ភាគទី 41

2.7K 165 0
                                    

      « Simon.... អ៊ួកក៎! អ៊ួកក៎!.... អ៊ួកកកក៎!!! »
      Taehyung ប្រញាប់ក្រោករត់ចូលក្នុងបន្ទប់ទឹកក្រោយខ្នងដើម្បីក្អួត មិត្តទាំងបីរបស់គេក៏ចូលទៅតាមដូចគ្នា។ Simon គក់ខ្នងរបស់ Tae តិចៗ ឱ្យគេក្អួតចេញមកឱ្យអស់ តែដោយសារតាំងពីព្រឹកគេមិនបានបរិភោគអ្វីចូលក្នុងពោះ ទើបក្អួតចេញមកតែទឹកដោះគោដែលផឹកមុននេះ។
      « ក្អួតចេញឱ្យអស់ទៅ! » Simon ពោលទាំងដៃជួយរឹតខ្នងឱ្យអ្នកកំពុងក្អួត ព្រមទាំងសម្លឹងដបទឹកដោះគោរសជាតិចេកដែលដួលនៅខាងក្រៅទាំងមិនអស់ចិត្ត។
      « អ៊ួកកក៎.... អ៊ួកកកកកកក៎....អ៊ួក៎!!! »
      Taehyung អោនក្អួតរហូតដល់ងងឹតមុខដួលទៅលើដៃ Simon ធ្វើឱ្យបីនាក់ដែលកំពុងបារម្ភស្រាប់នោះប្រែជាភ្នែកសល្អក់រៀងខ្លួន។
      « ឆាប់ឡើង Simon នាំគេទៅបន្ទប់ពេទ្យក្នុងសាលាសិនទៅ » Chisun និង Annto រត់ចេញទៅបើកទ្វារខណៈ Simon លើកបី Tae ឡើងរត់ចេញពីបន្ទប់ទឹកសម្តៅទៅបន្ទប់ពេទ្យសង្គ្រោះបឋមរបស់សាលារៀនដែលស្ថិតនៅជាន់ក្រោម។
     
      « គេយ៉ាងម៉េចហើយអ្នកគ្រូ? បញ្ជូបទៅមន្ទីពេទ្យល្អទេ? » Simon ហាក់ជ្រួលច្របល់ជាងគេជាងឯង បើកវាំងននឃាំងចូលមកសួរគ្រូពេទ្យប្រចាំសាលាដែលកំពុងពិនិត្យ Taehyung ។
      « គេមិនអីទេ គ្រាន់តែខ្សោយខ្លាំងពេកទើបក្អួតដល់សន្លប់ មុននេះគេមានញ៉ាំអ្វីខុសទេ? » អ្នកគ្រូពេទ្យរៀបចំឧបករណ៍ពិនិត្យដាក់ចូលក្នុងប្រអប់វិញ បន្ទាប់ពីពិនិត្យនិងព្យួរសឺរ៉ូមកម្លាំងឱ្យគេរួចរាល់ហើយ។
      « គេផឹកទឹកដោះគោរសជាតិចេក ធម្មតាគេគ្រាន់តែធុំក្លិនក៏រកក្អួតដែរ តែម្តងនេះគេផឹកអស់ច្រើនខ្លាំងណាស់ »
      « បើគេមិនអាចផឹក ថ្ងៃក្រោយមិនចាំបាច់បង្ខំចិត្តផឹកទេ មនុស្សគ្រប់គ្នាមានរបស់ដែលចូលចិត្តនិងមិនចូលចិត្តរៀងៗខ្លួន តែវាមិនមែនជាចំណុចខ្សោយនោះទេ គ្រូព្យួរសឺរ៉ូមកម្លាំងឱ្យគេហើយ បើអស់សឺរ៉ូមតែគេមិនទាន់គ្រាន់បើ កុំភ្លេចទៅរកអ្នកគ្រូ »
      « បាទ អរគុណអ្នកគ្រូខ្លាំងណាស់! »
      Simon អោនក្បាលដាក់អ្នកគ្រូចំណាស់ ធ្វើឱ្យគាត់ញញឹមតបមុននឹងដើរចេញទៅ បន្តិចក្រោយមក Chisun និង Annto ក៏នាំគ្នាចូលមក។
