KangMo x Yuki side story

1.9K 179 8
                                    

       រដូវកាលស្លឹកឈើជ្រុះកន្លងផុតទៅយ៉ាងឆាប់រហ័ស គូស្នេហ៍ដែលទើបនឹងរៀបការថ្មីថ្មោង មើលទៅពូកែយកចិត្តគ្នាណាស់ ឃើញហើយមានអារម្មណ៍ថាឯកាហាក់ដូចការរស់នៅម្នាក់ឯងគឺជារឿងអាក្រក់បំផុតក្នុងជីវិត។ KangMo រៀបចំសម្លៀកបំពាក់បន្ទាប់ពីត្រឡប់មកពីពិធីសម្ភោធហាងថ្មីជាច្រើនកន្លែងរបស់ Jungkook និង Taehyung គូស្នេហ៍ដែលគ្រប់គ្នាច្រណែន ពួកគេមិនធ្លាប់ឃើញនៅម្នាក់ឯងទាល់តែសោះ ស្អិតជាប់គ្នាជាងស្ករតាំងម៉ែទៅទៀត។ សម្លៀកបំពាក់តែមួយកាបូបស្ពាយ KangMo រៀបចំកាមេរ៉ាយ៉ាងថ្នាក់ថ្នមប្រយ័ត្នប្រយែងបំផុតតាមដែលក្តីស្រលាញ់ដែលគេមាន គេចង់តែលេបវាចូលក្នុងពោះតែម្តងទេ។
      
       ឈានជើងចូលទឹកដីប្រទេសជប៉ុនភ្លាម KangMo ប្រែជាតក់ស្លុតបន្តិច អារម្មណ៍ភ័យខ្លាចបន្តកើតមានលើមនុស្សដែលមិនធ្លាប់ញាប់ញ័រនឹងអ្វីទាល់តែសោះ គេធ្លាប់តែជាមនុស្សដែលស្ងប់ស្ងាត់និងនឹងធឹង ស្ងប់ដូចទឹកទន្លេ តែនៅពេលមានរឿងទាក់ទងនឹង Yuki អារម្មណ៍របស់គេក៏ប្រែជារំជើបរំជួល ភ័យខ្លាចពិបាកគ្រប់គ្រង។ រាងក្រាស់ក្តាប់ដៃលើទ្រូងឆ្វេងរបស់ខ្លួនហើយបិទភ្នែកបន្តិច វាជាឥទ្ធិពលដែល Yuki មានចំពោះគេ វាជាភស្តុតាងដែលនៅតែឈរយ៉ាងរឹងមាំថាស្នេហារបស់គេចំពោះ Yuki គឺនៅតែមាន វានៅរឹងមាំនឹងគង់វង្សដូចគ្រាដើម។
       ផ្ទៃមេឃស្រទុំត្រជាក់ៗ រាងក្រាស់ចាប់កអាវរងារបស់ខ្លួនឲ្យរឹបចូលគ្នា ហើយទាញខ្សែចង្រ្កង់របស់វិហារបួងសួងពីរដងមុននឹងលើកដៃសំពះបួងសួង តែគេមិនបានជឿលើវត្ថុស័ក្តិសិទ្ធិទាំងនេះឡើយ វាគ្រាន់តែជាទម្លាប់មួយប៉ុណ្ណោះ ដូច្នេះទើប KangMo បិទភ្នែកពោលថា “សូមឲ្យខ្ញុំបានឃើញព្រិលដ៏ស្រស់ស្អាតនៅថ្ងៃនេះ ព្រិលដែលមានតម្លៃនិងស្រស់ស្អាតបំផុត ជាព្រិលដែលកក់ក្តៅខុសពីព្រិលដ៏ទៃ” បួងសួងចប់ម្ចាស់រាងកាយធំក្រាសដោះអាវរងារធំចេញ បង្ហាញឈុត Kimono ដែល Yuki ជូនគេជាអំណោយកាលនោះ វានៅតែស្រស់ស្អាត ទោះកន្លងទៅច្រើនឆ្នាំក៏ដោយ។ KangMo សម្លឹងទៅក្រោមដើមផ្កាសាគូរ៉ា គេអាចមើលឃើញក្មេងប្រុសសម្បុរសស្លេកម្នាក់ ឈរឲ្យចំណីឆ្មាអនាថាដែលលួចដេកក្នុងវិហារជាបណ្តោះអាសន្ននៅពេលយប់។
       “Yuki....”
