ភាគទី 71

3K 179 2
                                    

        ង៉ឺតត...
       សម្លេងបិទទ្វារយឺតៗលាន់ចេញពីបន្ទប់អ្នកប្រុសតូច។ Jungkook ទម្លាក់ខ្លួនអង្គុយចុះលើគ្រែទាំងដៃកាន់ដបស្រាមិនទាន់ទម្លាក់ បន្ទប់នេះធំខ្លាំងណាស់ បន្ទប់ដែលគេធ្លាប់ប្រើតាំងពីតូចដល់ធំ បើសួរថាធ្លាប់គេងកើយទ្រូងម៉ាក់របស់គេទេ? គឺអត់ទេ តាំងពីធំដឹងក្តីគេមិនទាន់ធ្លាប់ឈានជើងចូលបន្ទប់ម៉ាក់របស់គេផង នាងតែងតែរវល់គ្រប់ពេល យប់ខ្លះត្រូវគេងនៅខាងក្រៅ នាងគ្មានសូម្បីតែពេលអានសៀវភៅរឿងឱ្យគេស្តាប់មុនចូលគេង នាងច្រៀងពិរោះខ្លាំងណាស់ តែគេមិនធ្លាប់លឺនាងច្រៀងបំពេរគេសូម្បីតែម្តង ដូច្នេះទើបគេមិនចង់ត្រឡប់មកផ្ទះ បន្ទប់ធំមួយនេះធ្វើឱ្យគេកាន់តែមានអារម្មណ៍ល្ហល្ហេវ អារម្មណ៍ចង់មានឪពុកម្តាយនៅក្បែរ អារម្មណ៍ស្រឡាញ់ អារម្មណ៍ស្អប់ខ្ពើម អារម្មណ៍ទាមទារ ច្រណែនឈ្នានីស ហេតុអ្វីគេមិនអាចកើតក្នុងគ្រួសារធម្មតាដូចមនុស្សទូទៅ? មានម្តាយជាតារាល្បី តើយ៉ាងម៉េច? មានឪពុកជាប្រធានាធិបតី តើយ៉ាងម៉េច? អ្វីដែលគេចង់បានគឺគ្រាន់តែមានគ្រួសារសាមញ្ញមួយប៉ុណ្ណោះ គ្រួសារដែលកក់ក្តៅដូចដែលអ្នកដទៃមាន តែគេមិនអាច ព្រហ្មលិខិតចារមកឱ្យគេជាបីសាច បីសាចដែលអាចរស់នៅតែម្នាក់ឯងគ្មានថ្ងៃចូលចំណោមមនុស្សធម្មតាបាន។
       « Tae.... » Jungkook ផ្អៀងខ្លួនថើបអាវដែលមានជាប់ក្លិនរបស់អតីតសង្សារថ្នមៗ គេចាំក្លិនក្រអូបនេះបាន វាអាចធ្វើឱ្យគេបានធូរស្រាលក្នុងទ្រូងដោយគ្រាន់តែបានហិតក្លិនមួយនេះ។
       « Taehyung... ខ្ញុំសុំទោស... សុំទោសណា៎... » រាងក្រាស់រអ៊ូរង៉ូវៗមុននឹងស្នាមញញឹមសោះកក្រោះបង្ហាញឡើងទាំងភ្នែកនៅបន្តបិទមិនព្រមបើក « ខ្ញុំនឹកបងណាស់... នឹកខ្លាំងណាស់ »
       ប្រាវ!!