      « Tae យ៉ាងម៉េចវហើយ? »
      « មិនអីទេ គ្រាន់តែអស់កម្លាំង » Simon អង្គុយចុះនៅចំហៀងគ្រែជិតដៃ Taehyung ដោយមាន Chisun និង Annto ឈរក្បែរ។
      « គិតដូចយើងទេ? ប៉ុន្មានថ្ងៃនេះគេដូចជាខ្សោយណាស់ រង្វង់ភ្នែកឡើងខ្មៅដូចមិនបានគេង ហើយស្គមជាងមុនទៀតផង មើលនេះ! កដៃក៏តូចជាងមុនដែរ » Annto រៀបរាប់ព្រមទាំងលើកកដៃអ្នកជំងឺមកក្តាប់បង្ហាញ។
      « ឯងនិយាយត្រូវ! » Chisun យល់ស្រប។
      « .... »
      Simon មិនមាត់ គ្រាន់តែអង្គុយស្ងៀមសម្លឹងមើលរាងកាយស្តូកស្តឹងរបស់ Tae ។ ពិតដូចជាពីរនាក់នោះនិយាយ គេស្គមជាងមុនច្រើន ហើយថែមទាំងទឹកមុខមិនសូវល្អទៀតផង។ ជាពិសេសរឿងទឹកដោះគោមួយដបនោះនៅតែធ្វើឱ្យគេមានអារម្មណ៍ថាមិនអស់ចិត្ត វាគ្មានហេតុផលអ្វីដែល Tae បង្ខំខ្លួនឯងឱ្យផឹកទាំងដែលដឹងថាបន្ទាប់ពីផឹកគេនឹងត្រូវក្អួតរហូតដល់អស់ពីពោះនោះទេ។ ម្យ៉ាងទៀតស្នាមរបួសមួយនេះ....
      រាងក្រាស់លើកដៃស្ទាប់របួសលើគែមមាត់របស់ Tae ថ្នមៗធ្វើឱ្យពីរនាក់ទៀតទើបនឹងនឹកចាប់ភ្លឹក៖
      « មានមនុស្សវាយបង្ខំឱ្យគេផឹកទេដឹង? » Annto ផ្តល់យោបល់មុននឹងត្រូវមួយក្រញ៉របស់ Chisun ។
      « និយាយអីមិនសមហេតុផលសោះ »
      « យើងថាគេវាយខ្លួនឯងច្រើនជាង » Simon និយាយតិចៗមុននឹងដកដៃចេញពីបបូរមាត់ Tae។
      « មែនហើយ ពេលពួកយើងទៅដល់គ្មានមនុស្សនៅជាមួយគេទេ... ឬក៏អាភ្នែកបួននោះធ្វើបាបចិត្តគេទេដឹង? »
      « វាអាចទៅរួច..... » Chisun ឈរអោបទ្រូងប្រើម្រាមដៃវាយបបូរមាត់ខ្លួនឯងតិចៗ ខណៈ Simon កំពុងគិតពីសម្តី Annto ។
      « Taehyung!! »
      Jungkook បើកទ្វាររត់ចូលមកទាំងប្រញាប់ប្រញាល់រហូតដល់សក់ប៉ើងឡើងរញ៉េរញ៉ៃ ព្រោះលឺគ្រប់គ្នានិយាយថា Taehyung សន្លប់ត្រូវ Simon បីមកបន្ទប់ពេទ្យផ្អើលពេញសាលា តែពេលចូលមកដល់ក៏ត្រូវប្រឈមមុខនឹងកែវភ្នែកពិឃាតរបស់មិត្តសម្លាញ់ទាំងបី Tae ស្ទើរតែមិនហ៊ានកម្រើកខ្លួន។
      « ខ្ញុំលឺថា Taehyung សន្លប់ គាត់យ៉ាងម៉េចហើយ? » Jungkook និយាយតិចៗព្រមទាំងដើរទៅជិតគ្រែយឺតៗ។
