ភាគទី 45

2.7K 185 0
                                    

       « ដោយសារវាវៀចខូចទម្រង់ខ្លាំងពេក ត្រូវការពេលយូរនិងដាក់ការផ្ចិតផ្ចង់ខ្លាំងទម្រាំបានដូចដើមបែបនេះ ដូច្នេះតម្លៃរបស់វារាងខ្ពស់បន្តិចហើយ » ម្ចាស់ស្រីក្នុងហាងគ្រឿងអលង្ការនិយាយទាំងអឹមអៀនចំពោះរឿងតម្លៃចិញ្ចៀន ព្រោះវារៀងថ្លៃបន្តិចមែន តែរូបរាងគឺស្ទើរតែដូចដើម 100% វាក៏ស័ក្តិសមនឹងតម្លៃដែរ។
       « មិនអីទេ »
       Simon បង់ប្រាក់ហើយយកទទួលយកចិញ្ចៀនមកពាក់លើម្រាមនាងដៃដូចដើមវិញ ឱ្យតែអាចរក្សារូបរាងដើមរបស់ចិញ្ចៀនមួយវង់នេះបាន ទោះត្រូវចំណាយប្រាក់ច្រើនជាងតម្លៃដើមរបស់វាដប់ដង ក៏គេមិនរុញរាដែរ។
       « ជាចិញ្ចៀនមិត្តស្រីជូនមែនទេអ្នកកម្លោះ? » ស្ត្រីវ័យកណ្តាលសួរទាំងញញឹម ព្រោះឃើញថាគេស្រឡាញ់ចិញ្ចៀនមួយវង់នេះណាស់ ចាំបានថាពេលយកមកឱ្យគាត់កាលពីថ្ងៃទឹកមុខមិនសូវស្រស់ដូចពេលនេះនោះទេ។
       « អ... » រាងក្រាស់សម្លឹងមើលចិញ្ចៀនលើម្រាមដៃជាមួយទឹកមុខស្មើ គេក៏មិនដឹងថាខ្លួនឯងនិងម្ចាស់ចិញ្ចៀនមានទំនាក់ទំនងអ្វីដូចគ្នា « អត់ទេ ខ្ញុំគ្មានមិត្តស្រីទេ មនុស្សម្នាក់បានឱ្យវាមកខ្ញុំកាលពីក្មេង »
       « ជាមនុស្សសំខាន់ ត្រូវទេ? »
       « .... ប្រហែលហើយ... ខ្ញុំលាទៅវិញហើយអ្នកមីង » រាងក្រាស់ញញឹមសោះកក្រោះមុននឹងលាម្ចាស់ហាងត្រឡប់ទៅវិញ។
       « អរគុណ កុំភ្លេចមកម្តងទៀតណា៎ »
       « បាទ! »
       Simon អោនក្បាលបន្តិចជាការគួរសម ហើយដើរចេញទៅក្រៅក្នុងដំណើរមួយៗមិនប្រញាប់ តាមផ្លូវធំដែលមានមនុស្សឆ្លងកាត់ឥតដាច់តាំងពីព្រឹកទល់យប់ ទើបនឹកឃើញថាគេដូចជាខានចេញមកក្រៅដើរលេងពេលយប់បែបនេះយូរដែរហើយ ចាប់តាំងពី Taehyung ទាក់ទង Jungkook គេក៏គ្មានអារម្មណ៍រីករាយនឹងអាចចេញមកដើរលេងដូចពីមុន។
       « មើលប្រុសម្នាក់នោះទៅ គេអង្គុយយំនៅត្រង់នោះយូរហើយ »
       « ពួកយើងចូលទៅសួរល្អទេ? »
       « មើលទៅគេដូចជាកំពុងកើតទុកធំជាងភ្នំទៅទៀត »
       « យើងមិនស្គាល់គេផង ចូលទៅធ្វើអី? »
       អ្នកដំណើរដែលឈរស្ងៀមសម្លឹងមើលក្មេងប្រុសជំទង់ម្នាក់អង្គុយអោបជង្គង់អោនមុខយំនៅកណ្តាលផ្លូវថ្មើរជើងទាំងមិនខ្វល់ពីអ្វីៗជុំវិញខ្លួន នាំគ្នាឈរជុំគ្នាជាក្រុម ខ្លះពីរនាក់ ខ្លះបីនាក់ និយាយខ្សឹបខ្សាវគ្នាវិភាគស្មានពីបញ្ហាដែលធ្វើឱ្យមនុស្សប្រុសដែលមើលទៅរឹងមាំម្នាក់ត្រូវមកអង្គុយយំលែងខ្មាសគេបែបនេះ។
       Simon ដើរយឺតៗទៅក្បែរអ្នកដែលកំពុងយំ កាតាបមួយនេះគេចាំច្បាស់ណាស់ថាជារបស់នរណា តែហេតុអ្វីគេមកយំម្នាក់ឯងបែបនេះ?
