ភាគទី 69

2.7K 178 0
                                    

       ព័ត៌មានរីករាលដាលសព្វសាយទូទាំងកូរ៉េនិងជប៉ុន បូករួមទាំងប៉ែកអ៊ឺរ៉ុបដោយស្នាដៃអ្នកសារព័ត៌មានជំនាញៗដែលពូកែជីកឫសជីកគល់ កកូរកកាយរកព័ត៌មានមកចុះផ្សាយតាមទំព័រសារព័ត៌មានជាហូរហែ មិនដឹងជាចៃដន្យឬព្រហ្មលិខិតចារទុកនោះទេដែលតារាស្រីសាច់ចាំដែលរក្សាភាពល្បីល្បាញជាង 20 ឆ្នាំជិតចូល 30 ឆ្នាំទៅហើយ មិនធ្លាប់មានទំនាក់ទំនងឬប្រកាសទំនាក់ទំនងស្នេហាជាមួយបុរសណាសោះ បែរជាត្រូវមកប៉ះអ្នកគាំទ្រវ័យជំទង់រូបសង្ហាជូនផ្កាកុលាបក្រហមថែមទាំងថើបដៃនៅទីសាធារណៈ ធ្វើឱ្យផ្អើលអស់អ្នកគាំទ្រនិងមហាជនក្នុងបណ្តាញសង្គមឱ្យមកជួបជុំគ្នាវែកញែកដេញដោលពីរឿងនេះ ដោយមានមនុស្សមួយចំនួនសង្ស័យថាពួកគេទាំងពីរលួចលាក់បង្កាត់ភ្លើងស្នេហ៍ ចំណែកមួយចំនួនទៀតសង្ស័យថាបែបនេះបែបនោះឥតឈប់ឈរ តែព័ត៌មានសង្ស័យទំនាក់ទំនងស្នេហារបស់ស្រីចាស់និងប្រុសក្មេងនេះ កំពុងជាប្រធានបទដែលក្តៅគគុកជាងគេ ព្រោះបុរសវ័យជំទង់ម្នាក់នោះក៏សង្ហាមិនអន់ប៉ុន្មានដែរ។
       « អាល្អិតនេះលេងមែនទែនហើយ! »
       រាងក្រាស់មាំដើរកាន់ Laptop សម្តៅទៅបន្ទប់ធ្វើការរបស់ឪពុកដើម្បីបង្ហាញរឿងដ៏អស់សំណើចបន្ទាប់ពីឃើញព័ត៌មានកំពុងផ្ទុះរបស់ប្អូនប្រុសនិងតារាស្រីដែលគេតែងតែហៅថាអ្នកមីងៗជាប់មាត់តាំងពីតូចរហូតដល់ធំ មិននឹកស្មានថាគេទើបនឹងត្រឡប់មកពីបរទេសមិនទាន់បានមួយសប្តាហ៍ផងក៏មានរឿងគួរឱ្យចាប់អារម្មណ៍កើតឡើងទៅហើយ ប្អូនប្រុសតែម្នាក់គត់របស់គេពូកែបង្ករឿងចម្លែងៗរាល់ថ្ងៃតែម្តង។
       តុក! តុក! តុក!
