសភាពពិបាកភ្នែករបស់គេ។ ត្រង់ណាក៏មានស្នាមដែរ ទាំងស្នាមខ្សែភ្លើង ទាំងស្នាមខាំរបស់ K ។ តើឱ្យគេទៅជួប Jungkook ដោយរបៀបណា?
       « ខ្ញុំទៅមិនបានពិតមែន! »
       Tae ទម្លាក់ខ្លួនអង្គុយផ្អែកខ្នងនឹងទ្វារបន្ទប់ទឹក។ ពេលនេះគេគ្រាន់តែសង្ឃឹមថា Jungkook នឹងយល់ហើយឈប់រង់ចាំគេតទៅទៀត មានបញ្ហាអ្វី ថ្ងៃស្អែកចាំនិយាយគ្នាម្តងទៀតឱ្យដឹងរឿង។
      
       « អ្នកប្រុស! មេឃងងឹតហើយ មនុស្សដែលអ្នកប្រុសណាត់ប្រហែលជាមិនមកទេ »
       បុគ្គលិកស្រីក្នុងសណ្ឋាគារដើរចូលទៅខ្សឹបប្រាប់ Jungkook ដែលអង្គុយចាំ Taehyung នៅតុអាហារលើរានដំបូលអគារដែលគេជាអ្នកកុម្ម៉ង់ឱ្យខាងសណ្ឋាគាររៀបចំឡើងយ៉ាងរ៉ូមែនទិក គឺរបៀបញ៉ាំអាហារក្នុងបរិយាកាសសាមញ្ញស្រូបយកខ្យល់បរិសុទ្ធនៅពេលថ្ងៃ ចំណែកពេលយប់ ញ៉ាំអាហារពេលល្ងាចផឹកស្រាក្រហមគយគន់ផ្កាយនិងព្រះច័ន្ទដោយមានពន្លឺទៀននៅជុំវិញតុអាហារអីបែបនេះ។
       តែ Jungkook អង្គុយចាំនៅត្រង់នេះតាមការណាត់តាំងពីព្រឹកទល់យប់ អ្វីក៏មិនញ៉ាំហើយក៏មិនព្រមក្រោកចេញទៅណា។ គេចង់អង្គុយចាំបែបនេះរហូតដល់ Taehyung បង្ហាញខ្លួនទើបអស់ចិត្ត។
       « គេប្រាកដជាមក » រាងក្រាស់តបតិចៗទាំងភ្នែកសម្លឹងទៅលើមេឃដែលងងឹតស្លុបគ្មានផ្កាយសូម្បីមួយគ្រាប់។
       « តែមេឃជិតធ្លាក់ភ្លៀងហើយ អ្នកប្រុសនឹងផ្កាសាយមិនខាន »
       ស្រីស្អាតនៅតែប្រឹងនិយាយលួងលោមឱ្យគេបោះបង់ការរង់ចាំហើយចូលទៅសម្រាកនៅបន្ទប់សិន។ Jungkook ជាកូនប្រុសទោលរបស់ម្ចាស់សណ្ឋាគារលំដាប់អភិជននេះ បើមេឃធ្លាក់ភ្លៀងហើយគេផ្តាសាយវិញនោះ បុគ្គលិកទាំងអស់នឹងត្រូវហៅទៅសកមួយរយៗមិនខាន។
       « កុំខ្វល់នឹងខ្ញុំ បើគេមិនមក ខ្ញុំមិនទៅណាដាច់ខាត » Jungkook ងាកមុខមកនិយាយទាំងកែវភ្នែកកាចខុសពីសព្វមួយដងធ្វើឱ្យអ្នកម្ខាងទៀតប្រញាប់ថយចេញមិនហ៊ាននៅជំទាស់ចិត្ត។