       « T-Tae....! » រាងក្រាស់ហៅឈ្មោះធ្វើឱ្យអ្នកម្ខាងទៀតងើបមុខឡើងទាំងទឹកភ្នែកជោគថ្ពាល់។
       « ហ៊ឹក..ហ៊ឹក.. Simon! » Tae ហក់ទៅអោបរាងកាយកក់ក្តៅមួយនោះយ៉ាងណែនពេលគេអោនលុតជង្គង់ម្ខាងចុះ។ នៅតែជា Simon ដែលបង្ហាញខ្លួនស្ទើរតែគ្រប់ពេលគេមានបញ្ហា ប្រុសម្នាក់នេះតែងតែចូលមកត្រូវកាលៈទេសៈជានិច្ច។
       « មានរឿងអី? » រាងសង្ហាអង្អែលខ្នងមិត្តភក្តិថ្នមៗ តែគេមិននិយាយគ្រាន់តែគ្រវីក្បាល។
       « មិនអីទេ យើងចេញពីទីនេះសិនទៅ » Simon បែរខ្នង ទាញដៃ Tae មកអោបកគេហើយអៀវរាងកាយស្រាលស្ញើកនោះដើរយឺតៗត្រឡប់ទៅផ្ទះវិញ។
      
       « ឈប់យំហើយមែនទេ? » រាងក្រាស់សួរតិចៗពេលស្ងាត់សម្លេងយំរបស់អ្នកខាងក្រោយ សល់តែសម្លេងសសឹកនិងដកដង្ហើមវែងៗ។
       « បើឯងហត់ដាក់យើងចុះទៅ យើងអាចដើរខ្លួនឯងបាន »
       « យើងមិនអីទេ ឯងស្រាលដូចសំឡី អៀវដើរពេញមួយយប់ក៏មិនហត់ដែរ »
       « ... »
       Taehyung ជូតទឹកភ្នែកចេញបន្ទាប់ពីយំរហូតមានអារម្មណ៍ថាឆ្អែតឆ្អន់ទឹកភ្នែកក៏ខ្សោះអស់ពីខ្លួនរលីង មុននេះគេសម្រក់ទឹកភ្នែកច្រើនពេក ច្រើនរហូតដល់ផ្នែកខាងក្នុងស្រែកប្រាប់ថាលែងមានទឹកភ្នែកនៅសេសសល់ហើយ គួរតែសម្រាកយំខ្លះ ព្រោះផ្នែកខាងក្នុងត្រូវការពេលដើម្បីផលិតទឹកភ្នែកថ្មីទៀត។ Taehyung ស្ងាត់មាត់ហើយផ្អែកក្បាលទៅលើស្មារបស់ Simon ពីខាងក្រោយ។ មិននឹកស្មានថាមនុស្សប្រុសមាត់ដាចឈាមត្រជាក់ដូចជា Simon មានស្មានិងខ្នងដ៏កក់ក្តៅបែបនេះនោះទេ នេះប្រហែលជាអាចហៅបានថា សុភាពបុរសលាក់មុខ ឬក៏ ទន្សាយក្នុងរូបរាងចចក គេមើលទៅត្រជាក់គ្រប់ពេលវេលា តែខាងក្នុងគឺកក់ក្តៅខ្លាំងណាស់។