       « លោកប៉ា គឺខ្ញុំ Yoongi! »
       អ្នកកម្លោះគោះទ្វារបណ្តើរស្រែកប្រាប់អ្នកនៅខាងក្នុងបណ្តើរដើម្បីសុំការអនុញ្ញាត មិនយូរប៉ុន្មានសម្លេងអនុញ្ញាតដូចការរំពឹងទុកក៏លាន់ចេញពីខាងក្នុងស្រាលៗ។
       « ចូលមក! »
       រាងខ្ពស់ក្រាស់តាមរបៀបមនុស្សប្រុសរឹងមាំរបស់អ្នកកម្លោះបើកទ្វារចូលមកខាងក្នុងថ្នមៗ គេគឺ Min Yoongi បុរសមុខមាំ មាត់ដូចកាំបិត កូនប្រុសច្បងរបស់លោក Min SeoJoon ដែលទើបនឹងបញ្ចប់ការសិក្សាពីបរទេសត្រឡប់មកទឹកដីកំណើត គិតថានឹងរកការងារសមរម្យមួយនៅទីនេះតែម្តង ព្រោះអាចនៅក្បែរគ្រួសារនិងបានមើលថែគ្នាទៅវិញទៅមក។
       « លោកប៉ាបានឃើញព័ត៌មានឬនៅ? »
       « ព័ត៌មានអី? » លោក Min ចាប់វែនតារុញឡើងលើបន្តិចខណៈសម្លឹងមុខកូនប្រុសដែលរីកមុខប៉ុនថាសអស់សំណើចនឹងព័ត៌មានដែលគេរៀបនឹងជម្រាបឪពុក។
       « លោកប៉ាមើលនេះទៅ » Yoongi បង្វិល Laptop ក្នុងដៃបង្ហាញព័ត៌មានដែលគេឃើញមុននេះធ្វើឱ្យលោក Min ជ្រួញចិញ្ចើមឡើងបន្តិចដោយចង់អស់សំណើចតែក៏ទប់ទៅវិញបានត្រឹមតែញញឹម Jungkook ពូកែធ្វើឱ្យម្តាយគេឈឺក្បាលណាស់ ព័ត៌មានលើកនេះច្បាស់ជាត្រូវប្រើពេលរាប់ខែទៀតទម្រាំអាចស្ងប់ស្ងាត់ទៅវិញ។
       « Alianora ច្បាស់ជាខឹងក្រហមត្រចៀកមិនខាន »
       « តែ Jungkook ពេលនេះនៅឯណា? កាលពីម្សិលមិញខ្ញុំតេទៅរកគេនៅផ្ទះតែអ្នកបម្រើប្រាប់ថាគេជួលផ្ទះនៅម្នាក់ឯងមិនត្រឡប់ទៅផ្ទះច្រើនថ្ងៃហើយ »
       « មិនដឹងទេ » បុរសចំណាស់ប្រែទឹកមុខមកមាំវិញ លោកតែងតែតឹងរ៉ឹងដាក់ Jungkook ជានិច្ចព្រោះចង់ឱ្យគេកែប្រែចរិត តែលោកកាន់តែរឹងបន្តឹងគេបែរជាកាន់តែឃ្លាតឆ្ងាយហើយស្អប់លោកកាន់តែខ្លាំង គេមិនទាំងដែលហៅលោកថាប៉ាមួយម៉ាត់ផង។
       « លោកប៉ាមិនទាក់ទងទៅគេខ្លះទេអ្ហេស៎? » Yoongi បន្ថយសម្លេងមកខ្សាវៗ ទឹកមុខដែលអស់សំណើចមុននេះប្រែមកជាសោះកក្រោះ កន្លងទៅច្រើនឆ្នាំហើយ មិននឹកស្មានថាទំនាក់ទំនងឪពុកកូនពួកគេទាំងពីរក្លាយជាយ៉ាប់យ៉ឺនដល់ថ្នាក់នេះនោះទេ។
       « បើប៉ាទាក់ទងទៅគេ គេនឹងហៅប៉ាថាប៉ាមួយម៉ាត់ទេ? »
       « នោះព្រោះតែប៉ាមិនឱ្យគេដាក់ត្រកូល Min »
       « បើអញ្ចឹងឯងកុំខ្វល់ពី Jungkook ខ្វល់ពីរឿងរបស់ឯងវិញទៅ »
       SeoJoon និយាយបង្វែរសាច់រឿងពេលលឺសម្លេងកូនប្រុសប្រែជារឹងនឹងស្ទើរតែតបមកលោកទាំងតឹងសរសៃក ទោះពួកគេមិនសូវបានជួបគ្នា តែលោកដឹងថាមនោសញ្ចេតនាបងប្អូនរបស់ Yoongi ចំពោះ Jungkook គឺធំធេងណាស់ តាំងពីគេដឹងរឿងដែល Jungkook មិនអាចប្រើត្រកូល Min គេក៏បង្ហាញកាយវិការមិនពេញចិត្តជាច្រើនដងដែរ។