       ដបស្រាធ្លាក់ទៅលើឥដ្ឋបែកខ្ទេចខ្ទីដាស់អារម្មណ៍មនុស្សដែលកំពុងអណ្តែតអណ្តូងជាមួយក្លិនក្រអូបរបស់មនុស្សអតីតឱ្យបើកភ្នែកឡើងយឺតៗ ដៃគ្មានកម្លាំងរបស់មនុស្សស្រវឹងបូករួមនឹងភាពងុយងោកលើកយកមកខ្ទប់ភ្នែកខ្លួនៗមុននឹងស្រែកយំខ្លាំងៗដូចមនុស្សគ្មានសតិ គេលែងមានកម្លាំងស៊ូទ្រាំទៀតហើយ វានឿយហត់ហើយក៏ពិបាកនឹងប្រយុទ្ធប្រឆាំងជាមួយបេះដូងខ្លួនឯង ក្នុងទ្រូងចេះតែរំអុករំខានគេចង់ជួប Taehyung ចង់ប៉ះពាល់ ចង់ស្រង់ក្លិនក្រអូបពីខ្លួនគេម្តងទៀត តែគេគ្មានភាពក្លាហាននឹងធ្វើតាមអ្វីដែលបេះដូងត្រូវការ វាវេទនាជាងអ្វីដែលបានគិតទុករាប់សិបដង។
       « ខ្ញុំសុំទោសណា៎ Taehyung.... ពួកយើងត្រូវគ្នាវិញទៅ... ត្រូវគ្នាវិញទៅ ហ៊ឹក..ហ៊ឹក... Taehyung.... »
      
       រ៉ឺង... រ៉ឺង... រ៉ឺង
       សម្លេងជួងលាន់ឡើងជាច្រើនដងបញ្ជាក់ប្រាប់សិស្សទាំងឡាយថាដល់ម៉ោងសម្រាកហើយបន្ទាប់ពីបញ្ចប់មុខវិជ្ជាពេលព្រឹក 2ម៉ោងជាប់គ្នា តែកម្លោះ Fire Swan ទាំងបីបែរជាអង្គុយធ្មឹងលើកៅអីក្នុងបន្ទប់រៀនមិនមាននរណាឈានជើងចេញទៅណា ចំណែកទឹកមុខក៏ស្រងូតស្រងាត់ដូចមនុស្សខកស្នេហ៍គ្មានព្រលឹងព្រលះក្នុងខ្លួនទាល់តែសោះ។
       « Tae ឯងបានឃើញព័ត៌មានទេ? »
       « ឃើញហើយ! »
       រាងតូចតបតិចៗទៅ Simon ដែលស្រាប់តែនិយាយកាត់បរិយាកាសស្ងប់ស្ងាត់ខណៈក្នុងថ្នាក់រៀនគ្មាននរណាផ្សេងក្រៅពីពួកគេទាំងបី។
       « គេដូចជាគ្មានកើតទុក្ខបន្តិចសោះ » Simon ដុតបារីជក់បណ្តើរសម្លឹងមើលតាាមកញ្ចក់ទៅខាងក្រៅបណ្តើរ នឹកឃើញដល់រឿង Jungkook ធ្វើឱ្យគេកាន់តែក្តៅជំនួសមិត្តសម្លាញ់។
       « គេចង់ធ្វើអីជារឿងរបស់គេ ឯងឈប់យកអំបិលរោយលើមុខរបួសបានទេ? »
       Taehyung សម្លឹងមុខ Simon ដែលកំពុងអស់សំណើចតិចៗហាក់សោះកក្រោះ បើ Jungkook ឬក៏ K ម្នាក់នោះចេះកើតទុក្ខទើបចម្លែក បែកគ្នាមិនប៉ុន្មានថ្ងៃគេក៏ល្បីពេញប្រទេស ល្បីឆ្លងទ្វីបទៀតផងដោយសារហ៊ានថើបដៃកំពូលតារាស្រីដែលមានអាយុស្ទើរតែអាចធ្វើម្តាយបាន នេះបញ្ជាក់ច្បាស់ណាស់ថាគេមិនចេះកើតទុក្ខ។
       « ហាសហា... ក៏បាន..ក៏បាន ឈប់និយាយហើយ តែ... Chisun បាត់ទៅណា? ទូរស័ព្ទក៏តេមិនចូល » Simon បែរក្រោយសម្លឹង Annto ដែលអង្គុយចុចទូរស័ព្ទដូចគ្មានព្រលឹងក្នុងខ្លួន។
       « មិន-មិនដឹងទេ »