       « ប្រាប់បានទេថាមានរឿងអី? »
       « ឯងពិតជាចង់ដឹងមែនអ្ហេស? » Tae សួរបញ្ជាក់មុននឹងត្រូវអ្នកម្នខាងទៀតស្ទួនសំណួរ។
       « ឆាប់ប្រាប់មកថាមានរឿងអី »
       « Simon បើនៅសុខៗមនុស្សដែលឯងស្រឡាញ់ស្រាប់តែប្រែចិត្តទៅស្រឡាញ់អ្នកផ្សេងដែលមិនមែនជាឯង ឯងមានអារម្មណ៍បែបណា? »
       សំណួររបស់គេដូចជាចាក់ដោត យកអំបិលទៅរោយលើមុខរបួសធ្វើឱ្យវាឈឺផ្សាឡើង។ Simon សម្លឹងមើលផ្លូវទាំងខួរក្បាលកំពុងគិតពីសំណួរដែលគ្មានចម្លើយមួយនោះ កំពុងសួរថាគេធ្វើបែបណាបើមនុស្សដែលគេស្រឡាញ់បានជួបមនុស្សដែលគេត្រូវចិត្ត បែបនេះមែនទេ? ចម្លើយមិនពិបាកនោះទេ គឺធ្វើដូចអ្វីដែលគេកំពុងធ្វើនៅពេលនេះ។
       « ចុះឯង? ឯងគិតថាយើងមានអារម្មណ៍បែបណា? »
       « យើងសួរឯងណា៎ កុំសួរបកមកយើងវិញ » រាងតូចនិយាយដូចមិនបើកផ្លូវឱ្យអ្នកម្ខាងទៀតគេចទើបគេត្រូវតែឆ្លើយ។
       « បើគេយល់ស្រឡាញ់អ្នកផ្សេងហើយមានក្តីសុខ យើងនឹងចាំជួយគេពីក្រោយខ្នងរហូតទៅ ស្នេហាមិនបានកើតឡើងតែម្ខាងទេ Taehyung ឯងក៏ដឹង »
       « មែនហើយ តែចុះបើឯងស្រឡាញ់គេរហូតខ្វះមិនបាន ហើយស្រាប់តែដឹងថាមនុស្សដែលគេស្រឡាញ់នឹងបោកប្រាស់គេវិញនោះ? »
       « យើងនឹងធ្វើគ្រប់យ៉ាងដើម្បីដណ្តើមគេមកវិញ »
       « ត្រូវហើយ ឯងគួរតែធ្វើបែបនេះ » Tae ងក់ក្បាលតិចៗ ឬក៏ដល់ពេលហើយដែលគេត្រូវប្រឈមមុខនឹងការពិតហើយក្លាហានហ៊ានសួររកហេតុផលពី Jungkook?
