ភាគបញ្ចប់

3.5K 319 96
                                    

       ក្រឹងៗ សម្លេងកណ្តឹងតូចៗដែលព្យួរក្រៅបង្អួចបញ្ចេញសម្លេងស្រាលៗពីរោះរណ្តំដូចតន្រ្តីពេលរាត្រីស្ងាត់ជ្រងំ  ពេលត្រូវខ្យល់បក់ល្ហៀកៗសម្លេងក៏កាន់តែស្រទន់ទៅតាមកម្លាំងខ្យល់ដូចគ្នា។ រាងកាយតូចស្តើងក្រោកអង្គុយសម្លឹងទៅក្រៅបង្អួចកញ្ចក់ មើលពីជាន់ទីពីរបែបនេះគឺអាចឃើញឆ្នេរសមុទ្រស្រាងៗតាមពន្លឺព្រះច័ន្ទ គេមិនអាចបិទភ្នែកលង់លក់ ព្រោះទាំងអារម្មណ៍រំភើបនិងព្រួយបារម្ភ កំពុងតាមយាយីខួរក្បាលរបស់នាយជាពន់ពេក។
       “គេងមិនលក់មែនទេ?” ប្រអប់ដៃមាំលើកមកដាក់លើភ្លៅតូចៗរបស់ Taehyung តាមដោយសំណួរស្រាលៗ។
       “គឺរំភើបពេក.... គេងមិនលក់..”
       Taehyung ញញឹមស្រស់ពេលឃើញ Jungkook ក្រោកអង្គុយហាក់ដូចមនុស្សមមើ មកឱបគេពីក្រោយ រង្វង់ដៃក៏ស្រាក់ជុំវិញចង្គេះគេជាប់ ចំណែកបបូរមាត់នៅមិនស្ងៀមថើបឈ្មុសឈ្មុលកញ្ចឹងកគេឥតឈប់។
       “បើរវល់តែរំភើបស្អែកស្លក់ភ្នែកលែងស្អាតហើយ”
       “មនុស្សមិនស្អាតស្រាប់ហើយ... មិនមែនមកពីភ្នែកស្លក់ទេ”
       រាងតូចលើកដៃវែកសក់ទៅចំហៀងសៀតនឹងត្រចៀក ខណៈ Jungkook ប្រើដៃទាំងពីរក្រសោបមុខគេថ្នមៗឲ្យបែរមករកខ្លួន ហើយងើយទៅបឺតជញ្ជក់បបូរមាត់មួយនោះ តាមចង្វាក់យឺតៗហើយទន់ភ្លន់ បណ្តាលឲ្យ Tae ស្លុងអារម្មណ៍បិទភ្នែកស្រឹមៗ ពេលអណ្តាតផ្អែមរបស់គូស្នេហ៍គ្រលាស់ប៉ះអណ្តាតរបស់ខ្លួន យូរៗម្តង Jungkook ខាំបបូរមាត់ Tae តិចៗរួមជាមួយដៃអង្អែលដើម ក និងថ្ពាល់ទន់រលោងរបស់គេ។
       “Tae ជាមនុស្សស្អាតបំផុតក្នុងកែវភ្នែករបស់បង”
       “ហៅខ្លួនឯងថាបងទៀតហើយ” រាងតូចសើចតិចៗពេលត្រូវអ្នកម្ខាងទៀតឱបជាប់នឹងទ្រូង។
       “ព្រោះបងចង់មើលថែអូន បងនឹងធ្វើជាមនុស្សចាស់ជាងគេ រឹងមាំជាងគេ ដើម្បីឲ្យអូនអាចពឹងផ្អែកនិងជ្រកក្រោមស្លាបរបស់បងជារៀងរហូត”
       សម្តីប៉ុន្មានម៉ាត់នេះហាក់ធ្វើឲ្យ Taehyung ជ្រួតជ្រាបពីអារម្មណ៍ដែល Jungkook ព្យាយាមរ៉ាប់រងមករហូត។ បុរសម្នាក់នេះបានផ្លាស់ប្តូរខ្លួនឯង រហូតក្លាយជាមនុស្សម្នាក់ផ្សេងទៀត ព្រោះគ្រាន់តែចង់បង្ហាញគូស្នេហ៍របស់ខ្លួនថា ខ្លួនរឹងមាំគ្រប់គ្រាន់នឹងអាចមើលថែគេបាន ជាងមួយឆ្នាំមកនេះ គេមិនធ្លាប់ស្តាយក្រោយឡើយដែលផ្តល់ឱកាសឲ្យ Jungkook ម្តងទៀត គេមានមោទនភាពចំពោះខ្លួនឯង ដែលជ្រើសយកក្តីស្រលាញ់ ជាជាងគំនុំសងសឹក និងភាពស្អប់ខ្ពើម។
       “ដូច្នេះបងត្រូវការពារអូនរហូតណា៎.... ឮទេ? ឲ្យអូនលាក់ខ្លួនក្នុងទ្រូងបងបែបនេះរហូតទៅ”
       “បាន... បងសន្យា!”