      « ឯងធ្វើជាសង្សារគេរបៀបម៉េច? » Simon ហក់ទៅទាញកអាវ Jungkook រុញផ្ទប់នឹងជញ្ជាំងជិតនោះទាំងកម្រោល។
      « គាត់..កើតអី? » រាងខ្ពស់និយាយដាច់ៗព្រោះត្រូវអ្នកម្ខាងទៀតសង្កត់ត្រង់បំពង់ក។
      « ប្រាប់យើងមកថាឯងធ្វើអ្វីដាក់គេខ្លះ? ហេតុអីគេដល់ថ្នាក់ផឹកទឹកដោះគោរសជាតិចេកទាំងដែលដឹងថាបើហ៊ានផឹកគេនឹងក្អួត តាមដែលយើងចាំបាន ឯងឧស្សាហ៍ផឹករសជាតិនេះណាស់ »
      « គាត់ចាញ់ទឹកដោះគោរសជាតិចេកអ្ហេស៎? »
      « អាចង្រៃ! ជាសង្សារនឹងគ្នាហេតុអីឯងមិនដឹង? » Simon ក្តាប់ដៃដាល់ផ្ទៃមុខសៗរបស់ Jungkook មួយដៃដួលទៅលើកម្រាលឥដ្ឋ។
      « គាត់មិនធ្លាប់ប្រាប់ខ្ញុំម៉េចនឹងដឹង? »
      Jungkook ជូតឈាមពីគែមមាត់ហើយប្រឹងក្រោកឈរឡើងទប់ខ្លួននឹងជញ្ជាំង។ ទោះបីពេលនេះគេខឹងដល់ចង់ចេញផ្សែងតាមត្រចៀកក៏មិនអាចវាយបកទៅ Simon វិញបានដែរ គេត្រូវរក្សារូបភាពទន់ខ្សោយនៅមុខប្រុសទាំងបីនាក់នេះ ជៀសវាងបែកធ្លាយសមាសភាពពិត។
      « មានមុខមកនិយាយបែបនេះទៀត បើយើងចូលទៅមិនទាន់ Tae ទះខ្លួនឯងរហូតដល់ស្លាប់បាត់ហើយ » Simon បម្រុងហក់ចូលទៅដាល់ថែមប៉ុន្មានដៃទៀតតែត្រូវ Chisun និង Annto ចូលមកចាប់អូសទៅម្ខាង។
      « ប៉ុណ្ណឹងបានហើយ Tae កំពុងសម្រាក! »
      « មើល Tae ផង បន្តិចទៀតពួកខ្ញុំត្រឡប់មកវិញ »
      ទាំងពីរនាក់នាំគ្នាអូស Simon សម្តៅទៅទ្វារចេញ បើទុកនៅបន្តប្រហែលជាពួកគេវាយគ្នាដល់ស្លាប់រៀងខ្លួនមិនខាន។ រង់ចាំដល់ Simon ស្ងប់ចិត្តជាងនេះចាំត្រឡប់មកមើល Taehyung ម្តងទៀត។
      « បើឯងហ៊ានធ្វើឱ្យគេឈឺចាប់ យើងមិនទុកឯងនោះទេ » Simon ស្រែកខ្លាំងៗមុននឹងត្រូវអូសចេញទៅបាត់។
      Jungkook រង់ចាំដល់ពួកគេចេញទៅអស់ទើបដើរទៅអង្គុយលើគ្រែក្បែរ Taehyung ។ រាងក្រាស់លើកដៃអង្អែលរបួសលើគែមមាត់អ្នកជំងឺថ្នមៗ មិនមែនត្រឹមតែបែកឈាមធម្មតានោះទេ ប៉ុន្តែថ្ពាល់របស់គេក៏ឡើងហើមដូចគ្នា។ ព្រោះតែ Tae ឃើញគេនិង Charlotte ធ្វើរឿងទាំងនោះត្រូវទេ ទើបធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ? ទឹកដោះគោចេកគឺទិញសម្រាប់គេត្រូវទេ?
