ភាគទី 72

2.6K 184 2
                                    

       ទីបំផុតថ្ងៃដែលមិនទន្ទឹងរង់ចាំក៏បានមកដល់ Jungkook ឈរមុខកញ្ចក់សម្លឹងរូបរាងខ្ពស់ស្រឡះរបស់ខ្លួនបន្ទាប់ពីរៀបចំខ្លួនរួចរាល់ត្រៀមទៅញ៉ាំអាហារពេលល្ងាចជួបជុំគ្រួសារ ដំបូងគិតថានឹងមិនទៅដាច់ខាតទោះត្រូវអ្នកម៉ាក់របស់គេលួងលោមយ៉ាងណាក៏ដោយ តែពេលនឹកឃើញថា Yoongi ត្រឡប់មកវិញគេក៏ផ្លាស់ប្តូរចិត្តភ្លាម ចង់ដឹងណាស់ថាមុខមាត់អ្នករៀននៅក្រៅប្រទេសវាប្លែករបៀបម៉េច។
       « Jungkook ម៉ាក់រួចរាល់ហើយ ឆាប់ទៅប្រយ័ត្នយឺតពេល » Alianora ដើរចូលមកហៅកូនប្រុសពេលឃើញថាគេរៀបចំខ្លួនយូរខុសធម្មតា តែគេបែរជាដើរចេញពីបន្ទប់សម្តៅជណ្តើរចុះទាំងគ្មានងាកមើលមុខនាងសូម្បីបន្តិច មានតែសម្តីចំអកឡកឡឺយដូចសព្វដងរបស់គេ។
       « កុំហៅខ្លួនឯងថាម៉ាក់ ប្រយ័ត្នអ្នកដទៃលឺ... បាក់មុខ! »
       តារាស្រីសាច់ចាំមិនមាត់មិនដងព្រោះមិនចង់បង្កជម្លោះ តែកូនប្រុសរបស់នាងមានចរិតដូចនាងណាស់ កាលនៅពីក្មេងនាងក៏ចចេសរឹងរូសដូចគ្នា នាងមិនបន្ទោសគេទេដែលមានចរិតមិនទ្រនរណាបែបនេះ។
      
       ការទទួលទានអាហារពេលល្ងាចរបស់គ្រួសារ Min ត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយក្រោមស្នាដៃធ្វើម្ហូបរបស់ចុងភៅចំណានៗទាំងក្នុងនិងក្រៅប្រទេស។ តុវែងតាមចំនួនសមាជិកគ្រួសារតម្រៀបយ៉ាងស្រស់ស្អាតកណ្តាលផ្ទះធំដូចភូមិគ្រឹះរបស់លោក Min SeoJoon ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង សមាជិកគ្រួសារមកដល់ព្រមៗគ្នា Jungkook អង្គុយក្បែរ Alianora ទល់មុខជាមួយ Yoongi ដែលអង្គុយក្បែរម្តាយរបស់គេនៅម្ខាងដូចគ្នា។
       « បងស្រីជំងឺរបស់បងយ៉ាងម៉េចទៅហើយ? » Alianora ផ្តើមនិយាយមុន ពេលឃើញប្រពន្ធដើមរបស់ស្វាមីមានទឹកមុខស្រស់ស្រាយជាងមុនបន្តិច ហើយក៏បានធូរចិត្តពីក្តីបារម្ភទាក់ទងនឹងជំងឺប្រចាំកាយរបស់នាងដូចគ្នា។
       « បងបានធូរច្រើនហើយ សំណាងដែលមាន Yoongi នៅចាំមើលថែហុចឆ្វេងហុចស្តាំបានដិតដល់ មិនអញ្ចឹងច្បាស់ជាធ្ងន់ធ្ងរមិនខាន »