      
       ពេលព្រឹកឈានចូលមកដល់យ៉ាងឆាប់រហ័ស បន្ទាប់ពី Taehyung លង់លក់បានមួយសន្ទុះ។ រាងតូចរហ័សរហួនរត់ទៅបើកបង្អួចកញ្ចក់ មើលទៅខាងក្រោម Jungkook បាត់ទៅណាក៏មិនដឹង តែនៅខាងក្រោមស្ងប់ស្ងាត់ណាស់ មិនឮមានសម្លេងអ្វីក្អាកក្អាយឡើយ Tae រហ័សរត់ទៅបន្ទប់ទឹកសម្អាតខ្លួន ចំមែនហើយ Jungkook បាត់ទៅណាក៏មិនដឹង ដាស់មួយម៉ាត់ក៏គ្មាន គេប្រហែលជាគេងលង់យឺតយ៉ាវផងក៏មិនដឹង។
       Taehyung ងូតទឹកទាំងរអ៊ូរទាំក្នុងចិត្ត មួយសន្ទុះក្រោយមក ចេញពីក្នុងបន្ទប់ទឹក ក៏ឃើញ Jungkook អង្គុយចាំលើគ្រែជាមួយសម្លៀកបំពាក់ដែលរៀបចំឱ្យគេនៅលើគ្រែ ថែមជាមួយប្រអប់គ្រឿងសម្អាងតុបតែងមុខមួយប្រអប់ធំនៅមុខកញ្ចក់ផង ចំណែកកូនកម្លោះរៀបចំខ្លួនរួចជាស្រេច ញញឹមបិទមាត់មិនជិតដូចមនុស្សរោគចិត្ត។
       “សង្ហាណាស់!” Tae ភ្លាត់មាត់ញ៊ាំងឲ្យ Jungkook អស់សំណើចហើយក្រោកទៅចាប់គេឲ្យអង្គុយលើកៅអីមុខកញ្ចក់។
       “ទើបនឹងឃើញប្តីសង្ហាថ្ងៃនេះមែនទេ?”
       “ថ្ងៃមុនក៏សង្ហា តែថ្ងៃនេះសង្ហាខ្លាំង ឈុតពណ៌សសមនឹងបងមែនទែន”
       “បងថាវាសមនឹងអូនជាង.... ចាំបងរៀបចំខ្លួនឲ្យ..”
       ម្តងមួយៗ Jungkook រៀបចំខ្លួនឲ្យ Taehyung ដោយសម្រិតសម្រាំងខ្លាំងបំផុត ផ្តើមចេញពីការផ្លុំសក់ឲ្យស្ងួត ប្រើគ្រីមលាបមុខឲ្យមើលទៅស្រស់បស់ជាងមុន លាបឡេការពារកម្តៅថ្ងៃឲ្យ បន្ទាប់មកកៀបសក់ Tae រហូតមើលទៅស័ក្តិសមនឹងថ្ងៃពិសេសមួយនេះ ម្រាមដៃរឹងមាំផ្តិតក្រេមក្រហមស្រាលលើបបូរមាត់មនុស្សប្រុសជាទីស្រលាញ់តិចៗ រហូតដល់វាជាប់ដូចពណ៌ធម្មជាតិ រួចលើកកញ្ចក់បង្ហាញម្ចាស់ខ្លួនឲ្យបានឃើញ Tae ស្រស់ស្អាតជាងតារាស្រីមួយចំនួនទៅទៀត បើគេចូលចិត្តសិល្បះ ពឹងលើសមត្ថភាព ចរិតនិងរូបសម្រស់មួយនេះ គេអាចចូលផលិតកម្មធំៗមួយចំនួនបានដោយងាយ។ គ្រប់យ៉ាងរៀបចំរួចរាល់ចុងបញ្ចប់គឺសម្លៀកបំពាក់ឈុតពណ៌សក្បុស ដែល Jungkook ជួលអ្នកច្នៃម៉ូតល្បីៗឲ្យធ្វើដោយផ្ទាល់ដែលមានតែមួយឈុតប៉ុណ្ណោះលើលោក ដើម្បី Tae តែម្នាក់ ហើយវាក៏សមនឹងរូបរាងតូចស្រឡូនមួយនេះឥតខ្ចោះតែម្តង។
       “អូនមើលទៅដូចមនុស្សម្នាក់ផ្សេងទៀត”
       រាងតូចចាប់មុខខ្លួនឯងមើល តើមនុស្សក្នុងកញ្ចក់ពិតជាគេមែនឬ?
       “អត់ទេ! អូននៅតែជាអូន បងឃើញអូនស្រស់ស្អាតបែបនេះរាល់ថ្ងៃ”
       រាងក្រាស់ថើបថ្ងាស់ Tae ហើយទាញអាវធំរបស់គេឲ្យត្រង់ស្អាត ត្រូវកន្លែងឥតខ្ចោះ។
       តុក! តុក! តុក!
