ភាគទី 104 : អូននឹងរង់ចាំបងទេ?

2K 194 9
                                    

       មិនប៉ុន្មានថ្ងៃក្រោយមក ការតាំងពិពណ៌រូបភាពប្រចាំឆ្នាំរបស់ KangMo ក៏មកដល់ ម្ចាស់កម្មវិធីក្នុងឈុតអាវធំពណ៌ខ្មៅ ដោយមានអាវកវែងពីក្នុងថែមជាមួយខ្សែរកពណ៍សត្បូងតូចមួយនៅពីលើ សក់ដែលធ្លាប់ទម្លាក់ចុះសាមញ្ញត្រូវធ្វើម៉ូតវែកទៅក្រោយ នឹងទម្លាក់ខាងមុខតិចៗ គេមើលទៅប្លែកខ្លាំង បើប្រៀបធៀបនឹងស្តាយ៍ធម្មតាប្រចាំថ្ងៃ គ្រាន់តែបើកក្រណាត់សបង្ហាញរូបភាពភ្លាម ក្រុមការងារក៏ស្រឡាំងកាំង ជាពិសេស Yelena ព្រោះរូបដែល KangMo បង្ហាញគឺត្រូវបែងចែកជាពីរក្រោមចំណងផ្សេងគ្នា។ ទីមួយគឺរូប Taehyung ដែលថតតាំងពីរដូវស្លឹកឈើជ្រុះ “ដើមឈើផ្លាស់ប្តូរដើម្បីទទួលយករដូវកាលថ្មី មនុស្សផ្លាស់ប្តូរដើម្បីស័ក្តិសមនឹងទទួលយកអំណោយដែលរៀបនឹងទទួលបាន” កម្រងមួយនេះបង្ហាញពីភាពស្រស់ស្អាតនៃបុរស ក្នុងឈុតពណ៌ស នៅក្រោមដើមឈើដែលស្លឹករុះរោយបណ្តើរៗ រហូតដល់អស់ស្លឹក Taehyung ត្រូវ Makeup មុខឲ្យស៊ីនឹងរដូវកាលនឹងបរិយាកាស គយគន់អស់ជាច្រើនរូបនឹងធ្វើឲ្យអ្នកពេញនិយមវិស័យនេះ មានអារម្មណ៍ថាអាចទទួលដឹងកម្លាំងខ្យល់បក់បោកស្លឹកឈើឲ្យជ្រុះ ក្លិននិងសម្លេងបែកនៃស្លឹកឈើស្ងួត គ្រប់គ្នាស្លុងអារម្មណ៍នឹងសម្រស់ Model និងភាពស្ងប់ស្ងាត់ដែលរូបភាពទាំងនោះបង្ហាញ។
       “KangMo! ខ្ញុំទិញរូបទាំងអស់នេះ!” Jungkook រត់ចេញពីគន្លៀតណាមិនដឹងមកកាក់ផ្លូវ Kangmo ជាប់។
       “50លានបានលក់!” KangMo ធ្វើអឿដើរចេញព្រោះគេមិនលក់រូបភាពទាំងនោះឡើយ បានត្រឹមតែដាក់តាំងពិពណ៌និងលក់តាមទស្សនាវដ្ដីរូបភាព គេចង់រក្សារូបភាពដើម។
       “50លានក៏ទិញ”ទឹកមុខ Jungkook ធ្វើឲ្យ KangMo ខឹងសម្លក់ គេដឹងថាបើមិនព្រោះតែរូបទាំងនេះ Jungkook ច្បាស់ជាមិនមកនោះទេ តែអ្វីម្យ៉ាងដែលធ្វើឲ្យគេអំណួតនោះគឺ សំបុត្រចូលរួមការតាំងពិពណ៌មួយនេះ លក់ចេញលឿនមិនចាញ់សំបុត្រប្រគុំតន្ត្រីរបស់ Jaykay ឡើយ។
       “បើចង់បានទៅធ្វើខ្លួនឯងទៅ” រាងក្រាស់បោះ USB ឲ្យ Jungkook ដើម្បីបញ្ឈប់គេកុំឲ្យមកតោងទាមទៀត វាក៏បានការព្រោះគេរហ័សឆក់ USB ដើរទៅបាត់ធ្វើមិនដឹង អរគុណមួយម៉ាត់ក៏គ្មាន។