       KangMo ខាំមាត់ដកដង្ហើមវែងៗ គេរីករាយដែលបានឃើញ Yuki នៅទីនេះ ដូច្នេះ Yuki នៅចាំសន្យាតើមែនទេ? សន្យាដែលពួកយើងនឹងចាប់ផ្តើមសារជាថ្មីបើបានជួបគ្នានៅទីនេះ។ តែពេលនេះគេហាក់ស្ទាក់ស្ទើរនឹងបោះជំហានទៅរក Yuki តើគេចំណាយពេលឥតប្រយោជន៍ច្រើនប៉ុណ្ណាហើយ? គេគួរនិយាយអ្វីពេលជួប Yuki? គេមិនច្បាស់ចំពោះបញ្ហានេះឡើយ តែជើងរបស់គេបែរជាឈានដើរដោយខ្លួនឯង អាកាសធាតុនៅខាងក្រៅត្រជាក់ណាស់ Yuki មានតែ Kimono មួយនោះនៅលើខ្លួន គេច្បាស់ជាត្រជាក់ស្លាប់ហើយ។ KangMo រហ័សចាប់អាវរងាររបស់ខ្លួនឡើងបំណងយកវាទៅឲ្យ Yuki តែពេលងាកទៅវិញបែរជាឃើញបុរសរាងខ្ពស់ម្នាក់ក្នុងឈុត Kimono ពណ៌ដូចនឹងរបស់ដែល Yuki កំពុងស្លៀកកាន់ឆ័ត្របុរាណពណ៌ក្រហម បាំងឲ្យរាងកាយតូចស្តើង ទាំងដែលគ្មានភ្លៀង គ្មានព្រិល ឬថ្ងៃក្តៅទៅវិញ។ សម្លឹងពីចម្ងាយគេអាចឃើញ Yuki ញញឹមបិទមាត់មិនជិតហើយក៏និយាយគ្នាយ៉ាងយូរ មើលទៅរីករាយខ្លាំងណាស់ KangMo ឈប់ង៉ក់ដោយក្តីមិនពេញចិត្ត រហ័សបោះជំហានសម្តៅអ្នកទាំងពីរ ព្រោះមានតែគេម្នាក់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យឃើញស្មាមញញឹមដ៏កក់ក្តៅមួយនេះ មានតែគេម្នាក់តែប៉ុណ្ណោះដែលអាចធ្វើឲ្យ Yuki ញញឹមដោយមានក្តីសុខ។
       “Yu-”
       បបូរមាត់ត្រូវផ្អឹបជាប់គ្នាវិញទាំងមិនបានបញ្ចប់ប្រយោគត្រឹមត្រូវ ជើងក៏បញ្ឈប់ចលនា ពេលឃើញថា Yuki ចាកចេញពីត្រង់នោះជាមួយបុរសដែលបាំងឆ័ត្រឲ្យគេមុននេះ នាយសម្រូតខ្លួនឱនមុខចុះ ដូច្នេះ Yuki មិនបានមករង់ចាំគេនោះទេ គេគ្រាន់តែឆ្លងកាត់ទីនេះប៉ុណ្ណោះ គេមិនជឿថាគេបាត់បង់ Yuki ឡើយគ្មានផ្លូវទេ.... ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ទោះគេនិយាយថាគេលែងស្រលាញ់ Yuki តែវាគ្រាន់តែជាពាក្យកុហកប៉ុណ្ណោះ។
       អង្គុយបញ្ឈរជើង ផ្ទប់មុខនឹងជង្គង់យ៉ាងយូរ KangMo មានអារម្មណ៍ថាព្រិលចាប់ផ្តើមធ្លាក់មកសន្សឹមៗ យូរៗម្តងវាក៏ធ្លាក់លើក្បាលគេ គេបានសម្រេចចិត្តហើយ គេនឹងរករឿង Yuki ឲ្យបែកពីប្រុសម្នាក់នោះ កាលពីឆ្នាំមុនគេមិនអាចប្រាកដចិត្តថាខ្លួនឯងមានតម្លៃស័ក្តិសមនឹងក្តីស្រលាញ់របស់ Yuki ទើបគេត្រូវឃុំខ្លួនឯងក្នុងបន្ទប់រហូតដល់ព្រិលលែងធ្លាក់ តែឆ្នាំនេះគេជំនះមកទីនេះ ទាំងជើងនៅញ័រមិនទាន់បាត់ នេះហើយជាហេតុផលធំបំផុតដែលបញ្ជាក់ថាគេមានសិទ្ធិទទួលបានក្តីស្រលាញ់នេះ គេត្រូវតែឈ្នះ ត្រូវតែឈ្នះដាច់ខាត។
       “បងនឹងយកអូនមកវិញ Yuki!”