       ទ្វាររបើកនាំយករាងកាយ អ្នកស្រី Kim និងលោក យាយរបស់ Jungkook ចូលមក ខណៈម្ចាស់ខ្លួនដឹងយ៉ាងច្បាស់ថាម្ដាយកំពុងរវល់រៀបចំដេគ័រនៅខាងក្រោម មិនចេះចប់ ព្រោះចង់ឲ្យថ្ងៃពិសេសរបស់កូនប្រុស ដំណើរការទៅរលូនបំផុត  ពោពេញទៅដោយអនុស្សាវរីយ៍រីករាយនិងសុភមង្គល។
       “អ្នកម៉ាក់ លោកយាយ...!” Tae រត់ទៅជួយគ្រាហ៍ស្រ្តីចំណាស់ដែលជាលោកយាយក្មេកឲ្យអង្គុយលើគ្រែ ស្របពេលម្តាយក៏ដើរសម្តៅទៅរកកូនប្រសារប្រុសដែលកំពុងឱនក្បាលគោរពជាមួយប្រអប់ខ្សែកមួយខ្សែក្នុងដៃ។
       “ម៉ាក់គ្រាន់តែមកជួយមើលឲ្យប្រាកដថាពួកកូនត្រៀមខ្លួនរួចរាល់ ពិធីនឹងបានចាប់ផ្តើម”
       អ្នកស្រី Kim និយាយបណ្តើរដកខ្សែកបន្តោងគុជពណ៌ស្វាយល្អក់ក្នុងប្រអប់ចេញមកបណ្តើរ បន្ទាប់មកក៏ពាក់វាទៅលើកូនកម្លោះ ដែលហាក់ស្ទាក់ស្ទើរមិនចង់ហ៊ានទទួលយករបស់មានតម្លៃបែបនេះ ព្រោះវាប្រហែលជាបង្កប់មនោសញ្ចេតនាជ្រាលជ្រៅអ្វីម្យ៉ាងរបស់គ្រួសារ Kim ព្រោះឃើញ Taehyung ពាក់វាជាប់ខ្លួនរហូតគឺវាជាម៉ូតតែមួយ។
       “វាជាវត្ថុបញ្ចាំស្នេហ៍ដែលគ្រួសារ Kim យើងបន្តមកជាច្រើនជំនាន់ ម៉ាក់ចង់ឲ្យកូនសន្យាមុខខ្សែកមួយខ្សែនេះ ថា មិនថា Taehyung ធ្វើអ្វីខុស កូននឹងអត់ឱនឲ្យគេ បើគេសាងកំហុសមិនអាចលុបលាងបាន កូនត្រូវនាំគេមករកម្តាយគេវិញ ម៉ាក់នឹងដាក់ទោសគេឲ្យផ្ទាល់ដៃ តែម៉ាក់មិនអនុញ្ញាតឲ្យកូនវាយដំឬមើលងាយគេឡើយ Jungkook កូនអាចសន្យាជាមួយម៉ាក់រឿងនេះបានទេ?”
       “ខ្ញុំសន្យា.... ឃើញខ្សែកមួយនេះដូចបានឮពាក្យសន្យា ខ្ញុំគ្មានថ្ងៃធ្វើបាបផ្លូវកាយផ្លូវចិត្តរបស់ Taehyung ដាច់ខាត អ្នកម៉ាក់ទុកចិត្តចុះ”
       ឮពាក្យសន្យាក្បោះក្បាយ និងមានទំនុកចិត្តបែបនេះ អ្នកស្រី Kim ប្រែជារលីងរលោងទឹកភ្នែក អ្នកស្រីរីករាយណាស់ដែលនៅទីបំផុត កូនប្រុសតែម្នាក់គត់របស់គាត់អាចរកបានមនុស្សដែលអាចមើលថែនិងពឹងផ្អែកបានបែបនេះ បងសម្លាញ់! បងឃើញទេ? Taehyung របស់ពួកយើងធំធាត់ឡើងច្រើនណាស់ ហើយក៏ចាស់ទុំទៀតផង ចាប់ពីថ្ងៃនេះទៅ បងនៅកន្លែងដ៏សែនឆ្ងាយអាចស្ងប់ចិត្តឈប់បារម្ភពីពួកយើងបានហើយ។
       “ម៉ាក់ថាថ្ងៃនេះ លោកប៉ារបស់កូនច្បាស់ជាមានក្តីសុខណាស់ហើយ Taehyung...”
       ឮបែបនេះចេញមាត់ម្តាយរាងតូចអួលដើមកមួយរំពេច តែថ្ងៃនេះជាថ្ងៃពិសេសគេមិនចង់សម្រក់ទឹកភ្នែកឡើយ។
       “Tae...”