       ចំណែកកម្រងរូបភាពម្ខាងទៀតគឺថតនៅរដូវរងារ កាលពីឆ្នាំណាក៏មិនដឹងព្រោះ KangMo មិនបានដាក់កាលបរិច្ឆេទនិងឈ្មោះ Model “សន្យាក្រោមដើមផ្កាសាគូរ៉ានាថ្ងៃព្រិលធ្លាក់ដំបូងក្បែរវិហារបួងសួង” គ្មាននរណាយល់ពីអត្ថន័យវាឡើយ គ្រប់គ្នាយល់ថាវាជាទីតាំងរបស់រូបភាពជាជាងស្វែងយល់អត្ថន័យដែលបានបង្កប់អត្ថន័យនៅខាងក្នុង។ កម្រងរូបភាពរដូវរងារគឺជារូបភាពរបស់ Yuki ក្នុង Kimono ពណ៌សលាយផ្ទៃមេឃ រូបខ្លះពណ៌ផ្កាឈូកលាយស មនុស្សមួយចំនួននៅតែមិនអាចបែងចែកថាជារូបគំនូរឬរូបថតឲ្យប្រាកដព្រោះរាល់ពេល Yuki ញញឹម បេះដូងពួកគេប្រែជាកក់ក្តៅ វាជាស្នាមញញឹមដែលអាចរំលាយព្រិលដ៏ត្រជាក់ទាំងនោះ មានពពួកសេដ្ឋីជាច្រើនមកទាក់ទងទិញរូប Yuki តែចម្លើយរបស់ KangMo គឺនៅតែទេដដែលមិនថាឲ្យក្នុងតម្លៃណាក៏ដោយ។
       រាងកាយតូចស្តើងគ្រងដោយអាវរងារធំៗ សម្លឹងមើលរូបភាពធំជាងគេរបស់ KangMo ដែលមានមនុស្សឈរគយគន់កកកុញ តែបន្ទាប់ពីមើលពីចម្ងាយមួយសន្ទុះ ទឹកភ្នែកក៏ស្រក់ចុះឥតឈប់។ វាជារូបភាពនៅថ្ងៃដែលពួកគេធ្វើរឿងនោះលើកដំបូង រូបភាព Yuki ក្នុងទឹកមុខរាបស្មើ Kimono ពណ៌ប្រាក់លាយផ្ទៃមេឃធ្លាក់សំយេសដល់ចង្គេះ រូបត្រូវថតបញ្ឆិតបង្ហាញពីស្នាមក្រហមមួយលើដើមករបស់ Yuki តែខ្នងសរលោកត្រូវបង្ហាញទាំងស្រុង កែវភ្នែកដាមទឹកភ្នែកតិចៗ វាស្រស់ស្អាតខ្លាំងណាស់គ្មាននរណាអាចដកក្រសែរភ្នែកចេញបានឡើយ។
       “អត់ទោស...” Taehyung រត់មករក Yuki ហើយស្រាប់តែនិយាយជាមួយគេយកតែម្តង បណ្តាលឲ្យអ្នកម្ខាងទៀតកាំងបន្តិចរហ័សជូតទឹកភ្នែកចេញហើយលើកកន្សែងបង់កឲ្យខ្ពស់ដើម្បីបាំងមុខ។
       “មា-មានការអ្វីមែនទេ?” សម្លេងញ័រៗព្រោះខ្មាសអៀន Taehyung អាចដឹងច្បាស់ថាជា Yuki ដូច្នេះគេក៏មកចូលរួមដែរឬ?
       “Yukiត្រូវទេ? ខ្ញុំគឺជាអ្នកចាត់ការរបស់ KangMo”
       Yuki ងក់ក្បាលតិចៗហើយឈានជើងថយក្រោយ គេយល់ថា Tae ជាមនុស្សល្អ តែគេមិនចង់ឲ្យនរណាបានឃើញគេនៅពេលនេះឡើយ ជាពិសេសនៅមុខរូបភាពផ្ទាំងធំៗទាំងនេះ។
       “KangMo អញ្ជើញមកមែនទេ?”