       « ខ្ញុំធ្វើឯកសារដាក់ពាក្យទៅមន្ទីពេទ្យធំនៅក្បែរៗនេះរួចហើយ រង់ចាំតែខាងគេតេហៅទៅជួបប៉ុណ្ណោះ »
       « ឯងជំនៈរៀនពេទ្យឱ្យទាល់តែបានពិតមែន Yoongi ប៉ាឱ្យឯងទៅរៀនខាងច្បាប់- »
       « ខ្ញុំមិនចង់ធ្វើជានាយករដ្ឋមន្ត្រីអ្វីទេលោកប៉ា សម័យនេះទៅហើយ គេលែងរើសមន្ត្រីតាមឈាមជ័រទៀតហើយ បើខ្ញុំគ្មានសមត្ថភាព ពួកគេមិនបោះឆ្នោតឱ្យខ្ញុំឡើយ »
       អ្នកកម្លោះប្រកែកយកតែឈ្នះព្រោះវាជាការពិត គេមានដុងហើយក៏ចង់ធ្វើជាដុកទ័រតាំងពីតូចក្រូចឆ្មាមក បើចង់ឱ្យគេដើរតាមគន្លងរបស់គាត់ គេធ្វើមិនបានទេ រឿងដែលធ្វើហើយគេគ្មានក្តីសុខ គេនឹងមិនធ្វើដាច់ខាត គេខិតខំរៀនពេទ្យច្រើនឆ្នាំយ៉ាងនេះ សង្ឃឹមថានឹងអាចជួយជីវិតមនុស្សតាមដែលគេធ្លាប់ប៉ង វាជាបំណងប្រាថ្នាតែមួយគត់ដែលគេមាន។
       « មិនចាំបាច់ទៅធ្វើការទេ មកធ្វើជំនួយការឱ្យប៉ាមួយរយៈសិនទៅ »
       « មិនបានទេលោកប៉ា »
       « មួយរយៈប៉ុណ្ណោះ ប៉ាខ្វះមនុស្ស »
       « ចុះការងាររបស់ខ្ញុំ? »
       « ចប់ការងារប៉ាពេលណាឯងចង់ធ្វើអីក៏ធ្វើចុះ »
       « តែ- »
       « ប៉ារស់មិនយូរទេ Yoongi តែបន្តិចនឹងមានមនុស្សមកជំនួសតំណែងប៉ាហើយ ប៉ាចង់មានមនុស្សអាចទុកចិត្តម្នាក់ជួយជំនួសដៃជំនួសជើង ហើយម្នាក់នោះត្រូវតែជាឯង »
       អ្នកជាឪពុកបកស្រាយហេតុផលក្នុងសម្លេងស្រាលៗហាក់អង្វរករធ្វើឱ្យអ្នកម្ខាងទៀតទន់ចិត្តមិនអាចប្រកែកនឹងឪពុក គេស្ថិតក្នុងភាពជាយុវវ័យ គេនៅមានពេលវេលាច្រើនណាស់ដែលអាចសម្រេចបំណងប្រាថ្នាបាន តែលោកប៉ារបស់គេមានប្រសាសន៍ត្រូវ មិនប៉ុន្មានឆ្នាំទៀតទេគាត់នឹងចូលនិវត្តន៍ហើយ ដូច្នេះហេតុអីគេមិនអាចចំណាយពេលប៉ុន្មានឆ្នាំនេះជួយជ្រោមជ្រែងការងាររបស់គាត់ខ្លះ?
       « បាន! តែខ្ញុំនឹងមិនបោះបង់ជំនាញជាគ្រូពេទ្យរបស់ខ្ញុំចោលទេ »
       « អរគុណ Yoongi! »
       « ខ្ញុំ.. ចេញទៅវិញហើយ »
       Yoongi និយាយចប់ក៏ដើរចេញទៅក្រោមការតាមមើលរបស់លោក Min ជាឪពុក លោកដឹងថាគេស្រឡាញ់ការងារជាគ្រូពេទ្យខ្លាំងប៉ុណ្ណា គេច្បាស់ជាមិនសប្បាយចិត្តដែលត្រូវបញ្ឈប់ឱ្យនៅមួយកន្លែងបែបនេះ តែលោកពិតជាត្រូវការគេក្នុងពេលនេះពិតមែន។
      
