ភាគទី60

2.3K 166 0
                                    

   « អ្នកគ្រូពេទ្យ អ្នកជំងឺនៅបន្ទប់ 1159 ដឹងខ្លួនហើយ » Chisun និយាយចប់ អ្នកគ្រូពេទ្យក្រមុំពីរនាក់ក៏ងក់ក្បាលហើយរូតរះដើរសម្តៅទៅបន្ទប់ 1159 ដែលមានអ្នកជំងឺសន្លប់បាត់ស្មារតីបន្ទាប់ពីធ្វើការសង្គ្រោះដោយសារលង់ទឹកខ្វះអុកស៊ីសែនតាំងពីរសៀលក្បែរល្ងាចរបស់ដល់យប់ម៉ោង 9 នេះទើបដឹងខ្លួន។ Simon សំងំស្ងៀមមិននិយាយអ្វីតាំងពីភ្ញាក់ដឹងខ្លួនរហូតដល់គ្រូពេទ្យមកដល់ ធ្វើការពិនិត្យស្ថានភាពរបស់អ្នកជំងឺរួចរាល់និងត្រឡប់ទៅវិញ តែគេនៅតែស្ងៀមស្ងាត់ដដែល ទោះបីនៅក្នុងបន្ទប់មានអ្នកម៉ាក់របស់គេ Taehyung Chisun និង Annto នៅជុំគ្នានិយាយពីនេះពីនោះមិនដាច់ ក៏គេបានត្រឹមតែបើកភ្នែកមិនតបត គេមិនដឹងថាគួរនិយាយអ្វីនោះទេ ដឹងត្រឹមតែចង់នៅស្ងប់ស្ងាត់ម្នាក់ឯង។ « Simon ឃ្លានទេ? ម៉ាក់ទៅធ្វើអីឱ្យញ៉ាំ » អ្នកជាម្នាក់ស្នើសំណើរពេលឃើញកូនប្រុសមិននិយាយស្អីខុសប្រក្រតី ទោះបី Simon ជាមនុស្សស្ងប់ស្ងាត់និងឈាមត្រជាក់កម្រិតណាក៏គេមិនធ្លាប់ស្ងាត់មាត់យូរបែបនេះពីមុនមកដែរ។ « មិនសួរថាមានរឿងអ្វីកើតឡើងទេអ្ហេស៎? » អ្នកជំងឺដែលស្ងាត់មាត់តាំងពីដំបូងក៏ស្រាប់តែសួរបកវិញទាំងមិនផ្តល់ចម្លើយសម្រាប់សំណួរចាស់ជាមុន។ « ម៉ាក់គួរតែសួរថាឯងចង់ឆ្លើយទេ? » « ... អត់ទេ... » Simon ក្រឡេកភ្នែកទៅមើលមិត្តទាំងបីដែលឈរក្បែរអ្នកម៉ាក់របស់គេទាំងមិនបន្លឺសម្លេងសូម្បីតែបន្តិច ហើយងាកទៅរក Suhee វិញ។ « គេនៅឯណា? » ឃើញថាម្តាយមិនតបហាក់ដូចមិនដឹងថាសម្តីគេចង់សម្តៅទៅលើនរណាទើបគេនិយាយបន្ត « ... Kyosuke? » « នៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ ដុកទ័រនិយាយថាគេមានអាការៈធ្ងន់ធ្ងរប៉ះពាល់ដល់របួសចាស់ពេលគ្រោះថ្នាក់ចរាចរណ៍កាលពីក្មេង តែត្រូវចាំដល់គេដឹងខ្លួនឡើងវិញទើបអាចសន្និដ្ឋានបានច្បាស់ជាងនេះ » « ... » អ្នកជំងឺដែលនៅលើគ្រែមិននិយាយអ្វី គ្រាន់តែងាកមុខទៅត្រង់ សម្លឹងពិដានខាងលើ។ « Mizuki និងមកដល់ម៉ោង 11យប់នេះ » ស្ត្រីវ័យកណ្តាលនិយាយបណ្តើរមើលនាឡិកាលើកដៃបណ្តើរ ពេលនេះម៉ោងជិត 10យប់ហើយ។ « ... នាំគ្នាចេញទៅ ខ្ញុំចង់សម្រាក » Simon បិទភ្នែកគេងប្រាស់ខ្លួនបែរទៅម្ខាងដោយព្យាយាមលាក់ទឹកមុខព្រួយបារម្ភមួយនោះទាំងរសាប់រសល់ បើគ្រប់គ្នាមិននៅទីនេះ គេច្បាស់ជាអាចចេញទៅមើល Kyosuke មិនខាន។ « ឯងមិនចង់ប្រាប់ពួកយើងពីហេតុការណ៍អ្វីបន្តិចទេអ្ហេស៎? » « ... » « Simon ពួកយើងមិនមែនក្មេងដែលឯងត្រូវលាក់បាំងបញ្ហាពីពួកយើងទេ » Chisun និយាយខ្លាំងៗ ក្រោយមកសភាពក្នុងបន្ទប់ក៏ប្រែជាស្ងាត់ជ្រងំ មុននឹងសម្លេងស្អកៗរបស់ Simon បន្លឺឡើងច្បាស់ៗ។ « ពេលក្រោយយើងនឹងបកស្រាយ នាំគ្នាទៅសម្រាកទៅ » Suhee បែរទៅងក់ក្បាលប្រាប់កម្លោះទាំងបីឱ្យស្តាប់តាមសម្តី Simon ។ នាងជាម្តាយ នាងស្គាល់ពីកូនប្រុសរបស់នាងច្បាស់ណាស់ បើគេមិនចង់និយាយ ទោះបង្ខំគេរហូតដល់ឈាមអណ្តាតក៏គេមិនព្រមនិយាយចេញមកដែរ ដូច្នេះអ្វីដែលប្រសើរក្នុងពេលនេះ គឺមានតែចែកផ្លូវគ្នាសម្រាកយកកម្លាំងប៉ុណ្ណោះ នាងក៏ចង់ទៅមើល Kyosuke រហូតដល់ Mizuki មកដល់ដូចគ្នា។ « បើអញ្ចឹងពួកខ្ញុំលាទៅមុនហើយអ្នកមីង! » បន្ទាប់ពី Chisun និង Annto ចាកចេញ Suhee ក៏ចេញទៅដូចគ្នា នៅតែ Taehyung ដែលឈរមួយកន្លែងយ៉ាងស្ងៀមស្ងាត់ ចំណែក Suhee ក៏មិនបានហាមព្រោះឃើញថាគេដូចជាមានអ្វីចង់និយាយជាមួយ Simon ទើបឱ្យពួកគេមានឱកាសនៅតែពីរនាក់។ « Simon យើងសុំទោស » សម្លេងធ្ងន់ខុសធម្មតារបស់ Tae ចូលមកបំបែកភាពស្ងប់ស្ងាត់និងតានតឹងរវាងគេនិង Simon ។ « យើងមិនបានខឹងឯងទេ ទៅវិញទៅ » « បើឯងអាចប្រាប់ពីហេតុផល- » « មិនមែនព្រោះតែឯងទេ អាចសប្បាយចិត្តបាន » « យើងមិនមែនចង់មានន័យបែបនេះទេ » រាងតូចប្រកែកព្រមទាំងដើរទៅជិតគ្រែតែក៏ត្រូវដេញម្តងទៀត។ « ទៅវិញទៅ យើងហត់ ចង់សម្រាក » ឃើញ Tae មិនតបទើបគេបន្ត « យើងពិតជាមិនបានខឹងឯងទេ » « បាន សម្រាកឱ្យស្រួលទៅ ស្អែកយើងនិងមកម្តងទៀត! » Simon បើកភ្នែកយឺតៗបន្ទាប់ពីសម្លេងបើកនិងបិទទ្វារបានកន្លងទៅបញ្ជាក់ថាអ្នកម្ខាងទៀតចេញទៅបាត់ហើយ។ គេសប្បាយចិត្តដែលបើកភ្នែកឡើងឃើញ Tae នៅទីនេះ តែក៏មិនរីករាយដែលគេនិង Kyosuke មិនបានស្លាប់ព្រមគ្នា ប៉ុន្តែបើគេស្លាប់បាត់ហើយមិនឃើញសូម្បីតែស្រមោលរបស់ Kyosuke ដូចអ្វីដែលគេបានស្រមៃមមើមមាយមុននឹងភ្ញាក់ដឹងខ្លួននោះ គេនឹងកាន់តែវាទនាចិត្តជាងនេះទៅទៀត បើជ្រុលជាមិនអាចស្លាប់ គេបានត្រឹមតែបន់ស្រន់ដល់ព្រះជាម្ចាស់ឱ្យប្រោស Kyosuke បានជាសះស្បើយដូចដើម សម្រាប់គេក្លាយទៅជាយ៉ាងម៉េចក៏មិនថ្វីដែរ។

You're FAKE [Complete]Where stories live. Discover now