       Myuha ម្តាយ Yoongi ញញឹមថ្នមៗព្រោះស្ថានភាពជំងឺមិនទាន់អាចឱ្យរំភើបញាប់ញ័រឬធ្វើចលនារាងកាយរហ័សខ្លាំងពេកបាន។ នាងមានជំងឺបេះដូងដូច្នេះនាងត្រូវប្រុងប្រយ័ត្នគ្រប់កាយវិការឬសូម្បីតែដំណកដង្ហើម មិនអាចបង្ខំខ្លួនឯងឱ្យរហ័សរហួនឬនឿយហត់បែកញើសជោគខ្លួនដូចអ្នកដទៃបានឡើយ។
       « អបអរការវិលត្រឡប់មកវិញ Yoongi ពេលមីងឈឺកុំភ្លេចទៅថែទាំមីងផងណា៎ »
       « បាទ! » Yoongi ឆ្លើយទទួលលឿនដូចផ្លេកបន្ទោរធ្វើឱ្យលោក Min អស់សំណើច។
       « Nora អូននិយាយដូចដាក់ទំនាយខ្លួនឯងឱ្យឈឺ »
       « អេ.. អូនចាស់ហើយគង់តែមានថ្ងៃឈឺទេ ត្រូវទេបងស្រី? »
       តារាស្រីសាច់ចាំមិនងាយចាស់ គ្មានសូម្បីស្នាមជ្រួញមួយសរសៃទោះបីមានអាយុច្រើន មានកូនប្រុសពេញកម្លោះម្នាក់ក៏ដោយ នាងនៅតែនិយាយដាក់ខ្លួនតាមទម្លាប់ Myuha អត់មិនបាននឹងអស់សំណើចតិចៗ។
       « ឯងមិនចាស់ទេ Nora ឯងជាវែមផាយ៍ »
       « ហាសហា៎ បងស្រី! »
       គ្រប់គ្នាសើចក្អាកក្អាយព្រោះយូរៗបានជួបជុំគ្នាម្តង សូម្បីតែលោក Min ឃើញប្រពន្ធទាំងពីរតែងតែចុះសម្រុងគ្នាបែបនេះលោកក៏ស្កប់ចិត្តណាស់ទៅហើយ តែលើកលែងតែ Jungkook ដែលអង្គុយធ្វើមុខដូចស្ថិតលើវាលលំហខ្សាច់អត់ទឹកអត់អាហារម្នាក់ឯង។
       « ខ្ញុំឃ្លាន! »
       កូនប្រុសពៅគ្រួសារ Min ដែលប្តូរមកជា Jeon និយាយខ្លាំងៗបង្អាក់សំណើចអ្នកគ្រប់គ្នា ទើបលោក Min រហ័សបញ្ជាឱ្យលើកអាហារដាក់លើតុ ព្រោះដឹងច្បាស់ថាចរិតកូនប្រុសបែបណា គេច្បាស់ជានៅមិនសុខនិយាយអ្វីនាំឱ្យខូចបរិយាកាសទៀតមិនខាន។
       « Jungkook ញ៉ាំអានេះទៅ ឆ្ងាញ់ណាស់ » Yoongi លោដួសម្ហូបដាក់ចានប្អូនប្រុសតែមិនទទួលបានសូម្បីតែពាក្យអរគុណ Jungkook បែរជាទទួលយកទៅញ៉ាំទាំងមិនងើយមើលមុខ តែគេក៏រីករាយដែលប្អូនមិនបោះចោលក្នុងធុងសម្រាមដូចនៅពីក្មេង។
       « Jungkook ចង់ញ៉ាំអ្វីបន្ថែមប្រាប់ម៉ាក់បានណា៎ » Myuha ញញឹមស្រាលៗដាក់ម្ចាស់ឈ្មោះ ទើបគេងក់ក្បាលតិចៗតប នាងតែងតែហៅគេថាកូនហើយឱ្យគេហៅនាងថាម៉ាក់ ចំពោះអ្នកដទៃមើលឃើញ Jungkook ជាក្មេងរឹងរូស តែនាងមិនដូចគ្នាទេ Jungkook មានផ្នែកដែលទន់ខ្សោយគ្រាន់តែគេមិនធ្លាប់បង្ហាញ ចំពោះនាងគេតែងតែស្ងប់ចិត្តជានិច្ច។
      
       បន្ទាប់ពីទទួលទានអាហាររួចរាល់ ពេលវេលាទទួលទានបង្អែមលាងមាត់ក៏បានមកដល់ ផ្លែឈើនិងបង្អែមត្រូវរៀបដាក់លើតុយ៉ាងមានសណ្តាប់ធ្នាប់បន្ទាប់ពីចានអាហារដែលត្រូវលើកចេញ។