       « ចា៎.. តាមសម្រួលអ្នកប្រុស! »
       បន្ទាប់ពីនិយាយលួងលោមហើយនៅតែមិនបានផលទើបពួកនាងគ្មានជម្រើសអ្វីក្រៅពីទាក់ទងទៅមនុស្សដែល Jungkook ណាត់ជួប ព្រោះពេលកក់បន្ទប់និងទីតាំងញ៉ាំអាហារ គេបានទុកលេខទូរស័ព្ទនៅលើក្រដាសទំនាក់ទំនងស្រាប់។
       « សួស្តី! » បុគ្គលិកសណ្ឋាគារ។
       ( បាទ សួស្ដី )
       « លោកគឺ Kim Taehyung ដែលមានណាត់នៅសណ្ឋាគារ XXXX នៅថ្ងៃនេះត្រូវទេ? »
       ( អ.... បា-បាទ ត្រូវហើយ! ) Taehyung ឆ្លើយទាំងរដាក់រដុប មិនដឹងថាពួកនាងមានអ្វីដែលត្រូវទាក់ទងទៅគេដោយផ្ទាល់។
       « នាងខ្ញុំជាបុគ្គលិកសណ្ឋាគារ XXXX មិនដឹងថាលោកជាប់មានរវល់អ្វីដែលនោះទេ តែមនុស្សប្រុសដែលលោកមានណាត់ជាមួយមិនព្រមក្រោកចេញទៅណានោះទេ គេនៅអង្គុយចាំលោកតាំងពីព្រឹកម្លេះ តើលោកអាចឆ្លៀតពេលមកជួបគេបន្តិចបានទេ? មេឃជិតធ្លាក់ភ្លៀងហើយ ខ្ញុំខ្លាចថាគេអាចនឹងកើតផ្តាសាយធំ បើបែបនោះមែនសណ្ឋាគារយើងនិងមានបញ្ហាមិនខាន » នាងរៀបរាប់តាមតំណើររឿងធ្វើឱ្យអ្នកម្ខាងទៀតសំងំស្តាប់ស្ងាត់មាត់ឈឹង។
       ( គេនៅចាំតាំងពីព្រឹកឬ? ) Taehyung រត់ទៅបើកបង្អួចមើល ឃើញថាមេឃកំពុងរកភ្លៀងពិតមែន នេះគេល្ងង់មែនទេសុខចិត្តអង្គុយចាំតាំងពីព្រឹកទល់ពេលនេះ?
       « ចា៎! មិនព្រមក្រោកចេញទៅណានោះទេ ទោះពួកខ្ញុំអង្វរយ៉ាងណាក៏ដោយ »
       ( ខ្ញុំនឹងប្រញាប់ទៅ ) រាងតូចទម្លាក់ទូរស័ព្ទចុះហើយប្រញាប់ទាញឆ័ត្ររត់ចុះទៅក្រោមទាំងមានត្រឹមតែខោជើងវែងតែអាវសស្តើងប្រឡេះឡេវខាងលើពីរគ្រាប់ទៀត អាវធំក៏មិនយកទៅ។
      
       Jungkook អង្គុយគោះជើងតុលេងបន្ទាប់ពីដឹងថាបុគ្គលិកទាំងនោះនាំគ្នាទូរស័ព្ទទៅអង្វរឱ្យ Taehyung មកទីនេះ។ បើ Tae ពិតជាមកមែន ផែនការណ៍ទីពីររបស់គេនឹងអាចចាប់ផ្តើមនៅថ្ងៃស្អែកហើយ លឿនលើសពីការរំពឹងទុកទៅទៀត។
       ឈូ!!!