       ទាំងពីរនាក់ស្ងាត់មាត់មិននិយាយស្តីរហូតដល់ Simon ដើរមកដល់ផ្ទះ Tae ហើយដាក់គេចុះពីលើខ្នង មុននឹងនិយាយអ្វីដែលគេកំពុងគិតចេញមក។
       « ឯងកំពុងប្រាប់យើងថាអាចង្រៃម្នាក់នោះក្បត់ឯងមែនទេ? »
       « Simon ឯងអាចលាក់រឿងយប់នេះកុំឱ្យអ្នកផ្សេងដឹងបានទេ? សូម្បីតែ Chisun និង Annto »
       « យើងកំពុងតែសួរឯង- »
       « ពិតមែន! គេកំពុងត្រូវ Charlotte ពង្វក់ហើយ » Tae និយាយកាត់សម្តី Simon ធ្វើឱ្យគេបង្ហាញទឹកមុខមិនប្រក្រតីចេញមក។
       « យើងនឹងសម្លាប់វាទាំងពីរនាក់ចោល » រាងក្រាស់ក្តាប់ដៃបម្រុងដើរចេញតែត្រូវអ្នកម្ខាងទៀតអោបដៃជាប់ព្រមទាំងអង្វរញ័រមាត់។
       « យើងមិនអីទេ Simon កុំធ្វើបែបនេះអី »
       « តែវាក្បត់ឯង បើយើងមិនអាចការពារឯងបាន យើងមានមុខឯណាទៅជួបល្បងធំ? »
       Simon ស្រែកគំហកពេលឃើញកាយវិការល្ងីល្ងើស្ទើរឆ្គួតរបស់ Taehyung តាមពិតគេគួរតែតាមដាន Jungkook តាំងពីដំបូង តែគេបែរជាធ្វេសប្រហែស ពេលឃើញសភាពរបស់ Taehyung នៅពេលនេះ ធ្វើឱ្យគេកាន់តែបន្ទោសខ្លួនឯងខ្លាំងឡើងទ្វេដង។
       « ឯងត្រូវតែជឿយើង »
       « ជឿជាក់ឯង? យើងជឿឯងរហូតដល់ឯងស្ទើរតែក្លាយជាមនុស្សបាត់បង់សតិឆ្គួតចិត្តស្លាប់ទៅហើយ ឯងចង់ឱ្យយើងជឿអីទៀត? »
       « Simon! » Taehyung កាន់ដៃទាំងគូរបស់ Simon ឡើងដើម្បីអង្វរគេ « កុំធ្វើអ្វីផ្តេសផ្តាស ទុកពេលឱ្យយើងទ្រាំរហូតដល់អស់ចិត្តសិនទៅ អស់ចិត្តពេលណាយើងនឹងចាកចេញដោយខ្លួនឯង ឯងនឹងជឿយើងត្រូវទេ? »
       « ... » Simon មិនតប ព្រោះមិនដឹងថាគួរនិយាយអ្វីឱ្យសមនឹងចិត្តខឹងពេលនេះ។
       « Simon យើងសុំណា៎! » រាងតូចព្យាយាមអង្វរទាំងទឹកភ្នែកបន្តស្រក់ចុះម្តងទៀត គេចង់បន្តទ្រាំ ទ្រាំរហូតដល់អស់ចិត្ត ព្រោះនៅពេលដែលគេអស់ចិត្តឬឆ្អែតឆ្អន់នៅពេលណា គេនឹងអាចបញ្ជាខ្លួនឯងឱ្យដើរចេញដោយមិនងាកក្រោយ។
       « ... »
       « បាន! » Simon ឆ្លើយត្រឹមតែមួយម៉ាត់បន្ទាប់ពីស្ងាត់មាត់មួយរយៈ មុននឹងលើកដៃជូតទឹកភ្នែកឱ្យអ្នកម្ខាងទៀតថ្នមៗ ក្រោយមកក៏ទាញគេទៅអោប។
       « មិនថាឯងចង់ធ្វើអ្វីទេ ត្រូវចាំថាយើងនៅខាងឯងជានិច្ច បើថ្ងៃណាមួយឯងហត់ ឯងអាចសម្រាកលើស្មាយើងបាន មានកម្លាំងពេលណាចាំបន្តដើរទៅមុខទៀត ហើយបើថ្ងៃណាមួយទឹកភ្នែកឯងស្រក់គ្មានអ្នកជូត យើងនឹងនៅត្រង់នេះចាំជូតទឹកភ្នែកនិងកំដរឯងយំ »
       « អឺមម » Tae ញញឹមទាំងអួលដើមកហើយអោប Simon មួយសន្ទុះរហូតដល់មានអារម្មណ៍ថាធូរទើបព្រលែងដៃហើយដើរចូលទៅក្នុងផ្ទះ។
       Simon ឈរចាំរហូត Taehyung ចូលដល់ក្នុងផ្ទះ ទើបគេដើរបកត្រឡប់ទៅផ្ទះវិញ តែគេមិនទ្រាំអោបដៃឈរមើលនរណាម្នាក់ធ្វើឱ្យ Tae ឈឺចាប់នោះទេ សូម្បីតែល្បងធំរបស់គេក៏ស្រឡាញ់ថ្នាក់ថ្នមចាត់ទុក Tae ដូចកែវភ្នែក ចុះអាចង្រៃនោះជានរណាទើបហ៊ានដល់ថ្នាក់នេះ?