      « បើផឹកមិនបាន ចាំបាច់បង្ខំខ្លួនឯងធ្វើអី? »
     
      Taehyung សន្លប់រហូតដល់ល្ងាចទើបដឹងខ្លួន ចំណែកបួននាក់ទៀតគឺគេចម៉ោងរៀនមកអង្គុយចាំមើល Tae តាំងពីថ្ងៃត្រង់ទល់ថ្ងៃជិតលិចមិនព្រមក្រោកចេញទៅណាទាល់តែសោះ ដោយយកលេសថាចង់ដឹងដើមហេតុដែលធ្វើឱ្យមិត្តសម្លាញ់ក្លាយជាបែបនេះ តែតាមពិតគឺមិនទុកចិត្ត Jungkook ច្រើនជាង។
      « កុំសម្លឹងយើងខ្លាំងពេក សម្លឹងឡើងយើងភ័យអស់ហើយ » រាងតូចកក្រោកអង្គុយដោយមាន Jungkook ជួយលើក ហើយច្របាច់ដៃខ្លួនឯងតិចៗព្រោះមានអារម្មណ៍ថាស្ពឹកខុសធម្មតា។
      « បានធូរខ្លះទេ? » Simon ។
      « មិនអីទេ ធូរហើយ គ្រាន់តែស្ពឹកដៃបន្តិច »
      « មកពីឯងទើបនឹងដោះសឺរ៉ូមចេញ ស្ពឹកអញ្ចឹងហើយ »
      Chisun និង Annto និយាយព្រមទាំងលើកកាតាបស្ពាយលើស្មារៀងខ្លួន ព្រោះបើ Tae លែងអីហើយពួកគេត្រូវប្រញាប់ទៅប្រកួតហ្គេម គេណាត់ទុកតាំងពីសប្តាហ៍មុន បើខកមិនបានទេ ខ្លាចត្រូវគេដៀមដាបថាខ្លាចចាញ់ពួកគេទើបមិនហ៊ានទៅ។
      « ពួកយើងទៅមុនហើយ មើលថែខ្លួនផង »
      បន្ទាប់ពីពីរនាក់នោះចេញទៅបាត់ ទើប Simon ងាកមកចាប់អារម្មណ៍នឹង Taehyung វិញ។ មើលទៅគេដូចជាមិនបានឈ្លោះគ្នាជាមួយ Jungkook ទេ តែហេតុអីមានរឿងបែបនេះកើតឡើង។
      « បានហើយ នាំគ្នាត្រឡប់ទៅផ្ទះទៅ យប់ឥឡូវហើយកុំឱ្យរំខានដល់អ្នកគ្រូចាំបិទទ្វារ » Taehyung ក្រោកចេញពីគ្រែទាំងមិនហ៊ានសម្លឹងមុខ Simon ចំ ហើយក៏មិនសម្លឹងភ្នែក Jungkook ព្រោះខ្លាចថាត្រូវទ្រហោយំម្តងទៀតដូចកាលពីថ្ងៃ។
      « ហេតុអីឯងផឹកវាទាំងដែលដឹងថាឯងផឹកមិនបាន? » ទីបំផុត Simon ក៏ដាច់ចិត្តសួរ។
      « មកពីយើងចង់សាកផឹកល៎មើល »
      « ឯងកុហកមិនសមទេ Tae »
      « យើងនិយាយការពិត បានហើយទៅផ្ទះទៅ Simon »
      « ចុះហេតុអីឯងទះខ្លួនឯងដល់ថ្នាក់នេះ? »
      « យើងមិនបានទះទេ! » រាងតូចក្រោកដើរសម្តៅទៅទ្វារដោយមាន Jungkook ដើរតាមពីក្រោយ តែត្រូវ Simon ទាញឱ្យងាកមកប្រឈមមុខជាមួយគេ។
      « ឯងកុំព្យាយាមលាក់បាំងនឹងយើង Tae »
      « យើងប្រាប់ហើយថាកុំខ្វល់នឹងយើង យើងគ្មានកម្លាំងឆ្លើយសំណួរឯងទេ យើងហត់ ឯងយល់ទេ? » Taehyung ងាកមកកំហកដាក់ Simon ទាំងទឹកមុខមិនសូវល្អ ទំនងជារកយំផងទើបអ្នកម្ខាងទៀតព្រមលែងដៃគេវិញ។
      « យើងទៅមុនហើយ » Simon សម្លឹងមុខ Jungkook ដែលឈរស្ងៀមជិត Tae មុននឹងចាកចេញ។ គេដឹងថាពេលនេះ Tae កំពុងពិបាកទ្រាំខ្លាំងទើបគេមិនចង់និយាយអ្វី បើគេតានតឹងដល់ថ្នាក់នេះទៅហើយ យល់ល្អកុំព្យាយាមសួរនាំដាក់សម្ពាធឱ្យគេបន្ថែមទៀត រង់ចាំដល់គេព្រមនិយាយវាចេញមកដោយខ្លួនឯងទើបប្រសើរជាង។
     
      « Taehyung បងអូខេទេ? » Jungkook ដើរតាមពីក្រោយ Tae ព្រមទាំងស្ពាយកាតាបជួសគេផង។
      « អូខេ »
      រាងតូចងក់ក្បាលតិចៗព្រមទាំងដើរទៅមុខយឺតៗសម្លឹងមើលសួនច្បារសាលារៀនដែលស្ងាត់មនុស្សអស់ទៅហើយនោះ។ គេមិនចង់យំឡើយ ខ្លាចថានឹងធ្វើឱ្យ Jungkook ខឹងម្តងទៀត តែគេអាចមិនអីបានយ៉ាងម៉េចទៅ?