       លោកយាយរបស់ Jungkook ស្ថិតក្នុងឈុតតប្រពៃណី Hanbok របស់ជនជាតិកូរ៉េ គាត់មានមោទនភាពណាស់ដែលបានស្លៀកឈុតមួយនេះចូលរួមមង្គលការចៅប្រុសសំណព្វចិត្ត គ្មានអ្វីប្រសើរជាងបានឃើញស្នាមញញឹមរបស់ Jungkook ឡើយ នៅពេលគេបាត់បង់ស្នាមញញឹមកាលពីប៉ុន្មានឆ្នាំមុន គាត់គិតថាគាត់ប្រហែលជាមិនអាចឃើញគេញញឹមម្តងទៀតឡើយ គាត់ព្យាយាមរស់នៅដើម្បីទន្ទឹងរង់ចាំថ្ងៃមួយនេះ។
       “Taehyung... អរគុណចៅខ្លាំងណាស់ដែលបំពេញបំណងចុងក្រោយរបស់ស្រីចាស់ម្នាក់នេះ...” កងដៃគុជភ្លឺរលោងត្រូវសូកចូលកដៃរបស់កូនកម្លោះ ក្នុងឈុតពណ៌សដូចពពកលើមេឃ វាសមល្មមឥតខ្ចោះនិងទំហំដៃតូចៗរបស់ Tae “ចាប់ពីថ្ងៃនេះទៅ Jungkook ជារបស់ចៅហើយ សូមជួយថែរក្សាចៅប្រុសរបស់យាយផង...” លោកយាយឱនក្បាលចុះដាក់ក្មេងសក់ខ្មៅ ញ៊ាំងឲ្យគេរហ័សបញ្ឈប់គាត់ ហើយឲ្យគាត់អង្គុយឲ្យបានស្រួលលើគ្រែ វាគ្មានហេតុផលដែលគាត់ត្រូវបង្ហាញការគោរពដល់គេទេ គេទើបស័ក្តិសមនឹងធ្វើរឿងនេះ។
       “លោកយាយ... អរគុណខ្លាំងណាស់ដែលចិញ្ចឹមបីបាច់បុរសម្នាក់នេះរហូតដល់ធំធាត់ដឹងក្តី ហើយក៏អរគុណដែលនាំគេមករកខ្ញុំ ខ្ញុំនឹងរីករាយថែរក្សាគ្រប់តំណក់សាច់ឈាមរបស់គេរហូតទៅ”
       រាងតូចសម្លឹងមើលដៃជ្រាវជ្រួញរបស់ស្រ្តីចំណាស់ ដែលក្រសោបដៃទាំងគូរបស់គេយ៉ាងណែន គាត់ច្បាស់ជាស្រលាញ់ Jungkook ខ្លាំងណាស់ហើយ វាមើលទៅមិនដូចជាក្តីស្រលាញ់ កាលពីមុនពេល Jungkook និយាយថា Alianora មិនធ្លាប់ទុកគេជាសាច់ឈាម តែពេលនេះគាត់បែរជាវីវក់នៅខាងក្រោមឥតឈប់ដើម្បីប្រាកដចិត្តថាមង្គលការរបស់កូនប្រុស ត្រូវរៀបចំបានល្អឥតខ្ចោះ វាជាក្តីស្រលាញ់ដែលបង្ហាញចេញតាមកាយវិការ ជំនួសពាក្យពេចន៍។
       “កងដៃមួយនេះវាជាវត្ថុតែមួយគត់ដែលម្តាយក្មេករបស់យាយប្រគល់ឲ្យ... Alianora មិនធ្លាប់រៀបការដូច្នេះទើបគ្មានអ្នកស្នង... ថែរក្សាវាឲ្យបានល្អណា៎ Taehyung... យាយនឹងឈរមើលចៅទាំងពីរពីក្រោយរហូតទៅ” ក្មេងៗប្រែជាស្រក់ទឹកភ្នែក ជាពិសេស Jungkook គេមិនដឹងថាគួរធ្វើបែបណាក្នុងស្ថានភាពបែបនេះឡើយ ក្រៅពីឱនក្បាលផ្ទប់នឹងទ្រូងលោកយាយក្បែរ Taehyung ដែលយំសស្រាក់។
       “ស្រលាញ់ Tae ឲ្យច្រើនៗណា៎ Jungkook!”
       “...បាទ...លោកយាយ ...”
