ភាគទី 78

2.6K 198 5
                                    

       JayKay ដើរលបៗចូលបន្ទប់ផ្ទាល់ខ្លួនក្នុងក្រុមហ៊ុន បន្ទាប់ពីរត់រហេចរហាចឱ្យអ្នកចាត់ការតាមរកស្ទើរក្រឡាប់សេអ៊ូល តែទោះដឹងច្បាស់ថា Yelena មិនធ្វើបាប ព្រោះនាងតែងតែទំនើងចិត្តគេគ្រប់ពេលមិនថាធ្វើខុសយ៉ាងណាក៏បានត្រឹមតែស្តីបន្ទោសតិចតួចក៏ហី ប៉ុន្តែម្តងនេះនាងដូចជាកំពុងមួរម៉ៅខុសធម្មតា ខ្លាចតែត្រូវខ្លាញីមួយនេះមួលស្លឹកត្រចៀកដាច់នោះទេ។
       “នេះ22នាទីហើយ ក្រែងសន្យាថា10នាទីមិនអញ្ចឹងអ្ហេស?”
       Yelena ក្រមុំចាស់ ទាំងស្អាត ទាំងឆ្នាស់ ទាំងមិនខ្វល់ខ្វាយរឿងគូស្រករ អង្គុយកាន់សោរមួយចង្កោម រង់ចាំតារាប្រុសលំដាប់ប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាង កំពុងដើរលបៗចូលមក និយាយតាមត្រង់ គេមិនធ្លាប់យកសម្តីរបស់នាងដាក់ក្នុងត្រចៀកសូម្បីតែម្តង នេះប្រហែលជាកម្មដែលនាងតែងតែទំនើងតាមចិត្តគេតាំងពីដំបូងនោះហើយ។
       “ពុទ្ធោ! បងចង់ឱ្យខ្ញុំហោះមកឬយ៉ាងម៉េច?” JayKay ស្រែករំអួយហើយអង្គុយចុះទល់មុខនាង។
       “បើដឹងថាមកមិនទាន់ហេតុអីសន្យាថា10នាទី? នេះបោកគ្នាច្បាស់ណាស់ ឯងក៏ដឹងថាបងរវល់ប៉ុណ្ណា បងចាំឯងឡើងចុករោយចង្កេះអស់ហើយ” ស្រីចាស់នោយាយបណ្តើរយកដៃវាយចង្កេះខ្លួនឯងបណ្តើរ។
       “ពេលនោះ... បងកំពុងខឹង ទើបចេះតែថាៗយករួចខ្លួនសិនទៅ”
       “ឯងគិតថាសារភាពពេលនេះហើយអាចរួចខ្លួនមែនទេ?” Yelena លើកចង្កោមសោរបង្ហាញអ្នកម្ខាងទៀតធ្វើឱ្យគេស្រែកចាចឡើង។
       “អត់ទេ Yelena! បើបងឃុំខ្ញុំក្នុងបន្ទប់ម្តងទៀត ខ្ញុំនឹងសម្លាប់ខ្លួន”
       “មុខឯងនេះអ្ហេសសម្លាប់ខ្លួន? បងថាឯងលួចចេញតាមបង្អួចឬលូនចេញតាមលូឱ្យគេតាមរកវឹកវរម្តងទៀតទៅវិញទេ”
       “បើបងដឹងហើយនៅចង់ធ្វើ ធ្វើអីទៀត?”
       “បានហើយ បងរវល់គ្មានពេលរញ៉េរញ៉ៃនឹងឯងទេ តែ Alianora ប្រាប់ឱ្យបងជួយមើលក្មេងៗដែលទើបនឹងប្រឡងចូលថ្មីៗ ប្រាកដណាស់ថាបងមិនអាចមកតាម care ឯងបានគ្រប់ពេលគ្រប់វេលាដូចមុននោះទេ ដូច្នេះកុំធ្វើជាបន្ទុក បានទេ JayKay? បងសុំ” Yelena ទម្លាក់សម្លេងមកស្រាលបណ្តាលឱ្យអ្នកម្ខាងទៀតមានអារម្មណ៍ដឹងខុស ព្រោះរឿងនេះនឹងត្រូចលេចឮដល់អ្នកស្រីប្រធានហើយអ្នកចាត់ការគ្រប់គ្នាច្បាស់ជាត្រូវស្តីបន្ទោសដោយសារគេតែម្នាក់មិនខាន។
       “ខ្ញុំគ្រាន់តែអផ្សុកចង់ចេញទៅក្រៅខ្លះ ខ្ញុំមិនមានចេតនាចង់ធ្វើជាបន្ទុកឱ្យគ្រប់គ្នាទេ”
       “បងមិនបន្ទោសឯងទេ បើបងនៅទីនេះបងនឹងនាំឯងចេញទៅក្រៅ តែពេលនេះបងដកឃ្លាមិនរួច បងកំពុងតែគិតថានឹងរកអ្នកចាត់ការថ្មីមកថែម តែឯងមិនត្រូវបង្ខំឱ្យគេលាឈប់ទៀតទេ ឮទេ?”
       “អត់ទេ ខ្ញុំមិនពេញចិត្តនរណាខ្ញុំនឹងឱ្យគេលាឈប់ នៅជាសិទ្ធិរបស់ខ្ញុំ” អ្នកដែលដឹងខុសមុននេះប្រែជាខ្លាំងឡើងមួយរំពេច មុននេះនាងគិតថានឹងប្រើភាពទន់ស្លរគេបានទៅហើយ តែមើលអាល្អិតនេះចុះ ក្រៅពីនាងគ្មាននរណាគ្រប់គ្រងគេបាននោះទេ។
       “សម្រេចថាឱ្យបងបែងខ្លួនជា2ឬ?” Yelena សួរឌឺព្រោះរកដំណោះស្រាយមិនឃើញ។
       “រកអ្នកចាត់ការថ្មីឱ្យក្មេងៗទាំងនោះទៅ”
       “Alianora ច្បាស់ជាមិនព្រមឡើយ-”
       “អញ្ចឹងឱ្យគាត់មើលថែពួកគេខ្លួនឯងទៅ ខ្ញុំប្រើប្រាក់ផ្ទាល់ខ្លួនជួលបង ព្រោះមិនចង់ឱ្យបងធ្វើការរត់ទៅរត់មកក្រោមបញ្ជាគាត់ ហេតុអីបងស្តាប់សម្តី Alianora ជាង? មួយម៉ាត់ក៏ Alianora ពីរម៉ាត់ក៏ Alianora បងឈប់រំលឹកឈ្មោះមួយនេះខ្លះបានទេ?” JayKay ស្រែកឡើងទាំងមួរម៉ៅក្តៅក្រហាយ ញ៉ាំងអ្នកម្ខាងទៀតឱ្យគាំងរកពាក្យតបមិនរួច គេមិនងាយស្រែកគំហកដាក់នាងឡើយ មានន័យថាម្តងនេះនាងធ្វើឱ្យគេទ្រាំស្តាប់លែងបានពិតមែនហើយ។
       “JayKay បង-”
       “ខ្ញុំសុំទោស! ខ្ញុំទៅសម្រាកហើយ” JayKay ក្រោករត់ចេញទៅបាត់មិនចាំស្តាប់អ្វីដែល Yelena ចង់និយាយ តែគេទប់កំហឹងមិនជាប់ ហេតុអីម្នាក់ៗស្តាប់តាមតែ Alianora? គេក៏មានសិទ្ធិនិយាយដូចគ្នា។
      