       “គឺជាបងពិតមែន KangMo”
       ឮសម្លេងស្រាលៗរបស់ Yuki KangMo ភ្ញាក់ដូចគេទាត់រហ័សងើយមើលលើទាំងទឹកភ្នែក Yuki ឈរក្បែរគេហើយឱនមើលមុខគេយ៉ាងជិត ហេតុអ្វីគេមិនដឹងខ្លួនថាមានមនុស្សឈរនៅត្រង់នេះ? គេអង្គុយយំឱបក្បាលជង្គង់នៅទីនេះយូរខ្លាំងណាស់ ចុះ Yuki មកដល់តាំងពីពេលណា?
       “បងសុំទោស Yuki...” សសឹកដូចក្មេងបៅដោះ KangMo ទម្លាក់ខ្លួនអង្គុយលើផ្ទៃឥដ្ឋ លើផ្លូវដែលពេញទៅដោយព្រិល ហើយឱបជើង Yuki ជាប់។
       “បងយំមែនទេ?”
       រាងតូចព្យាយាមឱនមើលមុខអ្នកខាងក្រោមដែលគេគេចរហូតយកមុខទៅផ្អឹបនឹងសាច់ភ្លៅរបស់ Yuki ពីក្រោម Kimono ធ្វើឲ្យក្រណាត់គ្របក្បាលអស់ពាក់កណ្តាល។
       “បងអត់បានយំទេ ..”
       “អញ្ចឹងក្រោកឡើង បងធ្វើអីហ្នឹង?”
       “អត់ទេ! បងចង់នៅត្រង់នេះរហូត”
       និយាយហើយ KangMo ថើបឈ្មុសឈ្មុលភ្លៅតូចស្រឡូនរបស់ Yuki បណ្តាលឲ្យម្ចាស់រាងកាយបញ្ចេញប្រតិកម្មយ៉ាងរហ័ស។
       “កុំ.... ល-លែងអូនសិនទៅ KangMo”
       រាងតូចយកដៃខ្ទប់ភ្លៅទាំងខ្មាសអៀន ទោះនៅទីនេះស្ងាត់ តែបុរសរឹងមាំម្នាក់មកនៅក្រោមសំពត់ Kimono បែបនេះបានយ៉ាងម៉េចទៅ វាគួរខ្មាសណាស់។
       “បងសុំទោស...Yuki ពួកយើងត្រូវគ្នាវិញបានទេ?”