      
       ដេគ័រដ៏ស្រស់ស្អាតត្រូវរៀបចំឡើងយ៉ាងល្អិតល្អន់បំផុតជាមួយផ្កាស្រស់ចម្រុះពណ៌ តម្រៀបជួរគ្នាត្រៀបត្រាដេរដាស កម្រាលព្រំពណ៌ក្រហម ក្រាលឡើងលម្អដោយផ្កាសជុំវិញ  នៅលើដីខ្សាច់ មាត់សមុទ្រពណ៌សក្បុស។ Jungkook ឈរកាន់ផ្កាមួយបាច់លើឆាករង់ចាំគូស្នេហ៍ ដែលទើបនឹងត្រូវដឹកដៃមកដល់មុខកម្រាលព្រំក្រហមនោះ។ វាជាវិធីតូចសាមញ្ញ តែត្រូវរៀបចំល្អិតល្អន់ឥតខ្ចោះដោយដៃ Alianora និង Yelena ដោយផ្ទាល់ ពេលនេះនាងលែងស្ថិតនៅរង្វង់សិល្បះទៀតហើយ នាងគ្រាន់តែជាចាងវ៉ាងម្ចាស់ផលិកម្មធំមួយប៉ុណ្ណោះ ភ្ញៀវកិត្តិយសមានមិនច្រើនឡើយ មានតែគ្រួសារខាងប្រុស លោក Min និងភរិយា Yoongi និងមនុស្សម្នាក់ដែល Jungkook មិនធ្លាប់ស្គាល់ អះអាងថាជាអ្នកអង្គម្ចាស់ Park, Alianora និង Yelena ដែលមាន KangMo តាមមកជាមួយផង តែមិនឃើញគេនិយាយអ្វីឡើយ ក្រៅពីញ៊ាំបង្អែមហើយក៏អង្គុយស្ងៀម ញ៊ាំអស់ក៏ទៅដួសថែម ចំណែកខាង Taehyung គឺមានតែអ្នកស្រី Kim ម្តាយរបស់ Tae និងមិត្តភក្តិមួយចំនួនដែលឃើញច្បាស់ជាងគេគឺ Simon Chisun និង Annto ជាមួយក្រុមចម្រៀងរបស់ Chisun ពួកគេល្បីល្បាញណាស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។
       “កូនក្រមុំមកដល់ហើយ!”
       Chisun ចំអន់ធ្វើឲ្យគ្រប់គ្នាស្រែកហ៊ោ មុននឹងចាប់ផ្តើមប្រគំតន្ត្រីជាមួយចម្រៀងថ្មី ដែលគេសរសេរទុកសម្រាប់ថ្ងៃពិសេសរបស់មិត្តសម្លាញ់ជាយូរយារមកហើយនោះ បន្ទាប់ពី Taehyung និង Jungkook ត្រូវរ៉ូវគ្នា Fire Swan ក៏ជួបជុំគ្នាម្តងទៀត ដោយមានរឿងជាច្រើនមកពិភាក្សាគ្នា តែពួកគេក៏យល់ស្របនឹងការសម្រេចចិត្តរបស់ Tae ម្យ៉ាងក៏ឃើញផ្ទាល់ភ្នែកថា អតីត Leader របស់ Spycho បានកែប្រែមកជាកូនឆ្មាក្រោមក្រញាំក្ងានរបស់ Leader ពួកគេទៅហើយ។
       Tae បម្រុងបោះជំហានសម្តៅ Jungkook តែត្រូវ Simon ចាប់ដៃជាប់ ពេលឃើញទឹកមុខស្មើរបស់មិត្តសម្លាញ់ រាងតូចក៏ប្រែជាអស់សំណើច Simon ឲ្យ Tae កៀកដៃខ្លួនហើយដើរសម្តៅទៅរកកូនកម្លោះលើឆាក។
       “Taehyung ខ្ញុំតែងតែចង់ឃើញឯងរីករាយ... ហើយថ្ងៃនេះក៏ដូចគ្នាឯងត្រូវតែរីករាយ ត្រូវតែរីករាយនិងមានក្តីសុខជាងស្នេហាដំបូងដែលឯងបានបាត់បង់ទៅ”
       Taehyung ញញឹមលាយទឹកភ្នែករលីងរលោង ពេលនឹកឃើញដល់អតីតកាល គេសង្ឃឹមថា Hoseok កំពុងនៅកន្លែងណាមួយ រីករាយនឹងការសម្រេចចិត្តរបស់គេ។
       “Hoseok ស្នេហាដំបូងរបស់អូន.... ថ្ងៃអូនរៀបការហើយ... ជាមួយមនុស្សប្រុសដែលស្រលាញ់អូនបំផុត អូនក៏ស្រលាញ់គេខ្លាំងបំផុត... គេដូចបងណាស់ ដឹងទេ? បើរឿងអាក្រក់បែបនោះកើតឡើងលើអូនម្តងទៀត អូនជឿថាប្រុសម្នាក់នេះនឹងជួយសង្គ្រោះអូន ដូចបងបានធ្វើដោយមិនរារែកចិត្ត... អរគុណបងដែលក្លាយជាស្នេហ៍ដំបូងរបស់អូន អូនភ្លេចបាត់ទៅហើយ ថាបងចាកចេញធ្វើឲ្យអូនឈឺចាប់ប៉ុណ្ណា អូនចងចាំតែរឿងល្អៗដែលពួកយើងធ្លាប់សាងរួមគ្នាប៉ុណ្ណោះ”
