ភាគទី 83

2K 205 12
                                    

     តារាល្បីលំដាប់ប្រទេស JayKay កំពុងអង្គុយផឹកស្រាក្នុង Gay Bar ទាំងគ្មានញញើតភ្នែកសង្គមខាងក្រៅ។ នេះវារំលងអាធ្រាត្រទៅហើយ តែវានៅតែអ៊ូអរក្នុងតំបន់រាំរែកផឹកស៊ីបែបនេះ។ JayKay លើកដាច់ម្តងហើយម្តងទៀត គេមានអារម្មណ៍ថាបេះដូងនិងមនោសញ្ចេតនារបស់គេ ត្រូវបានបំបែកជាបំណែកធូលីតូចៗក្នុងពេលតែមួយ វាមិនមែនឈឺបន្តិចបន្តួចឡើយ ព្រោះគេមិនដឹងថារកឈ្មោះអ្វីមកដាក់ឱ្យភាពឈឺចាប់ដ៏លើសលប់នេះបាន។
     អង្គុយផឹកស្ងៀមៗមួយសន្ទុះ ក៏មានក្មេងស្រីស្រស់ស្អាតវ័យជំទង់ម្នាក់មកអង្គុយក្បែរគេយ៉ាងស្ងប់ស្ងាត់ គិតសព្វៗទៅ នាងក្លាហានខ្លាំងណាស់ តែទឹកមុខស្រទន់គួរឱ្យស្រឡាញ់និងបរិសុទ្ធមួយនេះ គេហាក់ធ្លាប់ឃើញនាងនៅឯណា តែបំភ្លេចចោលចុះ បើនាងនៅទីនេះ នាងមិនមែនជាក្មេងល្អបរិសុទ្ធអ្វីនោះទេ។
     “JayKay លោកមិនចាំខ្ញុំទេឬ?”
     នាងតូចញញឹមស្រស់ នាងមិនសង្ឃឹមថាគេនៅចាំឈ្មោះនាងទៀតនោះទេ គ្រាន់តែឃើញគេដូចជាឯការទើបនាងចូលមកកំដរ។
     “នាងគឺ....” JayKay ហាក់ស្រពិចស្រពិលរកនឹកមិនឃើញ។
     “Rayflo! ពេលចូលសិល្បៈខ្ញុំក៏ដូរឈ្មោះមក Sulli វិញ លោកអាចហៅខ្ញុំថា Sulli បាន”
     “មែនហើយ... ខ្ញុំចាំនាងបានហើយ”
     នាងជាអ្នកដែលជួយតុបតែងខ្លួនឱ្យគេ កាលចូលប្រកួតលើកដំបូង នាងបានជាប់ដល់ជុំចុងក្រោយ តែប្រកែកមិនព្រមចូលក្រុមហ៊ុនជាមួយគេ នាងថាគ្រាន់តែចង់សាកសមត្ថភាពប៉ុណ្ណោះ តែនរណាទៅដឹងថាឥឡូវនាងក៏ជាតារាស្រីឈរឈ្មោះល្បីល្បាញជួរមុខក្នុងប្រទេសទៅហើយនោះ។
     “ខ្ញុំជាដៃគូជូតទឹកភ្នែកឱ្យលោកមែនទេ ទើបបានជួបគ្នាតែពេលកើតទុក្ខ?”
     “ដូច្នេះនាងកំពុងកើតទុក្ខដែរមែនទេ?”
     “កើតទុក្ខ? មិនមែនកំពុងកើតទុក្ខទេ ខ្ញុំរីករាយណាស់ លោកមិនឃើញខ្ញុំញញឹមរហូតទេអ្ហេស៎?”
     “អ៎....”
     JayKay សម្លឹងមើលដៃតូចៗចាប់លើកកែវស្រារបស់ Sulli ។ នាងមានស្នាមជាំលើ កដៃ ទោះបីនាងព្យាយាមពាក់អាវដៃវែងៗដើម្បីបិទបាំង ក៏វាមិនជិតដែរ តើនាងប្រឹងបង្ហាញស្នាមញញឹមក្លែងក្លាយបែបនេះឱ្យនរណាជឿទៅ?
     “ខូចចិត្តព្រោះមនុស្សប្រុសម្នាក់នោះទៀតហើយមែនទេ?” នាងក្រមុំក្រេបស្រាបន្តិចហើយដាក់កែវចុះវិញ ហេតុអ្វីមែនទេ? ព្រោះនាងមិនពូកែផឹកស្រាហ្នឹងហើយ។
     “យូរៗជួបគ្នាម្តង នាងចង់មកឆ្លឹះដំបៅខ្ញុំមែនទេ?”
     “ព្រោះលោកមានដំបៅឱ្យចាក់ហ្នឹងណា៎ តែថាខ្ញុំឯការណាស់ ពេលជួបលោកខ្ញុំមានអារម្មណ៍ថាពួកយើងមានចំណុចដូចគ្នា ខ្ញុំតែងតែចង់បានមិត្តភក្តិម្នាក់ ហើយក៏គិតដល់លោកមុនគេ” Sulli ញញឹមស្រស់ ហើយទាញទូរស័ព្ទ JayKay មកខលលេខនាង គេនៅតែដាក់រូបអេក្រង់ រូបមនុស្សប្រុសស្រស់ស្អាតម្នាក់នោះដដែល គេប្រហែលដូចជានាងដែរ រងទុក្ខព្រោះគ្មាននរណាឲ្យយល់ពីតម្លៃក្តីស្រឡាញ់ដែលខំផ្តល់ឱ្យ “កុំភ្លេចខលរកខ្ញុំពេលលោកអផ្សុក”
     “នាងមកទីនេះគ្រាន់តែចង់និយាយជាមួយខ្ញុំទេអ្ហេស៎?” រាងក្រាស់ទទួលយកទូរស័ព្ទមកវិញហើយដាក់ឈ្មោះឱ្យលេខរបស់នាង។
     “ខ្ញុំមកតាមមនុស្សម្នាក់.... គេហាក់ដូចជារីករាយណាស់ពេលគ្មានខ្ញុំនៅក្បែរ”
     នាងក្រមុំងាកមុខមើលនារីរាងខ្ពស់ស្រឡះម្នាក់ ដែលកំពុងរាំអោបមនុស្សប្រុសនៅក្បែរនោះ តែភ្លាមៗក៏ត្រូវបានគេប្រទះឃើញ។
     “Sulli!?”
     នារីរាងខ្ពស់ម្នាក់នោះ ប្រញាប់ដើរសំដៅស្រីស្រស់ដែលទើបនឹងឃើញមុននេះជាមួយទឹកមុខក្រេវក្រោធ ហើយទាញលើកដើមដៃតូចៗរបស់នាងឡើងជាមួយសំណួរ។
     “ហេតុអ្វីទើបនៅទីនេះ? នរណាឲ្យមក?”
     “សុំទោស!” នាងក្រមុំសុំទោសសុំពៃរ៍ ហើយងាកមើលមុខ JayKay បន្តិច នារីម្នាក់នោះក៏មើលតាម។
     “មកនេះ!”
     Sulli ត្រូវទាញអូសដូចវត្ថុគ្មានជីវិតសំដៅទៅទ្វារចេញ តែក៏មិនភ្លេចញញឹមហើយរាដៃវាមិត្តភក្កិដំបូងរបស់នាង ដែលអង្គុយសម្លឹងមើលនាងពីចម្ងាយ មិនបានជួយឃាត់ឃាំងព្រោះនាងដូចជាយល់ព្រមទៅដោយខ្លួនឯង។

You're FAKE [Complete]Where stories live. Discover now