       KangMo ងើយមុខសម្លឹងអ្នកឈរពេញកម្ពស់ស្របពេលទឹកភ្នែកស្រក់ល្ហល្ហាច គេមិនបានមានចេទនាយំសុំក្តីអាណិតទេ ពិតមែន វាគ្រាន់តែគេមិនអាចទប់វាបាន ពេលគិតដល់ថា Yuki នឹងបោះបង់គេចោល លែងរង់ចាំគេ បំភ្លេចសន្យាហើយលែងបង្ហាញខ្លួនក្នុងពិធីតាំងពិពណ៌របស់គេតទៀត។
       “បងសុំទោសដែលទុលអូនចោល... បងសុំទោសដែលបងគ្មានតម្លៃគ្រប់គ្រាន់ដើម្បីទទួលយកស្នេហារបស់អូន... តែទោះជាបែបនោះក៏ដោយ បងសុំឲ្យអូនព្រមទទួលយកប្រុសម្នាក់នេះសារជាថ្មី ហើយបំពេញចំណុចខ្វះខាតឲ្យបង”
       នៅតែបន្តយំសសឹក រាងក្រាស់ឱបជើងស្រឡូនរបស់អ្នកម្ខាងទៀតណែនមិនព្រមលែង។
       “បើអូនមិនព្រមទទួលយកបង តើអូនមកចាំទីនេះរៀងរាល់ឆ្នាំដើម្បីអ្វីទៅ? KangMo... អូនយល់ថាបងពូកែនិយាយជាងមុនច្រើនណាស់”
       រាងតូចញញឹមលាក់បាំងខ្លួនប្រាណដែលញាប់ញ័រ ដោយក្តីរំភើបនិងភ័យខ្លាច គេស្ទើរតែហោះជើងផុតពីដីពេលឃើញមនុស្សប្រុសក្នុងឈុត Kimono នៅត្រង់នេះម្នាក់ឯងគេដើរចូលមកជិតព្រោះចង់ឲ្យប្រកដចិត្ត តែពេលឱនមើលឃើញថាជា KangMo កំពុងយំ គេក៏ប្រែជានិយាយលែងចេញមិនដឹងថាគួរនិយាយអ្វី ក្រៅពីឈរសម្លឹង KangMo និងស្តាប់សម្លេងសសឹករបស់គេដោយស្ងៀមស្ងាត់។
       “តែអូនដើរចេញទៅជាមួយប្រុសម្នាក់នោះ...” រាងក្រាស់ខាំមាត់ព្យាយាមជូតទឹកភ្នែកចេញ “បងស្មានថាអូនលែងរង់ចាំបងទៀតហើយ”
       “អូនបានសន្យានឹងខ្លួនឯងកាលពីឆ្នាំមុន ថាលែងមករង់ចាំបងទៀតហើយ... អូនខឹងខ្លាំងណាស់ដែលបងហ៊ានទុកអូនចោលដល់ទៅ 5-6 ឆ្នាំ...” ម្រាមដៃតូចជូតវាសទឹកភ្នែកចេញពីផ្ទៃមុខ សរលោងរបស់អតីតគូស្នេហ៍ដែលឱបជើងខ្លួនទាំងទឹកភ្នែករង់ចាំស្តាប់ “តែថ្ងៃនេះអូនក៏មកឲ្យទាល់តែបាន តែប្រាប់បងតាមត្រង់ចុះ បើឆ្នាំនេះបងមិនមកអូននឹងកាត់ចិត្តពីបងមិនខាន” Yuki ពើងទ្រូងឱបដៃធ្វើមុខខឹង គេច្បាស់ជាកាត់ចិត្ត កាត់ចិត្តជាលើកទី 1000។
       “ដូច្នេះពួកយើងចាប់ផ្តើមជាថ្មីបានទេ?” KangMo ក្រោកឈរពេញកម្ពស់។
       “អូនមិនចង់ចាប់ផ្តើមសារជាថ្មីជាមួយបងទេ.... អូនខ្លាចពាក្យនេះណាស់ តើពួកយើងបែកបាក់គ្នាតាំងពីពេលណាទៅ? អូនចាំមិនបានទេ” Yuki លើកដៃខ្ទប់មុខ ព្យាយាមគេចមុខពីអ្នកដែលមានកម្ពស់ខ្ពស់ជាង តែត្រូវគេចាប់កដៃជាប់ឲ្យប្រឈមមុខនឹងគេ។
       “បងមិនធ្លាប់ឈប់ស្រលាញ់អូន... បងស្រលាញ់អូនរហូតកន្លងមកជាច្រើនឆ្នាំ ដូច្នេះវាគ្មានអ្វីខុសប្លែកនោះទេ ទោះបីយើងបន្តឬចាប់ផ្តើមជាថ្មី”
       “តែអូនមិនចង់ចាប់ផ្តើមសារជាថ្មី អូនចង់ឲ្យបងនៅតែជាស្នេហាដំបូងរបស់អូន ទោះបីជាអាវមួយនេះស្តើងពេកធ្វើឲ្យអូនរងារ តែអូនក៏មិនធ្លាប់គិតថានឹងដោះវាចេញ កុំដេញអូនចេញម្តងទៀតបានទេ?”