       ដើរគិតភ្លេចខ្លួន Tae ក៏មកឈរចំពោះមុខ Jungkook តែម្តង ហុចដៃ Taehyung ឲ្យ Jungkook Simon មិនបានរារែកនឹងជឿជាក់លើ Jungkook ទោះពេលនេះគេលែងមានមនោសញ្ចេតនាស្នេហាចំពោះ Taehyung តែយ៉ាងណាក៏ពួកគេជាមិត្តសម្លាញ់ដដែល។
       “កុំធ្វើឱ្យ Taehyung ស្រក់ទឹកភ្នែកឲ្យសោះ”
       “ឯងក៏ដូចគ្នាSimon!” Jungkook គ្រហឹមដូចខ្លាដាក់ Simon វិញ ដោយរំលឹកគេថាខ្លួនក៏ជាមិត្តរបស់ Riv ដូចគ្នា។
       “ខ្ញុំចេះមើលថែប្រពន្ធរបស់ខ្ញុំហើយ”
       និយាយចប់ងាកមុខចុះពីឆាក Simon សម្លឹងមើល Riv ដែលកំពុងកាន់ដៃកូនប្រុសរត់តាមញ៊ាំបង្អែម ដែលរៀបចំតាមលើតុជាជួរៗ ការពារស្នេហាមួយនេះឬ? ម្តងនេះ Riv កុំសង្ឃឹមថាអាចបោះជំហានចេញពីគេម្តងទៀតឲ្យសោះ កុំសូម្បីតែគិត។
       បន្ទាប់ពីពិធីសន្យារបស់លោកអាចារ្យបានបញ្ចប់ Tae ឈរសម្លឹងបាច់ផ្កាក្នុងដៃ វាស្រស់ស្អាតខ្លាំងណាស់ គេមិនចង់ឲ្យវាស្រពោនសោះ ក៏មិនចង់បោះវាឲ្យអ្នកដ៏ទៃ
       “Tae!”
       “ហឹម!?”
       រាងតូចបើកភ្នែកធំៗ ពេល Jungkook ស្រាប់តែថើបមាត់គេលើឆាក គ្រប់គ្នាទះដៃហ៊ោលាន់គួរឲ្យខ្មាសណាស់ វាស្ទើរតែដាច់ដង្ហើមទម្រាំ Jungkook ព្រមលែង។ រាងក្រាស់ញញឹមស្ញេញរហូត ធ្មេញទន្សាយធ្វើឱ្យគេគួរឲ្យស្រឡាញ់ខ្លាំងបំផុត ឃើញ Tae កាន់បាច់ផ្កាជាប់រហូតទើប Jungkook អូសដៃគេចុះក្រោមដោយរំលងពិធីបោះផ្កាមកញ៊ាំអាហារជុំគ្នាតែម្តង។
       “បងដឹងថាអូនចូលចិត្តវា បងនឹងរក្សាវាទុកឲ្យបានយូរបំផុត រហូតដល់ធម្មជាតិរបស់ផ្កាស្លាប់”
       នាយកម្លោះដកផ្កាកុឡាបពណ៌សមួយទងពីបាច់ មកសៀតត្រចៀកឲ្យគូស្នេហ៍ គេមិនដឹងថាគួរនិយាយអ្វីឡើយគេរីករាយខ្លាំងណាស់។
       “អញ្ចឹងយើងធ្វើវាជាផ្កាក្រៀមតាំងនៅបន្ទប់គេង ល្អទេ?”
       “ប្រាកដណាស់!” Jungkook សើចកក្អឹកក៏ងាកទៅឃើញ Riv ដើរចូលមក។
       “ល្បងរៀបការហើយ នៅហ៊ានលួចមានស្រីទៀតទេ?”
       “បងមានគម្រោងលួចមានស្រីនៅខាងក្រៅឬ?” Taehyung។
       “អត់ទេ! Riv វាចេះតែថាហ្នឹង!” Jungkook ប្រកែកញ័រមាត់ញ៊ាំងឲ្យ Kyosuke សើច ព្រោះមិននឹកស្មានថាគេបញ្ចេញប្រតិកម្មដល់ថ្នាក់នេះ។
       “រីករាយណា៎ដែលល្បងរៀបការ ជូនពរឲ្យមានសុភមង្គលស្រលាញ់គ្នាដល់ចាស់សក់ស្កូវ”
       “Riv! បើ Simon ធ្វើអីឆ្គួតឡប់ដាក់ឯងទៀតខ្ញុំនឹងទាត់គេឲ្យឯង”
       “ហាស៎ហា”
       Kyosukeសើចងាកទៅមើលមនុស្សដែល Taehyung ប៉ងទាត់ កំពុងលេងជាមួយកូនប្រុសរបស់គេ ថែមទាំងឲ្យអាល្អិតនោះជិះកដើរទៅលេងទឹកសមុទ្រផង “ខ្ញុំយល់ថាម្តងនេះ ពួកយើងនឹងធ្វើបានល្អជាងមុន” បញ្ចប់ប្រយោគដោយស្នាមញញឹម ស្នេហាដែលផ្តើមពីមិត្ត បន្ទាប់មកជាសត្រូវ តែត្រូវបញ្ចប់ដោយមានៈទទួលយកគ្នាជាថ្មី គេមានមោទនភាពចំពោះជម្រើសមួយនេះណាស់។
       “សួ-សួស្តី! ថ្ងៃណាមួយខ្ញុំនឹងរៀបការបែបនេះដែរ... អត់ទេ! ខ្ញុំនឹងរៀបការឆាប់ៗនេះកុំភ្លេចទៅចូលរួមផង”
       Jimin រត់ពីណាក៏មិនដឹងអូសដៃ Yoongi មករកម្ចាស់កម្មវិធី ហើយអញ្ជើញពួកគេឲ្យចូលរួមមង្គលការខ្លួនតែម្តង ទាំងដែលមិនធ្លាប់ជួបគ្នាពីមុនមកសោះ។
       “នរ-នរណា?”