      កាលពីម្សិលមិញឃើញសង្សាររបស់ខ្លួនចេញពីបន្ទប់ទឹកជាមួយមនុស្សស្រីស្អាតម្នាក់ក្នុងសភាពមើលមិនយល់ ចំណែកថ្ងៃនេះឃើញគេធ្វើរឿងលើគ្រែជាមួយមនុស្សស្រីពីរនាក់ផ្សេងគ្នាដល់ទៅពីរដង វាស្ទើរតែក្អួតឈាមស្លាប់នៅត្រង់នេះទៅហើយ ក្នុងទ្រូងតឹងណែនរង់ចាំតែពេលប្រេះបែកប៉ុណ្ណោះ។ ទោះមនុស្សបេះដូងថ្មក៏អាចនឹងរលាយបេះដូងដែរបើបានជួយប្រទះរឿងដូចជាគេក្នុងពេលនេះ។
      « បងឃ្លានទេ? បងស្គមខ្លាំងណាស់ គួរតែញ៉ាំឱ្យបានច្រើន ខ្ញុំស្គាល់ហាងសាច់អាំងមួយកន្លែងឆ្ងាញ់ខ្លាំងណាស់ យើងទៅញ៉ាំជាមួយគ្នាល្អទេ? » Jungkook ដើរបណ្តើររៀបរាប់បណ្តើរ តែអ្នកម្ខាងទៀតបែរជាឈប់ង៉ក់។
      « Jungkook.... »
      « ហឹមម៎? មានអីមែនទេ? » រាងខ្ពស់បែរមុខមករកអ្នកដែលកំពុងឈរអោបមុខចុះមិនព្រមងើបងើយ។
      « បងសុំអ្វីម្យ៉ាងបានទេ? »
      « ប្រាកដហើយ សម្រាប់បងអ្វីក៏ខ្ញុំព្រមដែរ »
      « Jungkook.... បើឯងលួចមានអ្នកផ្សេង ឯងអាចក្បត់បងបាន ឯងចង់ធ្វើអ្វីក៏បាន បងមិនថាអីទេ តែ...សុំកុំធ្វើវានៅនឹងមុខបង... បើសិន- បើសិនជាឯងនៅមានចិត្តស្រឡាញ់បងតែបន្តិច សុំកុំឱ្យបងឃើញទង្វើដែលឯងក្បត់... បងអាចទ្រាំទ្រគ្រប់យ៉ាង... អ្វីក៏បងទ្រាំបានដែរ តែមិនមានន័យថាបងមិនចេះឈឺចាប់នោះទេ... បងខ្លាចថាបើបងឃើញឯងធ្វើបែបនោះនៅនឹងមុខច្រើនដងពេក បងអាចនឹងក្អួតឈាមស្លាប់ ព្រោះវាពិបាកទ្រាំជាជាងត្រូវមនុស្សជាង 20 នាក់ព្រួតវ៉ៃទៅទៀត »
      « Taehyung... បង... »
      Jungkook ហាក់រឹងខ្លួននិយាយមិនចេញ នេះ Taehyung កំពុងប្រៀបធៀបការឈឺចាប់ដែលត្រូវវាយនៅយប់នោះជាមួយនឹចងអ្វីដែលគេបានឃើញនៅថ្ងៃនេះត្រូវទេ? ហេតុជងីពាក្យប៉ុន្មានម៉ាត់នេះស្តាប់ហើយ ធ្វើឱ្យទ្រូងខាងឆ្វេងឈឺខ្លាំងដល់ថ្នាក់នេះ?
      រាងក្រាស់ដើរចូលទៅអោបរាងតូចដែលឈរអោនមុខចុះយ៉ាងណែន មិនយូរប៉ុន្មានគេក៏មានអារម្មណ៍ថាស្មារបស់គេត្រូវជោគដោយទឹកភ្នែករបស់ Tae ។
      « សុំទោស បងយំទៀតហើយ! »
      « មិនអីទេ បងយំឱ្យអស់ទៅ តែត្រូវចាំថា ខ្ញុំគ្មានថ្ងៃក្បត់បង នោះទេ »

You're FAKE [Complete]Where stories live. Discover now