       កែវភ្នែកមានពន្លឺព្រាកៗ រាងតូចស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ពេលត្រូវប្រឈមមុខនឹងកែវភ្នែក និងរាងកាយដែលគេទន្ទឹងរង់ចាំឲ្យមកប៉ះពាល់គេជិតស្និតបែបនេះជាច្រើនឆ្នាំ វាមិនមែនព្រោះគេស្រមើស្រមៃច្រើនឡើយ តែនេះជាការពិត ការពិតដែលគេអាចដណ្តើមយកស្នេហារបស់ខ្លួនត្រឡប់មកវិញ បន្ទាប់ពីបាត់បង់ទៅដោយគ្មានមូលហេតុ។
       “បាន! បងគ្មានថ្ងៃធ្វើរឿងល្ងីល្ងើបែបនោះទៀតឡើយ បើថ្ងៃក្រោយបងហ៊ានធ្វើអ្វីឲ្យអូនស្រក់ទឹកភ្នែក ឬទើសចិត្ត អូនអាចវាយដំបងតាមចិត្ត រំលោភក៏បានឲ្យតែអូនរីករាយ”
       “KangMo មនុស្សឆ្គួត” រាងតូចច្រានទ្រូងរឹងមាំរបស់អ្នកម្ខាងទៀត ទាំងអស់សំណើច នរណាទៅឆ្គួតរំលោភគេនោះ?
       “Yuki.... បងសុំទោសពិតមែន” ម្រាមដៃវែងៗវែកសក់ចេញពីថ្ងាស់រាងតូចដោយក្តីថ្នាក់ថ្នម ដៃម្ខាងទៀតជូតទឹកភ្នែកឲ្យគេរហូតស្អាតអស់ពីថ្ពាល់ “ចាប់ពីថ្ងៃនេះទៅបងនឹងបំពេញកាតព្វកិច្ចក្នុងនាមជាមនុស្សប្រុសដែលអូនផ្ញើវាសនាលើឲ្យបានល្អបំផុត បងនឹងធ្វើគ្រប់យ៉ាងឲ្យខ្លួនឯងប្រែក្លាយជាមនុស្សមានតម្លៃសម្រប់ស្នេហាអូន”
       ថាហើយក៏ឱនថើបថ្ងាស់គេមួយដង្ហើមវែង មុននឹងឱបគេជាប់ទ្រូងដោយក្តីនឹងរលឹក។
       “អូនចង់ក្បត់បងជាមួយអាមុខសង្ហាម្នាក់នោះមែនទេ?”
       “បងឆ្គួតមែនទេ? កុំចេះតែថា- អូនចៃដន្យត្រឡប់ទៅផ្ទះយកប្រអប់អាហារជាមួយគេប៉ុណ្ណោះ” Yuki ស្រែកចង្អុលទៅប្រអប់អាហារដែលរុំដោយក្រណាត់ពណ៌ក្រហមយ៉ាងស្រស់ស្អាត ដែលទុកលើបង់អង្គុយក្រោមដើមផ្កាសាគូរ៉ា។
       “តែហេតុអ្វីមាន2?”
       “គឺសម្រាប់បងមួយ”
       “ពិតឬ? អូនធ្វើជា2ប្រអប់រៀងរាល់ឆ្នាំឬ? ចុះបើបងមិនមកនរណាញ៊ាំ?”
       “ឆ្កែ...ឆ្មា....អា៎!” រាងតូចស្រែកចាចពេលត្រូវ KangMo លើកឲ្យអង្គុយលើស្មា ព្រះអើយ!ខ្ពស់ខ្លាំងណាស់... តើ KangMo បានកម្លាំងខ្លាំងបែបនេះមកពីណាទៅ? Yuki យកដៃខ្ទប់ Kimono ដែលឆែកដល់ចង្គេះហើយឱនឱបកអ្នកខាងក្រោមជាប់។
       “ថើបបង!”