       “គឺអ្នកអង្គម្ចាស់ដែលបងធ្លាប់ប្រាប់”
       Yoongi ល្វីងមុខព្រោះត្រូវ Jimin រំអុកថាចង់រៀបការ តាំងពីឮថាប្អូនប្រុសរបស់គេរៀបការដំបូងមកម្លេះ ថាមិនចង់នាំទ្រង់មកនិយាយប៉ប៉ាច់ប៉ប៉ោច តែមិនដាច់ចិត្តឲ្យនៅតែម្នាក់ឯង ឥឡូវដើរនិយាយផ្តេសផ្តាសទាល់តែបាន “យ៉ាងណាក៏រីករាយផងណា Jungkook..... បងច្រណែនឯងណាស់”
       “បងប្រយ័ត្នជាប់គុក”
       រាងក្រាស់ខ្សឹបតិចៗព្រោះឃើញថា Jimin ដូចមិនទាន់គ្រប់អាយុ ទ្រង់ក្មេងខ្លាំងមែនទែនតែប្រហែលដោយសារមុខរបស់ទ្រង់ក្មេងប៉ុណ្ណោះ។
       “មិនមែនដូចដែលឯងគិតទេ!”
       ប្រកែកញាប់មាត់ Yoongi រហ័សនាំ Jimin ទៅដើរលេងតែក្មេងម្នាក់នេះមិនចេះស្តាប់បង្គាប់ទាល់តែសោះ។
       “នាំខ្ញុំចេញមកវិញធ្វើអី? មិនងាយបានជួបប្អូនថ្លៃទេ មើលចុះគេថើបគ្នាលើឆាក បងមិនដែលផ្អែមល្ហែមដាក់ខ្ញុំអញ្ចឹងទេ” អ្នកអង្គម្ចាស់រអ៊ូរទាំទាំងដៃឆ្កឹះដីខ្សាច់ចេញពីស្បែកជើងហើយដាក់គូទអង្គុយចុះលើដីតែម្តងខណៈអ្នកម្ខាងទៀតរកពាក្យអ្វីមកតបតមិនឃើញ។
       “មានសង្សារបែបនេះ ចង់តែលោតទឹកឲ្យស្លាប់ទេ ព្រះអើយ...” Jimin ស្រែកខ្លាំងៗមិនក្រែងចិត្ត Yoongi អីបន្តិច។
      
       ត្រឡប់មកមើលគូរស្នេហ៍ដែលទើបនឹងសាងគ្រួសារថ្មីនេះវិញនៅបន្តនិយាយលេងជាមួយមិត្តភក្តិយ៉ាងយូរ ក្រោយមកទើបដឹងថា Annto ត្រៀមនឹងសុំមិត្តស្រីរៀបការ ចំណែក Chisun ក៏នៅម្នាក់ឯងដូចដើម ដោយយកលេសថាចង់នៅក្បែរតន្ត្រីឲ្យបានច្រើន តែទឹកមុខប្រៀបដូចមនុស្សខកស្នេហ៍។
       “Jungkook...”