       “អត់ទេ..បង-បង Yelena ផ្ញើសំបុត្រឲ្យ ខ្ញុំ-ខ្ញុំគ្រាន់តែចង់មកមើលការតាំងពិពណ៌ប៉ុណ្ណោះ ខ្ញុំ-ខ្ញុំទៅវិញ....ហើយ” រាងតូចរញាក់រញ័រដោយឃើញ KangMo ឈរនិយាយគ្នាជាមួយភ្ញៀវពីចម្ងាយ គេត្រូវតែប្រញាប់ចេញពីទីនេះមុនពេល KangMo ឃើញ។
       “ឈប់សិន! ទៅជួប KangMo សិនទៅ!” Tae ញញឹមហើយងាកទៅរកនាយកម្លោះពីចម្ងាយ គេហាក់មមាញឹកណាស់ព្រោះមានភ្ញៀវសំខាន់ៗជាច្រើនចូលរួម។ កាន់តែងាកមើល KangMo Yuki  កាន់តែភិតភ័យរហ័សគេចចេញ តែ Taehyung ចាប់កដៃគេជាប់ ដើម្បីឃាត់ដំណើរគេ។
       “និយាយជាមួយ KangMo បន្តិចទៅ! គេនឹក Yuki ណាស់”
       “ន-នឹកខ្ញុំមែនទេ?” Yuki ឱនមុខចុះខណៈទឹកភ្នែកបន្តស្រក់ចុះ នឹកខ្ញុំឬ តែគេមិនធ្លាប់ទៅរកខ្ញុំសូម្បីម្តង មានតែខ្ញុំដែលមកចូលរួមរាល់ការតាំងពិពណ៌របស់គេដោយសម្ងាត់ជារៀងរាល់ឆ្នាំ នៅក្រោមដើមផ្កាសាគូរ៉ាក្បែរព្រះវិហារបួងសួងនៅថ្ងៃធ្លាក់ព្រិលដំបូង ជាតិនេះបងមានថ្ងៃទៅរកអូនទេ? អូនពិបាកស្មានចិត្តបងណាស់ KangMo ។ ឃើញទឹកភ្នែក Yuki Taehyung អាចយល់ដឹងពីជម្រៅក្តីស្រឡាញ់ដែលគេមានចំពោះ KangMo នាយរហ័សអូសដៃម្ចាស់រាងកាយតូចស្តើងមួយនោះ ឲ្យអង្គុយចុះលើកៅអីហើយក៏រហ័សទៅរក KangMo ។
       “នៅចាំត្រង់នេះហើយ ខ្ញុំទៅនាំ KangMo មក!”
       Yuki ងក់ក្បាលសន្យា តែទម្រាំ Taehyung អូស KangMo ចេញពីហ្វូងមនុស្សមកបាន គេក៏បាត់ខ្លួនទៅនៅសល់ក្រដាសមួយសន្លឹកក្រោមថូផ្កា។
       “បងនាំខ្ញុំមកជួបនរណា?” រាងក្រាស់សម្លឹងរកក្បែរៗនោះ តែគ្មាននរណាក្រៅពីគេនិង Taehyung។
       “ប្រហែលជាគេទៅវិញបាត់ហើយ គ្មានអ្វីទេ!”
       “អញ្ចឹងខ្ញុំទៅវិញហើយ” KangMo សម្លឹងក្រដាសក្រោមថូផ្កានោះហើយក៏ដើរចេញបាត់ ទើប Tae រហ័សយកក្រដាសនោះមកអាន។
       “សុំទោសផង ដែលចាកចេញមិនបានប្រាប់ តែខ្ញុំមានហេតុផលដែលមិនអាចជួបគាត់បាននៅពេលនេះ សុំទោសផង”
       “មានរឿងអ្វីមែនទេ?” Yelena ។
       “ខ្ញុំឃើញ Yuki មក តែគេមិនព្រមជួប KangMo”
       “កុំបង្ខំគេអី គេមកទីនេះរាល់ឆ្នាំ ពួកគេប្រហែលជាមានសន្យាអ្វីដែលមិនអាចជួបគ្នានៅទីនេះក៏ថាបាន បងរីករាយចំពោះការតាំងពិពណ៌លើកនេះ” ស្រីស្រស់ញញឹមស្រស់ហើយសម្លឹងរូប Yuki ដែលធំប៉ុនជញ្ជាំងមុខមនុស្សកកកុញ។
       “ហេតុអ្វី? បងពេញចិត្តរូបទាំងនេះឬ?”
       “ចូលចិត្តណាស់ហើយក៏ត្រេកអរដែល KangMo បានបំពេញបំណងប្រាថ្នាដែលលាក់ទុកមករហូត រូបភាពរបស់ Yuki គឺជាអ្វីដែលគេចង់បង្ហាញឲ្យពិភពលោកបានឃើញនិងស្ញប់ស្ញែង”
       “ពួកគេគួរឲ្យអាណិតណាស់” Tae ឱនមុខចុះក្តាប់ក្រដាសមួយសន្លឹកក្នុងដៃជាប់។ Yelena ក៏គៀសស្មារគេតិចៗ។
       “ចុះមានអារម្មណ៍យ៉ាងម៉េចដែរ ម៉ូដែលចំណូលថ្មី?”
       “បង Yelena....”រាងតូចបង្អូសសម្លេងព្រោះអៀនវាគួរឲ្យខ្មាសណាស់ពេលត្រូវ KangMo នាំទៅជួបអ្នកនេះជួបអ្នកនោះពេលខ្លះក៏ត្រូវណែនាំឲ្យធ្វើជាម៉ូដែលគេឲ្យទៀតផង តែមិនបានយល់ព្រមនឹងនរណាម្នាក់ព្រោះ Jungkook ក៏តាមកិតៗ KangMo ក៏យល់ថាមិនល្អទើបបដិសេធឲ្យមករហូត “គឺ...មានអារម្មណ៍ថាចម្លែកពេលឃើញរូបភាពខ្លួនឯងធំៗបែបនេះ”
       “តែក៏ស្អាត បងគិតថាឯងមានដុងខាងនេះណាស់”
       “ពិតឬ?”