       អ្នកកម្លោះភ្ញាក់ព្រឺតខណៈសុខៗភ្លៀងក៏ធ្លាក់ហ៊ូរស្រោចលើខ្លួនគេ ត្រជាក់ស្ទើររឹងថ្គាមតែគេមិបអាចក្រោកចេញទៅណានោះទេ។ ផែនការណ៍ទីមួយជិតបានសម្រេចហើយ បើជ្រុលជាសម្តែង ត្រូវតែសម្តែងឱ្យដល់ទីបញ្ចប់។
       តុប! តុប! តុប! សម្លេងស្នូរជើងរត់ចូលមកពីចម្ងាយញ៉ាំងឱ្យអ្នកអង្គុយត្រម៉ង់ត្រម៉ោចក្រោមភ្លៀងម្នាក់ឯងត្រូវសម្តែងធ្វើជាមិនបានដឹងមិនបានលឺអ្វីទាំងអស់។
       « ក្រោកចេញបានហើយ Jungkook ឯងឆ្គួតមែនទេ? » Tae យកឆ័ត្របាំងភ្លៀងឱ្យអ្នកម្ខាងទៀតដែលជោគខ្លួនអស់ដោយសារទឹកភ្លៀង។
       « ទីបំផុតបងមកហើយអ្ហេស? »
       Jungkook ងាកមកទាំងញញឹមមិនសូវស្រស់ ដោយសារ Tae ពាក់អាវប្រឡេះឡេវកទើបអាចឱ្យគេមើលឃើញស្នាមក្រហមជាំដែលគេបន្សល់ទុកលើកនិងទ្រូង Tae កាលពីយប់យ៉ាងច្បាស់ពេញភ្នែក។
       « បើបងមិនមក ឯងនឹងអង្គុយនៅទីនេះដល់រងារស្លាប់មែនទេ? ហេតុអីឯងប្រែជាល្ងង់យ៉ាងនេះ? » រាងតូចស្រែកស្តីឱ្យអ្នកម្ខាងទៀតទាំងមិនអស់ចិត្ត ខណៈកំពុងជ្រកក្រោមឆ័ត្រតែមួយ។
       « ល្ងង់ព្រោះស្រឡាញ់បងនឹងហើយ ខ្ញុំនិយាយហើយថាខ្ញុំនឹងរង់ចាំរហូតដល់បងបង្ហាញខ្លួន » រាងខ្ពស់ក្រោកឈរប្រឈមមុខនឹងមនុស្សខកណាត់ដែលទុកឱ្យគេចាំពេញមួយថ្ងៃរហូតដល់ភ្លៀងធ្លាក់ទើបបង្ហាញខ្លួន។
       « តែបងប្រាប់ហើយថាលើកថ្ងៃណាត់ ថ្ងៃនេះគឺមិនបានទេ? »
       « បងចង់និយាយថាបីថ្ងៃដែលខ្ញុំចាំគឺគ្មានប្រយោជន៍មែនទេ? បងនៅតែមិនព្រមឱ្យខ្ញុំប៉ះពាល់ដោយត្រូវលើកទៅសប្តាហ៍ក្រោយទៀត ចុះសន្យារបស់ពួកយើង? » Jungkook និយាយញាប់គ្មានដកដង្ហើមហាក់កំពុងស្តីឱ្យ Tae ដែលបំភ្លេចសន្យា។
       « បងគ្រាន់តែមិនអាចធ្វើវា ហេតុអីឯងមិនយល់? »
       « បងមិនអាចធ្វើវាឬបងទៅធ្វើវាជាមួយអ្នកផ្សេងរួចហើយ? »
       « ......... »
       ឌឹប! ដូចត្រូវគេគប់ដុំថ្មចំកណ្តាលមុខ។ Taehyung ស្ងាត់មាត់ជ្រាបនិយាយលែងចេញបានត្រឹមតែសម្លឹងមើលមុខពោរពេញដោយកំហឹងរបស់ Jungkook មិនយូរប៉ុន្មានទឹកភ្នែកក៏ស្រក់ចុះមកឯកឯង។ ទីបំផុត Jungkook ក៏ហ៊ានស្រែកគំហកដាក់គេដូចគ្នា តែគេនិយាយត្រូវហើយ ព្រោះតែធ្វើវាជាមួយអ្នកដទៃហើយទើបមិនអាចធ្វើវាជាមួយគេបាន។