       « Jungkook ប្តូរសាលាថ្មីយ៉ាងម៉េចដែរ? » SeoJoon សួរនាំក្នុងនាមជាឪពុក ទោះមិនសូវស្និតស្នាលតែរឿងនេះលោកត្រូវតែដេញដោល។
       « ខ្ញុំព្យួរឈ្មោះហើយ »
       « ថាម៉េច? » Alianora ភ្ញាក់ដូចត្រូវគេចាក់ នេះនាងមិនដឹងទេថាកូនប្រុសព្យួរឈ្មោះតាំងពីពេលណា គេក៏មិនធ្លាប់រំលឹកប្រាប់នាងឱ្យដឹងជាមុន។
       « ហេតុអី Jungkook? ចង់ដូរក៏ដូរចង់ឈប់ក៏ឈប់ នេះសាលារៀនណា៎មិនមែនផ្សារទំនើបទេ »
       « ទុកចិត្តចុះ ចង់ខ្ញុំប៉ោឡែមិនចូលសាលាទំនើងតាមតែចិត្តក៏ខ្ញុំមិនប៉ះពាល់ប្រាក់របស់លោកមួយកាក់មួយសេនដែរ » Jungkook ក្រហមត្រចៀកព្រោះខឹងក្រោធតែព្យាយាមធ្វើធម្មតាតបតនឹងពាក្យសម្តីមិនសូវពេញចិត្តពេញថ្លើមរបស់ឪពុក។
       « ប៉ាសួរថាហេតុអី? សូម្បីតែម៉ាក់របស់ឯងក៏ឯងមិនប្រាប់ រាល់ថ្ងៃគិតថាខ្លួនឯងដុះស្លាបហើយអ្ហេស៎? ប្រាក់ដែលចាយជាប្រាក់របស់គ្រួសារ Jeon ចុះបើថ្ងៃណាមួយចាយអស់ ឯងក៏មិនចេះធ្វើអ្វី ឯងចង់រស់នៅយ៉ាងម៉េច? »
       « ខ្ញុំមិនប្រាប់គាត់ព្រោះគាត់មិនធ្លាប់ចង់ដឹងឬខ្វល់ខ្វាយ ខ្ញុំចាយប្រាក់នរណាក៏មិនទាក់ទងនឹងលោកដែរ »
       « នរណាបង្រៀនឯងឱ្យចេះឌឺដងឪពុកម្តាយបែបនេះ? » SeoJoon ក្តាប់ដៃណែនខណៈគ្រប់គ្នាស្ងាត់មាត់ជ្រាប លើកលែងតែ Jungkook ដែលមិនព្រមចុះញ៉មលោកទាល់តែសោះ។
       « កុំនិយាយដូចលោកជាឪពុកបស់ខ្ញុំ » រាងក្រាស់អង្គុយអោបទ្រូងផ្អែកទៅនឹងកៅអីសម្លឹងមើលឪពុកដែលដូចជារកពាក្យតបមកវិញមិនត្រូវ។
       « តែ..ប៉ាជាប៉ារបស់ឯង »
       « លោកមានអ្វីមកសំអាង? ខ្ញុំមិនមែនកូនប្រុសត្រកូល Min ទេ ខ្ញុំគឺ Jeon Jungkook ខ្ញុំត្រកូល Jeon លោកស្តាប់បានទេ? »
       « ឯងរឹងរូសពេកហើយ Jungkook »
       « បើដឹងថាខ្ញុំរឹងរូសថ្ងៃក្រោយកុំមកត្រួតត្រាលើជីវិតខ្ញុំទៀត លោកត្រឹមជាអ្នកដទៃប៉ុណ្ណោះ ខ្ញុំគ្មានឪពុកដែលមានអំណាចខ្ពង់ខ្ពស់មាសប្រាក់ស្តុកស្តម្ភដូចលោកឡើយ »
       « ... »
       SeoJoon ស្ងាត់មាត់ព្រោះសម្តី Jungkook ធ្វើឱ្យលោកខឹងច្រាលឈាមដល់សរសៃខួរក្បាល គេនៅតែស្អប់លោកទោះកន្លងទៅរាប់ឆ្នាំទៅហើយ ឬក៏គេសម្រេចចិត្តមិនព្រមហៅលោកថាប៉ាពេញមួយជីវិតនេះ?