       លោក Min ស្ងាត់ៗលួចមកជួបកូនប្រុស ខណៈគេរៀបនឹងដើរគេចទៅឆ្នេរខាងក្រៅតែពីរអ្នក Taehyung គាត់នៅមានពាក្យជាច្រើនដែលចង់និយាយ។
       “អរគុណដែលចូលរួមពិធីមង្គលការរបស់ពួកយើង” ទាំងពីរអ្នកឱនក្បាលចុះយ៉ាងមានសុជីវធម៌។
       “ឯងមានៈធ្វើរឿងនេះ ដូច្នេះប៉ាសង្ឃឹមថាឯងនឹងរីករាយ”
       “និយាយតាមត្រង់ខ្ញុំមិនសង្ឃឹមថាលោកប៉ានឹងមកទេ”
       “ប៉ាទម្លាក់នាមជាមន្ត្រី ដើម្បីមកទីនេះក្នុងនាមជាឪពុកបើកាលពីមុនប៉ាអសមត្ថភាព ឲ្យប៉ាសុំទោស... ប៉ាគ្រាន់តែពូកែគ្រប់គ្រងប្រទេស តែមិនមានទេពកោសល្យជាមេគ្រួសារ” បុរសចំណាស់ពោលទាំងទះស្មាកូនប្រុសតិចៗ។
       “លោកប៉ានិយាយបែបនេះខ្ញុំអាម៉ាសមុខណាស់” Jungkook ធ្វើមុខហាក់ដូចឪពុកនិយាយអ្វីដែលមិនគួរនិយាយ ធ្វើឲ្យគាត់ខ្មាសហើយប្រញាប់ដើរចេញ បណ្តាលឲ្យ Taehyung ផ្ទុះសំណើច។
       “Jungkook ធ្វើអីហ្នឹង? លោកប៉ាខូចចិត្តស្លាប់ហើយ គាត់គ្រាន់តែមកផ្សះផ្សាទំនាក់ទំនងឪពុកកូនប៉ុណ្ណោះ....”
       “គាត់និយាយប្លែកៗ មិនដូចជាគាត់ទាល់តែសោះ” រាងក្រាស់និយាយស្រាលៗដូចមិនចង់មានន័យបែបនោះ “អ្នកម៉ាក់ប្រាប់ថាសុំឱ្យមានសុភមង្គល បង Yelena និយាយថាកុំភ្លេចឧស្សាហ៍ទៅលេងក្រុមហ៊ុនផង” នាយរៀបរាប់ម្តងមួយៗ។
       “KangMo និយាយថាគេចំណាយពេលមកព្រោះចង់ញ៊ាំនំនិងបង្អែមប៉ុណ្ណោះ” Taehyung និយាយបន្តពី Jungkook ទាំងនឹកឃើញសភាពធ្លាក់ភ្នែកងងុយគេងរបស់ KangMo បន្ទាប់ពីញ៊ាំនំឆ្អែត ឆ្ងល់ណាស់ថាគេអាយុ 25-26ឆ្នាំពិតឬអត់ គេដូចជាក្មេង2-3ឆ្នាំមិនខុសទេ។
       “ចាំបងបញ្ច្រកគេឲ្យធាត់ដូចជ្រូកតែម្តង” Jungkook
       “បងថាគេនឹងទៅរក Yuki ទេ? អូនអាណិត Yuki ណាស់” រាងតូចសម្លឹងមើលរលកសមុទ្រដែលជោរមកដល់ជើងទទេរបស់គេ។
       “នរណាទៅដឹងទៅ? KangMo ចូលចិត្តធ្វើរឿងពិបាកស្មានណាស់ ពេលខ្លះគេដូចជាមនុស្សយន្ត គ្រាន់តែចរិតស្មោះត្រង់បន្តិច តែនរណាទៅខ្វល់ពីគេនោះ? សំខាន់ពេលនេះពួកយើងនៅជាមួយគ្នា”
       Jungkook ងាករកគូស្នេហ៍ហើយស្រាក់ដៃចូលម្រាមដៃគេ មុននឹងឲ្យមុខទៅផ្អឹបថ្ងាសជាប់ថ្ងាសគេ ក្រោយមកក៏ឮសម្លេង Tae ពោលស្រាលៗហាក់រអ៊ូរទាំ។
       “Jungkook! អូនមិនបានយល់សប្តិទេ ត្រូវទេ?”
       “អត់ទេ! ស្តាប់ឲ្យច្បាស់ឲ្យចងចាំពាក្យមួយឃ្លានេះណា៎ Taehyung... បងស្រឡាញ់អូនខ្លាំងណាស់!”
       “អូនក៏ដូចគ្នា... អូនស្រលាញ់បងណាស់ Jungkook!”
      
       មិនខ្វល់ថាអតីតកាលនិងអនាគតទៅជាយ៉ាងណា តែអូនស្រលាញ់បងនៅពេលនេះ ស្រឡាញ់បងដែលកំពុងនៅចំពោះមុខអូន។
       អរគុណដែលអូនព្រមទទួលយកបងនៅថ្ងៃនេះ ទទួលយកទាំងភាពវិជ្ជមាននិងអវិជ្ជមានរបស់បង។
       សុំឲ្យស្នេហាយើងដូចព្រះអាទិត្យ មិនថាលិចបាត់ប៉ុន្មានដង ក៏នៅតែរះឡើងវិញជានិច្ច ពួកយើងនឹងនៅក្បែរគ្នាជារៀងរហូត រហូតដល់សេចក្តីស្លាប់មកបំបែក យើងនឹងបន្តរង់ចាំគ្នានៅត្រើយម្ខាង... សន្យា!!! កាន់ដៃគ្នារហូតដល់គ្រប់យ៉ាងដល់ទីបញ្ចប់!!!

ចប់ដោយបរិបូរណ៍!

You're FAKE [Complete]Where stories live. Discover now