       Jungkook អូសវ៉ាលីចូលក្នុងផ្ទះធំដូចផ្ទះមហាសេដ្ឋីក្នុងរឿងកុនរបស់គេ ញ៉ាំងឱ្យអ្នកបម្រើក្នុងផ្ទះនិងលោកយាយចំណាស់រត់មកទទួលស៊្រូស្រ ព្រោះទីបំផុតចៅតែមួយគ្រាប់របស់គាត់ត្រឡប់មកផ្ទះវិញហើយ គេចូលចិត្តរស់នៅឯករាជ្យកម្រមកអើតទើតផ្ទះសម្បែងណាស់។
       « អ្នកប្រុស... »
       « Gukk មកនេះមកចៅ » លោកយាយចំណាស់បក់ដៃហៅចៅប្រុសដែលកំពុងហុចវ៉ាលីឱ្យអ្នកបម្រើនៅមាត់ទ្វារទើបគេរហ័សដើរចូលមកអោបគាត់ដោយក្តីនឹករលឹក។
       « លោកយាយ! »
       « ទៅបាត់ មិនខ្ចីទាក់ទងមកយាយ ដឹងថាយាយបារម្ភប៉ុណ្ណាទេ? »
       « ពេលនេះខ្ញុំត្រឡប់មកវិញហើយ ហើយក៏មិនទៅណាចោលលោកយាយទៀតដែរ »
       អ្នកកម្លោះបង្ខំខ្លួនឯងឱ្យញញឹមធ្វើឱ្យមានអារម្ភថាតឹងធ្ងន់មុខពិបាកក្នុងខ្លួន តាមអារម្មណ៍វេទនារបស់គេពេលនេះ គេគួរតែស្រែកទ្រហោយំទើបត្រូវ តែសំណាងហើយដែលភាពរឹងរូសរបស់គេខ្លាំងក្លាមិនថមថយទើបមិនយំឱ្យនរណាបានឃើញ ជាពិសេសមនុស្សស្រីចំណាស់ម្នាក់នេះដែលស្រឡាញ់គេជាងនរណាៗទាំងអស់លើលោក។
       « ទៅងូតទឹកទៅ យាយទៅធ្វើម្ហូបដែលចៅចូលចិត្តឱ្យ »
       « ឱ្យចុងភៅធ្វើក៏បាន លោកយាយសម្រាកវិញទៅ កុំហត់ខ្លួនដោយសារតែខ្ញុំអី »
       « មិនបាន យាយត្រូវតែប្រាកដចិត្តថាម្ហូបមួយពេលនេះត្រូវមាត់ឯង យាយនឹងធ្វើដោយខ្លួនឯង » លោកយាយប្រកែកយ៉ាងម៉ឺងម៉ាត់ គ្មាននរណាដឹងរសជាតិដែល Jungkook ចូលចិត្តជាងគាត់ឡើយ ដូច្នេះកម្រមានមនុស្សធ្វើម្ហូបត្រូវចិត្តគេណាស់ គាត់មិនចង់ឱ្យចៅប្រុសត្រឡប់មកផ្ទះហើយទទួលទានអាហារមិនត្រូវមាត់ឡើយ។
       « បាន.... តែ.. គាត់មិនទាន់មកដល់ផ្ទះទេអ្ហេស៎? » Jungkook សួរទាំងភ្នែករំពៃមើលទៅជាន់លើ ម្តាយរបស់គេនៅមិនទាន់ត្រឡប់មកសម្រាកនៅផ្ទះទៀតឬ? ឬក៏គាត់សម្រាកនៅខុនដូ?
       « រកម៉ាក់ធ្វើអី? »
       Jeon Alianora ហុចកាបូបឱ្យអ្នកបម្រើកាន់ហើយដើរសម្តៅទៅកម្លោះតូចដែលកំពុងអង្គុយក្បែរម៉ាក់របស់នាងនៅសាឡុងម្ខាង។
       « ហៅខ្លួនឯងថាម៉ាក់ អ្នកស្រីមិនខ្លាចអ្នកដទៃលឺហើយបែកធ្លាយការពិតទេអ្ហេស៎? »
       ទឹកមុខឌឺដងលេចឡើងលើផ្ទៃមុខសង្ហា បបូរមាត់ញញឹមលាក់គំណួចបន្ទាប់ពីដឹងថាធ្វើបាប Alianora បានសម្រេច ជួយមិនបានទេ នាងជាអ្នកធ្វើឱ្យគេមិនពេញចិត្តមុន ទោះនាងជាម្តាយរបស់គេ តែវាអាចយ៉ាងម៉េច? នាងមិនបានចិញ្ចឹមបីបាច់គេឡើយ ពាក់កណ្តាលជីវិតរបស់នាងចំណាយទៅលើការងារនិងភាពល្បីល្បាញអស់ហើយ គ្មានសេសសល់សម្រាប់គេឡើយ គេតែងតែគិតថានាងធ្លាប់ចាត់ទុកគេជាកូនបង្កើតម្តងណាទេខណៈកាយវិការនាងបង្ហាញថាមិនធ្លាប់សូម្បីម្តង?