      
       ថ្ងៃបន្ទាប់...
       សិស្សដែលនៅសេសសល់ក្នុងថ្នាក់ដូចជាស្ងប់ស្ងាត់ចម្លែកបន្ទាប់ពីមួយចំនួនទៀតនាំគ្នាចេញទៅក្រៅអស់ព្រោះនេះដល់ម៉ោងសម្រាកទៅហើយ។
       Simon អង្គុយបឺតបារីបង្ហុយក្នុងថ្នាក់ធ្វើព្រងើយ ប្រៀបដូចបទបញ្ជាក្នុងសាលាគ្មានប្រសិទ្ធភាពមកលើគេទាល់តែសោះ ចំណែក Annto ត្រូវគេចទៅម្ខាងព្រោះក្នុងមួយជីវិតនេះគេស្អប់ក្លិនបារីបំផុតហើយ ទើបសុខចិត្តគេចទៅរក Chisun ដែលកំពុងកេះហ្គីតាតែម្នាក់ឯងនៅជិតបង្អួច។
       មិនខុសគ្នាពីអ្នកដទៃទៀត Taehyung អង្គុយដាក់កាសស្តាប់ចម្រៀងយ៉ាងស្ងប់ស្ងប់នៅក្បែរ Jungkook ដែលអង្គុយធ្មឹងប្រៀបដូចជាកំពុងតានតឹងក្នុងចិត្តរកអ្វីមកបរិយាយមិនត្រូវ។ រាងក្រាស់បង្វិលប៊ិចក្នុងដៃទៅមកខណៈកំពុងគិតថាគួរធ្វើអ្វីបន្ត កាលពីយប់គេឈរមើល Taehyung ពីចម្ងាយរហូតបន្ទាប់ពីរៀបគម្រោងបញ្ឈឺចិត្តគេដោយថើបមាត់គ្នាជាមួយ Charlotte ហើយ តែពេលឃើញ Simon ចូលទៅលួងលោម Tae ធ្វើឱ្យគេមានកូនចិត្តមួយគិតថា Tae អាចនឹងកំពុងកាត់ពីពីគេក៏ថាបាន ព្រោះ Tae បានឃើញយ៉ាងច្បាស់ថាគេលួចក្បត់ជាច្រើន តែបែរជាគ្មានប្រតិកម្មអ្វីជាដុំកំភួនសោះ តើគេគួរធ្វើជាអ្នកបង្ករឿងមុនដើម្បីពន្លឿនដំណើររបស់ផែនការណ៍នេះល្អទេ? គេចង់ប្រញាប់បញ្ចប់ហ្គេមមួយនេះ គេខ្លាចថាបន្តិចទៀតគេអាចនឹងគ្រប់គ្រងបេះដូងខ្លួនឯងលែងបាន បើគេលង់ស្រឡាញ់ Taehyung ខ្លាំងជាងនេះ នោះគេនឹងកាន់តែឈឺចាប់ តែគេក៏មិនអាចបកក្រោយបានដូចគ្នា គេមិនអាចប្រើសមាសភាពក្លែងក្លាយមួយនេះដើម្បីបាននៅក្បែរ Tae រហូតនោះទេ ថ្ងៃណាមួយសមាសភាពរបស់គេនឹងបែក ពេលនោះគេអាចនឹងកំពុងងប់ងល់ជាមួយ Taehyung ទៅហើយ ដូច្នេះឈឺតិចប្រសើរជាងឈឺខ្លាំង មុននឹងលង់កាន់តែជ្រៅគេត្រូវបញ្ចប់ហ្គេមនេះឱ្យបានឆាប់បំផុត បើជ្រុលជារត់ប្រណាំងទៅហើយ មានតែ King Of Spycho ប៉ុណ្ណោះដែលមានសិទ្ធិដណ្ដើមយកលេខមួយ។