       “ពិត!”
      
       ការតាំងពិពណ៌បញ្ចប់ទៅដោយរលូន ភ្ញៀវកិត្តិយសនិងអ្នកចូលរួមព្រមទាំងក្រុមការងារត្រឡប់ទៅផ្ទះរៀងៗខ្លួន លើកលែងតែ KangMo ដែលចេញទៅហើយ តែក៏ត្រឡប់មកវិញតែម្នាក់ឯងជាមួយស្រាយមួយដប។ ស្រវឹងស្រឿងៗ KangMo លើកដបស្រាផឹកភ្នែកគយគន់រូប Yuki បន្តិចម្តងៗ គេក៏យកដៃស្ទាបរូបទាំងនោះថ្នមៗ គេបានឃើញ Yuki ឈរនៅត្រង់នេះសម្លឹងរូបមួយនេះ គេឃើញទឹកភ្នែករបស់ Yuki ដែលស្រក់រាល់ពេលចូលរួមការតាំងពិពណ៌របស់គេ តែគេកំសាកគេមិនហ៊ានជួបមុខ Yuki ខ្លាចថាពេលជួបហើយនឹងក្លាយជាអ្នកដ៏ទៃ គេចាញ់ពាក្យសម្តីខ្លួនឯងដែលនិយាយមិនបានគិត តើគេស័ក្តិសមនឹងក្តីស្រលាញ់របស់ Yuki ទេ? សំណួរនេះត្រូវបានចោទសួរជាច្រើនឆ្នាំ តែគេរកចម្លើយមិនឃើញឡើយ ព្រោះតាំងពីចាប់ផ្តើមដល់បញ្ចប់ គេគ្រាន់តែជាមនុស្សឥតបានការម្នាក់ប៉ុណ្ណោះ។
       “អូននឹងនៅបន្តរង់ចាំបងទេ? Yuki?”
      
       Jungkook និង Taehyung បន្តទៅអង្គុយលេងនៅមាត់ទន្លេបន្ទាប់ពីចប់ការតាំងពិពណ៌។ យប់ជ្រៅបន្តិចតែនៅមានមនុស្សជាច្រើនមកអង្គុយលេងតាមតំបន់នេះហើយក៏មានអាហារជាច្រើនដែលលក់តាមផ្លូវដល់ពេលអាធ្រាត្រដែរ។ អង្គុយញ៉ាំសុខៗ Jungkook ក៏នឹកឃើញសំណួរដែលប៉ងសួរជាយូរហើយតែមិនមានឱកាស។
       “Taehyung! បងចង់ឲ្យពិធីរៀបការរបស់ពួកយើងធ្វើនៅឯណា?”
       “ហេតុអ្វីសួរពេលនេះ?...មិនដឹងទេ” រាងតូចគ្រវីក្បាលឆ្ងល់បន្តិចអៀនបន្តិចរកចម្លើយមិនឃើញទេ។
       “ខ្ញុំគ្រាន់តែចង់ដឹង” រាងក្រាស់ញ៊ាំប្រហិតហើយធ្វើមាត់ស្រួចៗថ្ពាល់ប៉ោងដាក់គេ ញ៊ាំងឲ្យគេអស់សំណើចខ្លាំងៗ។
       “ប្រហែលជា...លើកោះ ល្អទេ? មាត់សមុទ្រ”
       “ហេតុអ្វី? មានកន្លែងស្រស់ស្អាតជាងច្រើនទៀត”
       “ព្រោះវាស្ងប់ស្ងាត់គ្មាននរណាមកតាមយាយី Jungkook ដូចនៅទីនេះ ពួកយើងអាចអញ្ជើញមនុស្សសំខាន់ៗប៉ុន្មានអ្នក ហើយរីករាយនឹងពេលវេលាមួយនោះជុំគ្នា” Taehyung និយាយប្រាកដប្រជាតែវាក៏ជាគំនិតល្អនាយកម្លោះក៏យល់ព្រម។
       “បានសម្រេចអញ្ចឹងចុះ”
       Tae ឮហើយសើចព្រមទាំងវាយ Jungkook ផងរៀបការនឹងគ្នាឬវាមិនមែនជារឿងលេងសើចទេកុំយកមកនិយាយលេងបែបនេះទៀត។

You're FAKE [Complete]Where stories live. Discover now