ភាគទី 80

2.6K 249 15
                                    

       Yelena បើកទ្វារចូលហាងកាហ្វេ ដៃទាញដោះវែនតាពណ៌ខ្មៅ ចំណែកភ្នែកសម្លឹងរក Kim Taehyung ដែលទាក់ទងនាងតាមលេខទូរស័ព្ទ ប្រាប់ថាចង់ធ្វើការជាមួយនាង។ នាងក៏បានផ្តល់ដំណឹងទៅ JayKay ដូចគ្នា ហើយក៏ប្រាកដក្នុងចិត្តថា គេនឹងប្រើគ្រប់វិធី ដើម្បីមកលបស្តាប់ការសន្ទនារវាងនាង និងមនុស្សដែលគេណែនាំមកជាមិនខាន។
       “សួរស្តី” នាយកម្លោះក្រោកឈរអោនក្បាលបង្ហាញការគួរសម Yelena ក៏ដូចគ្នា មុននឹងអង្គុយចុះរៀងខ្លួន។
       “សុំទោស! ខ្ញុំដូចជាមកយឺតបន្តិចហើយ”
       “ហាសហា.. មិនអីទេ ខ្ញុំក៏ទើបតែមកដល់ដូចគ្នា”
      
       អ្នកទាំងពីរពិភាក្សារឿងការងារយ៉ាងយូរបន្ទាប់ពីកុម្មង់កាហ្វេរួចរាល់ ពីព្រោះ Taehyung ទើបនឹងរៀនចប់ គ្មានបទពិសោធន៍ ម្យ៉ាងគេនៅមានសំណូមពរក្នុងចិត្តចង់ស្នើដល់ Yelena ទើបគេស្ទាក់ស្ទើរមិនដាច់ស្រេច តែដោយហេតុនាងជួយជំរុញនិង អនុញ្ញាតផ្តល់ឱកាសឱ្យគេសាកល្បងអនុវត្តការងារមួយរយៈ បើគេចង់បន្ត នាងរីករាយនិងទទួលយក ព្រោះសំបកក្រៅរបស់គេជាមនុស្សហ្មត់ចត់នឹងការងារ និងអត់ធ្មត់មានសុជីវធម៌ គេក៏ស្ថិតក្នុងជម្រើសមនុស្សដែលនាងត្រូវការស្រាប់។ ដោយចរឹតនិងពាក្យសម្តីនិយាយចូលគ្នាច្រើន ធ្វើឱ្យមនុស្សដែលទើបតែជួបគ្នាអាចចុះសម្រុងនិងស្និតស្នាលនឹងគ្នាយ៉ាងងាយ។
       “Taehyung ឯងនិយាយថាមានសំណូមពរ ត្រូវទេ?”
       “ខ្ញុំខ្លាចថាសំណូមពរមួយនេះធ្ងន់ធ្ងរពេក បងទទួលយកមិនបាន”
       “បងនឹងពិចារណា មិនចាំបាច់ខ្លាចចិត្តឡើយ”
       Yelena ញញឹមផ្តល់ទំនុកចិត្ត តែ Taehyung នៅតែបន្តមានអារម្មណ៍ទើសទាល់ និងខ្មាសអៀនដែលត្រូវនិយាយពីរឿងខ្ចីប្រាក់ ទាំងដែលខ្លួនមិនទាន់បានចូលធ្វើការសូម្បីមួយថ្ងៃនៅឡើយ។
       “តើខ្ញុំអាចបើកប្រាក់ខែរយៈពេលពីរឆ្នាំមុនបានទេ?”
       “ពីរឆ្នាំមុន?”
       “ខ-ខ្ញុំដឹងថាបងពិបាកនឹងសម្រេចចិត្ត តែសូមបងយកវាទៅគិតបានទេ? បងអាចកាត់ប្រាក់ខែរបស់ខ្ញុំ 70ទៅ80ភាគរយរៀងរាល់ខែ ហើយមិនចាំបាច់បារម្ភថាខ្ញុំបោកប្រាស់បងឡើយ បងអាចធ្វើកិច្ចសន្យាច្រើនតាមអ្វីដែលបងត្រូវការ”
       Yelena នៅស្ងៀមគិតមួយសន្ទុះ​​​។ មិនមែនក្រុមហ៊ុនគ្មានប្រាក់នោះទេ តែនាងមិនអាចសុខៗស្រាប់តែស្នើរសុំសំណើរបែបនេះ ណាមួយ Taehyung ក៏មិនទាន់ក្លាយជាបុគ្គលិកនៅឡើយ ជឿអ្នកដទៃងាយៗ នេះមិនមែនជាចរឹតរបស់នាងទេ។
       ទីង!
       (យល់ព្រមទៅ!)
       Yelena បើកមើលសារដែលទទួលបានពី JayKay។ ត្រូវហើយ! គេប្រាប់នាងឱ្យយល់ព្រមគ្រប់សំណូមពរដែលប្រុសម្នាក់នេះស្នើរ មានន័យថាគេដឹងជាមុន ថាសំណើរបែបនេះនឹងកើតមាន។
       ទីង!
       (ប្រាក់ខ្ញុំជាអ្នកចេញ កុំធ្វើឱ្យគេពិបាក បើមិនអញ្ចឹងខ្ញុំនឹងកាត់ប្រាក់ខែបង)