       « Jungkook....! » កំពុងតែនឹកដល់ថានឹងរកជំនួយពីនាង នាងក៏បង្ហាញខ្លួនតែម្តង ស្រីដូចជានាងពិតជាមានខួរក្បាលរហ័សរហួនពិតមែន។
       « Charlotte! » Jungkook ហៅឈ្មោះស្រីស្អាតជាមួយសម្លេងស្រទន់និងស្នាមញញឹមនៅលើមុខ
       « ទៅនិយាយគ្នានៅខាងក្រៅមួយភ្លែតសិនណា៎ » Charlotte ទាញ Jungkook ចេញពីកៅអីហើយអូសដៃគេចេញទៅខាងក្រៅខណៈ Tae ក៏នៅស្ងៀមបានត្រឹមតែសម្លឹងមើលពួកគេទាំងពីរស្និតស្នាលនឹងគ្នា។
       « ចង់ទ្រាំដល់ណាទៀត? » Simon ឋដើរចេញមកពីតុក្រោយអូសដៃ Tae ដើរសម្តៅទៅ Jungkook និង Charlotte។
       « Simon- » Tae មិនទាន់បាននិយាយតែក៏ត្រូវ Simon កាត់សម្តីមុន។
       « បើឯងមិនឆក់យកឱកាសពេលនេះ យើងនឹងមិននៅស្ងៀមទៀតទេ និយាយជាមួយវាឱ្យដឹងរឿងទៅ »
       « Charlotte... » Simon លែងដៃ Tae ហើយចូលទៅកញ្ឆក់ដៃ Charlotte ដែលបម្រុងលើកតោងក Jungkook នោះ ទាញឱ្យនាងច្រឡោតមកបុកនឹងទ្រូងគេ។
       « Si-Simon! » ស្រីស្អាតប្រែទៅជាក្រហមមុខដោយកាយវិការសម្តែងសុទ្ធសាធ។
       នរណាមិនដឹងថា Simon ជាសិស្សប្រុសដែលលេចធ្លោនិងជាប្រភេទបុរសដែលសិស្សស្រីក្នុងសាលានេះសុទ្ធតែប្រាថ្នាចង់បាន សូម្បីតែនាងផ្ទាល់។ Charlotte ធ្លាប់ព្យាយាមចូលទៅថ្វាយខ្លួនឱ្យ Simon ជាច្រើនដងតែគេបដិសេធមិនព្រមទទួល ម្តងនេះគេមករកនាងដោយខ្លួនឯង ឬក៏គេប្តូរចិត្តហើយ?