       រាងក្រាសញញឹមព្រើលពេលបបូរមាត់ទន់រលោងនោះ ត្រូវម្ចាស់វាឱនមកផ្តិតនឹងបបូរមាត់ខ្លួន។ KangMo ឱបភ្លៅរបស់អ្នកនៅលើស្មាជាប់ដើម្បីទប់លំនឹង ខណៈបបូរមាត់ Yuki កម្រើកតិចៗដោយក្តីអឹមអៀន វាមិនមែនជាលើកទីមួយទេ តែគេពិតជានឹកស្នាមថើបមួយនេះណាស់។
       “បងមិនចុកដៃទេឬ?” រាងតូចសួរស្របពេលក្រសោបមុខសង្ហាៗនោះឡើង។
       “អត់ទេ! អូនស្រាលដូចសំឡី ស្រាលជាងកាមេរ៉ាដែលបងស្ពាយទៅទៀត ដូច្នេះចាប់ពីថ្ងៃនេះទៅ បងនឹងនាំអូនទៅគ្រប់ទីកន្លែង ឲ្យអូនស្ថិតនៅទីខ្ពស់បែបនេះរៀងរាល់ថ្ងៃ បងថាបងគួរតែធ្វើគ្រែស្នែងឲ្យអូនល្អទេ?” រាងក្រាស់ញញឹមស្រស់ គេយល់ថា Yuki មិនស័ក្តិសមនឹងដើរដីទាល់តែសោះ គេគួរតែជាទេពនិករដែលមានស្លាបហោះទើបត្រូវ។
       “ពិតឬ?”
       “ជាការពិត... អូនជាព្រះនាងរបស់បង!” KangMo ងើយមើល Yuki ហើយថើបដៃទន់ដូចសាច់កូនង៉ារបស់គេថ្នមៗ បើស្រមោចវាលើច្បាស់ជារបេះមិនខាន។
       “សុំឲ្យអូនបានធ្វើព្រះនាងរបស់បងរហូតណា៎ KangMo!”
       “ដោយក្តីរីករាយ... ព្រះនាងរបស់បង...”
      
       សម្លឹងមើលពីចម្ងាយ ម្ចាស់ឆ័ត្រពណ៌ក្រហម ទុចជំហានបន្តិច អារម្មណ៍របស់គេរញ៉េរញ៉ៃរកបរិយាយមិនត្រូវ។ ពេលឃើញឆ្អែតឆ្អន់ហើយ នាយកាន់ក្តាប់ដងឆ័ត្របុរាណយ៉ាងណែន ហើយបែរខ្នងដើរបកក្រោយវិញ គ្រាន់តែញញឹមបន្តិច សសៃភ្នែកក៏កន្ត្រាក់បណ្តាលឲ្យទឹកភ្នែកស្រក់ចុះ នាយកម្លោះប្រឹងងើយមុខទប់ទឹកភ្នែកដើរទៅមុខបន្ត គេរីករាយដែល Yuki បានជួបមនុស្សដែលគេរង់ចាំអស់ជាច្រើនឆ្នាំ ក្តីស្រលាញ់មិនអាចបង្ខិតបង្ខំបានទេ គេគោរព Yuki ដែលមិនធ្លាប់ប្រើក្តីអាណិតជំនួសក្តីស្រលាញ់ហើយទទួលយកគេ ទាំងដែលបេះដូងមានម្ចាស់ទៅហើយ មកទល់ពេលនេះទើបគេយល់ពាក្យមួយឃ្លាដែលនិយាយថា នៅពេលអ្នកស្រលាញ់នរណាម្នាក់ពិតប្រាកដ ក្តីសុខរបស់គេនឹងក្លាយជាអ្វីដែលអ្នកចង់ឃើញបំផុត។
       ដូច្នេះវាគ្រប់គ្រាន់ដើម្បីព្យាបាលបេះដូងរងារកណ្តាលវាលព្រិលរបស់គេបាន ដោយគ្រាន់តែបានឃើញស្នាមញញឹមកក់ក្តៅរបស់ Yuki ទោះបីជាគេមិនមែនជាដើមហេតុនៃស្នាមញញឹមមួយនេះក៏ដោយចុះ។

You're FAKE [Complete]Where stories live. Discover now