       « Jungkook សុំទោសលោកប៉ាទៅ » Alianora អត់មិនបាននឹងលូកមាត់ តើមានម្តងណាដែលកូនប្រុសរបស់នាងមិនបង្ករឿងពេលមកជួបជុំគ្រួសារបែបនេះ?
       « ខ្ញុំមិនខុសរឿងអីខ្ញុំត្រូវសុំទោស? មិនអាចប្រាប់ថាជាឪពុក មែនហើយទោះនិយាយក៏គ្មាននរណាជឿដែរព្រោះ Min និង Jeon វាមិនសូម្បីតែស្រដៀងគ្នា »
       « ម៉ាក់ប្រាប់ឱ្យសុំទោសលោកប៉ា »
       « អ្នកស្រីក៏មិនមែនម្តាយរបស់ខ្ញុំដូចគ្នា »
       « Jeon Jungkook »
       « មានម្តាយឯណាលាក់បាំងកូនមិនឱ្យហៅថាម្តាយព្រោះខ្លាចបាក់មុខធ្លាក់ប្រជាប្រិយភាពនោះ? »
       « Jungkook ឈប់ទៅ យល់ដល់ម៉ាក់ធំណា៎ » Myuha អង្វរអ្នកម្ខាងទៀតធ្វើឱ្យគេងាកមុខចេញ ហើយក្រោកដើរចេញពីតុអាហារទៅបាត់ បន្សល់ត្រឹមពាក្យមួយឃ្លា។
       « ទីនេះគួរឱ្យធុញណាស់ »
       « ទុកឱ្យខ្ញុំទៅតាមគេ » Yoongi ស្ម័គ្រចិត្តតាមមកជួបប្អូនដោយចិត្តឯងមិនរង់ចាំការអនុញ្ញាតពៅឪពុកជាមុន។
      
       « Jungkook ឈប់សិន »
       « តាមមកធ្វើអី? » រាងក្រាស់ឈរលូកហោប៉ៅមុខផ្ទះធំស្គឹមស្កៃគ្មានញញើតបងប្រុសដែលមានអាយុច្រើនជាងជាច្រើនឆ្នាំ។
       « ឯងចង់ធ្វើយ៉ាងម៉េចបន្ត? រឿងដែលផ្អាករៀន? »
       « វាជារឿងរបស់ខ្ញុំ លោកមកចេះដឹងស្អី? »
       « តែបងជាបងបង្កើតរបស់ឯង បងចង់ដឹង បងបារម្ភ »
       « ខ្ញុំសម្រេចចិត្តរួចរាល់ហើយ លោកចាំតែបើកភ្នែកមើលទៅ »
       « Jungkook- » Yoongi ខិតចូលទៅជិតតែ Jungkook បែរជាថយក្រោយមិនព្រមឱ្យអ្នកម្ខាងទៀតប៉ះពាល់។
       « សូមមេត្តាឈប់ត្រួតត្រាជីវិតខ្ញុំទៀតទៅ ខ្ញុំហត់ » Jungkook និយាយចប់ក៏ចាកចេញបន្សល់ទុកត្រឹមតែទឹកមុខអន់ចិត្តរបស់ Yoongi ព្រោះមិនថាគេព្យាយាមខ្លាំងប៉ុណ្ណា Jungkook នៅតែគេចវេសគេឥតឈប់ ពេលនេេះគេក៏គ្មានសូម្បីតែសិទ្ធិសួរនាំ។

You're FAKE [Complete]Where stories live. Discover now