       “ហេ!!!!!!” ម្ចាស់ទូរស័ព្ទលាន់មាត់ដោយហួសចិត្ត។ អាល្អិតនេះលេងមែនទែនឬ?
       “បង Yelena?”
       “សម្រាប់បងរឿងនេះមិនមែនជាបញ្ហាទេ តែឯងដឹងមែនទេថាក្រុមហ៊ុនច្បាស់ជាមិនអនុញ្ញាតឡើយ... តែអាចប្រាប់បងពីហេតុផលបានទេ?”
       “អឹម... អ្នកម៉ាក់របស់ខ្ញុំត្រូវការវះកាត់ជាបន្ទាន់ តែខ្ញុំគ្មានប្រាក់គ្រប់គ្រាន់ ដូចដែលបងបានឃើញ ខ្ញុំទើបតែរៀនចប់... ហើយក៏ជាកូនទោល សាច់ញាតិក៏មិនមានច្រើនដែរ” Taehyung អោនមុខចុះ សម្លឹងពែងកាហ្វេ នេះជាអ្វីដែលមនុស្សពេញវ័យត្រូវប្រឈមមុខ តែវាកើតឡើងភ្លាមៗពេក គេក៏ធ្វើខ្លួនមិនទាន់ដូចគ្នា។
       “បងនិយាយជាមួយអ្នកគ្រប់គ្រងហើយ គាត់យល់ព្រម”
       “តែខ្ញុំមិនបានឃើញបងតេទូរស័ព្ទរកនរណាទេ” រាងតូចជ្រួញចិញ្ចើម ធ្វើឱ្យ Yelena អស់សំណើច គេបារម្ភថានាងចេះតែនិយាយឱ្យផុតពីមាត់ឬ?
       “គឺតាមសារសន្ទនានោះអី! មិនចាំបាច់បារម្ភឡើយ បងអាចចាត់ចែងបាន ឯងចង់មើលមុខតារាក្នុងក្រុមហ៊ុនខ្លះៗទេ? ចាំបងឱ្យមើល” ក្រមុំរូបស្រស់ចុចបើកទូរស័ព្ទបំណងរករូប JayKay មកបង្ហាញ តែម្ចាស់ខ្លួនស្រាប់តែផ្ញើសារមកគម្រាមមួយរំពេច។
       (កុំឱ្យគេឃើញរូបខ្ញុំឱ្យសោះ!)
       Ohh... Yelena ហាក់កាន់តែចង់ដឹងថា តើនឹងមានរឿងអ្វីកើតឡើង បើនាងបង្ហាញរូប JayKay ទៅ Taehyung ព្រោះគេគម្រាមនាងច្រើនដងមកហើយ គួរតែផ្តល់មេរៀនឱ្យអាល្អិតនេះខ្លះ។
       “ដំបូងបងចង់ឱ្យឯងស្វែងយល់ពីតារាប្រុសដែលកំពុងរះយ៉ាងខ្ពស់ត្រដែតរបស់ពួកយើងជាមុន តែគេពិបាកគ្រប់គ្រងបន្តិច គ្មាននរណាកាច់ឆ្អឹងគេបាក់នោះទេ” នាងបង្ហើបខ្សឹបៗ ធ្វើឱ្យអ្នកម្ខាងទៀតកាន់តែចង់ដឹង។
       “ពិតមែនហ្អេស? ខ្ញុំស្លាប់មិនខាន បើបានជួបគេ... គេឈ្មោះអី?”
       “នេះនែ! Jayk-”
       រីង រីង! រីង-
       “សូមទោសផង ខ្ញុំមានទូរស័ព្ទពីមន្ទីពេទ្យ”
       “មិនអីទេ លើកទទួលទៅ!”
       Taehyung ងក់ក្បាលហើយក្រោយដើរទៅនិយាយទូរស័ព្ទនៅខាងក្រៅបាត់។ Yelena សង្កេតឃើញថាគ្រាន់តែឃើញឈ្មោះមន្ទីពេទ្យតេមក ទឹកមុខរបស់ក្មេងម្នាក់នេះ ស្រាប់តែកាន់តែយ៉ាប់យ៉ឺន តែគេទំនងជាក្មេងល្អ ថែមទាំងកត្តញ្ញូចំពោះម្តាយទៀតផង។ មិនយូរប៉ុន្មាននាយកម្លោះស្រាប់តែស្ទុះចូលមកក្នុងវិញ ព្រមទាំងទាញកាតាបយកទៅស្ពាយ។
       “សូមទោសផងបង Yelena ខ្ញុំត្រូវប្រញាប់ត្រឡប់ទៅមន្ទីពេទ្យ ស្ថានភាពរបស់អ្នកម៉ាក់មិនអាចចាំយូរទៀតទេ គាត់ត្រូវការវះកាត់ជាបន្ទាន់”
       “Tae កុំស្លន់ស្លោ! ស្ងប់អារម្មណ៍ទៅ រឿងប្រាក់បងនឹងវេរឱ្យឯងភ្លាម បងយកឡានមកជាមួយ ចាំបងជូនឯងទៅ”
       “ប-បាទ...”
       JayKay ទម្លាក់កាសែតចុះហើយតាមមើល Taehyung និង Yelena រហូតដាច់កន្ទុយភ្នែក។ អំបាញ់មិញស្ទើរធ្លាក់ថ្លើមដល់ដីទៅហើយ ចាំមើលថាគេនឹងចាត់ការយាយចាស់ម្នាក់នេះយ៉ាងម៉េច។
      