       ចម្លើយរដាក់រដុបចេញពីមាត់ Annto ខណៈម្ចាស់ខ្លួនញ័រជើងនៅមិនសុខ ចំណែកដៃតូចៗវែងមួយគូនោះក្តាប់ទូរស័ព្ទស្ទើរតែប្រេះបែកជាបំណែកៗ។ តើ Chisun នៅឯណា? គេមិនមែនពិតជាគេចទៅបាត់ទេដឹង? Chisun មិនល្ងង់ដល់ថ្នាក់នេះទេ Chisun មិនទៅណាចោលគេឡើយ។ Annto ក្តាប់ដៃសម្លឹងមើលក្រៅបង្អួច ទោះព្យាយាមប្រាប់ខ្លួនឯងថា Chisun នឹងមិនទៅណាចោលគេច្រើនប៉ុណ្ណាក៏ក្នុងទ្រូងនៅតែមិនអាចស្ងប់ដដែល ចុះបើ Chisun ពិតជាលែងមកជួបមុខគេមែននោះ? គេច្បាស់ជាឆ្គួតមិនខាន។
       « មែនហើយ Chisun មិនដែលបាត់ដំណឹងបែបនេះទេ ពួកឯងឈ្លោះគ្នាអ្ហេស៎? »
       « អត់ទេ »
       « Annto ឯងយ៉ាងម៉េចហ្នឹង? »
       « យើង-គ្មានអីទេ »
       « តែឯងស្លេកស្លាំង មានរឿងអ្វីឬ? »
       « ប្រាប់ហើយថាគ្មានទេ »
       Annto ឆក់កាតាបរៀនរត់សម្តៅទៅទ្វារចេញមុននឹងត្រូវមិត្តសម្លាញ់របស់គេសួរដេញដោលច្រើនជាងនេះ គេគ្មានចម្លើយតបនឹងសំណួរទាំងនេះឡើយ គេចង់ជួប Chisun ឥឡូវនេះ គេខ្លាចថា Chisun នឹងរលាយចេញពីគេជារៀងរហូត។
       « ឯងទៅណា? » Tae ស្រែកសួរអ្នកដែលរត់គ្មានងាកក្រោយ។
       « យើងមិនស្រួលខ្លួន ទៅផ្ទះមុនហើយ » អ្នកម្ខាងទៀតឆ្លើយទាំងរត់ញាប់ជើងសូម្បីមុខក៏មិនបែរទៅរកអ្នកសួរ គេទ្រាំនៅស្ងៀមបន្តទៀតមិនបានទេ។
      
       « ជួបឯងពេលណាយើងនឹងទាត់ឯងឱ្យហើមគូទ »
       Annto រអ៊ូរង៉ូវៗ ដៃម្ខាងទាញដៃកាតាបម្ខាងស្ពាយលើស្មា ជើងបន្តជើងលឿនដូចរត់ ក្នុងចិត្តច្របូកច្របល់មិនដឹងថាកំពុងបារម្ភឬខឹងឱ្យប្រាកដ កាលពីយប់គេគ្រាន់តែភ្លាត់មាត់និយាយទាំងមិនបានគិតប៉ុណ្ណោះ ហេតុអីគេចាំបាច់យកវាជាការហើយគេចមុខមិនមកសាលាដែរ? ប្រុសម្នាក់នេះឆ្គួតមែនទែនហើយ។
       « ខ្ញុំរវល់ទើបមកយឺត »
       សម្លេងធ្ងន់មានទឹកដមរបស់មនុស្សប្រុសលាន់ចេញពីទ្វាររបង ញ៉ាំងឱ្យ Annto រហ័សរត់ទៅមើល គេស្គាល់សម្លេងនៅច្បាស់ណាស់ គឺ Chisun , Chisun នៅទីនេះ។
       « Chisunnnnnn....! »
       Annto ស្រែកហៅពីចម្ងាយខណៈម្ចាស់ឈ្មោះកំពុងដើរគេចពីសិស្សស្រីដែលព្យាយាមចង់និយាយជាមួយគេ។
       « Annto!.. អេ-? »
       Chisun បើកភ្នែកធំៗបើកដៃត្រៀមក្រសោបខ្លួនប្រាណ Annto ដែលទម្លាក់កាតាបចុះរត់សម្តៅមករកគេ។ រាងតូចហក់ពេញកម្លាំងអោបរាងកាយធំក្រាស់មួយនោះជាប់ ព្រោះបើតាមខ្លួនប្រាណតូចរបស់គេ មិនអាចធ្វើឱ្យ Chisun បាត់បង់លំនឹងឡើយ ដូច្នេះទើបគេមិនខ្លាចនឹងលោតហក់បែបនេះ។