       « ហេតុអីបងមិនឆ្លើយ? ស្នាមលើ កនិងទ្រូងទាំងនេះ.. » Jungkook ចាប់ទាញអាចសាច់ក្រណាត់ស្តើងរបស់ Tae រហូតដាច់ឡេវបង្ហាញស្នាមក្រហមជាំទាំងនោះចេញមកជាច្រើនកន្លែង « ប្រាប់មកបងទៅធ្វើវាជាមួយនរណា? ប្រាប់ខ្ញុំមកវាឱ្យអ្វីបងទើបបងសុខចិត្តបណ្តោយឱ្យវាធ្វើដល់ថ្នាក់នេះ? »
       « ....... » រាងតូចឈរស្ងៀមស្របពេលត្រូវអ្នកម្ខាងទៀតជំរិតសួរឥតឈប់។
       « ប្រាប់ខ្ញុំមកវាឱ្យស្អីបង? លុយមែនទេ? ប៉ុន្មាន? ខ្ញុំនឹងឱ្យបងច្រើនជាងវារាប់ពាន់ដងបើបងព្រមដេកជាមួយខ្ញុំ- »
       ផាច់! Tae ទះមួយកំភ្លៀងទៅលើថ្ពាល់ Jungkook ធ្វើឱ្យគេហាក់ស្វាងឡើងបន្តិច។
       « អ្នកដទៃមើលងាយខ្ញុំ ខ្ញុំមិនថាទេ តែហេតុអីចាំបាច់ជាឯង? »
       សម្លេងអួលៗបន្លឺឡើងស្របពេលទឹកភ្នែកស្រក់។ Tae ក្តាប់ដៃញ័រតតាត់ មិនមែនព្រោះខឹងទាំងស្រុង តែព្រោះអន់ចិត្តទៅវិញទេ។ ត្រូវអ្នកដទៃជាន់ឈ្លីឈឺចាប់មិនទាន់គ្រប់គ្រាន់មែនទេទើបត្រូវមករងពាក្យប្រមាថពីមនុស្សដែលខ្លួនឯងស្រឡាញ់ទៀត?
       « ឬក៏ខ្ញុំនិយាយខុស? » Jungkook សួរបកក្នុងន័យបញ្ជាក់ថាគេមិនបានខុស។
       « បងសុំទោស ថ្ងៃស្អែកចាំនិយាយគ្នាម្តងទៀត លើកលែងទោសឱ្យបងផង »
       Taehyung ចាប់ដៃ Jungkook ឱ្យកាន់ឆ័ត្រហើយលើកដៃជូតទឹកភ្នែកខ្លួនឯងដើរបកសម្តៅជណ្តើរចុះទៅជាន់ក្រោមវិញទាំងហាលទឹកភ្លៀងដែលធ្លាក់ស្ទើរបាក់មេឃ។
       Jungkook គ្រាន់តែនិយាយការពិត ហេតុអីគេចាំបាច់ខឹង? គេដេកជាមួយប្រុសផ្សេង ហើយថែមទាំងទទួលយកកាតខ្មៅដែលមានប្រាក់រាប់រយលាននៅក្នុងនោះមកទៀត តើវាខុសអីពីយកខ្លួនដូរប្រាក់ ដែលភាសាសាមញ្ញគេហៅថាលក់ខ្លួននោះ? តែគេបែរជាច្រឡោតដល់ថ្នាក់លើកដៃទះ Jungkook ។ មួយកំភ្លៀងនោះគេសមតែទះខ្លួនឯងវិញទើបត្រូវ។
       « បងប្រាកដចិត្តហើយមែនទេថាធ្វើបែបនេះ? » Jungkook សួរធ្វើឱ្យ Tae បង្អាក់ដំណើរបន្តិច តែនៅមិនព្រមងាកក្រោយព្រោះគេកំពុងយំ។
       « បងប្រាប់ហើយថាស្អែកចាំនិយាយគ្នា » រាងតូចនិយាយតិចៗហើយក៏ដើរចេញទៅបាត់។
       « ល្អ! ស្អែកជួបគ្នានៅសាលា » Jungkook ញញឹមសម្លឹងខ្នង Tae ។ ផែនការណ៍ទីមួយបញ្ចប់ទៅដោយរលូន ថ្ងៃស្អែកនឹងក្លាយជាថ្ងៃកំណើតរបស់ផែនការណ៍ទីពីរ។
      
       *ខ្ញុំនៅមានរឿងជាច្រើនទៀតចង់ Surprise បង*

You're FAKE [Complete]Donde viven las historias. Descúbrelo ahora