       « ទៅនិយាយគ្នានៅអាគារចាស់ក្រោយអាគារនេះបន្តិច » រាងក្រាស់ខ្សឹបតិចៗធ្វើឱ្យស្រីល្អហាក់រំជួលក្នុងទ្រូងធ្វើមុខមិនត្រូវ នាងត្រូវតែប្រញាប់ក្តោបក្តាប់ឱកាសចាប់ Simon ឱ្យជាប់នៅពេលនេះ។
       « បាន... Jungkook លើកក្រោយចាំខ្ញុំមកនិយាយរឿងរបស់យើងបន្ត ពេលនេះសុំទៅមុនសិនហើយ » Charlotte លើកដៃលា Jungkook ព្រមទាំងប្រើកន្ទុយភ្នែកសម្លឹង Tae ប្រៀបដូចគេមិនស្មើនឹងបាតជើងរបស់នាង មុននឹងកៀកដៃ Simon ដើរចេញទៅបាត់។
       « Taehyung បងមានអ្វីចង់និយាយមែនទេ? » Jungkook សម្លឹងមើល Charlotte ដើរចេញទៅបាត់ទើបងាកមកនិយាយជាមួយ Tae ដែលឈរទល់មុខស្រាប់។
       « បងចង់ដឹងថាឯងចង់បកស្រាយរឿងទាំងនេះយ៉ាងម៉េច? » Taehyung ក្តាប់ដៃជាប់បញ្ជាសម្លេងខ្លួនឯងមិនឱ្យញ័រ គេត្រូវតែធ្វើឱ្យបាន មិនត្រូវស្រក់ទឹកភ្នែកជាដាច់ខាត។
       « បងចង់និយាយពីរឿងអី? » រាងក្រាស់ប្រែទឹកមុខមកជាមិនដឹងអី ទាំងដែលមានតែគេម្នាក់ប៉ុណ្ណោះដែលដឹងថាចម្លើយពិតប្រាកដ។
       « រឿងដែលឯងមានអីៗជាមួយ Charlotte និងសិស្សស្រីមកពីថ្នាក់ G ហើយការដែលឯងថើបគ្នាជាមួយ Charlotte នៅនឹងមុខបងកាលពីយប់ម្សិលមិញ មានន័យថាម៉េច? ឯងចង់បកស្រាយយ៉ាងម៉េច? »
       « បកស្រាយយ៉ាងម៉េចអ្ហេស? អ.. បងចេះប្រច័ណ្ឌដែរទេតើ ខ្ញុំស្មានថាបងជាឈើងាប់ទៅហើយ » Jungkook ឈរអោបទ្រូងសម្លឹងមក Tae ទាំងអស់សំណើច។
       « ឯងចង់មានន័យថាម៉េច? »
       « ក្រែងបងថាខ្ញុំចង់ក្បត់បងយ៉ាងម៉េចក៏បានមែនទេ? »
       « មែន... តែបងប្រាប់ហើយថាកុំក្បត់នៅមុខបង តែឯងបែរជាធ្វើវានៅមុខបងម្តងហើយម្តងទៀត » Tae ចាប់ផ្តើមគំហកតឹងសរសៃក ទឹកមុខ Jungkook ក៏ប្រែជារឹងកាចមួយរំពេចមុននឹងគំហកតបវិញ។
       « ក្បត់ក្រោយខ្នងឬនៅនឹងមុខវាដូចតែគ្នាទេ យ៉ាងណាក៏វានៅតែជាការក្បត់ »
       « បាន.. ឯងចង់និយាយបែបនេះក៏បាន តែបងចង់ដឹងថាហេតុអីឯងធ្វើបែបនេះ ឯងមានហេតុផលឱ្យបងទេ? » រាងតូចចាប់ផ្តើមស្រក់ទឹកភ្នែកបន្តិចម្តងៗរហូតដល់វាស្រក់ចុះតក់ៗឃាត់លែងជាប់ Jungkook ពិតជាប្រែប្រួលមែនអ្ហេស?
       « មាន.. ខ្ញុំប្រាកដជាមាន » Jungkook ងក់ក្បាលធ្វើឱ្យអ្នកម្ខាងទៀតស្ទើរតែអត់ដង្ហើមរង់ចាំស្តាប់។
       « ... »
       « ព្រោះតែបងមិនព្រមដេកជាមួយខ្ញុំ ដូច្នេះទើបខ្ញុំទៅដេកជាមួយអ្នកផ្សេង កំហុសគ្រប់យ៉ាងគឺមកពីបង បើបងយល់ព្រមដេកជាមួយខ្ញុំតាំងពីដំបូង ខ្ញុំក៏មិនចាំបាច់ដើរដេកជាមួយស្រីមិនរើសមុខបែបនេះដែរ គ្រប់យ៉ាងមកពីបង វាជាកំហុសរបស់បង! »

You're FAKE [Complete]Where stories live. Discover now