       « មានរឿងអី? »
       រាងក្រាស់ខ្សឹបតិចៗ ដៃទាំងគូក្រសោបរាងតូចដែលអោបកគេផុតជើងពីដីយ៉ាងណែនតាមដែលអាចធ្វើបានដើម្បីការពារកុំឱ្យគេធ្លាក់ ចំណែកសិស្សស្រីដែលមករញ៉េរញ៉ៃមុននេះក៏បែកខ្ញែកចេញអស់បន្ទាប់ពីឃើញបែបនេះ។
       « យើងស្មានថាឯងលែងមកជួបយើងទៀតហើយ » Annto ស្រែកយំដូចកូនក្មេង គេស្ទើរតែមិនជឿភ្នែកខ្លួនឯងថា Chisun ពិតជាកំពុងឈរនៅត្រង់នេះអោបគេ អរគុណព្រះដែលគេត្រឡប់មកសាលាវិញ។
       « យើងរវល់បន្តិចប៉ុណ្ណោះ.... លែងបានឬនៅ? ប្រយ័ត្នគេចោទថាជាសង្សារនឹងគ្នាទៀត » Chisun សួរឌឺមុននឹងត្រូវអ្នកម្ខាងទៀតខាំស្មាខ្លាំងៗហើយអូសដៃសម្តៅទៅសួនច្បារសាលា។
       « អ្ហាយយ៎ ឈឺ! »
       « ឯងបាត់ទៅណា? » រាងតូចចាប់ផ្តើមសួរចម្លើយបន្ទាប់ពីមកដល់កន្លែងស្ងាត់ភ្លាម។
       « ចុះថា មិនចាំបាច់ជួបគ្នាទេ... »
       « យើងភ្លាត់មាត់ប៉ុណ្ណោះ ឯងចង់ចេញពីយើងមែនអ្ហេស៎? »
       « តែឯងជាសង្សារគេ »
       « នៅជាមិត្តភក្តិមិនបានឬ? » Annto អោនមុខចុះញីភ្នែករកយំម្តងទៀត គេមិនចង់បានបែបនេះ មិនចង់បាត់បង់ Chisun ហើយក៏មិនចង់បាត់បង់មនុស្សស្រីជាទីស្រឡាញ់ « យើងមិនចង់បាត់បង់ឯងទេ Chisun សូមអង្វរ ពួកយើងដូចដើមវិញទៅ »
       « និយាយលេងប៉ុណ្ណោះ នរណាដាច់ចិត្តទៅចោលក្មរងដូចឯង? » រាងក្រាស់សើចព្រមទាំងទាញដៃ Annto ចេញដើម្បីមើលទឹកភ្នែកគេ តែគេខ្មាស់ងាកមុខចេញ « កុំយំ ជ្រះម្សៅអស់ហើយ... យើងទើបតែមកពីកាត់សក់.. កាត់សក់កាត់ចិត្តនោះអី »
       Chisun ចង្អុលសក់ខ្លួនឯងចង់នាំឱ្យ Annto សើចតែគេបែរជាពេបមាត់តបមកវិញទាំងមិនជឿជាក់។
       « ឯងកុហក ឯងមិនបានកាត់សក់ »
       « កាត់ពិតមែនណា៎ »
       « កុហក សក់នៅដដែលសោះ »
       « ហាសហា កុហកឯងមិនបានពិតមែន » Chisun សើចខ្លាំងៗហើយទាញថ្ពាល់ទន់‌របស់ Annto លេង « យើងគ្រាន់តែត្រូវចំណាយពេលដើម្បីធ្វើចិត្ត ទោះមិនបាន 100% តែយើងជឿថាពួកយើងនឹងអាចនៅតែជាមិត្ត »
       « ... »
       « Annto ធ្វើជាមិត្តបែបនេះរហូតណា៎ »
       « អឹមម៎ »
       Chisun ងារដៃឱ្យអ្នកម្ខាងទៀតចាប់ ទើប Annto រហ័សចាប់ដៃគេជាប់ ពួកគេនឹងនៅតែអាចដូចដើម យ៉ាងហោចណាស់ក៏មាននាមជាមិត្តល្អ។

You're FAKE [Complete]Where stories live. Discover now