       « យ៉ាងម៉េច? បង្ករឿងមិនទាន់ឆ្អែតទៀតមែនទេ? »
       « រឿងអី? » រាងក្រាស់ធ្វើមុខឡេងឡង់ហាក់មិនដឹងរឿង តែនៅតែមិនអាចកុហកអ្នកម្ខាងទៀតបាន។
       « មិនចាំបាច់ធ្វើជាមិនដឹងរឿងទេ Jungkook ឯងមានបំណងអី? ចង់ឱ្យម៉ាក់មានរឿងអាស្រូវមែនទេ? »
       « អ... » Jungkook លើកដៃអោបទ្រូងសម្លឹងមើលលើដូចជាកំពុងគិតបន្ទាប់មកទើបនិយាយត « នៅមិនទាន់ឆ្អែតទេ តែខ្ញុំគ្រាន់តែយកផ្កាទៅជួនជំនួសអ្នកគាំទ្ររបស់អ្នកស្រីប៉ុណ្ណោះ តើខ្ញុំខុសណាស់ឬ? »
       « ឯងខុស ឯងសម្តែងធ្វើដូចជាចង់ចែចង់ម៉ាក់ ឯងមានចេតនាច្បាស់ណាស់ » ស្រីស្អាតសាច់ចាំខឹងស្ទើរហ៊ុយផ្សែងចេញតាមត្រចៀក នេះនាងកំពុងត្រូវក្មេងម្នាក់នេះលេងសើចទុកជាការកម្សាន្តមែនទេ? កេរ្តិ៍ឈ្មោះដែលនាងខំសាងមករាប់ឆ្នាំបែរជាត្រូវមកល្អក់កករដោយសារគេទៅវិញ។
       « អ្នកស្រីជួយប្រយ័ត្នសម្តីបន្តិចទៅ ជៀសវាងអ្នកដទៃដឹងថាអ្នកស្រីធ្លាប់បង្កើតកូនពីមុនមក »
       « កុំមកឌឺដងឱ្យម៉ាក់ »
       « មិនបានឌឺដង គ្រាន់តែនិយាយការពិត អ្នកស្រីក៏មិនចូលចិត្តឱ្យខ្ញុំហៅថាម៉ាក់ដែរ មិនអញ្ចឹងឬ? »
       « ... » Alianora ស្ងប់អារម្មណ៍បន្តិចបន្ទាប់ពីលឺសម្តីកូនប្រុស នាងនាំដំណឹងមកប្រាប់គេ មិនបានមានបំណងចង់ឈ្លោះឡើយ។
       « បើគ្មានអ្វីនិយាយទេ ខ្ញុំទៅងូតទឹកហើយ »
       « ប៉ារបស់ឯងប្រាប់ថាយប់ស្អែកត្រូវទៅញ៉ាំអាហារពេលល្ងាចនៅផ្ទះធំជាមួយគ្នា » សម្តីរបស់នាងចូលជាដៃមឹកដែលបញ្ឈប់ដំណើររបស់ Jungkook ឱ្យឈរស្ងៀមមុននឹងតបមកវិញទាំងមិនងាកក្រោយ។
       « ខ្ញុំមិនទៅទេ »
       « SeoJoon ប្រាប់ថាឯងត្រូវតែទៅ » នាងសង្កត់ត្រង់ពាក្យ SeoJoon ធ្វើឱ្យគេអស់សំណើច។
       « គាត់ជានរណា? មានសិទ្ធិអីមកបញ្ជាខ្ញុំ? »
       « តែ Yoongi ទើបនឹងត្រឡប់មកពីបរទេស ឯងក៏ដឹងថាគេចូលចិត្តឯងខ្លាំងប៉ុណ្ណា គេតេមកម៉ាក់ជាច្រើនដងសុំឱ្យឯងទៅ ដូច្នេះឯងគួរតែគោរពគេជាបងខ្លះទៅ »
       « ......គួរឱ្យធុញ..! » Jungkook ពោលតិចៗល្មមឱ្យគ្របគ្នាបានលឺហើយរហ័សដើរឡើងទៅជាន់លើព្រោះមិនចឹងដឹងលឺពាក្យបញ្ចុះបញ្ចូលរបស់អ្នកម្ខាងទៀត ប្រាប់ត្រង់ទៅចុះ គេធុញ នឹងមនុស្សគ្របគ្នាជាពិសេសម្តាយរបស់គេ Alianora នាងក៏ជាហេតុផលដែលគេចេញពីផ្ទះទៅនៅម្នាក់ឯងដែរ ព្រោះមិនចង់ឃើញមុខរបស់នាងរៀងរាល់ថ្ងៃ ដោយសារវាតែងតែរំលឹកភាពឈឺចាប់ក្នុងទ្រូងរបស់គេគ្រប់ពេលដែលឃើញមុខរបស់នាង។
      

You're FAKE [Complete]Where stories live. Discover now