       ព្រឹកថ្ងៃថ្មីឈានចូលមកដល់យ៉ាងរហ័ស ឥតមានផ្តល់សញ្ញាជាមុន។ វាជាថ្ងៃដែល The J ទទួលបានអ្នកគ្រប់គ្រងថ្មីម្នាក់ទៀត តែ JayKay ដូចជារន្ធត់ញាប់ញ័រជាងនរណាៗទាំងអស់ ព្រោះគេត្រូវភ្ញាក់ពីព្រលឹម បញ្ជាឱ្យបុគ្គលិកប្តូររូបថតនិងផ្ទាំង promote ផ្សាយពាណិជ្ជកម្មរបស់គេចេញទាំងអស់ ជំនួសដោយរូប Alianora វិញ ចំណែកខ្លួនបែរជាមកសំងំផឹកកាហ្វេត្រជាក់ចុងដៃចុងជើងទល់មុខ Yelena ។ គេមានទំនុកចិត្តបោកប្រាស់ Taehyung ឱ្យចុះកុងត្រាបាន តែការដែលត្រូវប្រឈមមុខនឹងគ្នាបែបនេះ គេមិនដឹងថាគួរធ្វើបែបណាឡើយ។
       “Taehyung មកដល់ហើយ បន្តិចទៀតនឹងមកឈរមុខទ្វារបន្ទប់មិនខាន” Yelena និយាយតិចៗពេលឃើញ JayKay សម្លឹងនាឡិកាលើជញ្ជាំងឥតឈប់។
       “ខ្ញុំដឹងហើយ បងមិនចាំបាច់រំលឹកទេ”
       “នាឡិកាដៃបាត់ទៅណា?”
       “អ... ខ្ញុំដោះទុកនៅផ្ទះ” រាងក្រាស់គេចពីក្រសែភ្នែក អ្នកដែលតាមចាប់ចំណុចខ្សោយរបស់ខ្លួន គេដឹងច្បាស់ណាស់ថាបើ Yelena ដឹងថាគេទន់ខ្សោយចំពោះ Taehyung នាងនឹងយក Tae មកសង្កត់គេមិនខាន តែគេមិនខ្វល់ឡើយ សំខាន់គេមានឱកាសបង្ហាញខ្លួនចំពោះមុខ Tae នៅពេលនេះ។ ប៉ន្មានឆ្នាំហើយ ដែលគេបោះជំហានទៅមុខជាមួយវិប្បដិសារីនិងភាពស្អប់ខ្ពើមចំពោះខ្លួនឯង? តើ Tae អាចត្រឡប់មកនៅក្បែរគេម្តងទៀតទេ?
       តុក តុក តុក!
       “បងនៅខាងក្នុង បើកទ្វារចូលមក!”
       “ខ្ញុំចូលទៅហើយ សួរស-”
       Taehyung គាំងឆ្កឹងពេលឃើញមុខ JayKay លេចចេញពីណាក៏មិនដឹង មកឈរចំពោះមុខ តែដៃបែរជាទាញទ្វារបិទទៅវិញ ទាំងដែលមិនទាន់ឈានជើងចូលនៅឡើយ។
       គ្រាំង!!!
       “Jeon Jungkook!”

You're FAKE [Complete]Where stories live. Discover now