       ថ្ងៃរសៀលព្រះអាទិត្យរះបញ្ចេញសូរសែងពណ៌ភ្លឺដូចមាស រួមជាមួយវាយោបក់ល្ហៀកៗមកពីចម្ងាយ បណ្តាលឱ្យកម្លោះរាងខ្ពស់ដែលដើរចេញពីមន្ទីពេទ្យធំក្នុងទីក្រុង អាវប្រឡាក់ឈាមមិនទាន់ផ្លាស់ចេញ ទឹកមុខស្រងូតស្រងាត់ហាក់ភ្លឹកៗម្តងម្កាលគ្រប់ពេលនឹកឃើញដល់លទ្ធផលជំងឺរបស់ម្តាយ។
       Taehyung អង្គុយចុះលើកៅអីវែងក្នុងសួនច្បារមន្ទីពេទ្យទាំងព្រលឹងមិននៅនឹងខ្លួន លទ្ធផលបង្ហាញថាម្តាយរបស់គេមានជំងឺបហារីកខួរក្បាលត្រូវការវះកាត់ជាបន្ទាន់ ប្រាក់ក៏ត្រូវការច្រើន ច្រើនរហូតគេរាប់លេខសូន្យស្ទើរតែមិនអស់ តើគេត្រូវទៅរកប្រាក់ពីណាមក? ការងារក៏មិនទាន់មាន ប្រាក់សន្សំទុកក៏មានមិនគ្រប់ ឬមួយគេត្រូវលក់ហាង Ramen ដែលជាញើសឈាមតែមួយគត់របស់ម្តាយឪពុកគេចោល?

You're FAKE [Complete]Hikayelerin yaşadığı yer. Şimdi keşfedin